ភាគ០៥

134 5 0
                                    

    “ មនុស្សចិត្តអាក្រក់ ”

     ពន្លឺស្រទន់របស់ព្រះអាទិត្យនាព្រឹកប្រលឹមជះចូលមកតាមបង្អួចព្រមជាមួយខ្យល់បរិសុទ្ធបក់ចូលមករំភើយនាំយកក្លិនក្រអូបយ៉ាងចម្លែកមកប៉ះនឹងច្រមុះរបស់ រ៉េន ជួយដាស់គេឲ្យបើកភ្នែកឡើងដោយអារម្មណ៍ស្រស់ស្រាយ។ តាំងពីគេមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនេះ ព្រឹកនេះជាព្រឹកដំបូងហើយដែលគេអាចបើកភ្នែកឡើងដោយអារម្មណ៍ស្រស់ស្រាយបែបនេះ ប្រហែលមកពីក្លិនក្រអូបប្រហើរដែលភាយមកតាមខ្យល់មុននេះហើយ។
     រ៉េន ក្រោកអង្គុយលើគ្រែចោលភ្នែកទៅមើលថូផ្កាចម្រុះប្រភេទតែមានពណ៌សទាំងអស់ដែលដាក់នៅលើក្បែបង្អួច។
     « កុលាបពណ៌ស! » ផ្កាមួយថូតែ រ៉េន បែរជាចាប់អារម្មណ៍តែផ្កាកុលាបពណ៌សជាងគេទើបគេដកយកមួយទងមកស្រូបក្លិនដោយស្នាមញញឹមមានអារម្មណ៍ល្អយ៉ាងចម្លែក ទោះកុលាបក្នុងដៃរបស់គេគ្មានក្លិនក្រអូបដូចផ្កាដទៃទៀតនៅក្នុងថូក៏ដោយ។
     ក្រាក!
     « លោកភ្ញាក់ហើយមែនទេ? គេងបានលក់ស្រួលទេ? » ណាប៊ី ឱបភួយនិងកម្រាលសម្រាប់ប្តូរឲ្យគេចូលមក។
     « នាងជាអ្នកយកផ្កាមកដាក់ទីនេះមែនទេ? » រ៉េន ងាកទៅសួរនាងដោយសំឡេងស្រទន់ខុសធម្មតា ។
     « ពិតមែនហើយ គឺព្រឹកនេះមានអ្នកជំងឺម្នាក់ស្លាប់ ទើបគ្រូពេទ្យនាំគ្នាកាច់ផ្កាពីក្នុងសួនមកដាក់តាមបន្ទប់អ្នកជំងឺដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ »
     « ផ្កានេះសម្រាប់កាន់ទុក្ខចឹងមែនទេ? » រ៉េន រហ័សបោះផ្កាកុលាបដែលកាន់ជាប់ដៃមុននេះចោល។ គេខំតែគិតថាជាផ្កាដែលនាងយកមកដាក់ឲ្យគេ តែតាមពិតជាផ្កាដាក់សម្រាប់កាន់ទុក្ខសោះ នាងពិតជានាំអពមង្គលមកឲ្យគេទាំងព្រឹកមែន។
     « នៅទីនេះគ្រប់គ្នាមានទម្លាប់ដាក់ផ្កាតាមបន្ទប់ដើម្បីកាន់ទុក្ខដល់អ្នកជំងឺដែលស្លាប់ទៅបែបនេះ សង្ឃឹមថាលោកមិនប្រកាន់ទេ »
     « អត់ទេ ឆាប់យកថូផ្កានេះចេញពីបន្ទប់ខ្ញុំទៅ ខ្ញុំមិនត្រូវការកាន់ទុក្ខទេ »
