ភាគ១៣

76 3 0
                                    

“ ហេតុអ្វីមិនផ្តល់ឱកាសឲ្យនាងម្តង? ”

  អ្នកស្រី ដាលីន ដើរចេញពីមន្ទីរពេទ្យសំដៅទៅឡានទំនើបដែលចតចាំនាងជាស្រេចនៅខាងមុនមន្ទីរពេទ្យ។
  ក្រាក!
  រាងចំណាស់ហៃសូចូលទៅក្នុងឡានទំនើបរបស់ខ្លួនដែលមានមនុស្សម្នាក់អង្គុយក្នុងឡានចាំនាងជាស្រេច។
  « នេះជាលុយរង្វាន់របស់នាងដែលបានយកដំណឹងដែល រ៉ូជីន ស្នាក់នៅក្នុងមន្ទីរពេទ្យមួយនេះប្រាប់ខ្ញុំទាន់ពេល » អ្នកស្រី ម៉ាដាលីន ដកលុយពីកាបូបស្បែកពណ៌ខ្មៅរបស់ខ្លួនឲ្យទៅអ្នកគ្រូពេទ្យ ហារ៉ា ដែលអង្គុយក្នុងឡានជាមួយនាង។
  « អរគុណអ្នកស្រីណាស់ បើអ្នកស្រីមានរឿងអ្វីចង់ឲ្យខ្ញុំធ្វើអាចប្រាប់បាន » ហារ៉ា យកលុយដាក់ក្នុងហោប៉ៅអាវពេទ្យយ៉ាងលឿនដោយស្នាមញញឹមពេញចិត្តចំពោះចំនួនលុយដែលអ្នកស្រី ដាលីន បានឲ្យមកនាងជារង្វាន់ដែលនាងបានយករឿងដែល រ៉ូជីន ស្នាក់នៅមន្ទីរពេទ្យព្រមទាំងអាថ៍កំបាំងរបស់ ណាប៊ី ប្រាប់ទៅអ្នកស្រី ដាលីន។
  « នាងមិនបាច់ធ្វើអ្វីច្រើនទេ គ្រាន់តែជួយមិនឲ្យក្មេងស្រី ណាប៊ី នោះចូលទៅជិតកូនប្រុសរបស់ខ្ញុំទៀតបានហើយ »
  « ចាស ខ្ញុំដឹងហើយ »
  « នៅមានរឿងមួយទៀត នៅថ្ងៃស្អែកក្មួយរបស់ស្រីរបស់ខ្ញុំនាងនឹងមកទីនេះ នាងជួយមើលក្មួយស្រីរបស់ខ្ញុំផង កុំឲ្យនាងបង្ករឿងផ្តេសផ្តាសនៅទីនេះសោះលឺទេ »
  « អ្នកស្រីទុកចិត្តចុះ ខ្ញុំនឹងមើលក្មួយស្រីអ្នកស្រីឲ្យបានល្អបំផុត »

   ថ្ងៃថ្មី
   ងុឺត!
