ភាគ២៣

74 4 0
                                    

  “ ទំនុកចិត្តនិងភាពស្មោះត្រង់ ធ្វើឲ្យអ្នកដូចជាមនុស្សល្ងង់ខ្លៅ ”
 
  អាហារពេលព្រឹកជាមួយគ្នាជាលក្ខណៈគ្រួសារជាលើកដំបូងរបស់ ណាប៊ីនិងរ៉េន ត្រូវចាប់ផ្តើមដោយសភាពស្ងប់ស្ងាត់ រហូតមានលេចវត្តមានរបស់លោក យូនស៊ីន ចូលមកដល់។
  « លោកពូ! » ណាប៊ី រហ័សក្រោកឈរឡើងបន្ទន់ខ្លួនគោរពលោក យូនស៊ីន ដែលចូលមករកនាងទាំងព្រឹកប្រលឹម។
  « ញុំបន្តទៀតចុះ ពូគ្រាន់តែយកគំរូឈុនរៀបការខ្លះមកឲ្យពួកឯងមើលប៉ុណ្ណោះ »
  « ឈុនរៀបការ! » រ៉េន លាន់មាត់ឡើងដោយភាពភ្ញាក់ផ្អើលព្រោះ ណាប៊ី មិនទាន់បាននិយាយប្រាប់គេថានឹងធ្វើពិធីរៀបការនោះទេ។
  « គឺលោកពូចង់ឲ្យពួកយើងរៀបចំពិធីរៀបការដើម្បីប្រកាសទំនាក់ទំនងជាសារធារណៈ » ដោយសារតែរឿងយប់មិញទើបនាងមិនបាននិយាយរឿងរៀបចំពិធីរៀបការប្រាប់គេ មកដល់ពេលនេះទើបនាងរៀបរាប់ប្រាប់គេទាំងកាយវិការមិនសូវសម សូម្បីមុខក៏មិនហ៊ានងាកទៅសម្លឹងគេចំផង។
  « តើអ្នកទាំងពីរឈ្លោះគ្នាមែនទេ? » លោក យូនស៊ីន ឃើញ ណាប៊ី មិនហ៊ានមើលមុខរបស់ រ៉េន ហើយថែមមិនទាន់និយាយរឿងរៀបចំពិធីប្រាប់គេទៀត ទាំងដែលលោកបាននិយាយរឿងនេះជាមួយនាងតាំងយប់មិញមកម្លេះ។
  « អត់ទេ! » ណាប៊ី រហ័សឆ្លើយបដិសេធព្រោះបើអ្នកដ៏ទៃគិតថានាងនិងរ៉េន ឈ្លោះគ្នាអាចបង្កបញ្ហាធំមួយចំនួននៅក្នុងសម្ព័ន្ធ អ៊ីសាជី បាន។
  « ប៉ុន្តែ...! »
  « គឺភរិយារបស់ខ្ញុំគ្រាន់តែនៅអៀនខ្មាស់នឹងរឿងយប់មិញប៉ុណ្ណោះ មែនទេអូនសម្លាញ់! » រ៉េន ក្រោកឈរឡើងពេញកម្ពស់ឈោងដៃឱបរាងតូចទាញនាងឲ្យមកស្និតនឹងខ្លួនរបស់គេដោយមិនភ្លេចញញឹមញាក់ភ្នែកឲ្យនាងសហការជាមួយគេ ទាំងដែល ណាប៊ី កំពុងឈររឹងខ្លួននៅឡើយ។
  « ចា...ចាស! » ណាប៊ី ឆ្លើយយ៉ាងរដាក់រដុកមុខប្រែជាក្រហមមួយរំព្រិច។
  « អរ! ពូយល់ហើយ ដំបូងៗក៏បែបនេះឯង យូទៅនឹងលែងអីហើយ តែថាពូមករំខានយូពេកហើយទេដឹង សៀវភៅរើសឈុនរៀបការពូទុកនៅទីនេះ រើសហើយចាំទាក់ទងទៅពូណា » លោក យូនស៊ីន ទុកសៀវភៅហើយក៏រហ័សដើរចេញទៅព្រោះមិនចង់នៅរំខានប្តីប្រពន្ធគេយូ។
 
