ភាគ ៥៨

811 45 5
                                    

រឿង ម្ចាស់បេះដូង
ភាគ ៥៨

អាយឈីន ដើរក្រពាត់ដៃឱបទ្រូងចេញទៅក្រោមស្នាមញញឹមមិនរលុបព្រោះបន្តិចទៀតនេះនាងអាចដកបន្លាដែលចាក់ជាប់ដើមទ្រូងនាងរាប់ឆ្នាំបានហើយ តទៅទៀតនាងច្បាស់ជាមានក្តីសុខជាមួយមនុស្សដែលនាងស្រឡាញ់ជាមិនខាន នាងនឹងដណ្តើមគ្រប់យ៉ាងដែលពីរនាក់ម៉ែកូនវានេះដណ្តើមទៅពីនាងមកវិញឲ្យអស់គ្មានសល់ សូម្បីតែដង្ហើមដករស់នៅបន្តរួមពិភពលោកជាមួយនាងក៏មិនអាចដែរ។ យ៉ាហ្វី ឱបរាងកាយទន់ល្អូករបស់កូនប្រុសជាប់ទ្រូងបន្ទាប់ពីគេគ្រប់គ្នាចេញទៅអស់ នាងស្ទើរឆ្គួតទៅហើយនៅពេលដែលឃើញមុខធ្លាប់តែស្រស់ស្រាយប្របមកដោយស្នាមញញឹមប្រែជាស្លេកស្លាំងគ្មានឈាម ប្រែជាស្វាយល្អូក ហើយនាងរឹតតែចង់ឆ្គួតទៅទៀតនៅពេលដែលឮស្រីចិត្តខ្មៅម្នាក់នោះចង់ផ្តាច់ជីវិតម្តាយកូននាង បើចំពោះនាងតែម្នាក់នាងសុខចិត្តព្រមមិនតវាអ្វីឡើយ តែនេះនាងគុំគួនចង់សម្លាប់សូម្បីតែក្មេងម្នាក់ ជីហ្វី នៅក្មេងនៅឡើយទើបតែគ្រប់ខួបអាយុបួនឆ្នាំកាលពីថ្ងៃមុនតែឥឡូវបែរជាមកជួបបែបនេះគិតទៅមើលចិត្តជាម្តាយឈឺចាប់ខ្លាំងប៉ុណ្ណាទៅ
"ឲ្យម៉ាក់គិតធ្វើយ៉ាងមិចទៅ ជីហ្វី ងើបមកនិយាយជាមួយម៉ាកបន្តិចមកកូន"ទឹកភ្នែកនាងស្រក់តក់ៗសង្កត់ផ្ទៃមុខស្លេកស្លាំងរបស់កូនប្រុស ស្រែកអង្វរសុំឲ្យគេក្រោកមកនិយាយជាមួយនាង កុំដេកបែបនេះអីនាងមិនស្រណុកចិត្តឡើយ
"ទេវតាអើយ យកជីវិតខ្ញុំទៅចុះមិនឲ្យខ្ញុំកើតវិញក៏ខ្ញុំព្រមឲ្យតែកូនខ្ញុំមានជីវិតរស់បន្ត គេនៅក្មេងខ្ចីនៅឡើយគេមិនអាចមកស្លាប់ជាមួយខ្ញុំបានទេ"យ៉ាហ្វី អស់ជម្រើសស្រែកអង្វរសុំទេវតាដែលមិនដឹងថាមានរូបរាងពិតឬក៏អត់ឡើយ នាងធ្វើអ្វីមិនបានពិតមែនចង់ទាក់ទងទៅ ជីមីន ក៏មិនកើតព្រោះទូរស័ព្ទនៅក្នុងឡាន នាងល្ងង់ខ្លាំងណាស់ តាំងចិត្តក្លាហានហួសមិនប្រាប់គេឲ្យដឹង បើនាងប្រាប់គេតែបន្តិចច្បាស់ណាស់គេនឹងអាចជួយ ជីហ្វី បានជាមិនខានឡើយ។ ខួរក្បាលនាងពេលនេះគាំងស្ពឹកគិតអ្វីលែងចេញទៅហើយបានត្រឹមតែអង្គុយឱបរាងកាយសន្លប់ស្តូកស្លឹង ត្រជាក់ល្អូករបស់កូនប្រុសតែប៉ុណ្ណោះ។
