ភាគ២៦

73 3 0
                                    

“ ស្រីល្ងង់ ”

    ងុឺត!
    ឡានទំនើបពណ៌ខ្មៅរបស់ម្ចាស់សម្ព័ន្ធ អ៊ីសាជី ឈប់នៅខាងមុខភូមិគ្រឹះរបស់ខ្លួន ណាប៊ី នៅក្នុងរ៉ូបកូនក្រមុំនៅឡើយ ចេញពីក្នុងឡានមកដោយភាពនឿយហត់។
    « ខ្ញុំឡើងទៅបន្ទប់មុនហើយ » ណាប៊ី ងាកទៅប្រាប់ រ៉េននិងអ្នកស្រី ដាលីន ដែលមកឡានជាមួយគ្នាហើយ នាងក៏ឡើងទៅបន្ទប់សម្រាករបស់នាង។
   
    រ៉េននិងអ្នកស្រី ដាលីន បណ្តើរចូលមកក្នុងផ្ទះព្រមជាមួយទឹកមុខតានតឹងព្រោះតែរឿងដែលស្ទើរតែធ្វើឲ្យពិធីរៀបការរវាងគេនិងណាប៊ី ត្រូវបំផ្លាញ់នៅថ្ងៃនេះ។
    « សំណាងល្អដែលថ្ងៃនោះម៉ាក់បានថតសំឡេងរបស់នាងទុក កុំអីគ្រប់យ៉ាងដែលយើងរៀបចំមកត្រូវនាងបំផ្លាញ់បាត់ទៅហើយ » អ្នកស្រី ដាលីន ដាក់ខ្លួនអង្គុយលើសាឡុនជាមួយខ្យល់ដង្ហើមធំហាក់ធូរទ្រូងបន្តិចចំពោះរឿងដែលបានកើតឡើង។
    « មានរឿងថ្ងៃនេះហើយអ្នកនៅក្នុងសម្ព័ន្ធ អ៊ីសាជី ច្បាស់ជាមិនទុកចិត្តខ្ញុំទៀតទេ កាលដែលចង់ចូលទៅអង្គុយនៅតំណែងអ្នកដឹកនាំសម្ព័ន្ធ ជំនួសភរិយារបស់ខ្ញុំក៏កាន់តែពិបាកដែរ »
    « ទោះលំបាកប៉ុណ្ណា កូនត្រូវតែប្រឹងជំនះឲ្យបាន យើងត្រូវតែបានអ្វីៗគ្រប់យ៉ាងរបស់សម្ព័ន្ធ អ៊ីសាជី មកក្នុងដៃឲ្យបាន »
    « បាទ »
   
    បន្ទប់ ណាប៊ីនិងរ៉េន
    ក្រាក!
    រ៉េន បើកទ្វាបន្ទប់ចូលមកដោយសភាពនឿយហត់ជាខ្លាំង កែវភ្នែករឹងខ្លាំងសម្លឹងស្រីក្រមុំដែលនៅអង្គុយបត់ផ្កាយក្រដាសនៅតុមាត់បង្អួច នាងដូចជាផ្ដោតអារម្មណ៍ទាំងអស់ទៅនឹងផ្កាយក្រដាសរហូតមិនចាប់អារម្មណ៍នឹងវត្តមានរបស់គេ ។
    « អ្ហើយ! » រ៉េន ដកដង្ហើមធំហើយក្រវីក្បាលហាក់ដូចជាគិតថានាងកំពុងតែចម្ងាយពេលវេលាធ្វើរឿងដែលគ្មានប្រយោជន៍ទាល់តែសោះ។
    រ៉េន ដើរទៅយកសម្លៀកបំពាក់ហើយចូលទៅងូតទឹកសម្អាតខ្លួនបាត់ ទើប ណាប៊ី ដែលអង្គុយបត់ផ្កាយក្រដាសហាក់មិនចាប់អារម្មណ៍ជាមួយវត្តមានរបស់ រ៉េន មុននេះ ងាកមកសម្លឹងទ្វាបន្ទប់ទឹកដោយកែវភ្នែកស្រទន់។ ណាប៊ី ក្រោកពីកៅអី នាងដើរទៅរើសសម្លៀកបំពាក់ដែល រ៉េន ដោះទម្លាក់ចោលនៅលើឥដ្ឋទៅរៀបចំទុកដាក់មួយកន្លែងយ៉ាងរៀបរយ ទើបនាងឡើងមកលើគ្រែហើយទម្លាក់ខ្លួនគេងទាំងមិននិយាយអ្វីទាំងអស់។
    ក្រាក!
    រ៉េន បើកទ្វាបន្ទប់ទឹកចេញមកព្រមជាមួយកូនកន្សែងជូតសក់មួយនៅក្នុងដៃ។
    « នាងគេងហើយមែនទេ? » រ៉េន ឈរសម្លឹងរាងស្តើងដែលគេងនៅលើគ្រែ រួចរអ៊ូតិចៗ មុននឹងកាន់កូនកន្សែងជាប់ដៃទៅឈរជូតសក់នៅខាងមុខបង្អួចធំទូលាយដែលអាចមើលឃើញទេសភាពទីក្រុងនាពេលរាត្រីយ៉ាងស្រស់ស្អាត។
    រ៉េន លូកខោប៉ៅយកខ្សែករបស់ រ៉ូជីន ចេញមកសម្លឹងដោយកែវភ្នែកអាឡោះអាល័យដល់នាងជាខ្លាំង។ បើពេលនេះនាងនៅមានជីវិត តើនាងនឹងខឹងគេដែរទេ? នាងច្បាស់ជាខឹងស្អប់គេមិនខានទេដែលគេធ្វើបែបនេះ គេធ្លាប់ជាមនុស្សម្នាក់ដែលមិនចង់បានទ្រព្យសម្បត្តិលុយកាក់ តែពេលនេះគេបែរជាបានធ្វើរឿងថោកទាបជាច្រើនព្រោះតែចង់បានទ្រព្យសម្បត្តិលុយកាក់ទាំងអស់នេះទៅវិញ។
    « រ៉ូជីន បងសុំទោស! »
    ត្របកភ្នែកស្តើងដែលប្រឹងបិទសម្ងំគេងនៅលើគ្រែចាប់ផ្តើមជ្រាបតំណក់ទឹកថ្លាចេញមកតាមចុងភ្នែកមិនដាច់ ទោះនាងប្រឹងទប់ត្រចៀកនឹងខ្នើយមិនចង់លឺសម្តីរបស់ រ៉េន នាងនៅតែលឺដដែល បេះដូងរបស់នាងឈឺចាប់គ្រប់ពេលដែលដឹងថាគ្រប់យ៉ាងគ្រាន់តែជាការបោកប្រាស់ ប៉ុន្តែនាងបែរជាធ្វើដូចជាមិនបានដឹងអ្វីសោះហើយបន្តរស់នៅជាមួយភាពបោកប្រាស់មួយនេះបន្តទៀត សម្រាប់នាងឲ្យតែបានរស់នៅជាមួយគេ ទោះគ្រប់យ៉ាងគ្រាន់តែជាការបោកប្រាស់របស់គេក៏នាងយល់ថាគ្រប់គ្រាន់ នាងសុខចិត្តក្លាយជាមនុស្សស្រីល្ងង់ម្នាក់ឲ្យគេបោកប្រាស់តទៀតទៅចុះ។
   
    ព្រឹកថ្ងៃថ្មី
    តុអាហារពេលព្រឹក
    ណាប៊ី រៀបចំខ្លួនយ៉ាងស្រស់ស្អាតព្រោះនាងត្រូវទៅក្រុមហ៊ុននៅថ្ងៃនេះ ប៉ុន្តែ រ៉េន បែរជាស្លៀកសម្លៀកបំពាក់នៅផ្ទះមកអង្គុយញុំអាហារជាមួយនាងទៅវិញ ព្រោះតែគេគ្មានសិទ្ធិទៅធ្វើការនៅក្រុមហ៊ុនដូចជានាងទេ។
    « ថ្ងៃនេះលោកទៅធ្វើការជាមួយខ្ញុំដែរទៅ? » ណាប៊ី ពោលឡើងធ្វើឲ្យ រ៉េន ត្រូវងើបមកសម្លឹងមុខនាងដោយភាពភ្ញាក់ផ្អើល។
    « ...»
    « លោកក៏ដឹងហើយថាខ្ញុំមិនចេះធ្វើការងារទាំងអស់នោះទេ ទើបខ្ញុំចង់ឲ្យលោក...»
    « ខ្ញុំដឹងហើយ ខ្ញុំនឹងទៅជាមួយនាង » រ៉េន ឆ្លើយកាត់នាង ព្រោះគេយល់ហេតុផលដែលនាងចង់និយាយហើយមិនចង់ឲ្យនាងបកស្រាយច្រើនទៀតទេ។
   
    អគារទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធ អ៊ីសាជី
   
    ណាប៊ីនិងរ៉េន ដើរចូលក្នុងការិយាល័យដ៏ធំទូលាយនិងពោលពេញដោយភាពស៊ីវិល័យសាកសមជាបន្ទប់ធ្វើការរបស់អ្នកដឹកនាំកំពូលរបស់សម្ព័ន្ធ អ៊ីសាជី បំផុត។
    « វ៉ាវ! សាឡុននេះធំរល្មមអាចគេងបាន » ណាប៊ី ទម្លាក់កាបូបចុះលើតុទទួលភ្ញៀវក្នុងបន្ទប់ហើយដាក់ខ្លួនគេងនៅលើសាឡុនធំទូលាយយ៉ាងរំភើយ ខុសពី ណាប៊ី រ៉េន បែរជាចាប់អារម្មណ៍នឹងកៅអីប្រធានអគ្គនាយកពណ៌ខ្មៅរលោងស្រិលដ៏មានអំណាចនោះទៅវិញ។ ណាប៊ី ងើបពីលើសាឡុន ឃើញ រ៉េន នៅឈរសម្លឹងកៅអីអគ្គនាយកតែគេបែរជាមិនហ៊ានចូលអង្គុយព្រោះវាមិនមែនសម្រាប់គេ ទើប ណាប៊ី រហ័សដើរទៅរកគេ។
    « ឆាប់អង្គុយចុះទៅ! » ណាប៊ី ចាប់ស្មាទូលាយទាញគេឲ្យអង្គុយចុះនៅលើកៅអីអគ្គនាយក។
    « នាងធ្វើស្អីនឹង? » គេតំឡើងសំឡេងសួរហាក់មិនពេញចិត្ត តែនាងដឹងថាគេពេញចិត្ត ទើបនាងញញឹមដាក់គេបន្តិច។
    « ក្រែងលោកមកធ្វើការជំនួសខ្ញុំមែនទេ អញ្ចឹងក៏អង្គុយធ្វើការនៅទីនេះហើយ ចំណែកខ្ញុំគឺត្រូវគេងនៅទីនោះហើយ អើយ! ហេតុអ្វីងងុយគេងទាំងព្រឹកបែបនេះ? » ណាប៊ី ធ្វើជាខ្ចិលច្រអូលចង់គេងទាំងព្រឹកហើយនាងក៏ដើរទៅគេងលើសាឡុនបន្ត ដើម្បីឲ្យ រ៉េន បានអង្គុយធ្វើការនៅតុអគ្គនាយកដោយមិនចាំបាច់លេងខ្លួននៅពីមុខនាង។
   