  រ៉េន ប្រលែងដៃពីចង្កេះតូចពេលឃើញលោក យូនស៊ីន ចេញទៅបាត់ហើយ គេទម្លាក់ខ្លួនអង្គុយចុះញុំអាហារបន្តធ្វើប្រងើយ ទើប ណាប៊ី ដាក់ខ្លួនអង្គុយចុះថ្នមៗឱនមុខញុំអាហារបន្តទាំងលួចចោលភ្នែកសម្លឹងមុខរបស់គេរៀងរាល់មួយវិនាទីម្តង។
 
  បីម៉ោងក្រោយមក
 
  ណាប៊ី អង្គុយនៅបន្ទប់ធ្វើការក្នុងផ្ទះសម្លឹងឯកសារការងារជាច្រើនដែលជំនួយការយកមកទម្លាក់នៅពីមុខរបស់នាង។ម្រាមស្រឡូនលើឯកសារពីគំនរមួយទម្លាក់ទៅលើគំនរមួយទាំងដកដង្ហើមធំធ្វើមុខតានតឹងព្រោះនាងមិនចូលការងារអ្វីបែបនេះទេ ធ្វើជាអ្នកមើលថែអ្នកជំងឺប្រសើរជាងនេះឆ្ងាយណាស់។
  « អ្នកនាងប្រធាន មួយនេះជាឯកសារបន្ទាប់មកពីរោងចក្រ ត្រូវការឲ្យអ្នកនាងស៊ីញេជាបន្ទាន់ » លេខាកម្លោះហុចឯកសារចុងក្រោយដែលកាន់មកឲ្យទៅស្រីក្រមុំដែលចាប់ផ្តើមធុញថប់មួយទំហឹង។
  នាងគ្រាន់តែអង្គុយមើលគំនរឯកសារដែលជំនួយការលើកមកដាក់នៅលើតុ តែមិនទាន់បានមើលឯកសារមួយផង ភ្នែករបស់នាងឡើងស្រវាំងអស់ទៅហើយ ក្បាលក៏ឈឺខ្លាំងទៀតផង គំនរឯកសារកំពុងតែបាំងអុកស៊ីសែនធ្វើឲ្យនាងដកដង្ហើមមិនរួចទេ ។ ណាប៊ី លើកវ៉ែនតាមកពាក់ហើយបើកឯកសារសំខាន់ពីរោងចក្រដែលជំនួយការយកមកឲ្យនាងពិនិត្យមើលនឹងស៊ីញេសម្រេច។
  « ហេតុអ្វីក៏ទិញប្រេងច្រើនយ៉ាងនេះ? » ណាប៊ី ងឿងឆ្ងល់ពេលឃើញតួលេងប្រេងដែលរោងចក្រទិញមានចំនួនច្រើនពេក។
  « អ្នកនាងប្រហែលជាមិនទាន់ដឹងទេថាម៉ាស៊ីននៅរោងចក្ររបស់យើងប្រើប្រេងឥន្ធនៈ »
  « ត្រូវប្រើច្រើនយ៉ាងនេះមែនទេ? » 
  « បាទ »
  « លោកឈ្មោះអ្វីដែរ? » ណាប៊ី ឱនស៊ីញេលើឯកសារពីរោងចក្របណ្តើរនិងឆ្លៀតសួរឈ្មោះជំនួយការដែលលោក យូនស៊ីន យកមកឲ្យជួយការងារនាងបណ្តើរ ព្រោះនាងត្រូវធ្វើការជាមួយគេយូទៀតទើបនាងចង់ដឹងឈ្មោះរបស់គេ។
  « ខ្ញុំឈ្មោះ លី ឆេមីន »
  « ឆេមីន! ឆេមីន! ខ្ញុំចាំហើយ នេះឯកសាររបស់លោក »
  « បាទ » ឆេមីន ទទួលឯកសារពីក្នុងដៃរបស់ ណាប៊ី ហើយក៏បន្ទន់ខ្លួនគោរពនាងបន្តិចមុននឹងចាកចេញទៅ។
  ក្រាក!
