ភាគ៣៤

67 5 0
                                    

“ យឺតពេលម្តងទៀត ”

    « ហ៊ឹក! ហ៊ឺ! » ណាប៊ី ស្ទុះក្រោកអង្គុយលើគ្រែទាំងបែកញើសជោកថ្ងាស ទឹកមុខស្លេកស្លាំងនិងទឹកភ្នែកកំពុងស្រក់ចុះមកមិនឈប់ បេះដូងរបស់នាងកំពុងលោតញាប់នាំភាពឈឺចាប់មកឲ្យនាងគ្រប់វិនាទី។
    ទីង!
    សំឡេងសារពីទូរស័ព្ទនៅក្បែរនោះ ធ្វើឲ្យ ណាប៊ី រហ័សជូតទឹកភ្នែកចេញស្ងួតពីថ្ពាល់និងបើកទូរស័ព្ទមើលសារដែលផ្ងើរចូលមកយ៉ាងរហ័ស។
    “ ខ្ញុំបានរកមើលហើយ នៅក្នុងផ្នូរគ្មានសាកសពទេ ”
    ដុក!
    ម្រាមស្រឡូនប្រែជាគ្មានកម្លាំងភ្លាមៗធ្វើឲ្យទួរស័ព្ទធ្លាក់ទៅលើគ្រែ។ ណាប៊ី ចំហរមាត់ទាំងតក់ស្លុតបេះដូងរបស់នាងកាន់តែលោតញាប់ជាងមុនទ្វេដង។
    « រ៉ូជីន មិនទាន់ស្លាប់ពិតមែន? »
    អ្នកដែលផ្ញើរព័ត៌មានមួយនេះមកឲ្យនាងជាកូនចៅដែលនាងបញ្ជាឲ្យទៅពិនិត្យមើលផ្នូររបស់ រ៉ូជីន នៅឯមន្ទីរពេទ្យជាយក្រុងម្តងទៀត ទោះនាងដឹងថាធ្វើបែបនេះខុសចំពោះអ្នកដែលបានស្លាប់ទៅហើយ ប៉ុន្តែព្រោះតែខ្សែករបស់ រ៉ូជីន បានបង្ហាញខ្លួនមកម្តងទៀត ទើបធ្វើឲ្យនាងចង់បញ្ជាក់គ្រប់យ៉ាងឲ្យច្បាស់លាស់ តែនាងមិននឹកស្មានថានៅក្នុងផ្នូរពិតជាគ្មានសាកសពទាំងដែលនាងជាអ្នកឈរមើលគេបញ្ចុះមឈូស រ៉ូជីន ដោយផ្ទាល់ភ្នែក ឬក៏ជាមឈូសទទេ?។
    ក្រាក!
    « អ្នកនាងដឹងខ្លួនហើយ? » លោកគ្រូពេទ្យបើកទ្វាដើរចូលមកក្នុងបន្ទប់តែម្នាក់ឯង។
    « លោកគ្រូពេទ្យ ថ្ងៃមុនខ្ញុំមិនទាន់បានអរគុណលោកគ្រូពេទ្យរឿងដែលជួយលាក់រឿងនោះមិនឲ្យ រ៉េន ដឹងទេ »
    « មិនមែនជារឿងអ្វីធំដុំទេ ខ្ញុំទើបជំពាក់គុណលោកប៉ាអ្នកម៉ាក់របស់អ្នកនាងច្រើន » លោកគ្រូពេទ្យអង្គុយនៅកៅអីឱនមុខចុះដោយអារម្មណ៍ខុស។
    « ឈប់មានអារម្មណ៍ខុសទៀតទៅ លោកមិនបានខុសទេ »
