ភាគ ៥០

747 35 2
                                    

រឿង ម្ចាស់បេះដូង
ភាគ ៥០

ឈានចូលដល់ព្រឹកថ្ងៃថ្មី ព្រះអាទិត្យរះបញ្ចេញពន្លឺពណ៌មាសពេញផ្ទៃមេឃដំណក់ទឹកស្រក់ពីលើស្លឹកឈើតក់ៗនៃឥទ្ធិពលភ្លៀងកាលពីយប់មិញនេះ សំឡេងសត្វចាបយំចិចៗក្បែរមាត់បង្អួចបូករួមជាមួយនឹងសំឡេងទឹករលកសមុទ្រគ្រាំៗបោកបក់ប៉ះផ្ទាំងថ្មទៅមករួមទាំងបរិយាកាសត្រជាក់ស្រស់ស្រាយនាពេលព្រឹកព្រលឹម ត្របកភ្នែកក្រាស់ចាប់ផ្តើមកម្រើកតិចៗមុននឹងបើកឡើងពេញភ្នែកក៏ប្រទាក់ជាមួយរង្វង់មុខមូលក្រឡំរបស់យ៉ាហ្វីនៅកៀកកិតក្បែរគេទាំងនាងកំពង់តែដេកលង់លក់យ៉ាងស្ងប់សុខ បបូរមាត់ជីមីនចាប់ផ្តើមញោចស្នាមញញឹមឡើងមករួចទើបឱនមុខយកចុងច្រមុះទៅក្រញីពេញថ្ពាល់ក្រពុំក្រហមៗរបស់នាងស្រូបភាពក្រអូបដូចផ្កាប៉េះទុកក្នុងចិត្តរបស់ខ្លួន តែភ្លាមៗអ្វីៗត្រូវបានកាត់ផ្តាច់បន្ទាប់ពីទូរស័ព្ទរបស់គេរោទិ៍ឡើងទើបនាយរហ័សឈោងដៃទៅកាន់មកចុចទទួល
(ហាឡូ ប៉ាប៉ា!)គ្រាន់តែចុចទទួលភ្លាមនាយក៏បានឮសំឡេងផ្អែមស្រទន់របស់កូនប្រុសដែលអាចហៅស្នាមញញឹមរបស់គេបានភ្លាមៗ ទើបនាយប្រញាប់ឆ្លើយទៅកាន់កូនប្រុសវិញ
«បាទ»
(ប៉ាប៉ា ថ្ងៃណាមកផ្ទះវិញកូននឹកប៉ាណាស់)ជីហ្វីបន្លឺចេញពីខ្សែម្ខាងទៀតសួរទៅកាន់លោកប៉ាទាំងយកខ្នងដៃប៉ាតទឹកភ្នែកខ្លួនឯងចេញពីថ្ពាល់ទាំងក្តីនឹករឮកទៅកាន់អ្នកជាឪពុកដែលអាចឲ្យជីមីនដឹងបានយ៉ាងច្បាស់ថាកូនកំពុងយំទួញសោករកខ្លួន
«ប៉ានឹងត្រឡប់ទៅវិញនៅពេលដែលប៉ាចាត់ចែងការងារនៅទីនេះរួចរាល់»
(បាទ!)
«កូនកុំយំឮទេ ប៉ានឹងត្រឡប់ទៅវិញឆាប់ៗ ត្រូវញាំបាយឲ្យបានច្រើនខំប្រឹងរៀនផងណា»
(បាទ! កូននឹងមិនយំទេកូននឹងធ្វើជាក្មេងល្អរងចាំប៉ាប៉ាមកវិញណា ប៉ុណ្ណឹងសិនហើយប៉ាប៉ាកូនទៅងូតទឹកហើយ)
«បាទ ប៉ាស្រឡាញ់កូន»និយាយចប់ខ្សែទូរស័ព្ទក៏បានកាត់ផ្តាច់នាយក៏ទុកទូរស័ព្ទចុះនៅលើតុវិញទើបងាកមកមើលយ៉ាហ្វីក៏ឃើញនាងលំពុងតែអង្គុយសម្លឹងមកគេភ្លឹះៗ
«ជីហ្វីខលមកមែនទេ?»នាងក្រមុំបាញ់សំណួរទៅកាន់គេព្រោះមុននេះក្រោកមកក៏ស្តាប់ទាន់គេនិយាយបានខ្លះដែរ
«បាទ គេខលមកសួរពេលណាត្រឡប់ទៅវិញ»ជីមីនឆ្លើយតបស្របពេលខ្លួនគេក៏រំកិលខិតទៅជិតនាងដូចគ្នា
«គេប្រហែលជានឹកលោកហើយទៅវិញថ្ងៃនេះតែម្តងទៅ»
«អត់ទេចាំបានប្អូនស្រីឲ្យជីហ្វីមួយសិនទើបត្រឡប់ទៅវិញ»ជីមីននិយាយទាំងកាយវិការរឹកពារដូចជាកូនក្មេងដោយផ្តួលខ្លួនទៅដេកដួលលើភ្លៅរបស់នាងទាំងធ្វើភ្នែកម៉ក់ៗ