  ទ្វាបន្ទប់បើកចំហរស្របពេល ឆេមីន ត្រៀមចេញទៅរល្មម ទើបគេឱនគោរពអ្នកដែលបើកទ្វាពីខាងក្រៅ រួចក៏ដើរចេញទៅ។
  គ្រឹប!
  រ៉េន ចូលមកក្នុងបន្ទប់ហើយបិទទ្វាវិញលាន់សំឡេងខ្លាំងៗមិនចេះថ្នមដៃ។
  ប្រូស!
  គេទាញទូរស័ព្ទមកចុចមើលហើយទម្លាក់ខ្លួនលើសាឡុនបង្កសំឡេងរំខានដ៏ស្រីក្រមុំដែលប្រឹងឱនមើលឯកសារនៅលើតុដូចប្រឹងមើលបញ្ចីឈ្មោះថ្នាំដែលសរសេរដោយដៃរបស់លោកដុកទ័រ។ ណាប៊ី ដកភ្នែកពីឯកសារប្តូរមកសម្លឹងអ្នកដែលព្យាយាមបង្កសំឡេងរំខាននាងវិញ។
  « គេកើតអ្វីទៀតហើយ? » ណាប៊ី រអ៊ូង៉ូវៗម្នាក់ឯងហើយក៏ឱនអានឯកសារការងារបន្ត។
  ផាំង!
  « មានកាហ្វេផឹកទេ! » គេគោះតុមួយទំហឹងហើយស្រែកសួរ ណាប៊ី យ៉ាងឈ្លើយជាទីបំផុត។
  « នៅលើតុក្បែរជញ្ជាំងមានម៉ាស៊ីននិងកាហ្វេនៅទីនោះ » ណាប៊ី លើកដៃចង្អុលប្រាប់ទីតាំងកាហ្វេដល់គេទាំងភ្នែកនៅជាមួយឯកសារការងារ។
  « ឆុងឲ្យខ្ញុំបន្តិចមក! »
  ណាប៊ី ងើបមុខឡើងសម្លឹងមុខរបស់ រ៉េន មួយរំព្រិច ពេលបានលឺសំឡេងខ្ពស់បែបបញ្ជារបស់គេហើយ តែ រ៉េន បែរជានៅអង្គុយចុចទូរស័ព្ទធ្វើប្រងើយដោយមិនខ្វាយខ្វល់ពីកែវភ្នែកមួយគូដែលសម្លឹងមើលមកគេដោយភាពធុញទ្រាន់សោះ។ ចុងក្រោយនាងនៅតែត្រូវក្រោកពីកៅអីធ្វើការដើរទៅឆុងកាហ្វេយកមកឲ្យអ្នកដែលអង្គុយលេងទូរស័ព្ទមិនធ្វើអ្វីដដែល។
  « កាហ្វេរបស់លោក » ណាប៊ី ដាក់កាហ្វេនៅលើតុ ខណៈរ៉េននៅចុចហ្គេមក្នុងទូរស័ព្ទញាប់ដៃមិនខ្វល់ពីនាង ទើប ណាប៊ី ដាក់កែវកាហ្វេនៅលើតុហើយក៏ដើរចេញ។
  « បញ្ចុកបន្តិចមក ខ្ញុំកំពុងជាប់ដៃលេងហ្គេម »
  ណាប៊ី ឈប់ជើងង៉ក់ទាំងអស់ភាពអត់ធ្មត់ជាមួយទង្វើរបស់ រ៉េន គេគិតថានាងជាអ្នកបម្រើគេឬយ៉ាងម៉េច ទើបមកអង្គុយលេងហ្គេមហើយប្រើនាងឲ្យធ្វើនេះធ្វើនោះមិនចេះចប់បែបនេះ ទាំងគេក៏ដឹងហើយថានាងត្រូវមើលឯកសារពីរគំនរធំៗនៅលើតុ។
  « បើគ្មានដៃកាន់ ចឹងមិនបាត់ផឹកទេ ខ្ញុំមានការងារត្រូវធ្វើមិនមានពេលទំនេរមកធ្វើតាមការបញ្ជារបស់លោកទេ »
  « មនុស្សមិនយល់ពីមុខជំនួញដូចជានាងទោះអង្គុយមើលឯកសារមួយខែទៀតក៏ធ្វើការងារទាំងអស់នោះមិនរួចដែរ » រ៉េន ដាក់ទូរស័ព្ទចុះងើយមុខសម្លឹងមុខរបស់ ណាប៊ី ដោយបោះពាក្យសម្តីមើលស្រាលនាងចំៗ។
