ភាគ២០

80 3 0
                                    

  “ កិច្ចសហការណ៍រៀបការក្លែងក្លាយ ”

   ងុឺត!
   ក្រាក!
   « ឆាប់ចុះមក! » រ៉េន បើកទ្វាឡានចាប់ទាញដៃស្រីក្រមុំដែលនៅអង្គុយក្នុងឡានឲ្យចេញមកខាងក្រៅទាំងទទឹងទិសមិនប្រាប់នាងជាមុន។
   « រ៉េន! រ៉េន! » អ្នកស្រី ដាលីន រហ័សដោះខ្សែក្រវ៉ាត់សុវត្ថិភាពនិងចេញមកខាងក្រៅឃាត់កូនប្រុសដែលកំពុងខឹងខ្លាំងជាមួយ ណាប៊ី។
   « នាងដឹងមែនទេថាពួកវាជាអ្នកណា? »
   « អ៊ួយ! ឈឺណាស់ រ៉េន! » ណាប៊ី ព្យាយាមប្រឡេះប្រអប់ដៃមាំដែលចាប់កដៃនាងយ៉ាងណែនដោយកម្លាំងខ្លាំងស្ទើរតែបំបាក់ឆ្អឹងតូចៗរបស់នាងឲ្យបាក់ជាពីរបីកំណាត់ចេញពីគ្នា។
   « ឆាប់ប្រាប់មកថាពួកវាជាអ្នកណា? ឬក៏នាងជាអ្នកខលហៅពួកវាមក? នាងចង់ទាមទារចំណាប់អារម្មណ៍ពីខ្ញុំរហូតហ៊ានហៅគ្នីគ្នាមកសម្លាប់មនុស្សផងមែនទេ? »
   « ខ្ញុំមិនបានហៅពួកគេមកទេ ពួកគេមកដោយខ្លួនឯង ហ៊ឹក! » នាងនៅឈឺចាប់ចំពោះរឿងរបស់លោកយាយម្ចាស់ផ្ទះមិនទាន់បាត់ផង គេបែរជាមកស្រែកចោទប្រកាន់ថានាងចង់បានចំណាប់អារម្មណ៍ពីគេរហូតខលហៅតូរីននិងកូនចៅមកសម្លាប់លោកយាយថែមទៀត នាងមិនងប់ងល់នឹងគេដល់ថ្នាក់ទៅធ្វើរឿងឆ្កួតៗបែបនោះ ដើម្បីតែចង់ឲ្យគេចាប់អារម្មណ៍នឹងនាងទេ។
   « ហើយហេតុអ្វីពួកគេមិនហ៊ានបាញ់នាង? » រ៉េន គំហកសួរនាងមិនឈប់ ព្រោះគេសង្ស័យពីទំនាក់ទំនងរបស់នាងនិងមនុស្សមួយក្រុមនោះខ្លាំងណាស់។
   « រ៉េន បានហើយ ម៉ាក់សុំណា ចាំទៅដល់ផ្ទះចាំនិយាយគ្នា ទីនេះគ្មានសុវត្ថិភាពសម្រាប់ពួកយើងទេ ឆាប់ឡើងឡានវិញទៅ » អ្នកស្រី ដាលីន មកចាប់ស្មាកូនប្រុសព្យាយាមប្រាប់ឲ្យគេស្ងប់អារម្មណ៍សិន ។
   រ៉េន បិទភ្នែករំងាប់អារម្មណ៍ហើយក៏លែងដៃពីកដៃរបស់ស្រីក្រមុំមួយទំហឹងរួចក៏ចូលទៅអង្គុយក្នុងឡានទាំងនៅខឹងមិនទាន់បាត់។ ចំណែក ណាប៊ី ក៏ចូលទៅក្នុងឡានអង្គុយឱនមុខចុះដោយអារម្មណ៍ខុសចំពោះលោកយាយម្ចាស់ផ្ទះចម្ការយ៉ាងស្ងប់ស្ងាត់ បើនាងមិនមកទីនេះលោកយាយក៏មិនអាចស្លាប់ដែរ នាងពិតជាមិនអាចបំភ្លេចរឿងមួយនេះបានទេ។
  