   ឡានទំនើបពណ៌ខ្មៅរលោងស្រិលឈប់នៅខាងមុខមន្ទីរពេទ្យក្រោមព្រិលក្រាស់សឹងមើលមុខគ្នាមិនច្បាស់ ទើបអ្នកគ្រូពេទ្យ ហារ៉ា ដែលបានទទួលការពឹងពាក់ពីអ្នកស្រី ដាលីន កាលពីម្សិលមិញរហ័សបើកឆ័ត្រពណ៌ខ្មៅរបស់មន្ទីរពេទ្យចេញទៅទទួលស្រីក្រមុំដែលឈានជើងចុះពីឡាន។
   « អ្នកនាង ដាវីណា មែនទេ? »
   « ចាស គឺខ្ញុំ ដាវីណា » ម្រាមស្រឡូនលើកដោះវ៉ែនតាខ្មៅចេញពីកែភ្នែកកាចឆ្នាស់របស់ខ្លួនងាកទៅតបជាមួយសំណួររបស់អ្នកដែលមកឈរបាំងឆ័ត្រឲ្យនាងដោយរិកពារឆ្មើងឆ្មៃ។
   « ចឹងឆាប់ចូលទៅរកអ្នកប្រុស រ៉េន ល្អជាង »
   ហារ៉ា ដើរនាំផ្លូវ វីណា ចូលទៅក្នុងមន្ទីរពេទ្យហើយក៏នាំឡើងជណ្តើរទៅកាន់បន្ទប់របស់ រ៉េន។
   « រ៉េន ស្នាក់នៅបន្ទប់ណា? »
   « គឺបន្ទប់លេខ៣៦៥ខាងមុននេះហើយ អ្ហាក! » ហារ៉ា អាក់ដំណើរពេលក្រឡេកឃើញ ណាប៊ី កំពុងលឹបលនៅមុខបន្ទប់របស់ រ៉េន ។
   « ឆាប់ដើរទៅ! » វីណា សម្លុតពេលឃើញអ្នកនាំផ្លូវរបស់នាងហាក់មិនចង់នាំនាងទៅបន្ទប់របស់ រ៉េន ឬក៏នៅបន្ទប់របស់ រ៉េន មានអ្វីចម្លែក?។
   « ចាស » ហារ៉ា បង្ខំនាំ វីណា ទៅបន្ទប់របស់ រ៉េន ទាំងដឹងច្បាស់ថាបើ វីណា បានជួប ណាប៊ី ច្បាស់ជាមានរឿងមិនល្អកើតឡើងមិនខាន។
   « នាង! » វីណា ស្រែកដាក់ស្រីក្រមុំដែលមកឈរលឹបលនៅមុខបន្ទប់គូដណ្ដឹងរបស់នាងដោយភាពមិនពេញចិត្ត។
  «...» ណាប៊ី ងាកមកតាមសំឡេងឆ្នាស់ឆ្នើមទើបបានប្រទះនឹងស្រីស្រស់រិកពារហៃសូម្នាក់ឈរសម្លឹងនាងពីក្បាលដល់ចុងជើងដោយកែវភ្នែកចម្លែក។
   « នាងជាគ្រូពេទ្យឬជាចោរបន្លំធ្វើគ្រូពេទ្យហា៎? ទើបមកឈរលឹបលនៅមុខបន្ទប់អ្នកជំងឺបែបនេះ » វីណា ឱបដៃថាឲ្យ ណាប៊ី ដោយមិនពេញចិត្តជាមួយ ណាប៊ី តាំងពីបានជួបដំបូង។
   « ចុះអ្នកនាងវិញជាអ្នកណា? ឬជាអ្នកជំងឺសរសៃប្រសាទដែលមកថ្មីមែនទេ? » ណាប៊ី សម្លឹងមើល វីណា លើក្រោមមើលរបៀបតែងខ្លួនរបស់នាងហៃសូចម្លែក នៅក្នុងមន្ទីរពេទ្យមួយនេះមិនដែលមានសាច់ញាតិអ្នកជំងឺម្នាក់ណាស្លៀករ៉ូបរឹបរាងវាលខ្នងបញ្ចេញភ្លៅខ្ចីមកមើលអ្នកជំងឺបែបនេះទេ ហើយនាងក៏មិនធ្លាប់ឃើញអ្នកណាស្លៀកពាក់បែបនេះនៅរដូវរងាដែរ ទើបនាងគិតថា វីណា ជាអ្នកជំងឺសរសៃប្រសាទដែលផ្លាស់មកថ្ងៃនេះ ព្រោះម្សិលមិញលឺប្រធានពេទ្យប្រាប់ថាមានអ្នកជំងឺសរសៃប្រសាទបានផ្លាស់មក។
