ភាគ០១:ក្តីស្រលាញ់

2.5K 95 6
                                        

វាយោផាយផាត់ពាំនាំក្លិនផ្កាដ៏ក្រអូប ទៅដល់ច្រមុះអ្នកដំណើរដែលឆ្លងកាត់ម្តុំនេះ។ មិនថាអ្នកដំណើរទាំងជិតទាំងឆ្ងាយពេលដែលឆ្លងកាត់ម្តុំនេះ គឺតែងតែបាញ់ក្រសែរភ្នែកទៅកាន់ហាងផ្កាដែលមានបុផ្ផាចម្រុះពណ៌ ស្រស់ៗ គួរអោយចង់គយគន់ ចង់ស្គាល់ក្លិន។ តែកត្តាចម្បងនោះគឺ ព្រោះតែកម្លោះតូច សក់ខ្មៅក្រិប បបូរមាត់ស្រស់ស្អាត ដូចស្រទាប់ផ្កាកុលាបទៅវិញនោះទេ ដែលបណ្តាលអោយពួកគេងាកទៅមើលមិនប្រិចភ្នែក។ 
    គីម ថេយ៉ុង ជាកម្លោះតូចមុខស្រស់ដែលត្រូវជាម្ចាស់ហាងនៃផ្កានេះ ហាក់ដូចជាកំពុងតែមមាញឹកយ៉ាងខ្លាំងជាមួយនឹងការរៀបចំហាង សម្អាតគ្រប់កន្លុតកន្លៀតរហូតដល់ប្រាកដចិត្តថា ហាងរបស់គេគ្មានធូលីទើបគេបញ្ឃប់ដៃ។  
ជំហានជើងស្រាលៗ បោះសម្តៅទៅកាន់ហាងផ្កា ដោយភ្ជាប់ជាមួយស្នាមញញឹម។ នារំពេចនោះទឹកស្នាមញញឹមមុននេះក៏រលុបទៅវិញជំនួសដោយទឹកមុខបារម្ភពេលដែលឃើញបណ្តូលចិត្ត រអិលជើងបិះដួលទៅក្រោយ។ ដៃទាំងគូក៏រហ័សទៅទ្រទម្ងន់នាយកម្លោះតូចយ៉ាងជាប់ ដែលធ្វើអោយថេយ៉ុងរួចខ្លួន មិនអ៊ីចឹងប្រាកដជាអុកគូទជាពុំខាន។
« អូនយ៉ាងម៉េចហើយ? » សំឡេងស្រាលៗចោទសួរ ភ្ជាប់ជាមួយនឹងទឹកមុខបារម្ភ។
« ខ្ញុំមិនអីទេ អរគុណហើយ » ថេយ៉ុងតបដោយសំឡេងរាបស្មើ រួចរើបម្រាស់ចេញពីរង្វង់ដៃរបស់ប្រុសម្នាក់នេះ។
« ពួកឯងនៅឈរមើលដល់ណាទៀត ឆាប់សម្អាតវាទៅ » ផាក ជីមីន បុគ្គលដែលមានអំណាចប្រចាំតំបន់នេះ ក៏ងាកទៅបញ្ជាអោយកូនចៅប៉ុន្មាននាក់ដែលដើរតាមគេមិនលស់ថ្ងៃនោះ ចូលមកសម្អាតហាងជំនួសថេយ៉ុង។
« ពួកបងមិនបាច់ធ្វើនោះទេ »  ថេយ៉ុងហាមឃាត់ពួកគេ តែពួកគេមិនស្តាប់រួចចែកតួនាទីគ្នា សម្អាតហាង តាមបញ្ជារបស់ចៅហ្វាយនាយ។ ពួកគេស្តាប់តែសម្តីចៅហ្វាយម្នាក់ប៉ុណ្ណោះ ត្បិតចៅហ្វាយមានគុណលើសលប់សម្រាប់ពួកគេ។
« លោកឆាប់ប្រាប់ពួកគេអោយចេញពីហាងខ្ញុំទៅ » ថេយ៉ុងពោលឡើងដោយការមិនពេញចិត្ត តែជីមីនបែរជាចាប់ស្មាគេ នាំទៅអង្គុយលើសាឡុងរកតែប្រកែកមិនទាន់។
« មុននេះអូនត្រូវត្រង់ណាខ្លះ? »  ជីមីនចាប់ដៃ ចាប់ជើងថេយ៉ុងមកពិនិត្យមើល។ ត្បិតជិតដល់ថ្ងៃមង្គលការពួកគេទាំងពីរហើយ គេមិនចង់អោយកូនកម្លោះតូចរបស់គេ មានរបួសស្នាម ឬក៏មានរឿងរអាក់រអួល នាំអោយពន្យាពិធីមង្គលការនោះទេ។
