ភាគ៤៨

73 4 0
                                    

“ ល្បិចកលដណ្តើមអំណាច ”

   ចង្វាក់ភ្លេងទាន់សម័យនិងភ្លើងចម្រុះពណ៌រត់ប្រដេញគ្នាកាត់ដងខ្លួនភ្ញៀវវីអាយភីបីនាក់កំពុងអង្គុយផឹកស្រាអបអរភាគជោគជ័យរបស់ខ្លួន។
   « អបអរសាទរចៅហ្វាយដែលជិតបានសម្ព័ន្ធ អ៊ីសាជី ត្រឡប់មកក្នុងដៃវិញ » តូរីន លើកកែវស្រាឡើងអបអរចៅហ្វាយនាយ។
   « គ្រប់យ៉ាងបានជោគជ័យក៏ព្រោះតែឯង តូរីន ហើយនាងផងដែរ វីណា » គីរ៉ាន់ លើកកែវស្រាមកផឹកមួយកែវដោយទឹកមុខសប្បាយរីករាយ។
   « ពេលនេះយើងចាត់ការ ណាប៊ីនិងរ៉េន បានហើយ ប៉ុន្តែនៅមានតាចាស់ម្នាក់នោះទៀតដែលតាមរំខានពួកយើង » វីណា លើកកែវស្រាផឹកទាំងមិនសប្បាយចិត្តព្រោះទោះជា គីរ៉ាន់ ឡើងទៅកាន់តំណែងសម្ព័ន្ធ អ៊ីសាជី វិញ ក៏នឹងត្រូវរំខានដោយលោក យូនស៊ីន ដែរ ។
   « ចំពោះរឿងលោក យូនស៊ីន នាងកុំបារម្ភអី ខ្ញុំមានវិធីចាត់ការគេហើយ » គីរ៉ាន់ ញោចមាត់ញញឹមដាក់ វីណា ដោយទឹកមុខពេញដោយល្បិចកល។