   ទីក្រុងសេអ៊ូល
  
   អ្នកស្រី ដាលីន បាននិយាយរឿងដែលបានកើតឡើងទាំងអស់ប្រាប់ឲ្យ រ៉េន បានដឹង។ ទីបំផុត រ៉េន បានដឹងហើយថាអ្នកដែលបណ្ដេញគេចេញពីមន្ទីរពេទ្យជាអ្នកណា មនុស្សម្នាក់នោះធ្វើបាបលោកប៉ានិងអ្នកម៉ាក់របស់គេ ហើយនៅលេបយកក្រុមហ៊ុននិងគ្រប់យ៉ាងរបស់គ្រួសារគេទៀត គេនឹងមិនអន់ឱនឲ្យមនុស្សអាក្រក់ម្នាក់នោះបានទេ។
   រាងក្រាស់អង្គុយនៅលើកៅអីក្បែរលោកប៉ាដែលគេងនៅលើគ្រែមិនកម្រើក តាំងពីលោកប៉ារបស់គេជួបគ្រោះថ្នាក់ចរាចរណ៍មក គេមិនដែលបានមកមើលលោកប៉ាបានម្តងទេ ពេលនេះគេបានមកហើយ ប៉ុន្តែស្ថានភាពរបស់លោកប៉ា គេពិតជាពិបាកទទួលយកខ្លាំងណាស់ ហេតុអ្វីមនុស្សរឹងមាំម្នាក់អាចប្រែក្លាយជាអ្នកជំងឺគេងនៅលើគ្រែមួយកន្លែងបែបនេះ? ។
   « លោកប៉ា ហ៊ឹក! សុំទោសដែលកូនមកមើលលោកប៉ាយឺតពេលបន្តិច ហ៊ឹក! សុំទោសដែលបណ្ដោយឲ្យលោកប៉ារងទុក្ខលំបាក ហ៊ឺ! » រ៉េន ក្រសោបប្រអប់ដៃជ្រួញតាមវ័យណែនដៃ ទឹកភ្នែកកូនប្រុសស្រក់ចុះមកម្តងមួយដំណក់ៗដោយភាពឈឺចាប់ពេញដើមទ្រូង។ គេមិនបានការ ទើបធ្វើឲ្យគ្រួសារធ្លាក់មកដល់ចំណុចនេះ លោកប៉ាក្រោកមកជេរស្តីបន្ទោសគេឲ្យខ្លាំងៗដូចពីមុនទៀតមក ម្តងនេះគេនឹងមិនតមាត់ជាមួយលោកប៉ាទេ។
  
