ភាគ១៨

75 3 0
                                    

  “ សម្លាប់គ្រប់គ្នាដែលរេរាំងផ្លូវ ”

   ពន្លឺព្រះសូរិយានាព្រឹកប្រលឹមចាំងចូលមកតាមចន្លោះបង្អួចរបស់ផ្ទះចម្ការចាស់ទ្រុឌទ្រោម ដាស់ឲ្យរាងក្រាស់ដែលគេងលង់លក់ពេញមួយយប់ចាប់ផ្តើមបើកភ្នែកឡើង។ កែវភ្នែកពណ៌ត្នោតប៉ះនឹងពន្លឺដែលចាំងចូលមកតាមបង្អួចទើបរហ័សលើកដៃបាំងពន្លឺនិងងាកមុខចេញតែក៏ប្រទះភ្នែកនឹងអាវក្រៅពណ៌សរបស់គ្រូពេទ្យដែលដណ្តប់លើរាងកាយរបស់គេ។
   « មុខរបស់នាងប្រហែលក្រាស់ជាងជញ្ជាំងស៊ីម៉ង់ត៍ទៅទៀត ទើបមិនចេះខ្មាស់អៀនបែបនេះ » រ៉េន ចាប់ទាញអាវពណ៌សដែលជួយឲ្យគេបានកក់ក្តៅគេងលក់ស្រួលពេញមួយយប់ក្រវែងចោលទៅម្ខាងទាំងអារម្មណ៍មួរម៉ៅ មុននឹងក្រោកឈរពេញកម្ពស់ដើរចេញទៅខាងក្រៅផ្ទះ។
  
