ភាគ៣១

73 2 0
                                    

“ ប្លន់លុយពីរពាន់លាន ”

  ពន្លឺអំពូលពណ៌ទឹកក្រូចស្រាលបំភ្លឺច្រកចូលបន្ទប់ក្រោមដីដែលមានស្ថានភាពងងឹតនិងស្ងប់ស្ងាត់ខ្លាំង។
  ប៉ុក! ប៉ុក!
  សំឡេងបាតស្បែកជើងពណ៌ខ្មៅរលោងស្រិលប៉ះនឹងកាំជណ្តើរថ្មលាន់លឺបន្តបន្ទាប់រហូតនាំរាងកាយខ្ពស់ស្រស់ក្នុងឈុនគ្រ័រហ្សេពណ៌ខ្មៅចូលទៅដល់មាត់ទ្វាបន្ទប់ក្រោមដី។
  « ចៅហ្វាយ! » តូរីន ឱនគោរព គីរ៉ាន់ ដែលទើបនឹងមកដល់។
  «...» គីរ៉ាន់ ញោចចុងមាត់ញញឹមយ៉ាងកំណាចដាក់ តូរីន ទើប តូរីន រហ័សបើកទ្វាបន្ទប់ឲ្យចៅហ្វាយចូលពិនិត្យរបស់ដែលគេប្លន់មកបាន។
  លុយដ៏ច្រើនសន្ធឹកសន្ធាប់រៀបដាក់នៅកណ្តាលបន្ទប់ក្រោមដី សាច់ប្រាក់សុទ្ធពីរពាន់លានរៀបជារាងការ៉េបួនជ្រុងមានកម្ពស់ត្រឹមចង្កេះរាងក្រាស់ដែលឈរញញឹមបែបអ្នកឈ្នះយ៉ាងឃោឃៅ។
  « គេព្យាយាមធ្វើការងារទាំងយប់ទាំងថ្ងៃដើម្បីតែលុយទាំងអស់នេះ ប៉ុន្តែយើងបែរជាទទួលបានមកយ៉ាងងាយស្រួលបែបនេះទៅវិញ » គីរ៉ាន់ លើកលុយមួយដុំឡើងដោយស្នាមញញឹមឃោឃៅ។
  « មនុស្សល្ងង់ម្នាក់នោះពេលនេះប្រហែលកំពុងតែស្លឈាមព្រោះតែលុយរបស់ខ្លួនត្រូវពួកយើងប្លន់យកមកហើយ ហាសហា » តូរីន សើចឡើងយ៉ាងសប្បាយចិត្ត។
  « កុំភ្លេចចំណែករបស់ខ្ញុំណា »
  សំឡេងស្រួយពិរោះបន្លឺពីខាងក្រោយ ទាមទាររកចំណែករបស់នាង ធ្វើឲ្យ គីរ៉ាន់និងតូរីន រហ័សងាកទៅមើលនាង ក្រោយបានឃើញថាអ្នកដែលចូលមកជាអ្នកណាហើយ គីរ៉ាន់ ក៏បញ្ចេញញញឹមកាន់តែឃោឃៅលើសមុនទៅទៀត។
  « ខ្ញុំម្តេចនឹងអាចភ្លេចចំណែកនាងបានទៅ រ៉ូជីន! »
  បបូរមាត់ស្តើងពណ៌ក្រហមញោចញញឹមឡើងយ៉ាងពិសពុលពេលបានលឺ គីរ៉ាន់ ហៅឈ្មោះរបស់នាងហើយ នាងពិតជាចូលចិត្តពីរបៀបដែលគេហៅនាងបែបនេះណាស់ ការប្លន់លុយពីរពាន់លានលើកនេះក៏មានចំណែកនាងចូលរួមជួយដែរ ទើបនាងមកទាមទារចំណែករបស់នាង ។
  « សង្ឃឹមថាលោកនឹងមិនក្បត់ខ្ញុំម្នាក់ទៀតទេ »
  « នាងទុកចិត្តខ្ញុំបាន »
  និយាយហើយ គីរ៉ាន់និងរ៉ូជីន ញញឹមដាក់គ្នាដូចជាយល់ចិត្តគ្នាច្បាស់ណាស់ ព្រោះតែពួកគេមានចិត្តដូចគ្នាបែបនេះហើយ ទើបពួកគេព្រមសហការណ៍ជាមួយគ្នា។
 