    ការងារថ្ងៃដំបូងរបស់អ្នកដឹកនាំថ្មីមានច្រើនសន្ធឹកសន្ធាប់ ធ្វើឲ្យ រ៉េន ធ្វើការស្ទើរតែគ្មានពេលសម្រាក តែ ណាប៊ី វិញ គិតតែពីគេងហើយញុំ នាងញុំឆ្អែតហើយក៏រត់ទៅលេងនៅខាងក្រៅធ្វើប្រងើយដូចជាមិនខ្វល់នឹងការងារអ្វីសោះ ក្រោយពីលេងនៅខាងក្រៅឆ្អែតហើយនាងក៏មកអង្គុយមើលរឿងយំរហេមរហាមពេញនៅក្នុងបន្ទប់ធ្វើការថែមទៀត។
    « ហ៊ឹក! ហេតុអ្វីត្រូវមកចប់បែបនេះ? »
    « អ្នកនាង ជួយស្ងាត់មាត់បន្តិចបានទេ? » រ៉េន ដកភ្នែកពីឯកសារការងារមកសម្លឹងស្រីក្រមុំដែលធ្វើខ្លួនទំនេរអត់ប្រយោជន៍វិញ។
    « ស្ងាត់ក៏បាន ប៉ុន្តែលោកមិនគិតញុំអ្វីខ្លះទេ? »
    « ខ្ញុំបង្ហើយការងារបន្តិចទៀតសិន » រ៉េន តបជាមួយនាងហើយក៏ឱនធ្វើការបន្ត។
    « ពេលនេះក៏ជិតដល់ម៉ោងចេញពីធ្វើការហើយដែរ អ៊ីចឹងខ្ញុំទៅចាំលោកនៅឯឡានមុន » ណាប៊ី ប្រាប់គេហើយក៏កាន់កាបូបចេញពីបន្ទប់ធ្វើការទៅចាំគេនៅឯឡានមុន។
   
    ចំណតឡាន
   
    « អ្នកនាងប្រធាន! » សំឡេងគ្រលរបន្លឺឡើងពីខាងក្រោយធ្វើឲ្យ ណាប៊ី រហ័សងាកទៅមើល។
    « លោកពូ យូនស៊ីន! » ណាប៊ី ឈរញញឹមដាក់បុរសចំណាស់ដែលដើរចូលមករកនាងដោយស្នាមញញឹមដូចគ្នា។
    « ធ្វើការថ្ងៃដំបូងពិបាកណាស់មែនទេ? »
    « អត់ទេ ងាយស្រួលណាស់! »
    « ងាយស្រួល! »លោក យូនស៊ីន បើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើលព្រោះមិនគិតថា ណាប៊ី ពូកែធ្វើការងារដល់ថ្នាក់នេះ។
    « ចាស » ណាប៊ី ឆ្លើយម៉ាត់ៗហើយក៏ឱនគោរពលាលោក យូនស៊ីន ដើរទៅឡានដោយអារម្មណ៍ស្រស់ស្រាយ រហូតចេញឆ្ងាយពីលោក យូនស៊ីន ទើបនាងប្រែមកជាមុខស្មើវិញមួយរំព្រិច។
   
    ជ្រុងម្ខាងទៀតនៃចំណតឡានក្រោមដី
   
    ឡានពណ៌ខ្មៅឈប់ត្រង់កន្លែងស្ងាត់បំផុតនៃចំណតឡាន តាមរយៈពន្លឺភ្លើងស្រាលនៅក្បែរនោះបង្ហាញឲ្យយើងបានឃើញប្រអប់ដៃជ្រួញកាន់ទូរស័ព្ទកំពុងនិយាយអ្វីម្យ៉ាងដោយទឹកមុខមុឺងម៉ាត់បំផុត។
    « ប្រេងដែលទិញមកបានរៀបចំដាក់ឡានហើយឬនៅ? »
    “ គ្រប់យ៉ាងរួចរាល់ហើយចៅហ្វាយ ព្រឹកស្អែកកម្មករក្នុងរោងចក្រនឹងដឹកចេញទៅកំពង់ផែតាមផែនការ ”
    « ធ្វើការបានល្អ » បបូរមាត់ក្រាស់ញោចញញឹមយ៉ាងពេញចិត្ត មុននឹងលើកដៃជាសញ្ញាឲ្យអ្នកបើកឡានចេញឡានទៅ។
   
