ភាគ៣៨

69 3 2
                                    

   “ បារម្ភពីខ្ញុំឬពីកូន? ”

   អាហារពេលព្រឹករៀបចំយ៉ាងរៀបរយនៅលើតុដោយមានរាងក្រាស់អង្គុយរងចាំអ្នកដែលទើបរៀបចំខ្លួនរួចរាល់និងកំពុងចុះជណ្តើរសំដៅមកតុអាហារ។ ណាប៊ី ញញឹមមកពីចម្ងាយពេលសម្លឹងឃើញ រ៉េន នៅចាំញុំអាហារពេលព្រឹកជាមួយនាង មើលទៅប្រហែលជាគេគិតយល់ពីសម្តីរបស់នាងកាលពីម្សិលមិញហើយ។
   « ព្រឹកនេះមានអ្វីញុំខ្លះ?...អ្ហឹៈ! » ណាប៊ី មិនទាន់ដាក់ខ្លួនអង្គុយនៅកៅអីផងនាងក៏ស្រាប់តែមានអារម្មណ៍ចង់ក្អួតទើបរហ័សរត់ចេញពីតុអាហារកាត់អ្នកបម្រើក្នុងផ្ទះសំដៅទៅបន្ទប់ទឹកបាត់។
    « អ្នកនាងកើតអ្វី? » អ្នកបម្រើក្នុងផ្ទះប្រុងរត់ទៅតាមមើលចៅហ្វាយស្រីប៉ុន្តែភ្លាមៗរ៉េនក៏ស្ទុះក្រោកឈរឡើងដោយទឹកមុខត្រជាក់ស្រេប។
    « ទុកឲ្យខ្ញុំទៅមើលនាងដោយខ្លួនឯង » រ៉េន ថាហើយក៏រហ័សដើរសំដៅទៅបន្ទប់ទឹកដោយទឹកមុខតានតឹង។

    រ៉េន ឈប់ជើងមុខបន្ទប់ទឹកសម្លឹងរាងស្តើងដែលអង្គុយនៅមុខចានបង្គន់កំពុងតែក្អួតចង្អោរទាំងព្រឹក អាការៈមិនខុសពីអ្នកមានផ្ទៃពោះទេ។
    “ ឬក៏នាងមានផ្ទៃពោះពិតមែន? ” រ៉េន ចំហរមាត់ធំៗពេលគិតដល់រឿងដែលនាងមានផ្ទៃពោះជារឿងពិតហើយ។
    « លោកឈរធ្វើអ្វីនៅទីនេះ? » ណាប៊ី ក្រោកឈរឡើងទាំងមុខស្លេកស្លាំងសួរទៅកាន់អ្នកដែលឈរមើលនាងនៅមាត់ទ្វា។
    « ចាំខ្ញុំជួយ » គេឃើញនាងមើលទៅស្លេកស្លាំងនិងគ្មានកម្លាំងទើបចូលទៅជួយគ្រានាង។

    រ៉េន ជួយគ្រានាងមកដល់សាឡុននៅក្នុងផ្ទះ គេជួយទប់នាងឲ្យអង្គុយថ្នមៗ មុននឹងសួរនាំនាង។
    « ចង់ញុំអ្វីដែរទេ? ចាំខ្ញុំទៅយកមកឲ្យ » រ៉េន សួរដោយយកចិត្តទុកដាក់លើនាងខុសធម្មតា ដល់ថ្នាក់ស្រីក្រមុំសម្លឹងមើលគេប្លែកៗ។
    “ គេប្រហែលយកចិត្តទុកដាក់នឹងខ្ញុំព្រោះតែគិតថាខ្ញុំកំពុងពពោះកូនរបស់គេហើយ ” ណាប៊ី គិតហើយក៏ដកដង្ហើមធំងាកមុខចេញពីគេ។
    « ខ្ញុំមិនឃ្លានទេ » ណាប៊ី ឆ្លើយបដិសេធធ្វើឲ្យ រ៉េន នៅមិនសុខ។
    “ គេថាមនុស្សស្រីមានផ្ទៃពោះអារម្មណ៍មួរម៉ៅមិនទៀងទេ អ៊ីចឹងខ្ញុំត្រូវតែយកចិត្តនាងបន្តិចទើបបាន រ៉េន អង្គុយខិតចូលទៅជិត ណាប៊ី។
    « នាងគួរតែញុំអ្វីបន្តិច មិនអាចពពោះទទេបែបនេះបានទេ »
   គេកាន់តែខិតជិតនាង នាងកាន់តែខិតថយចេញពីគេ។
   ហេតុអ្វីគេនៅតែខិតចូលមកជិតខ្ញុំ? ”ណាប៊ី សម្លឹងមុខគេប្លែកៗព្រោះនាងមិនទម្លាប់នឹងកាយវិការខុសធម្មតារបស់គេនៅថ្ងៃនេះទេ។
   « នាងគិតឃើញហើយឬនៅថាចង់ញុំអ្វី? » រ៉េន ឱនមុខចូលមកជិតមុខរបស់នាងស្ទើរតែធ្វើឲ្យចុងច្រមុះស្រួចទាំងពីរប៉ះគ្នា។
   ណាប៊ី អង្គុយរឹងខ្លួនមួយកន្លែងកែវភ្នែកសម្លឹងមុខរបស់គេមិនព្រិចភ្នែក នាងហាក់ត្រូវគេដាក់ថ្នាំស្ពឹក ទើបនាងរើចេញពីគេមិនរួចសោះ បេះដូងរបស់នាងតែងតែញាប់ញាក់ខ្លាំងយ៉ាងនេះរាល់ពេលដែលគេចូលមកជិតនាង។
   « ខ្ញុំ...ខ្ញុំ...អ្ហាយ៎! » រវល់តែរំភើបញាប់ញ័រនឹងកែវភ្នែកពេញដោយមន្តស្នេហ៍របស់គេ នាងភ្លេចគិតថាខ្លួនឯងស្ថិតនៅចុងសាឡុនហើយ ទើបច្រឡំច្រត់ដៃធ្វើឲ្យខ្លួនឯងផ្ងារក្រោយស្ទើរតែធ្លាក់ពីលើសាឡុន កុំតែបានប្រអប់ដៃមាំរហ័សចាប់ក្រសោបឱបចង្កេះរបស់នាងជាប់ ជួយទាញនាងឡើងមកអង្គុយលើសាឡុនវិញ។
   « ប្រយ័ត្នបន្តិចទៅ ពេលនេះនាងមិនមែននៅខ្លួនមួយទៀតទេ អង្គុយនៅទីនេះហើយ ខ្ញុំទៅយកអាហារពេលព្រឹកមកឲ្យ » រ៉េន ប្រាប់នាងហើយក៏ក្រោកឈរដើរចេញទៅ។
   ណាប៊ី នៅអង្គុយមួយកន្លែងតាមការប្រាប់របស់គេ នាងសម្លឹងសកម្មភាពដែលគេកំពុងតែធ្វើដើម្បីនាងទាំងមានអារម្មណ៍ខុស តាមពិតនាងមិនបានមានផ្ទៃពោះទេ នាងគ្រាន់តែកុហកគេដើម្បីឲ្យគេនៅក្បែរនាងបន្តតែប៉ុណ្ណោះ នាងពិតជាសុំទោសគេខ្លាំងណាស់។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now