« ខ្ញុំមិនអីទេ លែងទៅ » ថេយ៉ុងបេះដៃជីមីនចេញពីដៃខ្លួន។
« ជិតដល់ថ្ងៃមង្គលការយើងហើយ អូនគួរតែបិទហាងនឹងសម្រាកអោយបានគ្រប់គ្រាន់ »
« វាជាមុខរបបខ្ញុំ បើខ្ញុំបិទបានប្រាក់មកពីណា? »
« បងប្រាប់ប៉ុន្មានដងហើយ ថារឿងលុយកាក់កុំបារម្ភ ខ្វះខាតអីអូនអាចប្រាប់បងបាន »
« ខ្ញុំមិនចូលចិត្ត រស់នៅពឹងផ្អែកលើលុយកាក់អ្នកដទៃទេ »  ថេយ៉ុងនិយាយឡើងដោយសំឡេងប្រាកដប្រាជា រួចក្រោកចេញពីសាឡុង។ ជីមីនបម្រុងនឹងក្រោកទៅតាម ក៏ត្រូវបង្អាក់ដោយសំឡេងទូរស័ព្ទរោទិ៍។
« ហាឡូ? » ទឹកមុខរបស់គេក៏ប្រែជាមាំមួយរំពេចនៅពេលដែលស្តាប់លឺសំឡេងម្ខាងទៀតរៀបរាប់ពីបញ្ហាក្នុងកាសសុីណូ។
« បន្តិចទៀតយើងនឹងទៅដល់ »  បញ្ចប់ប្រយោគជីមីនក៏បានចុចបិទទូរស័ព្ទ រួចដើរមកក្បែរថេយ៉ុងដែលឈររៀបផ្កា ហាក់មិនខ្វល់ពីវត្តមានរបស់គេ។
« ថ្ងៃនេះបង រវល់ចាំស្អែកយើងទៅរើសឆុតរៀបការជាមួយគ្នា » ជីមីនក្រសោបដៃស្រឡូនរបស់ថេយ៉ុងមកកាន់ ពេលដែលនិយាយដល់រឿនរៀបការ ស្នាមញញឹមរបស់គេក៏លេចឡើង។ កែវភ្នែកដែលសំឡឹងមកកាន់ថេយ៉ុង គឺជាកែវភ្នែកដ៏ស្រទន់ ពោរពេញទៅដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ផ្ទុយពីថេយ៉ុងដែលមានទឹកមុខរាបស្មើ ហាក់គ្មានអារម្មណ៍រំជើបរំជួលបន្តិចនឹងសម្តីជីមីន។ ហើយភ្លាមនោះយើងក៏បានលឺសំឡេងរឹងកំពឹសចេញពីមាត់របស់ថេយ៉ុង៖
« ខ្ញុំមិនរៀបការជាមួយលោកដាច់ខាត » ពាក្យសម្តីអះអាង ចេញពីមាត់ថេយ៉ុង ជីមីនស្តាប់ឡើងសុំាត្រចៀកទៅហើយ។ គេដឹងតាំងពីដំបូងថេយ៉ុងមិនធ្លាប់ស្រលាញ់គេម្តងណាឡើយ តែគេក៏មិនចុះចាញ់ដូចគ្នាសម្រាប់ការតាមស្រលាញ់ថេយ៉ុង។
« បងទៅដោះស្រាយរឿងការងារសិន » ជីមីនចាកចេញពីហាងដោយមានកូនចៅចេញទៅតាមក្រោយ។ នៅពេលដែលជីមីនចេញផុត ថេយ៉ុងក៏ដកដង្ហើមហាកដូចជាធូរទ្រូង។ ថេយ៉ុងក៏ចាប់ផ្តើមងាកមកចាប់អារម្មណ៍នឹងការងារដែលគេស្រលាញ់វិញម្តង។
    កំពុងតែចងបាច់ផ្កា ស្រាប់តែមានដៃមួយគូលូកមកបិទភ្នែកថេយ៉ុងពីក្រោយ។
« ហឹម? »
« ទាយមើលថាជាអ្នកណា? » ថេយ៉ុងញញឹមឡើងភ្លាមៗនៅពេលដែលដឹងថា សំឡេងមួយនេះជាអ្នកណា។