  មន្ទីរពេទ្យ
 
  ណាប៊ី អង្គុយលើគ្រែអ្នកជំងឺក្នុងសម្លៀកបំពាក់ធម្មតាត្រៀមត្រឡប់ទៅផ្ទះវិញ។ រ៉េន នៅរៀបចំសម្លៀកបំពាក់នឹងរបស់របបខ្លះដោយខ្លួនឯងព្រោះនាងទើបងើបពីឈឺទើបគេមិនចង់ឲ្យនាងធ្វើកិច្ចការទាំងអស់នេះ។
  “ ខ្ញុំគួរតែឈឺឲ្យយូជាងនេះ ” ណាប៊ី អង្គុយយោលជើងច្រត់ចង្ការញញឹមសម្លឹង រ៉េន ដែលធ្វើការគ្រប់សព្វជំនួសនាង ធ្វើឲ្យនាងចង់ឈឺបន្តទៀត ដើម្បីឲ្យគេល្អជាមួយនាងបែបនេះរហូត។
  តុក!
  « សូមអនុញ្ញាត » លោកគ្រូដុកទ័របើកទ្វាចូលមកព្រមជាមួយក្រដាសវិនិច្ឆ័យស្ថានភាពសុខភាពរបស់ ណាប៊ី។
  « លោកដុកទ័រមានការអ្វីមែនទេ? ឬនាងមិនទាន់អាចចេញពីមន្ទីរពេទ្យបានទេ? » រ៉េន រហ័សសួរទៅកាន់គ្រូពេទ្យ ដោយមិនភ្លេចលួចចោលភ្នែកទៅសម្លឹងមុខរបស់ស្រីក្រមុំដែលអង្គុយលើគ្រែ គេកំពុងសង្ស័យថានាងនិយាយកុហករឿងគ្រូពេទ្យឲ្យចេញពីមន្ទីរពេទ្យ ។
  « អត់ទេ គឺអ្នកនាង ណាប៊ី អាចចេញទៅផ្ទះបានហើយ គ្រាន់តែខ្ញុំចង់មកនិយាយជាមួយអ្នកនាងរឿងលុយជំនួយដែលខាងសម្ព័ន្ធផ្តល់ឲ្យមន្ទីរពេទ្យតែប៉ុណ្ណោះ »
  « អញ្ចឹងលោកនិងនាងនិយាយគ្នាតាមសប្បាយចុះ ខ្ញុំចេញទៅចាំនៅខាងក្រៅមុន » រ៉េន យួរកាបូបដើរចេញទៅមុនបាត់។
  ក្រោយពីឃើញ រ៉េន ចេញទៅបាត់ហើយ លោកគ្រូពេទ្យក៏យកក្រដាសដែលកាន់មកជាមួយឲ្យទៅ ណាប៊ី មើល។ ណាប៊ី មើលក្រដាសដែលលោក ដុកទ័រ ឲ្យហើយក៏ដកដង្ហើមធំចេញមកទាំងទឹកមុខក្រៀមក្រំ។
 
  ណាប៊ី ដើរចេញពីមន្ទីរពេទ្យតែម្នាក់ឯង ព្រោះ រ៉េន បានចេញមកមុន ។
  ងុឺត!
  ឡានពណ៌ខ្មៅរបស់នាងបើកមកឈប់នៅពីមុខ ណាប៊ី កញ្ចក់ឡានខ្មៅចុចទម្លាក់ចុះបង្ហាញមុខមាត់ស្រស់សង្ហារបស់អ្នកបើកឡាននៅថ្ងៃនេះ។
  « ហេតុអ្វីថ្ងៃនេះលោកបើកឡានដោយខ្លួនឯង? » ណាប៊ី សួរទៅកាន់ រ៉េន ដោយងឿងឆ្ងល់។
  « គឺអ្នកបើកឡានសុំច្បាប់ នៅឈរធ្វើអ្វីទៀតឆាប់ឡើងឡានមកនឹងឆាប់បានត្រឡប់ទៅផ្ទះមុនមាឃងងឹត ខ្ញុំមិនចូលចិត្តចរាចរណ៍ពេលយប់ទេអ្នកនាង »
  ណាប៊ី ញញឹមដាក់គេបន្តិចហើយក៏ដើរឡើងឡាន ។
 