  ព្រឹកថ្ងៃថ្មី

  គីរ៉ាន់ ចូលមកកាន់បន្ទប់ប្រជុំព្រមជាមួយ តូរីននិងវីណា ហើយក៏ចូលទៅអង្គុយកៅអីអគ្គនាយករបស់គេវិញម្តងទៀតយ៉ាងក្អេងក្អាង។
  « អ្នកទាំងអស់គ្នាប្រហែលបានដឹងព័ត៌មានទាក់ទងនឹងប្អូនស្រីរបស់ខ្ញុំហើយមែនទេ? ក្នុងនាមខ្ញុំជាបងប្រុសរបស់នាងនិងជាអ្នកស្នងតំណែងទីពីររបស់គ្រួសារ គីម ខ្ញុំនឹងមកអង្គុយនៅតំណែងអគ្គនាយករបស់សម្ព័ន្ធ អ៊ីសាជី ម្តងទៀតដើម្បីមើលថែសម្ព័ន្ធ អ៊ីសាជី តាមការផ្ដាំផ្ញើររបស់លោកប៉ាអ្នកម៉ាក់ »
  « តំណែងអ្នកដឹកនាំមិនអាចខ្វះបានទេ ដូច្នេះពួកយើងទុកចិត្តឲ្យលោកឡើងមកអង្គុយនៅតំណែងមួយនេះវិញ »
  « សូមស្វាគមន៍លោកប្រធានមកកាន់សម្ព័ន្ធ អ៊ីសាជី » តូរីន ស្រែកឡើងខ្លាំងៗធ្វើឲ្យគ្រប់គ្នាក្រោកឈរពីកៅអីបន្ទន់ខ្លួនគោរព គីរ៉ាន់ គ្រប់ៗគ្នា។
  ក្រាក!
  ភ្លាមៗលោក យូនស៊ីន ស្រាប់តែបើកទ្វាបន្ទប់ប្រជុំសម្រុកចូលមកទាំងកំហឹង។
  « ខ្ញុំមិនព្រមឲ្យ គីរ៉ាន់ មកធ្វើជាអ្នកដឹកនាំសម្ព័ន្ធ អ៊ីសាជី ឡើយ » លោក យូនស៊ីន លើករូបថតប៉ុន្មានសន្លឹកឡើងបង្ហាញគ្រប់គ្នានៅក្នុងបន្ទប់ប្រជុំដើម្បីប្រឆាំងតវ៉ាមិនឲ្យ គីរ៉ាន់ ឡើងកាន់តំណែងជាអគ្គនាយកម្តងទៀត។
  « ទាំងនេះជាអ្វី? » គ្រប់គ្នាបានឃើញរូបថតដែល គីរ៉ាន់ តូរីន និងវីណា នៅក្នុងឃ្លាំងលុយក្រោមដីហើយក៏នាំគ្នាស្រែកសួរគេដោយការខឹងសម្បារ។
  « អ្នកទាំងអស់គ្នាបានឃើញហើយ ថាអ្នកដែលលួចលុយពីរពាន់លានពីក្រុមហ៊ុនគឺជាគេ ដូច្នេះយើងមិនអាចឲ្យគេឡើងធ្វើជាអ្នកដឹកនាំមកសម្ព័ន្ធ អ៊ីសាជី បានឡើយ » លោក យូនស៊ីន យករូបថតប៉ុន្មានសន្លឹកនេះមកធ្វើជាភស្តុតាងចាត់ការ គីរ៉ាន់។
  « លោកគិតបកស្រាយបែបណា? លោក គីរ៉ាន់ » គ្រប់គ្នានៅក្នុងបន្ទប់ប្រជុំស្រែកសុំការបកស្រាយពី គីរ៉ាន់ ។
  «...» គីរ៉ាន់ មិនមាត់តែក៏ងាកទៅញោចមាត់ញញឹមដាក់លោក យូនស៊ីន ដោយការសមចិត្តបំផុត មុននឹងលើកដៃជាសញ្ញាដល់ តូរីន ឲ្យនាំភ្ញៀវពិសេសដែលគេត្រៀមទុកចូលមក។
  « ឆាប់យកគេចូលមក! » គ្រាន់តែ តូរីន ស្រែកភ្លាម កូនចៅដែលនៅខាងក្រៅក៏អូស ឆេមីន ដែលជាមនុស្សរបស់លោក យូនស៊ីន ចូលមកក្នុងបន្ទប់ប្រជុំភ្លាម។
  « ឯង...! » លោក យូនស៊ីន បើកភ្នែកធំទាំងភ្ញាក់ផ្អើល ព្រោះយប់មិញគេទើបតែយករូបថតទាំងនេះទៅឲ្យលោកដើម្បីទុកធ្វើជាភស្តុតាងចាត់ការ គីរ៉ាន់ សោះ តែពេលនេះគេក៏ត្រូវ គីរ៉ាន់ ចាប់បានបាត់ទៅហើយ ឬក៏រូបថតទាំងអស់ជាល្បិចរបស់ គីរ៉ាន់ ទេ។
   « ឆាប់និយាយទៅថាចៅហ្វាយឯងបានប្រើឲ្យឯងធ្វើអ្វីខ្លះ? » គីរ៉ាន់ អង្គុយចុះសួរចម្លើយ ឆេមីន ដែលត្រូវចងដៃជាប់ទាំងសងខាងដាក់ឲ្យអង្គុយផ្ទាល់លើឥដ្ឋកណ្តាលបន្ទប់ប្រជុំដែលមានបុគ្គលិកសំខាន់ៗក្នុងសម្ព័ន្ធ កំពុងចាំស្តាប់។
   « គឺលោកម្ចាស់ឲ្យខ្ញុំធ្វើបញ្ជីក្លែងក្លាយទិញប្រេងលើសចំនួនប្រើប្រាស់ ហើយក៏លួចយកទៅលក់នៅខាងក្រៅ ហើយនៅពេលអ្នកនាង ណាប៊ី ចាប់ប្រធានរោងចក្របានលោកម្ចាស់ក៏ប្រើឲ្យខ្ញុំរកមនុស្សនៅសម្លាប់ប្រធានរោងចក្របំបិទមាត់នៅក្នុងគុក »
   « ឆេមីន...ឯង! » លោក យូនស៊ីន ខឹងឡើងញ័រដៃទទ្រើក។
   « លោកពូនៅមានអ្វីចង់ដោះសារទេ? នៅមានរឿងកេងប្រវ័ញ្ចជាច្រើនទៀតដែលលោកបានលួចធ្វើនៅពីក្រោយខ្នងពួកយើងទាំងអស់គ្នា ខ្ញុំបានប្រមូលភស្តុតាងមកអស់ហើយ » វីណា ហុចភស្តុតាងទាំងអស់ឲ្យ គីរ៉ាន់ លើកបង្ហាញគ្រប់គ្នា។
   « ឯង...ឯងក៏មិនខុសពីយើងដែរ គីរ៉ាន់ »
   ក្រាក!
   « ពួកយើងជាប៉ូលីស មកនាំខ្លួនលោក យូនស៊ីននិងកូនចៅទៅប៉ុស្តិ៍ប៉ូលីសដើម្បីសួរចម្លើយពីបទរល្មើសសម្លាប់បំបិទមាត់និងកេងប្រវ័ញ្ចលុយក្រុមហ៊ុនដោយខុសច្បាប់ » ប៉ូលីស ចូលមកដល់តាមការហៅរបស់ គីរ៉ាន់ ហើយក៏យកខ្នោះដៃចាប់លោក យូនស៊ីន ចេញទៅ។
    គីរ៉ាន់ ឈរមើលប៉ូលីសចាប់លោក យូនស៊ីននិងឆេមីន ទៅបាត់ហើយ ទើបគេទាញឡេវអាវបិទយ៉ាងរាប់រយដើរចូលមកឈរនៅក្បែរកៅអីអគ្គនាយកម្តងទៀត។
   « ពេលនេះអ្នកទាំងអស់គ្នាដឹងហើយមែនទេថាអ្នកណាជាមនុស្សអាក្រក់ពិតប្រាកដនោះ? » គីរ៉ាន់ ញោចមាត់ញញឹមយ៉ាងសមចិត្តពេលឃើញគ្រប់គ្នាស្ងាត់មាត់មិនហ៊ានស្រែកប្រឆាំងនេះគេទៀត ថែមទាំងកំពុងតែយល់ស្របតាមគេទាំងមិនមានភាពស្ទាក់ស្ទើរ ទីបំផុតគេនៅតែអាចមកកាន់តំណែងមួយនេះបាន គ្មានអ្នកណាសាកសមអង្គុយនៅតំណែងមួយនេះជាងគេទៀតទេ។
.
.

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)حيث تعيش القصص. اكتشف الآن