« ជុងហ្គុក » ថេយ៉ុងហៅឈ្មោះម្ចាស់ស្នេហ៍ រួចទាញដៃចេញពីភ្នែករបស់គេ ហើយរហ័សងាកទៅមើលយ៉ាងលឿនថាពិតដូចជាគេគិតមែនឬអត់។
« អូនទាយមិនខុសទេ » ជុងហ្គុកលើកដៃអង្អែលសក់ក្បាលសង្សារថ្នមៗ។ ជុងហ្គុកទាញដៃកម្លោះតូចមកថើប បង្ហាញពីក្តីស្រលាញ់ ក្តីនឹករើឹក នឹកគ្រប់វិនាទី។
« ហេតុអីក៏ធ្វើមុខបែបនេះ តើអូនមិនសប្បាយចិត្តរឿងអ្វីឬ? » ជុងហ្គុកហាក់ចាប់អារម្មណ៍ពីទឹកមុខប្រែប្រួលរបស់ថេយ៉ុង ទើបចោទសួរឡើង។
« គ្មានអ្វីទេ » ថេយ៉ុងញញឹមស្ងួត ដេញរឿងទុក្ខកង្វល់ចេញពីក្នុងចិត្ត។ ត្បិតមុននេះគេកំពុងតែគិតពីពិធីមង្គលការដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។
គេមិនដឹងថាត្រូវបដិសេដជាមួុយនឹងអ្នកមាមគុណទាំងពីរដោយរបៀបណា ព្តោះពិធីមង្គលការនេះកើតឡើងដោយសារតែឪពុកម្តាយរបស់គេជាអ្នកបង្ខំ។
« បងមិនទៅធ្វើការហ្ហេស? »
« អត់ទេ ចង់នៅក្បែរអូនជាង »
« ប្រយ័ត្នមេដេញចេញទៅ »
« គ្មានមេណាហ៊ានដេញបងចេញទេ » ជុងហ្គុកនិយាយទាំងច្បិចចង្ការថេយ៉ុង។
« អាម្សៀរនោះមានមករញ៉េរញ៉ៃជាមួយអូនដែលទេថ្ងៃនេះ? » ជុងហ្គុកសួរសំដៅទៅកាន់ជីមីនសត្រូវស្នេហារបស់គេ។ តែគេមិនទាន់ដឹងនោះទេថា អ្នកដែលមាននាមជាសង្សារបស់គេ កំពុងតែជិតចូលរោងការឆាប់ៗនេះហើយ។
« កុំសួរនាំពីគេអី »
« បាទ » ជុងហ្គុកបង្អូសសំឡេង ហើយលែងសួរនាំពីជីមីន បើថេយ៉ុងមិនចង់អោយគេនិយាយពីអ្វីគេនឹងឈប់និយាយភ្លាម។
*****
ព្រះអាទិត្យសន្សឹមៗលិចម្តងបន្តិចៗ រហូតដល់បាត់ពន្លឺសូន្យ។ យប់ជ្រៅបន្តិចទើបថេយ៉ុងត្រឡប់មកផ្ទះវិញ។ គេបិទហាងតាំងពីល្ងាចម្ល៉េះ តែដោយសារតែរវល់ដើរលេងជាមួយជុងហ្គុកទើបអាធាត្រស្មើនេះ បានត្រឡប់មកផ្ទះវិញ។
« ទើបតែមកពីណាកូនជើងល្អ? » គ្រាន់តែឈានជើងចូលផ្ទះភ្លាម ក៏ឬទទួលបានសំណួរស្វារគមន៍មួយពីឪពុក។
« ទើបតែមកពីដើរលេង »
« ដើរលេងជាមួយអ្នកណាកូនយប់ស្មើនេះហើយទើបចូលផ្ទះ? » អ្នកជាម្តាយក៏សួរនាំបន្ថែម។
« គ្មានអ្នកណា ក្រៅពីអាក្មេងមុខទន្សាយនោះ » លោកគីមទាញកែវតែមកផឹកអោយផ្សើមបំពង់ក ទើបបន្លឺសំឡេងបន្ថែម៖
« ពេលណាទើបបែកពីវា? »
« ប៉ា! » ថេយ៉ុងហៅប៉ារបស់គេដោយហួសចិត្តជាខ្លាំង។ មិនមែនម្តងជាពីរដងឡើយដែលគាត់សួរសំណួរបែបនេះមកកាន់គេ។
បែកគ្នា?