  មួយសន្ទុះក្រោយមក
 
  រ៉េន ចុចទម្លាក់កញ្ចក់ឡានបន្តិច ពេលឃើញនាងហាក់ដូចជាចង់ស្រូបយកខ្យល់អាកាសពីខាងក្រៅ ។ ណាប៊ី បិទភ្នែកដាក់មុខឲ្យប៉ះខ្យល់បរិសុទ្ធដែលបក់ចូលមកតាមបង្អួចឡាន បូករួមនឹងពន្លឺពណ៌មាសដ៏ស្រទន់របស់ព្រះសូរិយារៀបអស្តង្គតធ្វើឲ្យអារម្មណ៍របស់នាងធូរស្បើយមួយរំព្រិច។
  « ថ្ងៃលិចពិតជាស្រស់ស្អាតខ្លាំងណាស់មែនទេ? »
  « អ្ហា៎! » នៅសុខៗនាងស្រាប់តែងាកមកសួរគេ ទើប រ៉េន រកចម្លើយឆ្លើយស្ទើរមិនទាន់ តែក្រោយត្រៀមខ្លួនរួចហើយគេក៏ឆ្លើយតបជាមួយនាង។
  « ប្រាកដណាស់ ថ្ងៃលិចច្បាស់ជាស្រស់ស្អាតហើយ ព្រោះជាពេលមួយដែលយើងអាចមើលឃើញពីភាពស្រស់ស្អាតពិតប្រាកដរបស់ព្រះអាទិត្យ »
  « វាជាការចាកចេញដ៏ស្រស់ស្អាតមួយ » នាងងាកមកសម្លឹងមុខគេមិនដាក់ភ្នែកជាមួយស្នាមញញឹមនិងកែវភ្នែកដ៏ស្រស់ថ្លារបស់នាង ។
  « ចង់ឈប់ឡានមើលថ្ងៃលិចសិនទេ? »
  « ក្រែងលោកថាស្អប់ចរាចរណ៍ពេញយប់នោះអី? »
  « ឈប់តែបន្តិចមិនយប់ទេ? »
  រ៉េន តបជាមួយនាងហើយក៏ឈប់ឡានហើយអូសដៃនាងចុះទៅអង្គុយកៅអីនៅមាត់ទន្លេក្រោមដើមផ្កាឈើរីដែលកំពុងរីកស្គុះស្គាយធ្លាក់ស្រទាប់មកតាមជំនោរក្រាលពាលពេញដី។
  « វ៉ាវ! ទីនេះស្រស់ស្រាយខ្លាំងណាស់ » រ៉េន លាន់មាត់ឡើងដោយអារម្មណ៍ប្រែស្រស់ថ្លាមួយរំព្រិច កែវភ្នែកមាំសម្លឹងព្រះសូរិយាដែលកំពុងបន្ទាបខ្លួនតាមជើងមាឃ បញ្ចេញពន្លឺពណ៌មាសស្រទន់លួងលោមបេះដូងរបស់គេឲ្យអស់ទុក្ខព្រួយ ខ្យល់ត្រជាក់បក់នាំយកស្រទាប់ផ្កាឈើរីឲ្យហោះហើរជុំវិញខ្លូនប្រាណរបស់គេបង្កើតជារូបភាពដ៏ស្រស់ស្អាតមួយឲ្យស្រីក្រមុំសម្លឹងមើលគេមិនដាក់ភ្នែក។
  គេកំពុងតែសម្លឹងទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត តែនាងកំពុងសម្លឹងភាពស្រស់ស្អាតរបស់បុរសដែលនាងស្រលាញ់ តាំងពីជួបគេមកនាងមិនដែលឃើញគេញញឹមអស់ពីចិត្តបែបនេះទេ លើកទីមួយហើយដែលនាងឃើញគេសប្បាយចិត្តដ៏ថ្នាក់នេះ ។ កែវភ្នែកស្រទន់សម្លឹងមុខរបស់ រ៉េន ពីចំហៀងជំនួសឲ្យទេសភាពថ្ងៃលិចដែលនាងចង់មើលមុននេះ។ រ៉េន ងាកមុខរក ណាប៊ី ភ្លាមៗ ទើបប្រទះនឹងកែវភ្នែកស្រទន់ប្រៀបដូចពន្លឺថ្ងៃលិចរបស់នាង បេះដូងមាំប្រែជាញាប់ញ័រយ៉ាងចម្លែកធ្វើឲ្យគេត្រូវឈរភ្លឹកមួយនាទីដោយសារតែកែវភ្នែករបស់នាង។
  « ពួកយើងគួរតែទៅវិញ » រ៉េន រហ័សគេចមុខពី ណាប៊ី។
  « នៅបន្តិចទៀតបានទេ? » នាងបញ្ចេញសំឡេងបែបសុំអង្វរគេ។
  « នៅធ្វើស្អី? បើនាងមិនមើលថ្ងៃលិចផង? »
  « តែបន្តិចប៉ុណ្ណោះ » ណាប៊ី សម្លឹងមុខគេបែបអង្វរករធ្វើឲ្យគេអាណិតហើយនាងក៏ងាកទៅសម្លឹងផ្ទៃមេឃដែលប្រែជាក្រហមនិងកំពុងចាប់ផ្តើមស្រអាប់ទៅម្តងបន្តិចៗក្រោយព្រះសូរិយាពន្លិចខ្លួនចោលផ្ទៃមាឃឲ្យនៅឯកាហើយ។
  « ថ្ងៃលិចបាត់ហើយ នាងនៅមើលអ្វីទៀត? » រ៉េន ដើរមកឈរក្បែរ ណាប៊ី ព្យាយាមសម្លឹងតាមភ្នែកនាងព្រោះចង់ដឹងថានាងកំពុងមើលអ្វី។
  « លោកឃើញផ្កាយមួយដួងនោះទេ? » ណាប៊ី លើកដៃចង្អុលផ្កាយមួយដួងដែលរះបញ្ចេញពន្លឺឲ្យមនុស្សលោកបានឃើញមុនគេ។
  « ឃើញតើស! ហើយយ៉ាងម៉េច? » រ៉េន ឆ្លើយធ្វើដូចជាមិនចាប់អារម្មណ៍នឹងអ្វីដែលនាងប្រាប់គេ ទាំងដែលកំពុងចាំស្តាប់នាងយ៉ាងយកចិត្តទុកដាក់។
  « ផ្កាយមួយដួងនោះគឺជាខ្ញុំ » ណាប៊ី ងាកមកញញឹមចេញថ្ពាល់ខួចដាក់គេ ធ្វើឲ្យ រ៉េន គិតថានាងកំពុងតែចង់លេងសើចជាមួយគេ គេខំចាំស្តាប់នាងយ៉ាងយកចិត្តទុកដាក់តែចុងក្រោយនាងបែរជាមកនិយាយលេងកំប្លែកបែបកូនក្មេងទៅវិញ។
  « លេងអស់ចិត្តហើយមែនទេ? ចឹងទៅផ្ទះទៅ » គេធ្វើមុខក្រញ៉ូវបញ្ជាក់ថាមិនសប្បាយជាមួយការលេងរបស់នាង ហើយក៏ដើរបកក្រោយប្រុងទៅឡានវិញ។
  « បើថ្ងៃក្រោយលោកមានអារម្មណ៍ឯកាបន្ទាប់ពីព្រះអាទិត្យចាកចេញទៅ សូម្បីចាំថាខ្ញុំនៅត្រង់នោះ ខ្ញុំជាផ្កាយមួយដួងនោះ ខ្ញុំរះមកដើម្បីលួងលោមលោកជំនួសព្រះអាទិត្យដែលលិចបាត់ទៅ » ណាប៊ី ពោលឡើងពីខាងក្រោយខ្នងទូលាយធ្វើឲ្យជើងមាំដែលប្រុងឈានទៅមុនចាប់ផ្តើមឈប់មួយកន្លែងទាំងបេះដូងឈឺខ្ទោកអារម្មណ៍របស់គេប្រែជាសោកសៅមួយរំព្រិច តែគេមិនបានងាកទៅតបជាមួយនាងវិញទេ គេគ្រាន់តែធ្វើមិនដឹងហើយដើរទៅឡានបន្តយ៉ាងស្ងៀមស្ងាត់។
  « ចាំខ្ញុំផង! » ណាប៊ី រហ័សរត់ទៅតាមគេ ពេលគេមិនងាកក្រោយតបតជាមួយនាងបែបនេះ។
 