     « ហេតុអ្វីអារម្មណ៍របស់លោកផ្លាស់ប្តូរលឿនម្លេះ? មុននេះខ្ញុំនៅឃើញលោកកាន់ផ្កាកុលាបស្រូបយកក្លិនវាតើ! » ណាប៊ី ចង្អុលផ្កាកុលាបពណ៌សដែលត្រូវគេបោះចោលទៅលើឥដ្ឋ ដើម្បីឲ្យគេដឹងថាមុននេះនាងបានឃើញសកម្មភាពរបស់គេគ្រប់យ៉ាង។
     « ព្រោះមុននេះខ្ញុំមិនដឹងថាជាផ្កាសម្រាប់កាន់ទុក្ខ ឬនាងបន់ឲ្យខ្ញុំឆាប់ស្លាប់ទើបយកផ្កាអពមង្គលបែបនេះមកដាក់នៅបន្ទប់របស់ខ្ញុំ? » រ៉េន តំឡើងសំឡេងស្រែកឲ្យ ណាប៊ី យ៉ាងតឹងសរសៃក។
     ក្នុងខួរក្បាលរបស់គេពិតជាគិតបានតែថានាងជាមនុស្សអាក្រក់ពិតមែន នាងខំធ្វើល្អជាងមួយគេរាល់ថ្ងៃគេនៅមិនដឹងទៀតមែនទេថានាងមិនដែលគិតអាក្រក់លើគេទេ។
     « គ្មានអ្នកណាបន់ឲ្យលោកស្លាប់ទេ តែលោកគួយល់ផងទៅថាអ្នកជំងឺនៅទីនេះសុទ្ធតែជាអ្នកដែលគ្មានសាច់ញាតិ ដូច្នេះពួកយើងទាំងអស់គ្នាគ្រាន់តែចង់ចូលរួមកាន់ទុក្ខដើម្បីជូនដំណើរអ្នកដែលស្លាប់តែប៉ុណ្ណោះ »
     « ខ្ញុំមិនយល់អ្វីដែលឆ្កួតៗបែបនោះទេ ឆាប់យកថូផ្កានេះចេញពីបន្ទប់របស់ខ្ញុំទៅ » រ៉េន សម្លឹងមុខរបស់ ណាប៊ី បញ្ជានាងយ៉ាងដាច់ខាត។
     « មនុស្សចិត្តអាក្រក់! » ណាប៊ី ជេរគេហើយក៏យកថូផ្កាសម្រាប់កាន់ទុក្ខចេញទៅ ព្រោះមិនចង់នៅនិយាយពន្យល់ច្រើនជាមួយអ្នកដែលគ្មានចិត្តដូចជាគេតទៅទៀត។
    
     ពេលរសៀលត្រជាក់ល្អ រ៉េន ក៏ចេញមកខាងក្រៅដើម្បីអង្គុយស្រូបយកខ្យល់អាកាស តែគេមិនអាចចុះទៅសួនច្បារខាងក្រោមបានទេព្រោះគ្មានអ្នកជួយរទេះចុះជណ្តើរទៅ។
     « សុំទោសផង តើអាចជួយរុញរទេះខ្ញុំចុះជណ្តើរបន្តិចបានទេ? » រ៉េន ព្យាយាមសុំជំនួយពីអ្នកដែលដើរឆ្លងកាត់តែគ្មាននរណាម្នាក់យកចិត្តទុកដាក់ស្តាប់សម្តីរបស់គេសោះ ប្រហែលមកពីកន្លងមកគេមិនដែលនិយាយរកអ្នកណា ទើបពេលនេះចង់ពឹងអ្នកណាក៏មិនបាន។ រ៉េន អង្គុយសម្លឹងមើលអ្នកជំងឺនិងគ្រូពេទ្យដែលដើរឆ្លងកាត់គេ កំពុងរាក់ទាក់គ្នាដោយទឹកមុខញញឹមសប្បាយរីករាយ គ្រូពេទ្យសួរពីសុខភាពរបស់អ្នកជំងឺហើយអ្នកជំងឺក៏តបមកវិញជាមួយស្នាមញញឹមនិងផ្ដាំឲ្យគ្រូពេទ្យមើលថែសុខភាពខ្លួនឯងផង មើលទៅគ្រប់គ្នានៅទីនេះពិតជារួសរាយនិងចិត្តល្អខ្លាំងណាស់ តែហេតុអ្វីក៏គ្មាននរណាម្នាក់ព្រមផ្តល់ជំនួយឲ្យគេសោះ? គ្រប់គ្នានៅទីនេះចិត្តអាក្រក់ដាក់តែគេម្នាក់ឬព្រោះតែគេចិត្តអាក្រក់ដាក់គ្រប់គ្នាមុន។
     « សុំទោស...សុំទោស អាចជួយខ្ញុំបានទេ សុំ...» រ៉េន រឹងមាត់និយាយលែងចេញ ពេលព្យាយាមស្រែកសុំជំនួយពីអ្នកដើរឆ្លងកាត់ជាច្រើនដងតែគ្មានអ្នករវល់ជាមួយគេសោះ។ តើគេពិតជាគួរឲ្យស្អប់ដល់ថ្នាក់នេះមែនទេ? ទើបគ្មាននរណាម្នាក់ចង់ជួយគេបែបនេះ។
     « លោកចង់ចេញទៅខាងក្រៅមែនទេ? »
     សំឡេងស្រួយបន្លឺឡើងពីខាងក្រោយខ្នងធ្វើឲ្យ រ៉េន រហ័សងាកទៅរកនាង។
     « ខ្ញុំចង់ទៅអង្គុយនៅក្នុងសួន » ចុងក្រោយក៏មានតែនាងម្នាក់ដែលនៅចាំជួយគេ នាងតែម្នាក់ប៉ុណ្ណោះដែលតែងតែខ្វល់ខ្វាយពីគេ ជួយគេគ្រប់ពេលវេលា តែគេបែរជាមិនដែលមើលឃើញពីតម្លៃរបស់នាងសោះ។
     « ចាំខ្ញុំជូនលោកទៅ » ណាប៊ី តបហើយក៏ចាប់រុញរទេះគេចុះជណ្តើរទៅយឺតៗ រហូតនាំគេមកដល់ក្នុងសួននៅខាងក្រោយមន្ទីរពេទ្យ ទើបនាងឈប់រទេះនៅក្រោមដើមឈើម្លប់ត្រជាក់មួយ។
     « អរគុណហើយ »
     នាងស្តាប់មិនច្រឡំមែនទេ? គេកំពុងតែអរគុណនាង តាំងពីនាងបានជួយគេមក នេះជាលើកទីមួយហើយដែលគេចេះអរគុណនាងនោះ។
     « ចេះអរគុណបែបនេះគ្រាន់មានកម្លាំងចិត្តជួយលោកបន្តិច » ណាប៊ី ដាក់ខ្លួនអង្គុយលើកៅអីនៅក្បែរដើមឈើទន្ទឹមនឹងរទេះដែល រ៉េន អង្គុយ ដោយញញឹមស្រាលៗព្រោះសប្បាយចិត្តដែលទទួលបានពាក្យអរគុណពីគេជាលើកដំបូង។
     « គ្រាន់តែពាក្យអរគុណពីរម៉ាត់ប៉ុណ្ណោះ នាងសប្បាយអីណាស់ណាទៅ » រ៉េន ងាកមកថាឲ្យ ណាប៊ី ព្រោះឃើញនាងសប្បាយចិត្តជាមួយពាក្យអរគុណរបស់គេបែបនេះ ធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងជាមនុស្សចម្លែកយ៉ាងម៉េចក៏មិនដឹង។