    « ខ្ញុំខុស! ខ្ញុំបានខុសពាក្យសន្យាដែលថានឹងមើលថែអ្នកនាងឲ្យបានល្អ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះខ្ញុំមិនបានធ្វើតាមពាក្យសន្យាទេ ខ្ញុំបានទុកអ្នកនាងឲ្យទៅជាបែបនេះ »
    « ប៉ុន្តែពេលនេះលោកកំពុងធ្វើបានល្អហើយ ដូច្នេះឈប់បន្ទោសខ្លួនឯងទៀតទៅ ខ្ញុំអាចមានពេលវេលាអង្គុយនៅទីនេះគឺព្រោះតែលោក ខ្ញុំពិតជាដឹងគុណណាស់ » ណាប៊ី ញញឹមដោយការដឹងគុណដាក់លោកគ្រូពេទ្យដែលងើបសម្លឹងមុខរបស់នាងដោយភាពសោកសៅ។
    « នេះជាលទ្ធផលពិនិត្យសុខភាពរបស់អ្នកនាង » លោកគ្រូពេទ្យក្រោកឡើងដោយគ្មានកម្លាំងក្នុងខ្លួន លោកដាក់ក្រដាសពិនិត្យនៅលើគ្រែក្បែរខ្លួនរបស់ ណាប៊ី ហើយក៏ដើរចេញទៅទាំងទឹកមុខសោកសៅរស់នៅដោយបន្ទោសខ្លួនឯងមិនឈប់ ទោះនាងព្យាយាមពន្យល់លោកគ្រប់យ៉ាងហើយក៏ដោយ តែយ៉ាងណាក៏លោកនៅតែមានអារម្មណ៍ខុសដដែល។
    ម្រាមស្រឡូនលើកក្រដាសមួយសន្លឹកដែលនៅជិតខ្លួនឡើងមកមើលទាំងកែវភ្នែកសោកសៅ ប៉ុន្តែនៅសុខៗបបូរមាត់ស្តើងស្រាប់តែញញឹមចេញមក។ ណាប៊ី មូលក្រដាសចូលគ្នាគប់ចូលទៅក្នុងធុងសំរាម នាងទាញកាបូបមកស្ពាយជាប់ខ្លួនហើយក្រោកឈរឡើងដោយភាពមុឺងម៉ាត់។ ណាប៊ី ឈរនៅក្នុងបន្ទប់នឹកគិតដល់ពាក្យសម្តីរបស់អ្នកម៉ាក់នាង...
    “ បើម៉ាក់នៅសល់ពេលដប់ថ្ងៃចុងក្រោយដើម្បីរស់នៅតើម៉ាក់នឹងធ្វើអ្វីខ្លះ? ”
   “ ម៉ាក់នឹងចំណាយពេលដប់ថ្ងៃនោះឲ្យមានន័យបំផុត ម៉ាក់នឹងនិយាយពាក្យដែលលាក់នៅក្នុងចិត្តទាំងប៉ុន្មានប្រាប់មនុស្សសំខាន់របស់ម៉ាក់ ហើយម៉ាក់នឹងចំណាយពេលចុងក្រោយជាមួយគេដោយគ្មានការសោកស្តាយ ”
   នាងមិនចង់ស្តាយក្រោយម្តងទៀតទេ នាងមិនចង់ដូចលោកប៉ានិងអ្នកម៉ាក់ដែលចាកចេញជាមួយការចងចាំមិនល្អដែលមានជាមួយមនុស្សជាទីស្រលាញ់ទេ នាងមិនចង់ឲ្យពេលវេលាចុងក្រោយរបស់នាងជាមួយមនុស្សជាទីស្រលាញ់ប្រែជាគ្មានន័យម្តងទៀតទេ នាងចង់មានពេលវេលាដល់ល្អបំផុតជាមួយគេមុនពេលចាកចេញទៅ។
  