   ក្រឡេកមកមើលស្រីក្រមុំដែលនៅអង្គុយក្នុងបន្ទប់គេងដែលអ្នកស្រី ដាលីន បានរៀបចំឲ្យនាងវិញ។ ហេតុការណ៍ដែលបានកើតឡើងកាលពីពេលថ្ងៃនៅដក់ជាប់ក្នុងខួរក្បាលរបស់នាងមិនរលុបធ្វើឲ្យនាងឈឺក្បាលស្ទើរតែផ្ទុះទៅហើយ បេះដូងលោតញាប់ដោយភាពភ័យខ្លាចលាយឡំនឹងអារម្មណ៍ឈឺចាប់គ្រប់ពេលស្រម៉ៃឃើញរូបរាងលោកយាយចំណាស់ត្រូវគេងស្លាប់នៅនឹងមុខ។
   ក្រាក!
   សំឡេងទ្វាបន្ទប់ធ្វើឲ្យ ណាប៊ី ចោលកែវភ្នែកពេញដោយក្តីឈឺចាប់មករកអ្នកដែលបើកទ្វាបន្ទប់ចូលមករកនាង។
   « ខ្ញុំមានរឿងចង់និយាយជាមួយនាង » អ្នកស្រី ដាលីន ដើរចូលមកជិត ណាប៊ី ដោយទឹកមុខមុឺងម៉ាត់បញ្ជាក់ប្រាប់អ្នកដែលងើយមុខសម្លឹងមកនាងឲ្យបានដឹងថានាងកំពុងមានរឿងសំខាន់ចង់និយាយជាមួយ។
   « អ្នកស្រី មានរឿងអ្វីចង់និយាយជាមួយខ្ញុំ? » ណាប៊ី លើកដៃជូតទឹកភ្នែកដែលស្រក់ចុះមកលើថ្ពាល់ចេញស្ងួតមុននឹងក្រោកឡើងសួរទៅកាន់អ្នកស្រី ដាលីន វិញ។
   « និយាយតាមត្រង់ទៅចុះ ស្ថានភាពរបស់នាងនិងគ្រួសារខ្ញុំនៅក្នុងពេលនេះមិនខុសគ្នាប៉ុន្មានទេ បើនាងព្រមសហការណ៍ជាមួយខ្ញុំ យើងទាំងអស់គ្នានឹងអាចឆ្លងផុតស្ថានភាពដ៏លំបាកនេះទៅជាមួយគ្នា » អ្នកស្រី ដាលីន ចោលភ្នែកសម្លឹងទៅទិដ្ឋភាពព្រិលធ្លាក់នៅខាងក្រៅផ្ទះ ទាំងមាត់កំពុងនិយាយជាមួយស្រីក្រមុំដែលឈរក្បែរដៃ ។
   រូបរាងត្រជាក់ស្រឹបរបស់អ្នកស្រី ដាលីន ធ្វើឲ្យ ណាប៊ី មានអារម្មណ៍មិនទុកចិត្ត ព្រោះនាងធ្លាប់បានស្គាល់អ្នកស្រី ដាលីន កន្លងមកហើយថានាងជាមនុស្សបែបណា នៅសុខៗអ្នកស្រី ដាលីន បែរជាមកចង់សហការណ៍ជាមួយនាង ទើបនាងមិនគិតចង់សហការណ៍អ្វីជាមួយអ្នកស្រី ដាលីន សោះ ណាមួយនាងក៏មិនមានបំណងចង់ប្រឆាំងនឹង គីរ៉ាន់ ស្រាប់ផង។
   « ខ្ញុំគ្រាន់តែជាគ្រូពេទ្យធម្មតាម្នាក់គ្មានលទ្ធភាពអ្វីជួយអ្នកស្រីបានទេ » ណាប៊ី ដាក់ខ្លួន បដិសេធយ៉ាងគួរសមហើយក៏បម្រុងដើរចេញទៅ តែក៏ត្រូវសម្តីរបស់អ្នកស្រី ដាលីន កាត់ដំណើររបស់នាង។
   « ខ្ញុំដឹងថានាងជាអ្នកណា មកពីណា ហើយក៏ដឹងទៀតផងថាជីវិតរបស់នាងកំពុងតែស្ថិតនៅក្នុងដៃរបស់ គីម គីរ៉ាន់ » អ្នកស្រី ដាលីន ងាកមុខមករកអ្នកដែលឈរនៅជិតខ្លួនវិញដោយកែវភ្នែកមុតបំផុត។