  ណាប៊ី យល់ពីគោលបំណងដែល រ៉េន ព្យាយាមបង្កសំឡេងរំខានការងាររបស់នាងនិងព្យាយាមប្រើឲ្យនាងឆុងកាហ្វេឲ្យគេភ្លាម ពេលគេនិយាយបែបនេះហើយ តាមពិតគេគ្រាន់តែចង់ជួយធ្វើការនាង តែគេមិនចេះបង្ហាញតាមទង្វើល្អ ទើបគេចេះតែបង្កភាពរំខានអារម្មណ៍បែបនេះ។
  « ក្រោកឡើងៗ ឲ្យលឿន! »
  « នាងចង់ធ្វើអ្វី? »
  រ៉េន ដកកែវកាហ្វេចេញពីមាត់សឹងមិនទាន់ពេលនាងស្រាប់តែចូលមកចាប់ស្មាគេឲ្យក្រោកឈរឡើងភ្លាមៗទាំងមិនប្រាប់ពីគោលបំណងឲ្យពិតប្រាកដ ។
  « អង្គុយចុះទីនេះ! កៅអីមួយនេះសាកសមនឹងលោក រ៉េមី ថ័ររ៉េស ជាងគេបំផុត សូមលោកជួយធ្វើការងារទាំងអស់នេះឲ្យនាងខ្ញុំដែលមិននេះអ្វីនេះផង ចាស » ណាប៊ី រុញឲ្យ រ៉េន អង្គុយនៅកៅអីធ្វើការរបស់នាងហើយនាងក៏ចេញមកឈរនៅខាងមុខតុ ធ្វើការនិយាយជាមួយគេដោយការគោរពធ្វើដូចជាគេប្រធានរបស់នាង ។
  « ហិ...ចំជាមិនដឹងអ្វីមែន! » រ៉េន ងាកមុខចេញលួចញញឹមអស់សំណើចចំពោះទង្វើគួរឲ្យស្រលាញ់របស់នាង។ នាងពិតជាទុកចិត្តអ្នកដ៏ទៃពេកហើយ គេអាចនឹងយកអ្វីគ្រប់យ៉ាងដែលជារបស់នាងទាំងអស់បាន បើនាងហ៊ានឲ្យគេធ្វើការងារទាំងអស់នេះឲ្យនាង។ មនុស្សស្មោះត្រង់ដូចជានាងនឹងត្រូវអ្នកដ៏ទៃបោកប្រាស់បានយ៉ាងងាយ ថ្ងៃណាមួយនាងនឹងដឹងថាពិភពលោកមួយនេះមិនស្រស់ស្អាតដូចជានាងគិតនោះទេ។
  « សូមលោកម្ចាស់ធ្វើការឲ្យរីករាយចុះ ចាស » ណាប៊ី ញញឹមសប្បាយចិត្តរត់ចេញទៅខាងក្រៅយ៉ាងលឿនដោយមិនមានចិត្តសង្ស័យអ្វីបន្តិចសោះ នាងគ្រាន់តែដឹងថាបន្ទប់ធ្វើការគឺជាកន្លែងដ៏គួរឲ្យធុញថប់សម្រាប់នាង តែនាងមិនខ្វល់ថា រ៉េន គេមានគោលបំណងអ្វីទើបជួយធ្វើការងារឲ្យនាងទេ។
  « នាង...! » រ៉េន ប្រុងហៅនាងឲ្យឈប់មិនទាន់ ទើបមានតែបណ្ដោយឲ្យនាងចេញទៅខាងក្រៅទុកឲ្យគេធ្វើការទាំងអស់នេះតែម្នាក់ឯង។ គ្មាននាងនៅក៏ស្រួល គេនឹងបានធ្វើគ្រប់យ៉ាងតាមគម្រោងរបស់គេ ជាពិសេសមិនបាច់មានអារម្មណ៍ខុសពេលឃើញមុខមនុស្សស្មោះត្រង់ល្ងង់ខ្លៅដូចជានាង។
 
