+មន្ទីរពេទ្យ
"ថេយ៍ កុំកើតអ្វីឲ្យសោះឮទេ?"នាយនិយាយបណ្ដើរខណៈដែលរទេះអ្នកជំងឺកំពុងតែត្រូវបានគ្រូពេទ្យប៉ុន្មាននាក់រុញទៅមុខជារឿយៗ ហើយខ្លួននាយផ្ទាល់ក៏បារម្ភពីនាយតូចមិនស្ទើរនោះទេប្រសិនបើគេកើតអ្វីទៅនាយក៏មិនអត់ទោសឲ្យខ្លួនឯងដូចគ្នាដែលមិនអាចការពារគេបាន។
"សាច់ញាតិអ្នកជំងឺសូមរង់ចាំនៅខាងក្រៅ"អ្នកគ្រូពេទ្យម្នាក់ក៏និយាយទៅកាន់នាយហើយក៏ទាញវាំងននបិទជិតនាំ ថេយ៉ុង ចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បាត់ទៅ។
"កូនថេយ៍"លោកស្រីគីម និងលោកគីមក៏បានមកដល់មន្ទីរពេទ្យក្រោយពីទទួលបានដំណឹងពីជុងហ្គុក ទ្រូងអ្នកជាម្តាយស្ទើរតែស្ទះទៅហើយពេលឮបែបនេះ គាត់មិនដឹងថាគេទៅធ្វើអ្វីឲ្យអ្នកណាគុំគួនដល់ថ្នាក់នេះទេ ប៉ុន្តែគាត់ជឿជាក់ថាកូនប្រុសរបស់គាត់ស្អាតស្អំណាស់មិនដែលបង្ករឿងធ្ងន់ធ្ងរអ្វីនោះទេ។
"អ្នកមីង"ជុងហ្គុក ក៏ងើបឈរឡើងទទួលគាត់ទាំងពីរនាក់ប្រកបដោយទឹកមុខស្រងូតស្រងាត់ព្រោះនៅតែបារម្ភពីនាយតូចនៅឡើយ។
"ពុទ្ធោអើយ កូនប្រុស"អត់មិនបានលោកស្រី គីម ក៏ធ្លាយទឹកភ្នែកចេញមកយំមួយរំពេចសែនអាណិតដល់កូនជាពន់ពេក ឃើញដូច្នោះលោកគីមក៏ចូលមកឱបស្មាគាត់លួងលោមកុំឲ្យគាត់បារម្ភខ្លាំងពេក។
"មិនអីទេណា កូនបានមកដល់ដៃគ្រូពេទ្យហើយគេប្រាកដជាផុតគ្រោះថ្នាក់"គាត់អង្អែលស្មាភរិយាថ្នមៗលួងលោមគាត់ទាំងដែលខ្លួនគាត់ផ្ទាល់ក៏បារម្ភពីកូនមិនស្ទើរដែរ។ កូនតែមួយគ្រាប់ស្រឡាញ់ថ្នាក់ថ្នមដូចពេជ្រចរណៃ មិនហ៊ានសូម្បីតែលើកដៃវៃឬនិយាយសម្លេងធ្ងន់ដាក់ ចុះម្នាក់នេះជាអ្នកណា?ហេតុអ្វីក៏ហ៊ានចង់សម្លាប់គេ?គេទៅធ្វើអ្វីខុសមែនទេ?
"ម៉ាក់!"ជុងហ្គុក ក្រឡេកទៅឃើញប៉ាម៉ាក់របស់នាយដើរចូលមកយ៉ាងត្រហេបត្រហបហើយនៅមានម៉ាក់ជីមីន ហើយជីមីន ក៏មកដែរ។ ពេលគ្រប់គ្នាបានដឹងរឿងនេះហើយម្នាក់ៗមានការតក់ស្លុតយ៉ាងខ្លាំង មិនបង្អង់យូរក៏នាំគ្នាមកទីនេះតែម្តង។ លាក់បាំងអី គ្រួសាររបស់ពួកគាត់ពិតជាត្រូវរ៉ូវគ្នាខ្លាំងណាស់ ហើយពួកគាត់ក៏មានគំនិតចង់ផ្សំផ្គុំកូនៗឲ្យបានគ្នាថែមទៀតផង រកឯណាបានឪពុកម្តាយដែលស្រឡាញ់កូនៗហើយតាមបំណងរបស់ពួកគេបែបនេះនោះ។