  ចំណតឡានក្រោមដី
 
  ឆេមីន កាន់ទូរស័ព្ទដើរយ៉ាងប្រញាប់ជើងសំដៅទៅឡានពណ៌ខ្មៅដែលចតរងចាំគេដូចសព្វដង។
  « ខ្ញុំបានយកវីដេអូពីកាំមេរ៉ាសុវត្ថិភាពនៅទីតាំងដែលឡានដឹកលុយត្រូវប្លន់មកហើយ » ឆេមីន ហុចវីដេអូក្នុងទូរស័ព្ទទៅឲ្យអ្នកដែលអង្គុយក្នុងឡានពិនិត្យមើល។
  « មនុស្សស្រីដែលទាក់មុនឡានជាអ្នកណា? »
  « បើតាមខ្ញុំស៊ើបមកនាងដូចជាអតីតមិត្តស្រីរបស់លោក រ៉េមី ថ័ររ៉េស ប៉ុន្តែមិត្តស្រីរបស់គេបានស្លាប់កាលពីប៉ុន្មានខែមុនហើយ ចម្លែកណាស់ដែលសុខៗនាងក៏លេចមុខមកម្តងទៀត »
  « ឆាប់ទៅស៊ើបមកថានាងទាក់ទងជាមួយអ្នកណាគេខ្លះ? យើងត្រូវរកអ្នកដែលយកលុយពីរពាន់លានរបស់យើងទៅឲ្យឃើញ » ដៃមាំក្តាប់យ៉ាងណែនដោយភាពខឹងសម្បារចំពោះលុយដែលបាត់ទៅ។
  « បាទ » ឆេមីន ឱនគោរពអ្នកអង្គុយក្នុងឡានបន្តិច ហើយក៏រហ័សដើរចេញទៅយ៉ាងលឿន។
              រងចាំភាគបន្ត
 
 

 

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)حيث تعيش القصص. اكتشف الآن