ក្រឡេកមកមើល អាយឈីន វិញម្តង នាងកំពុងតែដើរចេញទៅខាងក្រៅដើម្បីបំផ្ទុះទីនេះចោលតែម្តងព្រោះបើមិនឆាប់ធ្វើទេបន្តិចទៀត ជីមីន អាចនឹងដឹជាមិនខាន តែអ្វីដែលនាងគិតប៉ងទុកបែជារលាយគ្មានសល់ព្រោះ៖
"អ្នកនាង នៅខាងមុខសុទ្ធតែឡានរបស់ប៉ូលីសហើយក្នុងនោះក៏មានស្វាមីអ្នកនាងផងដែរ"កូនចៅម្នាក្បាលត្រងោលរត់ត្រហេបត្រហបមកប្រាប់ចៅហ្វាយស្រីរបស់ខ្លួនព្រោះខាងមុខសុទ្ធតែប៉ូលីសឡោមព័ទ្ធជិតទាំងអស់ហើយក្នុងនោះក៏មាន ជីមីន ផងដែរ
"ចង្រៃមែន! វាហ៊ានប្រាប់ ជីមីន ផង"អាយឈីន ក្តាប់មាត់ ម្រាមដៃខ្ញាំចូលគ្នាមុខក្រហមតែតព្រោះកំហឹងដែលកំពុងឆេះស្មានថា យ៉ាហ្វី ប្រាប់រឿងនេះទៅ ជីមីន
"ពួកឯងម្នាក់មកតាមយើងចំណែកផ្សេងទៀតចាត់ការទីនេះទៅ"ដំណើរប្រញាប់ប្រញាលរបស់ អាយឈីន បោះចេញទៅត្រឡប់ក្រោយវិញតាមដោយកូនចៅម្នាក់ទៀតឆ្ពោះទៅរក យ៉ាហ្វី មុនពេលដែល ជីមីន រកឃើញនាងត្រូវតែសម្លាប់ម៉ែកូនពួកវាឲ្យបានមុន ទោះត្រូវប្រឈមមុខជាមួយ ជីមីន យ៉ាងណាក៏នាងមិនខ្វល់អ្វីដែលត្រូវធ្វើនៅពេលនេះគឺត្រូវដកបន្លាឲ្យជ្រះស្រឡាស់ពីទ្រូងនាង។
"ឯងទៅលើកអាក្មេងនោះមក ចំណែកនាងឯងមកជាមួយយើង"សំឡេងស្រែកកំហកបែបកាចៗបញ្ជាទៅកាន់កូនចៅឲ្យចូលទៅលើកជីហ្វី ចំណែកយ៉ាហ្វី ក៏ត្រូវនាងចាប់អូសឡើងរួចដើរទៅតាមខ្លួនសម្តៅទៅលើដំបូលរបស់ផ្ទះទាំងទីណាត់ទីណែងបំផុត
"នាងនាំខ្ញុំទៅណា លែង"យ៉ាហ្វី រើកញ្ជ្រោលព្យាយាមបេះដៃរបស់ អាយឈីន ចេញពីកដៃរបស់នាងរហូតបានសម្រេចដួលច្រងាប់ច្រងិលរលាត់ស្បែកពេញខ្លួន
"ស្រួលៗមិនព្រមមែនទេ"អាយឈីន និយាយទាំងខាំធ្មេញជាប់សម្លឹងទៅ យ៉ាហ្វី ដែលដួលលើដីនោះមុននឹងស្ទុះទៅទាញកាំភ្លើងពីចង្កេះកូនចៅរបស់នាងមកកាន់ជាប់នឹងដៃលើកវាយទៅលើមុខរបស់ យ៉ាហ្វី ខ្លាំងៗទាំងសងខាងរហូតបែកឈាមពេញមាត់ ចំណែកថ្ពាល់និងគែមមាត់ទាំងសងខាងក៏រលាត់ដាច់ហូរឈាមក្រហមឆ្អិនឆ្អៅដូចគ្នាដោយសារកម្លាំងរបស់កាំភ្លើង។ យ៉ាហ្វី ដេករមួលនៅលើដីទាំងឈឺចុកផ្សាពេញរាងកាយទាំងមូលលែងមានកម្លាំងតទៅទៀតបណ្តោយឲ្យគេអូសទាញបានតាមចិត្ត។
ភឹប!