   « គីម គីរ៉ាន់ ជាកូនប្រុសចិញ្ចឹមលោកប៉ាអ្នកម៉ាក់របស់នាងមែនទេ? គីម ណាប៊ី ហើយគេក៏...ជាអ្នកសម្លាប់លោកប៉ាអ្នកម៉ាក់របស់នាង ខ្ញុំនិយាយត្រូវទេ?»
   ណាប៊ី ឈានជើងថយក្រោយមួយជំហានយ៉ាងតក់ស្លុតពេលបានលឺគ្រប់យ៉ាងដែលទាក់ទងនឹងនាងចេញពីមាត់របស់អ្នកស្រី ដាលីន ហើយ។ រឿងរ៉ាវអតីតកាលដ៏ឈឺចាប់បំផុតដែលនាងមិនធ្លាប់ហ៊ាននិយាយចេញមកម្តងណា សូម្បីតែគិតដល់ក៏ធ្វើឲ្យនាងតក់ស្លុតភ័យខ្លាចឡើងញ័រអស់ខ្លួនប្រាណពេលនេះនាងបែរជាបានលឺចេញពីមាត់របស់អ្នកដទៃម្នាក់ទៅវិញ តើអ្នកស្រី ដាលីន បានដឹងរឿងអ្វីខ្លះ? ហើយហេតុអ្វីអ្នកស្រី ដាលីន ទៅស៊ើបរឿងទាំងអស់នោះមក? ។
   « អ្នកស្រី...បានដឹងរឿងអ្វីខ្លះ? » ណាប៊ី សួរទៅកាន់អ្នកស្រី ដាលីន ទាំងសំឡេងញ័រដោយភាពតក់ស្លុត។
   « គ្មានរឿងអ្វីដែលខ្ញុំចង់ដឹងហើយមិនអាចដឹងបានទេ សូម្បីតែរឿងដែលនាងលួចមានចិត្តលើកូនប្រុសរបស់ខ្ញុំតាំងពីរៀនថ្នាក់វិទ្យាល័យ »
   « អ្នកស្រីលួចស៊ើបពីខ្ញុំ? »
   « ខ្ញុំស៊ើបពីនាងព្រោះតែនាងពាក់ព័ន្ធនឹងសម្ព័ន្ធ អ៊ីសាជី ប៉ុណ្ណោះ ខ្ញុំក៏បានដឹងរឿងសំខាន់មួយទៀតទាក់ទងនិងសម្ព័ន្ធ អ៊ីសាជីនិងនាងផងដែរ រឿងមួយនេះខ្ញុំមិនចាំបាច់ត្រូវនិយាយទេ ព្រោះនាងក៏ដឹងខ្លួនឯងច្បាស់ហើយ »
   « ហេតុនេះហើយទើបអ្នកស្រីចង់សហការណ៍ជាមួយខ្ញុំ ដើម្បីឲ្យខ្ញុំជួយអ្នកស្រីយកក្រុមហ៊ុនមកវិញ »
   « ត្រូវហើយ ប៉ុន្តែការសហការណ៍មួយនេះមិនមែនបានប្រយោជន៍តែលើខ្ញុំម្នាក់ឯណា នាងក៏អាចរួចផុតពីក្នុងកណ្តាប់ដៃរបស់ គីរ៉ាន់ ដូចគ្នា ឬក៏នាងមិនចង់មានសេរីភាពទេ? »
   « សេរីភាពមែនទេ? មិននៅក្នុងសម្ព័ន្ធ អ៊ីសាជី គឺជាសេរីភាពរបស់ខ្ញុំហើយ » ណាប៊ី ញញឹមស្រាលៗទាំងកែវភ្នែករលីងរលោងតបទៅកាន់អ្នកស្រី ដាលីន វិញ។
   « សូមនាងធ្វើដើម្បី រ៉េន ម្តងទៀតបានទេ? » អ្នកស្រី ដាលីន ទម្លាក់សំឡេងបន្តិចពេលដឹងថា ណាប៊ី មិនចង់ពាក់ព័ន្ធនឹងសម្ព័ន្ធ អ៊ីសាជី ទៀត។ បើ ណាប៊ី មិនព្រមជួយ  នាងនិងរ៉េន យកគ្រប់យ៉ាងមកវិញមិនបានទេ ។
   « ខ្ញុំពិតជាចង់ជួយ រ៉េន ខ្លាំងណាស់ តែខ្ញុំមិនដឹងជួយគេដោយវិធីណាពិតមែន សុំទោសផងអ្នកស្រី ដាលីន » ណាប៊ី ឱនមុខចុះសុំទោសអ្នកស្រី ដាលីន ហើយក៏ដើរចេញទៅ។
   « រៀបការជាមួយកូនប្រុសខ្ញុំទៅ? ក្រែងបានរស់នៅជាមួយគេជាបំណងប្រាថ្នារបស់នាងមែនទេ? រៀបការជាមួយគេគឺអាចជួយគេបានហើយ »