   ណាប៊ី ដើរចេញពីបន្ទប់អ្នកជំងឺលើកទូរស័ព្ទខលទៅ រ៉េន ប៉ុន្តែគេមិនលើកសោះ ទើបនាងត្រូវទៅរកគេតាមដំណឹងដែលអ្នកបើកឡានទទួលបានមក។
   « ពេលនេះលោកប្រធាននៅក្រុមហ៊ុន អ្នកនាងប្រធានមានការប្រញាប់អ្វីមែនទេ? ហេតុអ្វីមិនចាំនិយាយជាមួយគ្នានៅផ្ទះ? » អ្នកបើកឡានព្យាយាមសួរស្រីក្រមុំទាំងកំពុងបើកឡានកាត់ភ្លៀង។
   « ខ្ញុំមានរឿងចង់ប្រាប់គេភ្លាមៗ » ណាប៊ី ឱនមុខចុះញញឹមម្នាក់ឯង។
  
    “ តើនាងស្រលាញ់ខ្ញុំមែនទេ? ”
     “ ខ្ញុំមិនបានស្រលាញ់លោកទេ ”
     បើថ្ងៃនោះនាងនិយាយថានាងស្រលាញ់គេ តើរវាងនាងនិងគេអាចមកដល់ថ្ងៃមួយនេះទេ? តើទំនាក់ទំនងរវាងនាងនិងគេអាចល្អជាងពេលនេះទេ? នាងបានគិតពីសំណួរទាំងអស់នេះជារៀងរាល់ថ្ងៃ នាងខ្វល់ចិត្តហើយភ័យខ្លាចគ្រប់ពេល ខ្លាចគេនឹងឈឺចាប់នៅថ្ងៃណាមួយ បើនាងសារភាពពីអារម្មណ៍របស់នាងទៅកាន់គេ នាងខ្វល់ខ្វាយច្រើនពេករហូតធ្វើឲ្យរឿងប្រែជាស្មុគស្មាញនិងធ្វើឲ្យអារម្មណ៍របស់នាងកាន់តែឈឺចាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែថ្ងៃនេះនាងសម្រេចចិត្តហើយ នាងនឹងនិយាយពីអារម្មណ៍របស់នាងគ្រប់យ៉ាងប្រាប់គេ នាងមិនខ្វល់ថាគេនឹងខឹងឬក៏ជេរស្តីអ្វីឲ្យនាងទេ នាងគ្រាន់តែចង់និយាយប្រាប់គេនូវអ្វីគ្រប់យ៉ាងដែលនាងគិតលើគេកន្លងមក។
     ងុឺត!
     « មិនបាច់ចេញពីឡានទេ ខ្ញុំចេញទៅខ្លួនឯង » ណាប៊ី ហាមឃាត់អ្នកបើកឡានហើយក៏កាន់ឆ័ត្រចេញពីក្នុងឡានដើរឆ្លងផ្លូវទៅកាន់អគារក្រុមហ៊ុនដែលនៅមួយចំហៀងទៀត។
     “ គឺគេ! ” ណាប៊ី ក្រឡេកឃើញ រ៉េន ពីចម្ងាយ ទើបរហ័សរត់សំដៅទៅរកគេ។
     « រ៉េ...! » ជើងស្រឡូនឈប់ង៉ក់ បបូរមាត់ដែលបង្ហើបប្រុងហៅឈ្មោះគេស្រាប់តែបិទវិញយ៉ាងឆាប់រហ័ស ណាប៊ី ទម្លាក់ដៃដែលលើកជាសញ្ញាឲ្យគេមុននេះចុះ ទាំងកែវភ្នែកតក់ស្លុត។
     ដុក!
     “ ខ្ញុំបានមកយឺតម្តងទៀត! ” ណាប៊ី ទម្លាក់ឆ័ត្រចុះបណ្ដោយឲ្យទឹកភ្លៀងធ្លាក់ស្រោចលើខ្លួនរបស់នាង ទឹកភ្នែកបន្លំហូរតាមដំណក់ទឹកភ្លៀងតាមចិត្តលែងខ្មាស់អ្នកណា ព្រោះគ្មាននរណាម្នាក់ដឹងថានាងយំឡើយ ហើយក៏គ្មាននរណាម្នាក់ដឹងថាបេះដូងរបស់នាងកំពុងឈឺចាប់ប៉ុណ្ណាដែរ។ កែវភ្នែកក្រហមឆ្អៅក្រោមដំណក់ទឹកភ្លៀងឈរសម្លឹងមើលបុរសដែលខ្លូនឯងស្រលាញ់ជួបជាមួយនារីជាទីស្រលាញ់របស់គេម្តងទៀត ទាំងអួលណែនដើមពេញទ្រូង។ នាងមិនអាចទ្រាំឈរមើលពួកគេទាំងពីរនាក់ទៀតទេ ទើបនាងរហ័សរត់បកក្រោយត្រឡប់ទៅឡានវិញយ៉ាងលឿន។
    