  ណាប៊ី រត់ចេញមកស្រូបខ្យល់អាកាសក្នុងសួនច្បារខាងក្រៅផ្ទះ ពន្លឺព្រះអាទិត្យប្រែជាភ្លឺថ្លាជាងមុន ព្រិលក៏ខានធ្លាក់មកជាច្រើនថ្ងៃ ធ្វើឲ្យដើមផ្កាក្នុងសួនចាប់ផ្តើមចេញពន្លកផ្កាមកតាមមែកបណ្តើរៗ ។
  « រដូវផ្ការីកជិតចូលមកដល់ហើយមែនទេ? » ណាប៊ី ទម្លាក់ម្រាមដៃប៉ះពន្លកផ្កាខ្ចីដែលលេចចេញពីមែកឈើក្នុងសួនដោយស្នាមញញឹមស្រស់ស្រាយ។
  « ណាប៊ី! »
   សំឡេងស្រួយធ្លាប់ស្គាល់ហៅ ណាប៊ី ពីខាងក្រោយ ធ្វើឲ្យនាងរហ័សងាកទៅរកប្រភពសំឡេងយ៉ាងរហ័ស។
   « បងស្រី ហារ៉ា! » ណាប៊ី ត្រេកអររត់ទៅឱប ហារ៉ា យ៉ាងលឿន។
   « ឯងមើលទៅសុខសប្បាយជាងមុនច្រើនណាស់ បានរៀបការជាគេមានក្តីសុខណាស់មែនទេ? »
   ណាប៊ី ប្រែមុខស្រពោនភ្លាមៗពេល ហារ៉ា និយាយពីរឿងរៀបការរបស់នាងនិងរ៉េន។
   « បានរៀបការជាមួយបុរសដែលខ្លួនឯងស្រលាញ់ហើយនៅមិនសប្បាយទៀតមែនទេ? » ហារ៉ា បើកភ្នែកធំៗសួរបន្ត។
   « មិនមែនមិនសប្បាយចិត្តទេ ហើយក៏មិនមែនសប្បាយចិត្ត »
   « មិនមែនមិនសប្បាយចិត្តហើយក៏មិនមែនសប្បាយ តើមានន័យថាម៉េច? ខ្ញុំស្តាប់ឡើងវិលអស់ហើយ »
   « គឺមានន័យថានៅពាក់កណ្តាលសប្បាយចិត្តនិងមិនសប្បាយនឹងហើយ »
   « ហេតុអ្វីក៏បែបនោះ? »
   « បងក៏ដឹងស្រាប់ហើយថាការរៀបការមួយនេះមានន័យបែបណា »
   « តែយ៉ាងណាក៏ឯងកាន់តែបានជិតស្និទជាមួយគេជាងមុនដែរ ក្រែងឯងចង់បានបែបនឹងមករហូតមែនទេ? »
   « ខ្ញុំគិតថាគ្រប់យ៉ាងកំពុងជិតស្និទ្ធលើសពីអ្វីដែលខ្ញុំចង់បានហើយ » ណាប៊ី ទម្លាក់ខ្លូនអង្គុយលើទោងនៅក្នុងសួនទាំងកើតទុក្ខ។
   « ខ្ញុំមិនយល់ពីឯងទេ ជិតស្និទ្ធជាមួយគេពេកក៏ពិបាកចិត្ត ចឹងឯងចង់មានទំនាក់ទំនងបែបណាជាមួយគេវិញទៅ? »
   « ទំនាក់ទំនងបែបណាក៏បានដែលមិនអាចឲ្យគេឈឺចាប់ »
   « ឈប់បារម្ភបានហើយទេពអប្សរចិត្តល្អ គេមិនអាចឈឺចាប់ដោយសារឯងទេ មានតែឯងប៉ុណ្ណោះដែលឈឺចាប់ដោយសារគេនោះ »
   « ពិតមែនហើយ គេមិនដែលស្រលាញ់ខ្ញុំផងធ្វើម៉េចគេអាចឈឺចាប់ដោយសារខ្ញុំបាននោះ »