     « លោកមិនមែនខ្ញុំលោកមិនដឹងទេ ថាពាក្យអរគុណពីរម៉ាត់របស់លោកនោះមានតម្លៃប៉ុណ្ណា » ណាប៊ី ងាកទៅតបជាមួយ រ៉េន ដោយស្នាមញញឹមជាប់ផ្ទៃមុខមិនប្រែ។
     « នាងស្រលាញ់ខ្ញុំមែនទេ? »
     សំណួរដដែលៗរបស់គេធ្វើឲ្យ ណាប៊ី ឈប់ញញឹមភ្លាមៗ ព្រោះបើគេដឹងថានាងស្រលាញ់គេ នាងច្បាស់គេមិនអាចនៅក្បែរគេបានទៀតទេ ដូច្នេះទើបនាងរហ័សប្តូរទឹកមុខហើយងាកមុខចេញពីគេភ្លាមៗ។
     « អត់ទេ ខ្ញុំមិនបានស្រលាញ់លោកទេ ហេតុអ្វីក៏លោកចូលចិត្តសួរសំណួរដដែលៗបែបនេះ? »
     « ខ្ញុំមានអ្នកដែលខ្ញុំស្រលាញ់រួចហើយ ដូច្នេះបើនាងស្រលាញ់ខ្ញុំមានតែការខកចិត្តតែប៉ុណ្ណោះ » ព្រោះតែគេសង្ស័យ ណាប៊ី ទើបគេនិយាយបង្កាទុកមុម្តងហើយម្តងទៀតមិនចេះចប់ ព្រោះគេមិនចង់ឲ្យអ្នកណាមកត្រូវខកបំណងដោយសារតែគេទេ។
     « អ្នកដែលលោកស្រលាញ់នោះគឺជានារីក្នុងរូបថតថ្ងៃមុនមែនទេ? » ណាប៊ី ងាកទៅសម្លឹងមុខរបស់ រ៉េន វិញភ្លាមៗដោយកែវភ្នែកប្រែជាសោកសៅបេះដូងចាប់ផ្តើមឈឺចាប់ខ្ទោកៗមានអារម្មណ៍ដូចជាកំពុងតែជិតបាត់បង់អ្វីម្យ៉ាងចេញទៅទាំងដែលដឹងថារបស់មួយនេះមិនមែនជារបស់នាងតាំងពីដំបូង មិនថាមុនឬក្រោយក៏នាងត្រូវតែប្រគល់គេឲ្យម្ចាស់ដើមវិញ ហើយនាងក៏បានត្រឹមតែឈរមើលគេពីចម្ងាយដូចដើម។
     « នាងឈ្មោះ រ៉ូជីន » រ៉េន ញោចមាត់ញញឹមតិចៗបង្កប់ដោយភាពឈឺចាប់តាមកែវភ្នែកពេលរំលឹកដល់ឈ្មោះនារីដែលគេស្រលាញ់ស្មោះអស់ពីបេះដូង ទោះពេលនេះគេឈឺចាប់ព្រោះតែនាងក៏គេមិនអាចបំភ្លេចនាងបាន នាងនៅតែជានារីដ៏ល្អម្នាក់ក្នុងកែវភ្នែករបស់គេ មិនថានាងធ្វើអ្វីខ្លះចំពោះគេក៏គេនៅតែស្រលាញ់នាង ស្រលាញ់គ្មានថ្ងៃប្រែនោះទេ ហើយថ្ងៃណាមួយដែលគេអាចដើរបានឡើងវិញគេនឹងទៅរកនាងមុនគេ ។
     ស្នាមញញឹមនិងកែវភ្នែកដ៏ឈឺចាប់របស់គេប្រៀបដូចកូនកាំបិតដែលយកមកចាក់សម្លាប់បេះដូងរបស់ ណាប៊ី អ៊ីចឹង គេស្រលាញ់នារីម្នាក់នោះទោះដឹងថានារីម្នាក់នោះក្បត់ចិត្តរបស់គេក៏ដោយ ចំណែកនាង គេស្អប់នាងទោះនាងប្រឹងធ្វើល្អដាក់គេក៏ដោយ តើនេះមិនគួរឲ្យឈឺចាប់ទេ? ។
    