   « នេះ...នាងជេរថាខ្ញុំឆ្កួតមែនទេ? » វីណា លើកដៃចង្អុលមុខរបស់ ណាប៊ី ខឹងឡើងញ័រខ្លួនទទ្រើកចង់តែចាប់ហែកមាត់ស្រីក្រមុំដែលហ៊ានបន្លំជេរនាង។
   « អ្នកគ្រូពេទ្យ ហារ៉ា នៅទីនេះមិនមែនផ្នែកសរសៃប្រសាទទេ គួរតែនាំទៅអគារខាងត្បូងទើបត្រូវ » ណាប៊ី ដឹងថានិយាយជាមួយអ្នកជំងឺសរសៃប្រសាទមិនត្រូវគ្នា ទើបសសៀរខ្លួនតាមជញ្ជាំងគេចពីម្រាមដៃចង្អុលរបស់ វីណា ទៅខ្សឹបប្រាប់ ហារ៉ា វិញ។
   « ខ្ញុំមិនមែនអ្នកជំងឺសរសៃប្រសាទទេ នាងនឹងហើយដែលសរសៃប្រសាទនោះ » វីណា ងាកទៅតាមជេរ ណាប៊ី ម្តងទៀត។
   « នាងមើលទៅស្ថិតនៅកម្រិតធ្ងន់ហើយ » ណាប៊ី ក្រវីក្បាលសោកស្តាយចំពោះស្ថានភាពសរសៃប្រសាទកម្រិតធ្ងន់របស់អ្នកជំងឺនៅចំពោះមុខហើយក៏ងាកទៅមើលមុខរបស់ ហារ៉ា តែ ហារ៉ា បែរជាងាកមុខចេញមិនព្រមអឺអើយល់ស្របជាមួយនាង ទើបធ្វើឲ្យ ណាប៊ី បើកភ្នែកធំៗដាក់ ហារ៉ា ដូចជាបានដឹងហើយថាអ្វីដែលនាងកំពុងគិតចំពោះ វីណា គឺខុសទាំងស្រុង។
   ក្រាក!
   ទ្វាបន្ទប់បើកឡើងស្របពេលដែលបរិយាកាសកំពុងតានតឹង ប៉ុន្តែគ្រប់យ៉ាងក៏ប្រែជាតានតឹងកាន់តែខ្លាំងឡើងនៅពេលដែលលេចវត្តមានរបស់ រ៉េន ចេញមក។
   « ដាវីណា! » រ៉េន ឧទានឈ្មោះស្រីក្រមុំឡើងដោយភាពភ្ញាក់ផ្អើល ទើបធ្វើឲ្យ ណាប៊ី ចំហរមាត់និយាយអ្វីលែងចេញ។
   « រ៉េន! បងត្រូវចាត់ការនាងឲ្យអូន » វីណា រំអួយរត់ទៅឱបអ្នកដែលអង្គុយលើរទេះហើយសុំឲ្យគេចាត់ការអ្នកដែលថានាងជាអ្នកជំងឺសរសៃប្រសាទមុននេះ។
   « ស៊យហើយឯង » ហារ៉ា ងាកមកសម្លឹងមុខរបស់អ្នកដែលបង្ករឿងហើយក៏រហ័សរំដោះខ្លួនរត់ចេញទៅបាត់ ទុកឲ្យណាប៊ី នៅឈរក្រោមក្រសែភ្នែកគួរឲ្យខ្លាចរអារបស់ រ៉េន តែម្នាក់ឯង។
   « អ្នកណាឲ្យនាងមកទីនេះ ក្រែងខ្ញុំប្រាប់ហើយថាមិនឲ្យនាងមកទីនេះទៀតទេ ឬក៏នាងថ្លង់ ទើបនិយាយស្តាប់គ្នាមិនបានបែបនេះ » គេគំហកឲ្យនាងមិនសំច្នៃមាត់ធ្វើដូចនាងជាផ្ទាំងស៊ីបដែលចាំរងពាក្យសម្តីមុតដូចកាំបិតរបស់គេដោយមិនចេះឈឺចាប់។
   « ខ្ញុំសុំទោស! » នាងបន្ទន់ខ្លួនឱនសុំទោសគេ តែនាងមិនបានសុំទោសព្រោះតែនាងមកទីនេះទេ នាងកំពុងតែសុំទោសចំពោះរឿងដែលនាងបានធ្វើចំពោះគេនិងរ៉ូជីទៅវិញទេ មិនថានាងសុំទោសគេប៉ុន្មានដងក៏មិនអាចធ្វើឲ្យនាងលែងមានអារម្មណ៍ថាខុសទៀតដែរ ទើបនាងចេះតែសុំទោសគេគ្រប់រឿងបែបនេះ។
   « ចេញទៅ ខ្ញុំមិនចង់លឺពាក្យសុំទោសរបស់នាងទេ មនុស្សអាត្មានិយមដូចជានាងមិនសមនឹងទទួលបានការលើកលែងទោសឡើយ »
   តក់!