គេស្រលាញ់ជុងហ្គុកខ្លាំងណាស់ ម៉េចនឹងអាចបែកគ្នាបានទៅ? បើទោះបីជាគេទើបតែស្គាល់ជុងហ្គុកមិនដល់មួយឆ្នាំក៏ដោយ តែក្តីស្រលាញ់ដែលមានចំពោះជុងហ្គុកគឺធំធេងខ្លាំង។
« រាល់ថ្ងៃនេះឯងគិតអីថេយ៉ុង? ខ្លួនជិតរៀបការមានគ្រួសារហើយ នៅទាក់ទងវាទៀត? »
« សំណួរមួយនេះកូនសួរប៉ាទើបត្រូវ ហេតុអ្វីប៉ាធ្វើអ្វីមិនសួរចិត្តកូនសិន? ប៉ាមានធ្លាប់សួរកូនខ្លះទេ ថាកូនស្រលាញ់គេឬអត់? »
រៀបការ?
បើរៀបការទាំងបង្ខំចិត្ត តើការហើយអាចមានសេចក្តី សុភមង្គលដែរឬទេ?
« តែគ្រួសាររបស់គេមានគុណចំពោះគ្រួសារយើងណាស់ ណាមួយជីមីនក៏ស្រលាញ់កូនខ្លាំងណាស់ដែរ រៀបការហើយរៀនយល់ពីចិត្តគ្នា ក៏គង់តែស្រលាញ់គ្នា » ជាការពិត គ្រួសារត្រកូលផាកពិតជាបានជួយគ្រួសាររបស់គេជាច្រើនកន្លងមក ត្បិតកាលពីមុនគ្រួសាររបស់គេមិនធូរធារឡើយ រកមុខខ្វះក្រោយ គ្មានបងប្អូនណារាប់អាន ព្រោះតែក្រ មានតែគ្រួសារត្រកូលផាកនេះឯង ដែលតែងចាំជួយរាល់ពេលដែលត្រូវការជំនួយ រហូតពេលខ្លះធ្វើអោយគាត់រអៀសចិត្តណាស់ដែលពួកគេតែងតែជួយនិងមិនទាមទារអោយតបស្នងសងគុណអ្វី។
« តែកូនស្រលាញ់ជុងហ្គុក » ថេយ៉ុងនិយាយច្បាស់ៗ ដើម្បីអោយដាច់ស្រឡះក្នុងថ្ងៃនេះ។
« តែប៉ាមិនចូលចិត្តគេ គ្រួសារក៏មិនដឹងនៅឯណា កូនស្គាល់គេច្បាស់ប៉ុនណាហើយ? ហេតុអ្វីមិនក្រឡេកមកមើលជីមីន ដែលល្អទាំងព្រម ប៉ាស្គាល់គេតាំងពីគេនៅតូច គេជាមនុស្សល្អ ជឿប៉ាចុះប៉ារើសមនុស្សអោយកូនមិនខុសទេ តទៅថ្ងៃមុខកូនប្រាកដជាមានក្តីសុខជាមិនខាន»
« យ៉ាងណាក៏ខ្ញុំមិនរៀបការជាមួយគេដែរ » ថេយ៉ុងនិយាយច្បាស់ៗ រួចដើរគេចទៅបន្ទប់គេបាត់។
« កូនម្នាក់នេះគិតថាពាក្យអះអាងប៉ុណ្ណឹងអាចវញ្ឈប់យើងបានឬ? » លោកគីមសង្គ្រឺតជើងធ្មេញ ឈឺក្បាលនិងកូនប្រុសតែមួយនេះណាស់។ អ្នកស្រីគីមក៏ដាក់ដៃលើភ្លៅស្វារមី ទឹកមុខក៏មិនសូវជាល្អប៉ុន្មាន ព្រោះតែគាត់មិនចូលចិត្តបង្ខំចិត្តកូន តាំងតែពីកូននៅតូច។
*****
ប៉ុន្មានថ្ងៃកន្លងផុតទៅ....
