+ផ្ទះត្រកូល ផាក
"ហេឡូជំរាបសួរ ផ្ទះត្រកូល ផាក បាទ"ក្រោយពីឮសំឡេងទូរស័ព្ទរោទ៍ ជីមីន ដែលចុះមកពីលើផ្ទះស្រាប់ក៏លើកនិយាយឡើង វាជាទូរស័ព្ទធំដែលដាក់ប្រចាំក្នុងផ្ទះទើបមិនអាចមើលលេខដឹងថាអ្នកណាជាអ្នកខលមក។
(ក្មួយ ជីមីន មែនទេ?មានឃើញថេយ៍ទៅដល់ផ្ទះក្មួយហើយឬនៅ?)បាត់កូនយូរមិនឃើញគេត្រឡប់ទៅផ្ទះវិញទើប លោកស្រី គីម សម្រេចចិត្តខលមកសួរនាំតែម្ដង ណាមួយខ្លាចពួកគេនៅជាមួយគ្នា បើបានដឹងគាត់ក៏អស់បារម្ភ។
"ថេយ៍?គេមកមែនទេបាទ?តែខ្ញុំមិនឃើញមានអ្នកណានោះទេ បែបមិនទាន់មកដល់ទេដឹងអ្នកមីង"
(មិនអាចនោះទេ គេទៅយូរណាស់ហើយតាំងពីថ្ងៃមកម្ល៉េះ ឥឡូវរំលងទៅជិតបីម៉ោងហើយណា ក្មួយសាកទាក់ទងទៅគេបន្តិចបានទេ?)គាត់និយាយក៏ត្រូវហើយ ព្រោះគេចេញមកតាំងពីថ្ងៃត្រង់ឯណោះ ហើយឥឡូវឈានចូលដល់ពេលរសៀលទៅហើយនៅតែមិនឃើញគេទៅផ្ទះវិញទៀត មានរឿងអ្វីទេដឹង?
"បាទៗ អ្នកមីង ចាំខ្ញុំទាក់ទងទៅគេចុះ ជំរាបលាបាទ អាថេយ៍អើយឯងទៅណាទៅ"ជីមីន រអ៊ូរភ្លាមបន្ទាប់ពីដាក់ទូរស័ព្ទចុះវិញ ហើយព្យាយាមខលទៅគេច្រើនដងតែមិនមានការឆ្លើយតបទាល់តែសោះ អស់ជម្រើសគេក៏ទាក់ទងទៅជុងហ្កុកទៀតក៏នៅតែមិនមានអ្នកទទួលក៏សន្មតថាពួកគេទាំងពីរនៅជាមួយគ្នា ប៉ុន្តែក៏ឆ្ងល់ដែរបើនៅជាមួយគ្នាមែនមិចបានម្នាក់ៗមិនលើកទូរសព្ទរបស់គេបន្តិចទៅ។
ងាកមកមើលអ្នកកម្លោះ ជុងហ្គុក ឯណេះវិញ បន្ទាប់ពីបានចេញពីផ្ទះហើយក៏ជិះម៉ូតូសំដៅមកផ្ទះ នាយតូចតែម្តងឲ្យបានច្បាស់នឹងភ្នែកថាគេមានរឿងអ្វីឬអត់?ចិត្តបារម្ភកាន់តែកើនឡើងជាលំដាប់មិនដឹងថាមកពីមូលហេតុអ្វី ក្នុងខ្លួនក្ដៅរងារៗហាក់មិនស្រួលទាល់តែសោះ។ ទទួលស្គាល់ថាឥឡូវនេះគេស្រលាញ់ ថេយ៉ុង កាន់តែខ្លាំងហើយទោះបីជាគេមិនទាន់ឆ្លើយព្រមនឹងខ្លួនក៏គេនៅតែរង់ចាំមិនចុះចាញ់នោះទេ។
អ្វីដែលធ្វើឲ្យអ្នកកម្លោះកាន់តែមិនស្រួលក្នុងចិត្តនិងបារម្ភកាន់តែខ្លាំងនោះគឺគេបានឃើញទូរស័ព្ទរបស់នាយតូចធ្នាក់នៅតាមផ្លូវ ហើយគេក៏សន្និដ្ឋានបានភ្លាមថាប្រាកដជាមានអ្នកណាម្នាក់ចាប់ខ្លួនគេទៅមិនខានឡើយ។