មកដល់លើដំបូលភ្លាម អាយឈីន ក៏ក្រវាត់ យ៉ាហ្វី មួយទំហឹងឲ្យបុកខ្នងជាមួយនឹងបង្កាន់ដៃមិនដឹងបាក់ឆ្អឹងឬក៏អត់ដឹងត្រឹមថាពេលនេះ យ៉ាហ្វី ដេករមួលពុតពែនខ្លួនព្រោះចុងអួលជាខ្លាំងចំណែកផ្ទៃមុខដែលបែកឈាមរហាចនោះក៏ហូរកាន់តែខ្លាំង
"លែងកូនប្រុសខ្ញុំទៅ"ទោះឈឺខ្លួន ទោះចុកចាប់យ៉ាងណាក៏នាងមិនភ្លេចកូនប្រុសដែលសន្លប់ស្តូកស្តឹងនៅលើដៃរបស់អាម្នាក់មាឌធំនោះដែរ
"ស្រឡាញ់វាណាស់មែនទេ? ល្អយើងនឹងសម្លាប់វានៅចំពោះមុខនាងចាំមើលនាងមានអារម្មណ៍យ៉ាងណា?"គ្រាន់តែនិយាយចប់ភ្លាម អាយឈីន ក៏ស្ទុះបម្រុងនឹងច្របាច់ក ជីហ្វី ឲ្យស្លាប់នៅចំពោះមុខតែម្តង តែក៏ត្រូវ យ៉ាហ្វី ស្ទុះទៅឱបជើងនាងជាប់
"អត់ទេ...ខ្ញុំអង្វរនាង អ្ហឹកៗ សម្លាប់តែខ្ញុំម្នាក់នៅបានហើយ ដោះលែងកូនខ្ញុំទៅគេមិនដឹងអីទេ អ្ហឹកៗ"យ៉ាហ្វី ស្រវេស្រវា វាទៅឱបជើង អាយឈីន ជាប់ទាំងក្រវីក្បាលតតាត់ទាំងទឹកភ្នែកអង្វរកសុំជីវិតឲ្យកូនប្រុសនាងវិញយ៉ាងគួរឲ្យអាណិត
"ហាសហា អង្វរទៅ! អង្វរនៅក្រោមបាតជើងយើងទៅឋានៈនាងសាកសមខ្លាំងណាស់ដែលនៅក្រោមបាតជើងរបស់យើង អង្វរយើងសុំជីវិតកូនប្រុសនាងទៅ ធ្វើទៅដឹងទេបែបនេះវាគួរឲ្យសង្វេកបំផុត"គ្រប់សកម្មភាព គ្រប់ដំណក់ទឹកភ្នែក គ្រប់ពាក្យអង្វរករបស់យ៉ាហ្វី មិនបានជ្រាបធ្វើឲ្យនាងអាណិតតែផ្ទុយទៅវិញវាគួរឲ្យសង្វេកមិនខុសពីសត្វមួយក្បាលដែលព្យាយាមសុំជីវិតរស់បន្តឡើយ ដឹងទេនាងសប្បាយចិត្តខ្លាំងណាស់នៅពេលដែលមនុស្សដែលនាងស្អប់កប់ឆ្អឹងមកអង្វរក្រាបលូនក្រោមបាតជើងនាងបែបនេះ។

❦ម្ចាស់បេះដូង❦Where stories live. Discover now