    ចំណែកឯគូស្នេហ៍ដែលទើបតែបានជួបមុខគ្នាម្តងទៀតវិញ ម្នាក់ៗសុទ្ធតែរំភើបស្រក់ទឹកភ្នែកលាយឡំជាមួយដំណក់ភ្លៀង ព្រោះរឿងរ៉ាវស្នេហាអភិនិហារកំពុងតែកើតឡើងលើពួកគេទាំងពីរនាក់។
    « រ៉ូជីន! ពិតជាអូនមែនទេ? » រ៉េន ប្រែជាតក់ស្លុតនិងភ្ញាក់ផ្អើលជាខ្លាំងពេលបានមកជួប រ៉ូជីន ម្តងទៀតនៅពេលនេះ គេរហ័សស្រវ៉ាចាប់ប្រអប់ដៃស្រឡូនទាំងក្តីរំភើប។
    « ចាស គឺអូន! ហ៊ឹក! » នាងតបទាំងទឹកភ្នែក។
    « គឺអូនពិតមែន អូនមិនបានស្លាប់ទេ » រ៉េន ស្រវ៉ាទាញរាងកាយស្តើងមកឱបជាប់ទ្រូងដោយក្តីរំភើប។
    « អូននឹកបងខ្លាំងណាស់ រ៉េន »
    « បងក៏នឹកអូនខ្លាំងណាស់ដែរ អរគុណ...អរគុណដែលត្រឡប់មករកបងម្តងទៀត »
    រ៉េននិងរ៉ូជីន ឱបគ្នារំភើបស្រក់ទឹកភ្នែក តែរាងស្តើងដែលអង្គុយមើលពួកគេពីក្នុងឡានបែរជាស្រក់ទឹកភ្នែកព្រោះតែក្តីឈឺចាប់ទៅវិញ អាចថានាងជាមនុស្សអាត្មានិយមក៏បាន ប៉ុន្តែនាងពិតជាមិនអាចធ្វើឲ្យខ្លួនឯងរំភើបជាមួយការជួបជុំរបស់គេនិងរ៉ូជីន បានទេ ។
    « ចេញឡានទៅ! » ណាប៊ី ប្រាប់ទៅអ្នកបើកឡានទាំងអួលដើមក ទឹកភ្នែកស្រក់មិនទាន់ស្ងួតពីលើថ្ពាល់។
    ឡានចេញទៅ តែកែវភ្នែកគូរបស់នាងនៅសម្លឹងគូស្នេហ៍ទាំងពីររហូតឡានទៅហួសមើលលែងឃើញទើបនាងឱនមុខចុះសម្ងំយំយ៉ាងស្ងៀមស្ងាត់ម្នាក់ឯង។ នាងបានយឺតពេលម្តងទៀត នាងបានយឺតពេលក្នុងការសារភាពពីអារម្មណ៍របស់នាងទៅកាន់គេម្តងទៀតមិនខុសពី៣ឆ្នាំមុននោះទេ។
   
    ៣ឆ្នាំមុន
    ប្រលានយន្តហោះប្រទេសកូរ៉េ
    ណាប៊ី ឱបកញ្ចប់នំខូឃីរត់ចុះពីតាក់ស៊ីសំដៅចូលទៅកាន់ប្រលានយន្តហោះដែលមានមនុស្សកុះករ ព្រោះតែលឺថា រ៉េន នឹងចេញដំណើរទៅបរទេសនៅថ្ងៃនេះទើបនាងរត់ចេញពីសកលវិទ្យាល័យចោលម៉ោងរៀនសំដៅមករកគេយ៉ាងលឿន ព្រោះនេះអាចជាលើកចុងក្រោយដែលនាងបានឃើញមុខរបស់គេ លើកនេះនាងនឹងចូលទៅរកគេ នាងមិននៅលួចមើលគេពីចម្ងាយម្តងទៀតទេ នាងនឹងប្រាប់ពីអារម្មណ៍របស់នាងគ្រប់យ៉ាងទៅកាន់គេ ប៉ុន្តែគ្រប់យ៉ាងខុសពីការតាំងចិត្តរបស់នាងទាំងស្រុង ពេលនេះនាងបានឃើញគេញញឹមដាក់មនុស្សស្រីផ្សេង មនុស្សស្រីម្នាក់ដែលគេសម្លឹងមើលនាងដោយភាពសំខាន់ នាងមិនដែលឃើញគេសម្លឹងមនុស្សស្រីណាដោយខ្សែភ្នែកបែបនេះពីមុនមកទេ នារីម្នាក់នោះជាអ្នកដំបូងបង្អង់ នាងពិតជាច្រណែននារីម្នាក់នោះខ្លាំងណាស់។
    តាមពិតថ្ងៃនៅប្រលានយន្តហោះនាងមិនបានបង្ហាញមុខឲ្យ រ៉េន ឃើញដូចពាក្យដែលនាងនិយាយប្រាប់ ហារ៉ា នៅមន្ទីរពេទ្យទេ នាងមិនសូម្បីតែបង្ហាញខ្លួននៅពីមុខគេម្តង តើឲ្យគេចងចាំក្មេងស្រីដែលជួបគ្នាដោយចៃដន្យម្តងបានយ៉ាងម៉េចទៅ?។
   