   គំនរព្រិលពាលពេញខាងមុនផ្ទះមានត្រឹមតែផ្លូវដើរប្រហែលកន្លះម៉ែត្រពីបន្ទប់ដែល រ៉េន កំពុងឈរនៅ ទៅផ្ទះបាយដែលនៅមិនឆ្ងាយប៉ុន្មានពីបន្ទប់មួយនេះ។ ក្លិនអាហារពេលព្រឹកជះក្លិនឈ្ងុយឈ្ងប់ឈួលពេញច្រមុះរបស់រាងខ្ពស់ដែលចោលភ្នែកទៅកាន់ផ្ទះបាយទាំងពោះកូលឺសូរគ្រូកៗ។
   « អាហារពេលព្រឹករួចរាល់ហើយ! » ណាប៊ី លើកថាសអាហារចេញពីផ្ទះបាយមកដោយស្នាមញញឹមស្រស់ស្រាយដើរសំដៅមករក រ៉េន ដែលឈរនៅសំយាបផ្ទះ។
   « ឃ្លានហើយមែនទេ? ចៅស្រីប្រាប់ថាឯងមិនបានញុំអ្វីតាំងពីម្សិលមិញមកម្លេះ » លោកយាយដើរមកតាមក្រោយសួរទៅកាន់នាយកម្លោះដែលឈរសម្លឹងអាហារដែលលើកមកដាក់លើតុនៅចំពោះមុខ។
   « បាទ លោកយាយ » រ៉េន ឆ្លើយតបជាមួយលោកយាយដោយសំឡេងសុភាពខុសស្រឡះពីសំឡេងកាចរឹងដែលគេប្រើជាមួយ ណាប៊ី។
   « អាចអង្គុយចុះបានទេ? ចាំខ្ញុំជួយ! »
   « មិនបាច់ទេ! » សំឡេងរបស់គេប្រែជារឹងខ្លាំងវិញភ្លាមៗពេលឆ្លើយបដិសេធបំណងល្អរបស់ ណាប៊ី ដែលគិតមកជួយទប់គេឲ្យអង្គុយចុះ។
   « ឆាប់ ញុំទៅត្រជាក់អស់ហើយ » លោកយាយចាប់ម្ហូបដាក់ចានរបស់ ណាប៊ីនិងរ៉េន ដោយស្នាមញញឹមមានក្តីសុខព្រោះលោកយាយខានញុំអាហារមានគ្នាបែបនេះមកយូហើយ រាល់ដងលោកយាយញុំតែម្នាក់ឯងឯកា តែពេលមានកម្លោះក្រមុំពីរនាក់មកស្នាក់អាស្រ័យធ្វើឲ្យលោកយាយមានអារម្មណ៍នឹកដល់កូនៗដែលនៅឆ្ងាយ យូៗមកលេងផ្ទះម្តង ទើបនាងមិនចង់ឲ្យ រ៉េននិងណាប៊ី ត្រឡប់ទៅវិញសោះ ចង់ឲ្យពួកគេស្នាក់នៅទីនេះឲ្យយូៗមិនឲ្យផ្ទះស្ងាត់ឯកា។
   « ឆ្ងាញ់ណាស់លោកយាយ » រ៉េន ញុំពេញៗមាត់ហើយថែមញញឹមដាក់លោកយាយយ៉ាងជិតស្និទ្ធថែមទៀត ទើប ណាប៊ី អង្គុយសម្លឹងមុខគេហើយញញឹមស្រាលៗយ៉ាងមានក្តីសុខ។ នាងពិតជាមានក្តីសុខខ្លាំងណាស់ ខ្លាំងរហូតមិនចង់ឲ្យពេលវេលាមួយនេះកន្លងផុតទៅនោះទេ ។
   ក្រោយញុំអាហារពេលព្រឹករួច ណាប៊ី នៅផ្ទះបាយជួយរៀបចំទុកដាក់អីវ៉ាន់ជាមួយលោកយាយ។
   « ចៅកម្លោះនោះដូចជាចូលចិត្តម្ហូបដែលចៅធ្វើខ្លាំងណាស់ ញុំឡើងអស់ពីចានតែម្តង »លោកយាយ លាងចានទុកដាក់ទាំងញញឹមសប្បាយចិត្ត។
   « បើគេដឹងថាខ្ញុំជាអ្នកធ្វើច្បាស់ជាមិនញុំទេ ព្រោះតែគេគិតថាលោកយាយជាអ្នកធ្វើទើបញុំអស់ដល់ថ្នាក់នេះ »
   « គេស្អប់ចៅខ្លាំងណាស់មែនទេ? »
   « ចាស គេស្អប់ខ្លាំងណាស់ បើដឹងថាខ្ញុំជាអ្នកធ្វើម្ហូបនៅព្រឹកនេះសង្ស័យទៅក្អួតចេញមកវិញផងក៏មិនដឹង ហាហាស » ណាប៊ី និយាយហើយសើចឡើងតិចៗដាក់លោក យាយ ព្រោះនាងទម្លាប់នឹងការដែលត្រូវគេស្អប់ដល់ថ្នាក់លែងឈឺចាប់ទៅហើយ ។
   « យាយជឿថាថ្ងៃណាមួយគេនឹងមើលឃើញពីបំណងល្អរបស់ចៅ »
   « សូមឲ្យមានថ្ងៃនោះពិតមែនទៅចុះ » ណាប៊ី ចោលភ្នែកពីផ្ទះបាយសម្លឹងទៅ រ៉េន ដែលកំពុងអង្គុយនៅសំយាបផ្ទះ ដោយកែវភ្នែកប្រែជាអស់សង្ឃឹមគ្រប់ពេលសម្លឹងឃើញរូបរាងសោះកក្រោះរបស់គេហើយ ។
  