«ឆ្គួតទេហ្អី ងើបចេញធ្ងន់ណាស់»ស្រីស្រស់ខំប្រឹងរុញច្រានគេចេញពីភ្លៅទាំងមុខក្រហមព្រឿងៗគេនេះមកបបួលនាងនិយាយឲ្យអៀនទាំងព្រឹក ចំមែនហើយ
«ណាតែមួយទៀតទេ ចង់បានកូនស្រី»ជីមីនមិនព្រមចេញតាមការរុញច្រានរបស់នាងបែជានិយាយញ៉ោះឲ្យនាងអៀនលើសដើម ដោយដៃក៏យកទៅអោបចង្កេះនាងជាប់មិនលែង
«សុីក្រញ៉រទាំងព្រឹកឥឡូវហើយ ចង់បានក៏បង្កើតខ្លួនឯងទៅ អ្ហាយ៎»យ៉ាហ្វីនៅតែមិនចុះចាញ់ នាងនៅតែប្រឹងរុញច្រានគេចេញបើមិនចឹងទេនាងអៀនស្លាប់ជាមិនខាន តែវាមិនងាយដូចការគិតឡើយព្រោះជីមីនចាប់នាងចូលក្នុងភួយប្រឡែងគ្នាសើចកក្អឹកដល់ថ្នាក់រង្គើរគ្រែទាំងមូល(គេប្រឡែងគ្នាពីអីយើងគួរដឹងហើយ ༎ຶٹ༎ຶ )។
កន្លងអស់ទៅជាច្រើនម៉ោងរហូតឈានចូលដល់ម៉ោងប្រាំមួយល្ងាចទើបពួកគេទាំងពីរនាំគ្នាចេញពីក្នុងបន្ទប់ចុះមកខាងក្រោមដើម្បីដើរលេងតាមមាត់សមុទ្រដោយជីមីនក៏មិនភ្លេចប្រាប់ឲ្យគេរៀបចំអាហារពេលយប់ឲ្យពួកគេផងដែរ។ រាងកាយស្រស់ស្អាតល្វត់ល្វន់ក្នុងឈុតរ៉ូបពណ៌ទឹកសមុទ្រស្រស់ថ្លាសាកសមជាមួយស្បែកសររលោងប្រៀបបាននឹងគុជខ្យងដែលមានពន្លឺព្រិចៗកំពុងឈរយកដៃទាំងពីរក្រសោបខ្លួនជាប់នៅលើឆ្នេរខ្សាច់ពណ៌ស កែវភ្នែកសម្លឹងទៅឆ្ងាយរួមជាមួយនឹងព្រះអាទិត្យកំពុងតែបន្លិចខ្លួនយាងអស្តងគតបន្តិចម្តងៗ ពន្លឺព្រះអាទិត្យដែលនៅសេសសល់ចាំងប៉ះទឹកសមុទ្របង្កើយជាពន្លឺព្រិចៗដូចជាត្បូងពេជ្រកាន់តែមើលកាន់តែស្រស់ស្អាតហាក់មានអារម្មណ៍ថាស្ងប់សុខក្នុងចិត្តជាខ្លាំង
«អាហាររៀបចំរួចហើយ ឃ្លានឬនៅ?»ជីមីនដើរមកពីក្រោយដោយយកស្បៃមកដណ្តប់លើស្បែករបស់នាងព្រោះខ្លាចថានាងនឹងរងាទើបបន្ថែមការអោបរឹតយ៉ាងកក់ក្តៅដោយខ្លួនគេផ្ទាល់ក៏ដាក់ចង្កាទ្រស្មានាងពីខាងក្រោយរួចក៏ខ្សឹបសួរក្បែរត្រចៀកបន្ថែមដោយការថើបស្មាសខ្ចីក្រអូបទន់រលោងរបស់នាងទៀតផង
«ចាស៎»យ៉ាហ្វីងាកមកឆ្លើយជាមួយគេដោយសំឡេងស្រទន់ពិរោះរួចគេក៏ប្រលែងនាងប្តូរជំនួសដោយការក្រសោបចង្កេះនាងបណ្តើរទៅរកតុអាហារក្បែរមាត់សមុទ្រយ៉ាងរ៉ូមេទិច។
រាងកាយតូចមួយរបស់យ៉ាហ្វីអង្គុយលើកៅអីទល់មុខជាមួយនឹងជីមីនដោយមានពន្លឺភ្លើងទៀននៅកណ្តាលតុដើម្បីបំភ្លឺជំនួសអំពូលភ្លើងឲ្យឃើញមុខគ្នាបានយ៉ាងច្បាស់ដែលអាចបង្កើតបរិយាកាសបែបផ្អែមល្ហែមបន្ថែមទៀត។ ជីមីនសម្លឹងមុខយ៉ាហ្វីបន្តិចទើបលើកកែវស្រាទំពាំងបាយជូមកជល់ជាមួយនាង នាងក៏មិនបដិសេធដូចគ្នារួចក៏លើកមកផឹកបន្តិចព្រោះត្បិតថានាងមិនសូវពូកែខាងរឿងសូរ៉ាប៉ុន្មានទេ។ បន្ទាប់ពីនោះទើបនាំគ្នាញាំអាហារក្រោមពន្លឺភ្លើងទានរហូតដល់ឆ្អែតរាងខ្លួនរួចក៏ថានឹងទៅសម្រាកតែស្តាយព្រោះបរិយាកាសនៅយប់នេះហាក់អំណោយផលល្អម្យ៉ាងជីមីនក៏ចង់ចំណាយពេលមួយថ្ងៃពេញនេះនៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ទើបបបួលនាងទៅមើលផ្កាយបន្តទៀត។ ជីមីននិងយ៉ាហ្វីអង្គុយមើលផ្កាយដែលមានពាសពេញមេឃយ៉ាងស្ងៀមស្ងាត់ឮតែសំឡេងទឹករលកបោកបក់ទៅមក ទោះពួកគេមិននិយាយតែក៏អាចបញ្ជាក់តាមទឹកមុខបានថាពួកគេមានក្តីសុខខ្លាំងណាស់តែវានៅតែមានរឿងកង្វល់ចិត្តសម្រាប់នាងតូចយ៉ាហ្វីដដែលនាងនៅតែមិនច្បាស់ថាការសម្រេចចិត្តរបស់នាងពេលនេះត្រូវឬខុសព្រោះក្នុងចិត្តនាងកំពុងតែបែងចែកមិនយល់ មួយមានអារម្មណ៍ថាខុសចំពោះនារីម្នាក់បើទោះបីជានារីម្នាក់នោះធ្វើមិនល្អដាក់នាងយ៉ាងណាក៏ដោយ ចំណែកមួយទៀតនាងចង់ស្វែងរកសេចក្តីសុខឲ្យខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែរឿងកង្វល់ចិត្តមុននេះត្រូវបានរំសាយទៅអស់បន្ទាប់ពីជីមីនយកម្រាមដៃរបស់គេមកក្តោបដៃនាងអង្អែលវាថ្នមៗគេអាចមើលដឹងថានាងនៅមិនទាន់ស្រឡាស់នៅក្នុងចិត្តតែគេក៏សន្យាថានឹងបញ្ចប់រឿងគេជាមួយអាយឈីនឲ្យឆាប់បំផុត។ កែវភ្នែករបស់គេសម្លឹងមករកផ្ទៃមុខរបស់យ៉ាហ្វីដែលក្នុងនោះពោរពេញទៅដោយក្តីស្រឡាញ់ចំពោះនាងយ៉ាងធំធេងប្រៀបដូចមហាសមុទ្រដែលមិនអាចវាស់ជម្រៅបាន ស្របពេលជាមួយដៃម្ខាងទៀតលូកចូលទៅក្នុងហោប៉ៅខោទាញរបស់ម្យ៉ាងចេញមកពាក់ក្នុងដៃរបស់នាងដែលធ្វើឲ្យនាងបើកភ្នែកធំៗស្រឡាំងកាំង
«ខ្ញុំស្មានតែលោកបោះវាចោលបាត់ទៅហើយ»យ៉ាហ្វីសម្លឹងមើលចិញ្ចៀនដែលនៅក្នុងម្រាមដៃរបស់ខ្លួន វាជាចិញ្ចៀនតែមួយដែលគេឲ្យនាងកាលពីបីឆ្នាំមុនហើយនាងក៏ចាំបានថានាងទុកវានៅជាមួយកូនប្រុសមុនពេលដែលនាងចាកចេញទៅ នាងនឹកស្មានថាគេបោះវាចោលដោយក្តីស្អប់ខ្ពើមនាងបាត់ទៅហើយតែគេក៏នៅតែរក្សាទុករហូតដល់ពេលបច្ចុប្បន្ន
«បើបងបោះវាចោលប្រៀបដូចជាបងបោះបេះដូងខ្លួនឯងចោលដូចគ្នា វាជារបស់តែមួយដែលបងឲ្យអូនដែលមានទៅដោយក្តីស្រឡាញ់នៅក្នុងនោះ វាជារបស់អូនបងក៏សង្ឃឹមថាថ្ងៃណាមួយអូននឹងគ្រប់គ្រងវាម្តងទៀត រហូតមកដល់ថ្ងៃនេះអូនក៏នៅតែជាម្ចាស់របស់វាដដែល»ជីមីននិយាយប្រាប់នាងប្រកបទៅដោយស្នាមញញឹមដែលអាចឲ្យយ៉ាហ្វីរំភើបចិត្តរហូតដល់ថ្នាក់យំចេញមកទើបហក់ទៅអោបគេទាំងទឹកភ្នែកហូរឥតឈប់ រួចទើបទម្លាក់បបូរមាត់របស់ខ្លួនទៅថើបបបូរមាត់របស់ជីមីនដែលពោរពេញទៅដោយក្តីស្រឡាញ់ទាំងមិនអាចប្រកែកបានថានាងស្រឡាញ់បុរសម្នាក់នេះខ្លាំងក្លាកម្រិតនេះឡើយ។

❦ម្ចាស់បេះដូង❦Where stories live. Discover now