   « បានហើយឈប់គិតច្រើនទៅ និយាយអញ្ចឹងខ្ញុំបានយកអ៊ីវ៉ាន់របស់ឯងពីមន្ទីរពេទ្យមកហើយ ខ្ញុំឲ្យគេយកទៅទុកក្នុងបន្ទប់ឲ្យឯងហើយ »
   « អរគុណបងស្រីណាស់ ដែលខំយកមកឲ្យ អូ!ពិតមែនហើយខ្ញុំនៅមិនទាន់បានអរគុណបងស្រីពីរឿងដែលបងជួយខ្ញុំនៅថ្ងៃពិធីបុណ្យខួបលោកប៉ាអ្នកម៉ាក់នៅឡើយទេ អរគុណបងស្រីណាស់សម្រាប់គ្រប់យ៉ាងនៅថ្ងៃនោះ » ណាប៊ី ងើយសម្លឹងមុខអ្នកគ្រូពេទ្យ ហារ៉ា ដោយកែវភ្នែកដ៏បរិសុទ្ធរបស់នាង ទើបធ្វើឲ្យអ្នកដែលឈរស្តាប់ពាក្យអរគុណរបស់នាងស្ទើរតែជ្រក់ទឹកភ្នែកចេញមក។
   «  ឯងកុំសម្លឹងខ្ញុំបែបនេះអី ដឹងទេថាឯងកំពុងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាកំពុងស្តាប់ពាក្យអរគុណចុងក្រោយរបស់ឯងអញ្ចឹង » ហារ៉ា រលីងរលោងទឹកភ្នែកពេលសម្លឹងឃើញកែវភ្នែកដែល ណាប៊ី សម្លឹងមើលមកនាងហើយ។
   « បងស្រីមានរឿងអ្វីឲ្យខ្ញុំជួយប្រាប់ខ្ញុំណា ខ្ញុំនឹងជួយបងស្រីគ្រប់យ៉ាងឲ្យអស់ពីសមត្ថភាព » ណាប៊ី ឈោងចាប់ប្រអប់ដៃស្រឡូនណែន។
   « ហ៊ឹម! » ហារ៉ា បានត្រឹមក្រហឹមតបមកវិញទាំងទឹកភ្នែកចាប់ផ្តើមស្រក់ចុះមក មិនដឹងថាមានរឿងអ្វីទើបនាងមានអារម្មណ៍សោកសៅយ៉ាងនេះពេលបានឃើញមុខរបស់ ណាប៊ី ហើយ។
   « បងស្រីកុំយំអី ខ្ញុំមិនចង់ឃើញបងស្រីយំទេ » ណាប៊ី ក្រោកឡើងឱបលួងលោម ហារ៉ា។
   « ខ្ញុំឈប់យំហើយ តែឯងត្រូវថែរក្សាខ្លួនឲ្យបានល្អណា កុំគិតតែពីគេម្នាក់នោះខ្លាំងពេក តែត្រូវគិតពីខ្លួនឯងផង ទំនេរពីការងារខ្ញុំនឹងឧស្សាហ៍មកលេងឯង » ហារ៉ា ឱប ណាប៊ី ណែនដៃដូចគ្នា ទោះអ្នកទាំងពីរទើបតែស្គាល់គ្នាមិនបានប៉ុន្មាន ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរជិតស្និទ្ធដូចជាអ្នកស្គាល់គ្នាមករាប់ឆ្នាំ ជាពិសេស ហារ៉ា ជាមនុស្សតែម្នាក់ដែលដឹងពីរឿងរបស់ ណាប៊ី ច្រើនជាងអ្នកណាទាំងអស់។
              រងចាំភាគបន្ត
 
 
 
 
 
 

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now