    រ៉េន ចេញពីធ្វើការដើរមកចំណតឡាន សំដៅទៅឡានដែលចតចាំគេជាស្រេច។
    « លោកនៅត្រង់នេះ! » ណាប៊ី ឈរលើកដៃក្រវីហៅ រ៉េន នៅក្បែរឡានព្រមជាមួយកងអង្គរក្ស។
    «...» រ៉េន បានឃើញហើយទើបរហ័សដើរទៅរកនាង ដើម្បីឆាប់បានត្រឡប់ទៅផ្ទះ។
    ទីង!
    សំឡេងសារលោតចូលទូរស័ព្ទក្នុងដៃរបស់ រ៉េន ទើបគេឈប់ដំណើរហើយលើកទូរស័ព្ទមកមើលសារដែលលោតចូលមក។
    “ រ៉េន ហេតុអ្វីបងធ្វើបែបនេះ? ហេតុអ្វីបងរៀបការជាមួយនារីដទៃ? ” រ៉ូជីន
    « រ៉ូជីន! » រ៉េន លាន់មាត់ហៅឈ្មោះស្រីក្រមុំម្ចាស់ចិត្តទាំងដៃដែលកាន់ទូរស័ព្ទប្រែជាញ័រទទ្រើកតាមចង្វាក់បេះដូងដែលលោតខុសចង្វាក់មួយរំព្រិច ។ គេមើលមិនច្រឡំទេ សារមួយនេះផ្ញើរមកពីលេខទូរស័ព្ទរបស់ រ៉ូជីន ថែមទាំងលោតមកបន្តពីសារដែលគេលេងជាមួយនាងកាលពីប៉ុន្មានខែទៀតផង ដូច្នេះគេច្បាស់ជាមិនបានមើលច្រឡំទេ ។
    « រ៉េន តើមានរឿងអ្វីដែរទេ? »
    សំឡេងសួររបស់ ណាប៊ី ធ្វើឲ្យរាងក្រាស់ដែលឈរភ្លឹកមួយកន្លែងឱនសម្លឹងមុខរបស់នាងដោយកែវភ្នែកពេញដោយក្តីឈឺចាប់។
    « លោកកើតអ្វីមែនទេ? ឬមិនស្រួលខ្លួនត្រង់ណា? » ណាប៊ី ឃើញគេហាក់ឈឺចាប់ខ្លាំងទើបនាងរហ័សចាប់ដៃបង្វិលខ្លួនគេពិនិត្យមើលដោយក្តីព្រួយបារម្ភព្រោះខ្លាចគេឈឺឬកើតអ្វីឡើង។
    « ចេញទៅ! »
    ប្រូង!
    គេច្រាននាងចេញមួយទំហឹងធ្វើឲ្យរាងស្តើងត្រូវដួលទៅលើកម្រាលឥដ្ឋទាំងកំរោល។
    « អ៊ួយ! » ណាប៊ី លើកកែងដៃដែលរលាត់ចេញឈាមមកមើលទាំងកែវភ្នែករលីងរលោងហើយនាងក៏ងើយសម្លឹងមុខមនុស្សឈាមត្រជាក់ដែលដាច់ចិត្តធ្វើបាបនាង ទាំងដែលនាងតែងតែបារម្ភនិងគិតពីគេជានិច្ច។
    រ៉េន មិនខ្ចីឱនមកមើលមុខនារីដែលត្រូវគេច្រានឲ្យដួលនៅលើឥដ្ឋសូម្បីតែបន្តិច ទោះដឹងថាទង្វើរបស់គេមុននេះខុសក៏ដោយក៏គេមិនខ្ចីសុំទោសនាងឬជួយលើកនាងឡើយ គេគ្រាន់តែព្យាយាមធ្វើមនុស្សអាក្រក់គ្មានចិត្តគ្មានថ្លើមហើយក៏ដើរជៀសនាងចេញទៅឡានដោយចិត្តដាច់ជាទីបំផុត។
    « ហ៊ឹក! ហ៊ឺ! » ណាប៊ី ប្រឹងលើកដៃចង់ស្រវ៉ាឈោងចាប់ប្រអប់ដៃមាំដែលដើរកាត់នាងចេញទៅ តែចុងក្រោយនាងក៏បានត្រឹមដាក់ដៃចុះមកវិញ ព្រោះនាងគ្មានសិទ្ធិសូម្បីតែសុំជំនួយពីគេ នាងបានត្រឹមដាក់ដៃនៅលើដើមទ្រូងខាងឆ្វេងដែលកំពុងឈឺចាប់អង្គុយយំតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ សូម្បីតែបន្លឺសំឡេងយំលឺក៏នាងមិនហ៊ាន ព្រោះនាងមិនចង់ឲ្យគេគិតថានាងរំអួយចង់បានចំណាប់អារម្មណ៍ពីគេនោះទេ។
             រងចាំភាគបន្ត
   
   
   
   

   

   
   

   

     

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now