   ណាប៊ី ឈប់ជើងង៉ក់ស្របពេលបេះដូងលោតជិតចេញមកខាងក្រៅពេលបានលឺសម្តីរបស់អ្នកស្រី ដាលីន ហើយ តើនាងកំពុងតែរំភើបចំពោះរឿងដែលមិនអាចទៅរួចចឹងមែនទេ? ទោះអ្នកម៉ាក់របស់គេព្រមក៏គ្មានថ្ងៃគេព្រមរៀបការជាមួយនាងដែរ ឈប់ស្រម៉ៃទៅ ណាប៊ី ។
   « រ៉េន ច្បាស់ជាមិនព្រមរៀបការជាមួយខ្ញុំទេ » ណាប៊ី ងាកទៅតបជាមួយអ្នកស្រី ដាលីន ហើយក៏ដើរចេញ។
   ក្រាក!
   « ខ្ញុំព្រមរៀបការជាមួយនាង » រ៉េន បើកទ្វាបន្ទប់មកផ្តល់ចម្លើយឲ្យស្រីក្រមុំដែលដើរមកឈប់នៅចំពោះមុខរបស់គេច្បាស់ៗ គេបានឈរនៅក្រៅស្តាប់នាងនិងអ្នកម៉ាក់របស់គេនិយាយគ្នាយូហើយ បើមានតែវិធីនេះទើបអាចឲ្យគេយកក្រុមហ៊ុនមកវិញបាន គេនឹងរៀបការជាមួយនាង។
   « ...» ណាប៊ី គាំងធ្មឹងមួយកន្លែងព្រោះមិននឹកស្មានថានាងនឹងអាចលឺប្រយោគមួយឃ្លានេះចេញពីមាត់របស់គេ។
   « តែនាងកុំទាន់សប្បាយចិត្ត ព្រោះការរៀបការមួយនេះធ្វើឡើងព្រោះតែដណ្តើមក្រុមហ៊ុនមកវិញតែប៉ុណ្ណោះ បើក្រុមហ៊ុន ថ័ររ៉េស បានមកវិញពេលណា ពួកយើងក៏នឹងលែងលះគ្នាហើយដើរផ្លូវរៀងដូចដើម និយាយឲ្យងាយយល់ពួកយើងគ្រាន់តែធ្វើជាប្តីប្រពន្ធក្លែងក្លាយប៉ុណ្ណោះ មិនមានអ្នកណាមានសិទ្ធិគ្រប់គ្រងលើអ្នកណាឡើយ តើនាងព្រមដែរទេ? »
   « ប្តីប្រពន្ធក្លែងក្លាយតែមានសំបុត្រអាពាហ៍ពិពាហ៍ពិតប្រាកដចឹងមែនទេ? »
   « ពិតមែនហើយ យ៉ាងណានាងក៏បានរស់នៅជាមួយខ្ញុំក្នុងផ្ទះតែមួយរាល់ថ្ងៃ ក្រែងនេះជាបំណងប្រាថ្នារបស់នាងមែនទេ? »
   សម្តីរបស់គេដូចជាកំពុងតែធ្វើឲ្យនាងយល់ថាគេកំពុងយកក្តីស្រលាញ់របស់នាងទៅធ្វើជាប្រយោជន៍ដើម្បីរកស៊ីអ៊ីចឹង ប៉ុន្តែមិនថាគេគិតចំពោះនាងយ៉ាងណា គេមើលងាយនាងយ៉ាងណាតែសម្រាប់នាង គេនៅតែជាមនុស្សសំខាន់ នាងនៅតែចង់ជួយគេ ព្រោះជីវិតរបស់នាងក៏គ្មានន័យអ្វីឡើយបើមិនយកទៅជួយជាប្រយោជន៍ដល់អ្នកដទៃនោះ។
   « យល់ព្រម ខ្ញុំនឹងរៀបការជាមួយលោក ដើម្បីយកក្រុមហ៊ុនរបស់លោកមកវិញ » ណាប៊ី ឆ្លើយតបច្បាស់ៗតែទឹកមុខនៅក្រៀមក្រំមិនប្តូរហើយនាងក៏ដើរចេញទៅខាងក្រៅយ៉ាងលឿន។
   « គីម គីរ៉ាន់ ពួកយើងនឹងបានជួបគ្នាឆាប់ៗនេះហើយ » រ៉េន ក្តាប់ដៃឡើងណែនកែវភ្នែកប្រែជាក្រហមពេញដោយកំហឹងពេលគិតដល់អ្នកដែលបានធ្វើឲ្យគ្រួសាររបស់គេធ្លាក់មកដល់ចំណុចនេះ។
  