ថ្ងៃអាពាហ៍ពិពាហ៍កាន់តែកៀកចូលមកដល់ ថេយ៉ុងកាន់តែពិបាកចិត្ត មិនដឹងគិតយ៉ាងណា ទើបសម្រេចចិត្តមកនិយាយការពិតប្រាប់ជុងហ្គុក ព្រោះបើមកដល់ដំណាក់កាលនេះហើយ ទោះបីជាលាក់រឿងនេះពីជុងហ្គុកក៏ជុងហ្គុកគង់តែដឹងពីមាត់អ្នកដទៃ។
« ជុងហ្គុកអូនមានរឿងចង់ប្រាប់បង »
« រឿងអី? » ជុងហ្គុកទម្លាក់ទូរស័ព្ទចុះ ងាកមកមើលមុខថេយ៉ុង។
« គឺ..... » ថេយ៉ុងស្ងាត់មាត់បន្តិច គេពិតជាខ្លាចណាស់ ពេលរឿងនិយាយប្រាប់ជុងហ្គុកទៅ ជុងហ្គុកនិងចាកចេញពីគេ។
គេមិនចង់បាត់បង់ប្រុសម្នាក់នេះឡើយជុងហ្គុកគឺជាស្នេហ៍ដំបូងរបស់គេ។
« ស្អែកអូនការហើយ » ថេយ៉ុងអោនមុខចុះ ក្នុងពេលនេះគេមិនហ៊ានប្រឈមមុខជាមួយជុងហ្គុកឡើយ។
« អូន...អូននិយាយថាម៉េច? » ជុងហ្គុកហាក់រាងភាំងបន្តិចនឹងសម្តីថេយ៉ុង។ មុននេះគេពិតជាស្តាប់មិនច្រឡំទេឬ? ថ្ងៃស្អែកនេះថេយ៉ុងនឹងរៀបការហើយ! ចុះគេ? ហេតុអ្វីទើបតែប្រាប់គេនៅពេលនេះ?
« ស្អែក...ស្អែកនេះអូនការហើយ! » ម្តងនេះគឺលឺកាន់តែច្បាស់ ហើយក៏មិនអាចទទួលយកបានដូចគ្នា។
« ជាមួយអាម្សៀរនោះមែនទេ? » ជុងហ្គុកក្តាប់ដៃយ៉ាងណែន គេប្រាកដក្នុងចិត្តណាស់ ថាគ្មាននរណាក្រៅពីជីមីនសត្រូវបេះដូងរបស់គេឡើយ។ ថេយ៉ុងងក់ក្បាកតិច ព្រោះតែអួលណែនពេញទ្រូង។
ម្ខាងគ្រួសារ ម្ខាងស្នេហា តើគេគួរតែរើសមួយណា? តាមបេះដូង ឬតាមគ្រួសារ?
« តែ...តែអូនមិនបានស្រលាញ់គេទេ អូនស្រលាញ់តែបងម្នាក់គត់ » ទម្រាំតែរកសំឡេងមកវិញបាន ថេយ៉ុងរលីងរលោងរកយំ សំឡេងក៏ប្រែជាញ័រៗ តែជុងហ្គុកនៅអាចស្តាប់លឺច្បាស់ពីជម្រៅចិត្តរបស់ថេយ៉ុង។
« ប៉ារបស់អូនមិនចូលចិត្តបងតាំងពីដំបូង តើបងគួរធ្វើយ៉ាងម៉េច? »
« បងសា..សាកនិយាយជាមួយគាត់ទៅ »
« អោយនិយាយអ្វីទៀត បើមុខបងគាត់មិនទាំងមើលផង! » ជុងហ្គុកនៅចាំថ្ងៃដែលថេយ៉ុងនាំគេទៅជួបគាត់មិនភ្លេចឡើយ លោកគីមបានបង្ហាញអាក្បកិរិយា មិនពេញចិត្តច្បាស់ៗដាក់គេ ព្រមទាំងនិយាយម្តងហើយម្តងទៀតថា ឈប់អោយគេទាក់ទងជាមួយថេយ៉ុងទៀត។
« បងស្រលាញ់អូនទេ? » ថេយ៉ុងសួរទាំងអណ្តឺតអណ្តក បើជុងហ្គុកពិតជាស្រលាញ់គេពិតប្រាកដមែន គេមិនរុញរាឡើយជំទាស់គ្រួសារ ដើម្បីជុងហ្គុក។
    អត់ទេ គឺដើម្បីពួកគេទាំងពីរ!
« បងស្រលាញ់អូន ស្រលាញ់ខ្លាំងណាស់ » ស្តាប់សម្តីជុងហ្គុក ធ្វើអោយថេយ៉ុងរំភើបចិត្តដល់ស្រក់ទឹកភ្នែក។ ពួកគេទាំងពីរ បានផ្តល់ក្តីស្រលាញ់អោយគ្នាទៅវិញទៅមក តែហេតុអ្វីលោកប៉ារបស់គេមើលមិនឃើញពីក្តីស្រលាញ់មួយនេះ? ពេលដែលឃើញថេយ៉ុងកំពុងយំស្ងាត់ៗទើបជុងហ្គុកទាញដៃថេយ៉ុងមកកាន់។
« ថេយ៍ពួកយើងទៅជាមួយគ្នាទៅ »
« ទៅ...ទៅណា? »
« បងនឹងនាំអូនចាកចេញពីទីនេះ! »
To be continued

ជម្រើសបេះដូង🕊🥀Where stories live. Discover now