   ទីក្រុងសេអ៊ូល
  
   ផ្ទះឈើតូចរល្មមនៅតំបន់អនាធិបតេយ្យមួយនៅទីក្រុងសេអ៊ូល ជាផ្ទះថ្មីដែលអ្នកស្រី ម៉ាដាលីន ថ័ររ៉េស មានលទ្ធភាពទិញនៅពេលបច្ចុប្បន្ននេះ នាងបានលក់ផ្ទះនិងរបស់ដែលសល់ទាំងប៉ុណ្ណា ដើម្បីសងប្រាក់កម្ចីដែលស្វាមីរបស់នាងបានខ្ចីមកអំឡុងពេលក្រុមហ៊ុនមានបញ្ហា ស្វាមីរបស់នាងបានដាក់ឈ្មោះខ្លួនឯងដើម្បីខ្ចីលុយទាំងអស់នោះព្រោះមិនចង់ឲ្យពាក់ព័ន្ធកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនដែលកំពុងមានបញ្ហាស្រាប់ ទើបពេលនេះបំណុលទាំងអស់ត្រូវធ្លាក់មកលើនាងនិងគ្រួសារ ពេលនេះនាងគ្មានសល់អ្វីជាប់ខ្លួនទៀតទេ លុយដែលបានមកពីការលក់ផ្ទះនិងដីព្រមទាំងរបស់របបទាំងអស់របស់នាងបានសងទៅម្ចាស់បំណុលអស់ហាសិបភាគរយទៅហើយ នៅសល់ពាក់កណ្តាលទៀតនាងក៏យកមកទិញផ្ទះតូចរល្មមសម្រាប់ស្នាក់នៅនិងព្យាបាលស្វាមី។ គ្រូពេទ្យដែលធ្លាប់ស្គាល់គ្នាជាមួយលោក ហូរ៉េស បានចូលមកពិនិត្យអាការះរបស់លោក ហូរ៉េស ដែលសម្រាកព្យាបាលនៅផ្ទះព្រោះមិនអាចទៅមន្ទីរពេទ្យបាន ខ្លាចថា គីរ៉ាន់ នឹងឲ្យកូនចៅរបស់គេមករករឿងម្តងទៀត ។
   « លោកគ្រូពេទ្យស្វាមីរបស់ខ្ញុំយ៉ាងម៉េចហើយ? » អ្នកស្រី ដាលីន ក្នុងសម្លៀកបំពាក់ការពីម្សិលមិញសួរទៅកាន់គ្រូពេទ្យទាំងក្តីព្រួយបារម្ភ។
   « មិនមានអ្វីប្រសើរឡើងទាល់តែសោះ មានតែត្រូវតាមដានបន្តទៀតហើយ » លោកគ្រូពេទ្យរៀបចំឧបករណ៍ដាក់កាតាបហើយឱនលាអ្នកស្រី ដាលីន ទៅវិញទាំងទឹកមុខអស់សង្ឃឹម។
   « ហ៊ឹក! លោកបងត្រូវតែរឹងមាំឡើង មានតែបងប៉ុណ្ណោះដែលអាចជួយយកក្រុមហ៊ុននិងគ្រប់យ៉ាងរបស់យើងមកវិញបាន » អ្នកស្រី ដាលីន ចូលទៅជិតស្វាមីទាំងយំទឹកភ្នែកជោគថ្ពាល់ ។
   ទីង! ទីង!
   សំឡេងទូរស័ព្ទក្នុងហោប៉ៅរោទិ៍ ទើបអ្នកស្រី ដាលីន រហ័សជូតទឹកភ្នែកចេញពីថ្ពាល់រហូតស្ងួត ។
   « ហាឡូ តើបានដឹងអ្វីខ្លះហើយ?  »
   “ អ្នកស្រីរឿងដែលអ្នកស្រីឲ្យខ្ញុំស៊ើបនោះខ្ញុំបានដឹងមកហើយ គីម គីរ៉ាន់ គេជាកូនចិញ្ចឹមដែលលោកប្រធាន គីម និងភរិយាដែលជាជនជាតិជប៉ុន បានយកមកចិញ្ចឹមអំឡុងពេលលោក គីមនិងភរិយាទៅបើកក្រុមហ៊ុននៅប្រទេសជប៉ុន រឿងដែលសំខាន់នោះគឺ...”
   អ្នកស្រី ដាលីន ញោចមាត់ញញឹយ៉ាងពេញចិត្តក្រោយបានស្តាប់រឿងរបស់ គីរ៉ាន់ ពីអ្នកស៊ើបចប់ហើយ ទីបំផុតទេវតានៅតែទុកផ្លូវរស់មួយសម្រាប់នាងនិងគ្រួសារ នាងនឹងយកគ្រប់យ៉ាងដែលជារបស់នាងមកវិញឲ្យទាល់តែបាន មិនត្រូវទេ នាងត្រូវតែយកគ្រប់យ៉ាងដែលជារបស់ គីរ៉ាន់ មកផងដែរ អ្វីដែលគេយកពីនាងមួយ នាងនឹងយកមកវិញមួយរយដង ដើម្បីឲ្យសមចិត្តចំពោះទង្វើដែលបានធ្វើចំពោះនាងនិងគ្រួសារ។
  