   ភូមិគ្រឹះម្ចាស់សម្ព័ន្ធ អ៊ីសាជី
   ប្រាវ!
   កែវស្រាប៉ះត្រូវបញ្ឆិតថ្ងាសរបស់ តូរីន ខ្ទាតទៅត្រូវនឹងជញ្ជាំងបែកខ្ទេចគ្មានសល់រូបរាង ចំណែកថ្ងាសរបស់ជំនួយការរូបសង្ហាក៏ត្រូវហូរឈាមមួយរំព្រិច ។
   « គ្មានបានការ គ្នាដប់ម្ភៃនាក់ចាប់មនុស្សម្នាក់មិនបាន » គីរ៉ាន់ សម្លុតស្តីបន្ទោសឲ្យ តូរីន ដែលឱនមុខចុះទទួលស្គាល់កំហុស។
   « សុំទោសចៅហ្វាយ លើកក្រោយខ្ញុំមិនឲ្យភ្លាត់ទៀតទេ »
   « ឆាប់ទៅរកកន្លែងស្នាក់នៅរបស់ពួកគេឲ្យឃើញ ហើយចាប់នាងមកវិញឲ្យបានមុនពិធីគម្រប់ខួបលោកប៉ាអ្នកម៉ាក់មកដល់ ព្រោះពេលនោះក្រុមប្រឹក្សាចាស់ៗដែលធ្លាប់ធ្វើការឲ្យលោកប៉ាច្បាស់ជាលើករឿងអ្នកស្នងតំណែងមកប្រឆាំងជាមួយយើងទៀតមិនខាន »
   « បាទ ចៅហ្វាយ » តូរីន រត់ចេញទៅទាំងដៃកាន់កន្សែងជូតឈាមនៅលើថ្ងាស ព្រោះរឿងតាមចាប់ខ្លួនរបស់ ណាប៊ី មកវិញសំខាន់ខ្លាំងណាស់ គេមិនអាចភ្លាត់ម្តងទៀតទេ ព្រោះបើគេភ្លាត់ម្តងទៀត តំណែងម្ចាស់សម្ព័ន្ធរបស់ចៅហ្វាយនាយរបស់គេអាចនឹងត្រូវអ្នកផ្សេងឆក់យកទៅបាត់នៅក្នុងពិធីគម្រប់ខួបខាងមុខក៏ថាបាន។
  
            រងចាំភាគបន្ត
  
 
  
  

  
  
  
  
   
  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now