    ទីង!
    សំឡេងសារលោតចូលមកធ្វើឲ្យស្រីក្រមុំដែលអង្គុយក្រៀមក្រំក្នុងឡានរហ័សលើកមកមើល។
    “ ពេញចិត្តកាដូចុងក្រោយរបស់បងប្រុសនៅថ្ងៃនេះទេ? វាពិសេសជាងនំខូឃីឆ្ងាយណាស់ត្រូវទេ? ហ្គេមជិតបានបញ្ចប់ហើយ ឯងក៏រល្មមទៅកាន់មន្ទីរពេទ្យនៅជាយក្រុងវិញដែរ នេះជាឱកាសចុងក្រោយដែលបងប្រុសផ្តល់ឲ្យឯងក្នុងនាមយើងធ្លាប់ជាបងប្អូនល្អជាមួយគ្នា ”
    ណាប៊ី ក្តាប់ទូរស័ព្ទក្នុងដៃណែន ទឹកមុខស្លូតបូតប្រែជាគួរឲ្យខ្លាចជាលើកដំបូង លើកទីមួយដែលនាងមានអារម្មណ៍ថាស្អប់ គីរ៉ាន់ ខ្លាំងដល់ថ្នាក់នេះ ទោះកន្លងមកគេបានធ្វើអាក្រក់ដាក់នាងជាច្រើនក៏នាងមិនដែលមានអារម្មណ៍ស្អប់គេខ្លាំងដូចវិនាទីដែរ ព្រោះយ៉ាងណាក៏នាងនៅតែគិតដល់រឿងល្អៗដែលគេធ្លាប់ធ្វើចំពោះនាងក្នុងនាមជាបងប្រុសនៅពេលដែលនាងចូលមករស់នៅក្នុងផ្ទះជាមួយលោកប៉ាអ្នកម៉ាក់ជាលើកដំបូង នាងព្យាយាមគិតថាគេនៅតែអាចត្រឡប់ទៅជាបងប្រុសដ៏ល្អដែលនាងធ្លាប់ស្គាល់ម្តងទៀតបាន ប៉ុន្តែពេលនេះនាងទទួលស្គាល់ការពិតហើយថាគេមិនអាចត្រឡប់ទៅដូចមុនបានឡើយ គេពេលនេះគ្រាន់តែជាបិសាចកាចសាហាវមួយក្បាល បើសម្ព័ន្ធ អ៊ីសាជី គង់តែធ្លាក់ទៅក្នុងដៃអ្នកដទៃដែលមិនមែនជាសាច់ឈាមរបស់លោកប៉ាអ្នកម៉ាក់ នាងសុខចិត្តឲ្យសម្ព័ន្ធ អ៊ីសាជី ទៅ រ៉េន ប្រសើរជាងឲ្យទៅ គីរ៉ាន់ ដែលមានចិត្តសាហាវបែបនេះ ។ នាងដឹងរហូតមកថា រ៉េន រៀបការជាមួយនាងព្រោះអ្វី នាងដឹងថាគេកំពុងព្យាយាមសាងស្នាដៃនៅក្នុងសម្ព័ន្ធ ហើយនាងក៏ដឹងថាគេគេងជាមួយនាងនៅយប់ព្រោះអ្វី គ្រប់យ៉ាងដែលគេធ្វើទាំងប៉ុន្មានដើម្បីតែចង់គ្រប់គ្រងសម្ព័ន្ធ អ៊ីសាជី នាងដឹងទាំងអស់ តែនាងគ្រាន់តែធ្វើពុតជាមិនដឹង ធ្វើមនុស្សស្រីល្ងង់ម្នាក់ឲ្យគេបោកប្រាស់បន្ត ហើយថែមទាំងលួចជួយគេពីក្រោយថែមទៀត ព្រោះនាងដឹងថាខ្លួនឯងមិនអាចគ្រប់គ្រងសម្ព័ន្ធ អ៊ីសាជី បានឡើយ ទើបនាងរកមនុស្សដែលមានសមត្ថភាពមកគ្រប់គ្រងបន្ត។
             រងចាំភាគបន្ត
   
   
   
    
    
  
   
   
   
   
  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now