   មន្ទីរពេទ្យជាយក្រុង
  
   តូរីន ដើរចេញពីមន្ទីរពេទ្យដែល ណាប៊ី ស្នាក់នៅកន្លងមកជាមួយកូនចៅមួយក្រុមទាំងទឹកមុខស្លក់ស្លាំងដូចជាមិនបានដេកពេញមួយយប់ព្រោះតែចាប់រកស្រីក្រមុំដែលហ៊ានប្រឆាំងនឹងចៅហ្វាយនាយរបស់គេ លួចរត់ចេញពីមន្ទីរពេទ្យដែលនាងស្នាក់នៅបួនឆ្នាំមកហើយ បួនឆ្នាំដែលនាងមិនដែលហ៊ានចេញពីមន្ទីរពេទ្យមួយនេះសូម្បីតែមួយជំហានព្រោះខ្លាចចៅហ្វាយនាយរបស់គេ តែពេលនេះនាងបែរថ្លើមធំហ៊ានរត់ចេញទាំងកណ្តាលថ្ងៃ។
   « ចៅហ្វាយ អ្នកនាងដូចជារត់ទៅតាមមនុស្សម្នាក់ដែលឈ្មោះ រ៉េមី ថ័ររ៉េស នោះ ខ្ញុំលឺមកថាអ្នកនាងដូចជាមានទំនាក់ទំនងល្អជាមួយអាម្នាក់នោះណាស់ » តូរីន ចូលទៅអង្គុយក្នុងឡានក្បែរកន្លែងអ្នកបើកទាំងកំពុងនិយាយទូរស័ព្ទជាមួយចៅហ្វាយនាយ។
   “ រកនាងឲ្យឃើញមិនថានាងទៅជាមួយអ្នកណាក៏ដោយ ” សំឡេងឃោឃៅបន្លឺឡើងមកតាមទូរស័ព្ទធ្វើឲ្យអ្នកស្តាប់ឡើងព្រឺសម្បុរពេញខ្លួន។
   « បាទ ចៅហ្វាយ តែថាបើរកឃើញអ្នកនាងនៅជាមួយអាម្នាក់នោះ តើគួរចាត់ការអាម្នាក់នោះយ៉ាងម៉េចទៅ? »
   “ សម្លាប់វាចោលទៅ យើងត្រូវការតែខ្លួនរបស់ ណាប៊ី ប៉ុណ្ណោះ អ្នកណាដែលព្យាយាមការពារនាងក៏សម្លាប់ចោលទាំងអស់ទៅ ”
   « បាទ ចៅហ្វាយ »
   តូរីន ឆ្លើយយ៉ាងមុឺងម៉ាត់ហើយក៏ដាក់ទូរស័ព្ទចុះ ងាកទៅទៅប្រាប់កូនចៅដែលមកជាមួយគេវិញ។
   « ឆាប់ចេញឡានទៅកាន់ទីតាំងដែលគ្នារបស់យើងបានផ្តល់ដំណឹងមកឲ្យថាបានឃើញអ្នកនាង ណាប៊ី ឲ្យលឿន!»
   « បាទ »
   ឡានពណ៌ខ្មៅពីរគ្រឿងបើកចេញពីមន្ទីរពេទ្យសំដៅទៅកាន់ទិសដៅដែលទទួលបានកាលពីព្រឹកយ៉ាងលឿន។
   ហារ៉ា រត់ចេញពីក្បែរសសរមន្ទីរពេទ្យចេញមកក្រោយឡានពីរគ្រឿងរបស់កូនចៅ គីរ៉ាន់ បើកចេញទៅបាត់ហើយ។ ហារ៉ា រហ័សដកទូរស័ព្ទចេញមកផ្តល់ដំណឹងទៅឲ្យមនុស្សម្នាក់យ៉ាងឆាប់រហ័ស។
   « អ្នកស្រីពួកគេចេញទៅហើយ »
   “ ដឹងទេថាពួកគេទៅណា? ”
   « ពួកគេចេញទៅតាមផ្លូវតូចតាមជើងភ្នំ ផ្លូវមួយនេះចេញទៅបានមួយគីឡូមានផ្លូវបំបែកពីរ ម្សិលមិញព្រិលធ្លាក់ខ្លាំងបើអ្នកស្រីទៅតាមនឹងឃើញស្នាមកងឡានរបស់ពួកគេទៅតាមផ្លូវណាមិនខាន »
   “ អរគុណដែលបានផ្តល់ដំណឹងមកឲ្យ ចប់រឿងពេលណាខ្ញុំនឹងវេលុយមួយចំនួនធំឲ្យនាង ” អ្នកស្រី ដាលីន ញោចចុងមាត់ញញឹមដោយល្បិចកល រួចក៏ទម្លាក់ជើងជាន់ហ្គែរមួយកប់ធ្វើឲ្យឡានស្ទុះទៅមុខលឿនដូចព្យុះ។
  