   ទឹកភ្នែករបស់នាងស្រក់ទៅលើកម្រាលឥដ្ឋព្រោះតែពាក្យសម្តីដ៏ឃោឃៅរបស់គេ នាងពិតជាមានទោសធ្ងន់ដ៏ថ្នាក់មិនអាចទទួលបានការលើកលែងទោសពីគេមែនទេ? តើឲ្យនាងធ្វើបែបណាទើបអាចលុបលាងកំហុសមួយនេះបាន? នាងបានធ្វើល្អដាក់គេច្រើនណាស់ ប៉ុន្តែទង្វើល្អទាំងអស់នោះបែរជាមិនអាចយកឈ្នះកំហុសមួយបាន ពិតជាគួរឲ្យឈឺចាប់ខ្លាំងណាស់ ។
   « រ៉េន ខ្ញុំថាពួកយើងចូលទៅខាងក្នុងវិញទៅ កុំនៅនិយាយជាមួយមនុស្សឥតបានការនៅទីនេះអី នាំតែមួរម៉ៅឥតប្រយោជន៍ » វីណា សម្លក់ ណាប៊ី ហើយក៏រុញរទេះ រ៉េន ចូលទៅខាងក្នុងបន្ទប់វិញ ទាំង រ៉េន នៅក្តាប់ដៃខឹងមិនទាន់បាត់។
   «...» រ៉េន មិនមាត់ គេអង្គុយធ្មឹងលើរទេះឲ្យ វីណា រុញគេចូលទៅក្នុងបន្ទប់វិញ ព្រោះគេក៏មិនចង់នៅមើលមុខគួរឲ្យស្អប់របស់ ណាប៊ី បន្តទៀតដែរ ព្រោះតែនាងទើបគេខឹងខ្លាំងដល់ថ្នាក់នេះ គេមិនចង់ជួបមុខទៀតទេ គេស្អប់នាង ស្អប់ដល់ថ្នាក់សូម្បីតែមុខក៏គេមិនចង់ជួបផង។
  
   ក្រោមព្យុះព្រិលសស្គុសត្រជាក់ដ៏ឆ្អឹង រាងស្តើងពាក់អាវស្តើងរបស់គ្រូពេទ្យរត់ចេញមកខាងក្រៅទាំងទឹកភ្នែកស្រក់ជោកថ្ពាល់ ហេតុអ្វីគេមិនអាចផ្តល់ឱកាសឲ្យនាងបានម្តង? នាងមិនបានសុំឲ្យគេអភិទោសឲ្យនោះទេ គ្រាន់តែចង់ឲ្យគេផ្តល់ឱកាសឲ្យនាងបានធ្វើល្អដាក់គេម្តងទៀតប៉ុណ្ណោះ ដើម្បីឲ្យនាងអាចតបស្នងកំហុសដែលនាងបានធ្វើចំពោះគេនិងរ៉ូជីនខ្លះ បើគេមិនផ្តល់ឱកាសឲ្យនាងបែបនេះមិនខុសអី្វពីគេចង់សម្លាប់នាងទាំងរស់នោះទេ នាងស្រលាញ់គេខ្លាំងប៉ុណ្ណា តើគេមានដឹងទេ? ក្តីស្រលាញ់របស់នាងដែលមានឲ្យគេធំធេងប៉ុណ្ណាដឹងទេ ពិតមែនហើយគេមិនដឹងទេថានាងស្រលាញ់គេ ព្រោះនាងមិនដែលប្រាប់គេ ព្រោះនាងពូកែលាក់អារម្មណ៍មួយនេះពេកទើបគេចេះតែបានទៅផ្សេងបែបនេះ ប៉ុន្តែក៏ល្អដែលគេមិនស្រលាញ់នាង ល្អណាស់ដែលគេមិនស្រលាញ់នាង ទោះនាងឈឺចាប់ខ្លាំងប៉ុណ្ណាក៏មិនអីដែរ កុំឲ្យតែគេឈឺចាប់ទៅបានហើយ នាងសុខចិត្តទទួលយកការឈឺចាប់ទាំងអស់តែម្នាក់ឯងដើម្បីគេ។
   « ហ៊ឹក...ហ៊ឺ! »
   ឌឹប!