     « លោក រ៉េន មានអ្នកមកសួរសុខទុក្ខលោក » អ្នកគ្រូពេទ្យ ហារ៉ា ដើរចូលមកប្រាប់ រ៉េន ដែលកំពុងអង្គុយជាមួយ ណាប៊ី នៅក្រោមដើមឈើ។
     រ៉េន រហ័សងាកទៅតាមសំឡេងរបស់អ្នកគ្រូពេទ្យ ហារ៉ា ទើបបានឃើញវត្តមានរបស់អ្នកម៉ាក់និងលោកប៉ារបស់គេដើរចូលមក។
     « មើលទៅឯងល្អប្រសើរជាងមុនច្រើនហើយ » លោក ហូរ៉េស ពោលមកកាន់កូនប្រុសដោយទឹកមុខស្មើតាមទម្លាប់មិនចេះញញឹមរបស់លោក។
     « អ្នកដែលត្រូវឪពុកម្តាយបោះបង់ចោលម្តេចនឹងអាចល្អប្រសើរឡើងបានទៅ » រ៉េន និយាយបញ្ឈឺរឌឺដងទៅលោកប៉ានិងអ្នកម៉ាក់របស់គេវិញ។
     « រ៉េន ហេតុអ្វីនិយាយបែបនេះ? ឯងគួរតែដឹងហើយថាហេតុអ្វីបានជាម៉ាក់យកឯងមកឲ្យព្យាបាលនៅទីនេះ? » អ្នកស្រី ដាលីន រហ័សចូលទៅជិតកូនប្រុស ព្រោះនាងដឹងថាកូនប្រុសដឹងពីហេតុផលគ្រប់យ៉ាងរបស់នាងនិងលោកប៉ារបស់គេ គ្រាន់តែគេចូលចិត្តបញ្ឈឺពួកនាងតែប៉ុណ្ណោះ។
     « អ្នកម៉ាក់និងលោកប៉ាគួរតែយកពេលនេះទៅមើលជំនួញវិញទៅ ព្រោះមកមើលកូនដែលពិការបែបនេះខាតពេលវេលាការងារអស់ហើយ ណាប៊ី រុញខ្ញុំទៅបន្ទប់វិញ »
     « ចា...ចាស » ណាប៊ី ធ្វើខ្លួនស្ទើរមិនត្រូវ ពេលនៅសុខៗគេក៏ហៅឈ្មោះនាងចំៗទាំងដែលមិនធ្លាប់ហៅបែបនេះពីមុនមក ពេលខ្លះនាងគិតថាគេមិនចាំឈ្មោះនាងទៀតផង តែពេលនេះគេបែរហៅឈ្មោះនាងចំៗប្រាប់ឲ្យនាងជួយរុញគេទៅបន្ទប់ភ្លាមៗនៅចំពោះមុខឪពុកម្តាយរបស់គេ ទើបនាងភ្ញាក់ផ្អើលដល់ថ្នាក់ធ្វើខ្លួនមិនត្រូវ។
     « ឲ្យលឿនឡើង! » គេស្រែកតឿននាងម្តងទៀត ទើបនាងរហ័សរុញរទេះគេចេញទៅទាំងមិនភ្លេចបន្ទន់ខ្លួនគោរពលាលោកប៉ានិងអ្នកម៉ាក់របស់គេបន្តិចជាការគួរសម។
     « រ៉េមី ឈប់សិន! » អ្នកស្រី ដាលីន រហ័សដើរទៅតាមកូនប្រុសព្រោះនៅមានរឿងមិនទាន់បាននិយាយជាមួយកូនប្រុសនៅឡើយ។
              រងចាំភាគបន្ត
       
    
    

    

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Onde histórias criam vida. Descubra agora