   ផ្ទះចម្ការ
  
   ណាប៊ី នៅជួយកាត់ស្មៅក្នុងរោងបន្លែខាងក្រោយផ្ទះជាមួយលោកយាយ ដោយ រ៉េន ក៏បានស្នើខ្លួនមកជួយដែរតែធ្វើអ្វីមិនបានក្រៅពីកាន់ឈើច្រត់ដើរទៅវិញទៅមក។
   « អ៊ឹះ! » លោកយាយប្រឹងក្រោកឈរពេលអង្គុយធ្វើស្មៅបន្លែជាយូទើបធ្វើឲ្យឈឺខ្នងឈឺចង្កេះក្រោកស្ទើរមិនរួច។
   « លោកយាយឈឺខ្នងមែនទេ? ចាំខ្ញុំជួយធ្វើសរសៃឲ្យបានធូ » រ៉េន រហ័សមកជួយធ្វើសរសៃឲ្យលោកយាយ ព្រោះមិនចង់ឲ្យខ្លួនមើលទៅអត់បានការពេក។
   ណាប៊ី ងាកមកមើល រ៉េន ព្យាយាមធ្វើខ្លួនឲ្យមានប្រយោជន៍ដោយលួចញញឹមសើចគេតិចៗព្រោះមិនគិតថាគេក៏ចេះក្រែងចិត្តអ្នកដ៏ទៃដែរសោះ។
   « ល្ងាចនេះពួកឯងទាំងពីរចង់ញុំអ្វីជាពិសេសទេ? »
   « ខ្ញុំញុំអ្វីក៏បានដែរលោកយាយ » រ៉េន រហ័សឆ្លើយ។
   « អ៊ីចឹងយើងកាត់បន្លែពីរោងបន្លែទៅធ្វើម្ហូបល្ងាចនេះទៅល្អទេ? » ណាប៊ី ងាកមកសួរជាមួយស្នាមញញឹម។
   « មិនល្អទេ » រ៉េន ឆ្លើយបដិសេធគំនិតរបស់ ណាប៊ី លឿនៗព្រោះគេមិនចង់ញុំបន្លែសុទ្ធទេ។
   « អ្ហា៎! ក្រែងមុននេះលោកថាញុំអ្វីក៏បានមែនទេ? »
   « ញុំអ្វីក៏បាន តែមិនមែនញុំបន្លែសុទ្ធបែបនេះទេ »
   « មិនធ្វើការងារហើយនៅចង់ញុំសាច់ទៀត » ណាប៊ី ងាកមុខចេញរអ៊ូតិចៗតែ រ៉េន បានលឺ។
   « នាងកំពុងថាឲ្យខ្ញុំមែនទេ? »
   « អត់ទេ » ណាប៊ី ងាកមកតបជាមួយគេខ្លីៗទាំងមុខក្រញូវ។
   « បានហើយ ឈប់ប្រកែកគ្នាទៅ នៅក្នុងទូទឹកកកមានសាច់ យើងកាត់បន្លែទៅខ្លះក៏អាចស្លជាមួយសាច់បានហើយ » លោកយាយ ចេញមុខមកសម្រួលមិនឲ្យកម្លោះក្រមុំទាំងពីរប្រកែកគ្នាខ្លាំងជាងនេះ ព្រោះម្នាក់ៗសុទ្ធតែខ្លាំងរៀងខ្លួន ម្នាក់ឈ្លោះព្រោះស្អប់ហើយម្នាក់ទៀតក៏ចង់ឈ្លោះព្រោះអាចឲ្យខ្លួនឯងមានឱកាសបាននិយាយជាមួយគេឲ្យបានច្រើន មនុស្សពីរនាក់មានចិត្តផ្ទុយគ្នាពិតជាពិបាក ចុងក្រោយក៏ត្រូវមានម្នាក់ដែលឈឺចាប់។
   « ចឹងលោកយាយត្រឡប់ទៅផ្ទះឥឡូវនេះទេ? ចាំខ្ញុំជួយគ្រាលោកយាយត្រឡប់ទៅផ្ទះវិញ »
   « មិនអីទេ យើងអាចដើរខ្លួនឯងបាន ឯងទៅជួយកាន់បន្លែនាងល្អជាង » លោកយាយ ដើរចេញទៅមុនហើយប្រាប់ឲ្យ រ៉េន ទៅជួយកាន់បន្លែស្រីក្រមុំ។
   « មកចាំខ្ញុំជួយ » រ៉េន ធ្វើតាមសម្តីរបស់លោកយាយ ចូលទៅជួយកាន់បន្លែពីដៃស្រីក្រមុំ តែគេបែរជាមិនមើលមុខនាងចំទៅវិញ ព្រោះគេមិនពេញចិត្តនឹងមកជួយនាងនោះទេ។
   «នេះបន្លែយកទៅ!»ណាប៊ី ឃើញគេមកជួយទាំងមិនពេញចិត្តបែបនេះ ទើបនាងរុញបន្លែទាំងអស់ទៅឲ្យគេកាន់តែម្នាក់ឯងហើយក៏ដើរចេញទៅតាមលោកយាយយ៉ាងប្រញាប់។
   « នាង! » រ៉េន បានត្រឹមខាំមាត់ខឹងតែម្មាក់ឯងព្រោះមិនអាចធ្វើអ្វី ណាប៊ី បាន កុំតែយល់មុខលោកយាយម្ចាស់ផ្ទះ កុំអីគេបោះចោលបន្លែនៅទីនេះមិនខានទេ ប៉ុន្តែព្រោះលោកយាយគេក៏ចុះចិត្តកាន់បន្លែទាំងអស់នេះជំនួសនាងទៅចុះ។
  