   ណាប៊ី រវល់តែលើកដៃជូតទឹកភ្នែកទើបជ្រុងទៅបុកនឹងដើមទ្រូងមាំរបស់បុរសម្នាក់ដែលកំពុងដើរកាត់ព្រិលដោយគ្មានឆ័ត្រមិនខុសពីនាង គេក៏ប្រហែលកំពុងតែមានរឿងឈឺចាប់ដូចជានាងដែរ។
   « ប្រយ័ត្នផង! » ប្រអប់ដៃមាំស្រវ៉ាឱបរាងតូចជាប់ក្នុងរង្វង់ដៃរបស់គេ បបូរមាត់ក្រាស់ញោចញញឹមយ៉ាងកំណាចដាក់អ្នកនៅក្នុងរង្វង់ដៃ ទើប ណាប៊ី រហ័សរុញគេចេញដោយភាពស្អប់ខ្ពើម។
   « ចេញឲ្យឆ្ងាយពីខ្ញុំទៅ! » ណាប៊ី ស្រែកដេញអ្នកដែលបម្រុងឈានជើងចូលមកជិតនាង ទាំងខ្លួនប្រាណប្រែជាញ័រទទ្រើកបបូរមាត់ចាប់ស្លេកស្លាំង បេះដូងលោតដោយភាពភ័យខ្លាចពេលបានឃើញមុខដ៏កំណាចរបស់បុរសម្នាក់នេះហើយ ។ ហេតុអ្វីគេមកទីនេះ? ឬក៏គេចង់ធ្វើអ្វីចំពោះនាងទៀតហើយ។
   « កុំខ្លាច! បងមិនមែនមករកអូនទេ គីម ណាប៊ី » គីរ៉ាន់ ញញឹមយ៉ាងឃោឃៅដាក់ស្រីក្រមុំដែលខ្លាចគេឡើងញ័រខ្លួនទទ្រើក ឃើញនាងខ្លាចគេបែបនេះធ្វើឲ្យគេសប្បាយចិត្តខ្លាំងណាស់ដឹងទេ បែបនេះគេគួរតែមកមើលនាងឲ្យញឹកញាប់បន្តិចដើម្បីមិនឲ្យនាងរឹងរូសដូចពីមុន។ គីរ៉ាន់ ឈោងដៃទៅប្រុងអង្អែលក្បាលស្រីក្រមុំដែលមានកម្ពស់ទាបជាងខ្លួន ប៉ុន្តែក៏ត្រូវនាងរុញដៃរបស់គេចេញនិងសម្លក់គេដោយកែវភ្នែកគួរឲ្យស្អប់បំផុត។ គីរ៉ាន់ ញញឹមទាំងក្នុងចិត្តកំពុងឆាបឆេះដូចភ្លើងព្រោះតែកែវភ្នែករបស់នាង គេប្រហែលជាទន់ភ្លន់ចំពោះនាងពេកហើយ ទើបក្មេងស្រីថ្នាក់ទាបដូចជានាងហ៊ានប្រឆាំងជាមួយគេបែបនេះ។
   « នាង! » គីរ៉ាន់ ស្ទុះចូលមកចាប់ច្របាច់ចង្កាតូចណែនដៃរហូតធ្វើឲ្យចង្កាតូចប្រែជាក្រហមតាមដៃរបស់គេ។ កែវភ្នែកប្រៀបដូចបិសាចសម្លឹងនាងដោយអារម្មណ៍ខឹងស្អប់ជាទីបំផុត គេចង់តែសម្លាប់នាងនៅទីនេះ តែគេមិនអាចធ្វើអ្វីនាងបានឡើយក្រៅពីដោះលែងនាងម្តងហើយម្តងទៀតទាំងចិត្តស្អប់។ គីរ៉ាន់ បន្ធូរកម្លាំងដៃមកវិញបន្តិចម្តងៗពេលភ្លើងកំហឹងចាប់ផ្តើមរលត់ទៅវិញហើយ គេដកដៃចេញពីចង្ការបស់នាងហើយប្តូរមករៀបសក់ដែលរញេរញៃរបស់នាងឲ្យរៀបរយដោយកាយវិការទន់ភ្លន់ខុសពីមួយវិនាទីមុនដូចមនុស្សពីរផ្សេងគ្នា។