   ណាប៊ី រត់មកតាមក្រោយលោកយាយតែបន្តិច ប៉ុន្តែបែរជាមកដល់ផ្ទះហើយនៅមិនបានឃើញលោកយាយទៀត ទើបនាងចាប់ព្រួយបារម្ភឡើង។
   « លោកយាយ! លោកយាយនៅក្នុងផ្ទះទេ? » ណាប៊ី ស្រែកហៅរកលោកយាយខ្លាំងៗហើយក៏បើកទ្វាផ្ទះរកមើលក៏នៅតែមិនឃើញ។
   « ជួយផង! »
   « លោកយាយ! » ណាប៊ី រហ័សងាកក្រោយតាមសំឡេងស្រែករបស់លោកយាយទាំងបេះដូងលោតញាប់ តែក៏បានឃើញ តូរីននិងកូនចៅកំពុងចាប់លោកយាយដើរចូលមករកនាង។
   « អ្នកនាងរល្មមត្រឡប់ទៅមន្ទីរពេទ្យវិញបានហើយឬនៅ? » តូរីន ដាក់កាំភ្លើងភ្ជង់ក្បាលមនុស្សចាស់គំរាមស្រីក្រមុំដែលកំពុងភិតភ័យជាមួយវត្តមានរបស់គេនឹងកូនចៅ។
   « ដោះលែងលោកយាយទៅ ខ្ញុំទៅជាមួយពួកឯង » ណាប៊ី ឈានជើងទៅមុខយឺតៗព្រមយកខ្លួនដោះដូជាមួយលោកយាយ។
   « លែងយាយចាស់នេះទៅ » តូរីន ប្រាប់ឲ្យកូនចៅលែងលោកយាយ ហើយប្តូរទៅចាប់ ណាប៊ី ជំនួសវិញ។
   « ពួកអាចង្រៃ! »
   ឌឹប! ឌឹប!
   លោកយាយ ទាញដំបងនៅជិតផ្ទះមកវាយកូនចៅរបស់ តូរីន ដែលចូលមកចាប់ ណាប៊ី ។
   « អ៊ួយ! »
   « យើងនឹងវាយប្រដៅពួកឯងជំនួសម៉ែឪរបស់ឯង កុំឲ្យមកធ្វើរឿងអាក្រក់ៗបែបនេះទៀត »
   ឌឹប! ឌឹប!
   « អ៊ួយ! »
   « យាយចង្រៃនេះ! » តូរីន លើកកាំភ្លើងឡើងតម្រង់ទៅលោកយាយពេលទ្រាំនឹងការចេះដឹងខុសរឿងរបស់លោកយាយចាស់លែងបាន។
   ណាប៊ី ងាកទៅឃើញ តូរីន លើកកាំភ្លើងប្រុងបាញ់លោកយាយ ទើបនាងរហ័សរត់ត្រឡប់ទៅរកលោកយាយវិញ។
   ផាំង! ផាំង!
            រងចាំភាគបន្ត

  
  
  

  
 
  
  
  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)जहाँ कहानियाँ रहती हैं। अभी खोजें