   « ថ្ងៃនេះអារម្មណ៍ខ្ញុំមិនល្អទេ ដូច្នេះកុំមករឹងចចេសដាក់ខ្ញុំ » គេឱនមុខចូលទៅជិតៗនាងហើយខ្សឹបដោយសំឡេងឃោឃៅបំផុត កែវភ្នែករបស់គេបញ្ជាក់ថាគេអាចសម្លាប់នាងបានគ្រប់ពេលបើគេចង់ ទើបធ្វើឲ្យ ណាប៊ី ត្រូវឈររឹងខ្លួនភ័យខ្លាចស្ទើរមិនហ៊ានដកដង្ហើម រហូតគេដើរចេញទៅទើបនាងទន់ជើងដួលទៅលើដីទាំងទឹកភ្នែកស្រក់ចុះមកលើថ្ពាល់ម្តងមួយដំណក់ៗយ៉ាងឈឺចាប់បំផុត។
  
   នៅជាន់មួយរបស់មន្ទីរពេទ្យកំពុងមានបុរសម្នាក់អង្គុយលើរទេះសម្លឹងមើលសកម្មភាពក្រោមព្រិលសស្គុសរបស់កម្លោះក្រមុំពីរនាក់យ៉ាងពេញចិត្ត ទោះគេមិនដឹងថាបុរសម្នាក់នោះត្រូវជាអ្វីជាមួយ ណាប៊ី តែគេពិតជាពេញចិត្តចំពោះទង្វើគំរាមគំហែងដែលបុរសម្នាក់នោះបានធ្វើចំពោះនាងខ្លាំងណាស់ មនុស្សអាក្រក់ដូចជានាងសមតែបានជួបជាមួយបុរសម្នាក់ដែលអាក្រក់បែបនោះហើយទើបសម។
   « សមមុខនាងហើយ ណាប៊ី » រ៉េន ញោចមាត់ញញឹមយ៉ាងពេញចិត្តដោយមិនមានភាពអាណិតអាសូដល់ស្រីក្រមុំដែលកំពុងអង្គុយយំនៅកណ្តាលព្រិលក្រាស់សូម្បីតែបន្តិច ហើយគេក៏បង្វិលកងរទេះថយចេញទៅយ៉ាងចិត្តដាច់មិនខ្ចីងាកមកមើលនាងវិញសូម្បីតែបន្តិច។
  
   « មានអ្នកសន្លប់នៅក្រោមព្រិលហើយ » គ្រូពេទ្យម្នាក់ដើរកាត់ព្រិលបានឃើញ ណាប៊ី គេងសន្លប់នៅកណ្តាលព្រិលទើបនាងស្រែកហៅគ្នាឲ្យជួយ។
   « ឆាប់ជួយនាងផងទៅ »
   គ្រូពេទ្យដែលនៅខាងក្រៅរហ័សរត់ទៅជួយស្រីក្រមុំដែលនៅសុខៗក៏សន្លប់នៅក្រោមព្រិលក្រាស់ គ្រូពេទ្យនាំគ្នារត់ទៅជួយសង្គ្រោះនាងហើយក៏នាំនាងចូលទៅបន្ទប់សង្គ្រោះភ្លាមៗ។
            រងចាំភាគបន្ត

 

  
 
  
  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now