ភាគ១៥

97 5 0
                                    

“ ក្រោកឈរម្តងទៀត ”

     ទីក្រុង សេអ៊ូល
     ឡានទំនើបពណ៌ខ្មៅបើកដោយតៃកុងឡានវ័យចំណាស់ឲ្យចៅហ្វាយនាយដែលមានអាយុប្រហាក់ប្រហែលគ្នាអង្គុយនៅខាងក្រោយកំពុងនិយាយទូរស័ព្ទជាមួយភរិយាដោយទឹកមុខរីករាយ។
     « បងកំពុងតែនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញហើយ ការងារដែលនិយាយជាមួយសម្ព័ន្ធអ៊ីសាជី ដំណើរការបានល្អខ្លាំងណាស់ » លោក ហូរ៉េស អង្គុយនិយាយទូរស័ព្ទជាមួយភរិយាដែលនៅផ្ទះទាំងសប្បាយចិត្តព្រោះបញ្ហាក្រុមហ៊ុនទាំងអស់ក៏បានដោះស្រាយរួចរាល់បន្ទាប់ពីបានទៅសុំជំនួយពីក្រុមហ៊ុនសម្ព័ន្ធធំរបស់ជប៉ុន។
     “ ល្អណាស់ អូនក៏បានរៀបចំអាហារពេលល្ងាចហើយដែរ អូនចាំញុំជាមួយបងណា ”
     « បាទ បងទៅដល់ឥឡូវហើយ អ្ហា៎! »
     ផាំង! ប្រាវ!
     “ លោកបង! លោកបង! ” សំឡេងស្រែកហៅអ្នកជាស្វាមីដោយភាពតក់ស្លុតលាន់ចេញពីទូរស័ព្ទដែលនៅក្នុងដៃពេញដោយឈាមរបស់លោក ហូរ៉េស។
     រាងចំណាស់គេងក្នុងឡានដែលក្រឡាប់ជាច្រើនជុំធ្លាក់ទៅចិញ្ចើមផ្លូវ សភាពឡានមើលលែងយល់ព្រោះត្រូវឡានដឹកទំនិញធុនធ្ងន់បុកចំពាក់កណ្តាលពេញទំហឹងធ្វើឲ្យអ្នកបើកឡានស្លាប់ភ្លាម ចំណែកលោក ហូរ៉េស ក៏ស្ថិតនៅក្នុងសភាពសន្លប់បាត់ស្មារតីមិនដឹងថាស្លាប់ឬរស់នៅឡើយ។
    
     មន្ទីរពេទ្យជាយក្រុង
     ប្រាវ!
     កែវថ្លាធ្លាក់របូតពីដៃរបស់ រ៉េន ទាំងគ្មានមូលហេតុធ្វើឲ្យបែកកំពប់ទឹកពេញលើកម្រាលឥដ្ឋ។ រ៉េន រុញកងរទេះទៅយកទូរស័ព្ទនៅលើតុដើម្បីខលហៅគិលានុបដ្ឋាយិកាមកសម្អាតអំបែងកែវដែលគេធ្វើឲ្យបែកដោយអចេតនាមុននេះ។
     ទីង! ទីង!
     អ្នកម៉ាក់របស់គេខលចូលមកមុន ទើប រ៉េន ត្រូវលើកទូរស័ព្ទរបស់អ្នកម៉ាក់សិន។
     « ហាឡូ »
     “ រ៉េន ហ៊ឹក! ហ៊ឺ! ”
     « ម៉ាក់! តើមានរឿងអ្វីមែនទេ? » រ៉េន ផ្តើមភ័យព្រួយមួយរំព្រិចពេលលឺសំឡេងស្រែកយំតាមទូរស័ព្ទរបស់អ្នកម៉ាក់ហើយ។
     « ប៉ា...លោកប៉ារបស់កូនជួបគ្រោះថ្នាក់ចរាចរណ៍ ពេលនេះនៅបន្ទប់សង្គ្រោះបន្ទាន់ »
     « លោកប៉ា! » រ៉េន ដកទូរស័ព្ទចេញពីត្រចៀកទាំងគាំងធ្មឹងមួយកន្លែងដូចមនុស្សគ្មានវិញ្ញាណ។
     ក្រាក!
     « លោករ៉េន! » អ្នកគ្រូពេទ្យ ហារ៉ា ដឹងដំណឹងទើបប្រញាប់រត់មករក រ៉េន តែពេលមកឃើញសភាពតក់ស្លុតរបស់ រ៉េន នាងក៏អាចស្មានដឹងហើយថាគេទទួលបានដំណឹងរបស់លោកប៉ាគេ។
     « ខ្ញុំអាចទៅមើលលោកប៉ាទេ »
     « អ្នកស្រីប្រាប់ថាឲ្យលោកនៅចាំស្តាប់ដំណឹងនៅទីនេះហើយ ខាងក្រៅព្រិលធ្លាក់ក្រាស់ហើយថែមផ្លូវចូលក្រុងរអិលទៀត គាត់មិនចង់ឲ្យលោកមានរឿងអ្វីតាមផ្លូវម្នាក់ទៀតទេ »
     «...» រ៉េន ឱនមុខចុះបិទភ្នែកព្យាយាមសម្រួលអារម្មណ៍ដែលភ័យព្រួយបារម្ភខ្លាំងនាពេលនេះ គេមិនអាចធ្វើឲ្យអ្នកម៉ាក់បារម្ភម្នាក់ទៀតទេ ទើបគេជ្រើសរើសស្តាប់តាមសម្តីរបស់អ្នកម៉ាក់។
    
     រាងក្រាស់អង្គុយលើរទេះនៅមាត់បង្អួច កែវភ្នែកពេញដោយក្តីព្រួយបារម្ភសម្លឹងទៅខាងក្រៅដែលងងឹតឈឹងមើលមិនឃើញអ្វីក្រៅពីព្រិលដែលធ្លាក់ចុះយ៉ាងក្រាស់ ប្រអប់ដៃមាំទាំងគូកាន់ទូរស័ព្ទណែនដៃរងចាំទូរស័ព្ទរបស់អ្នកម៉ាក់។ ទោះទំនាក់ទំនងរវាងគេនិងគ្រួសារមិនសូវជាល្អប៉ុន្មាន ប៉ុន្តែគេស្រលាញ់អ្នកម៉ាក់និងលោកប៉ាខ្លាំងមិនចាញ់លោកទាំងពីរស្រលាញ់គេនោះទេ មិនថាលោកទាំងពីរចូលចិត្តរៀបចំជីវិតឲ្យគេមិនដូចជាអ្វីដែលចង់បាន ក៏គេមិនដែលខឹងស្អប់នឹងលោកទាំងពីរឲ្យបានពិតប្រាកដម្តងដែរ។
     ទីង!
     « ហាឡូ អ្នកម៉ាក់ តើលោកប៉ាយ៉ាងម៉េចហើយ? »
     « ការវះកាត់ជោគជ័យ ប៉ុន្តែត្រូវរងចាំមើលអាការះបន្តទៀត រ៉េន កូនត្រូវដើរវិញឲ្យបានណា ហ៊ឹក! ក្រុមហ៊ុនរបស់យើងត្រូវការកូនមកមើលថែជំនួសលោកប៉ា »
     « បាទម៉ាក់...ហ៊ឹក! ខ្ញុំនឹងក្រោកឈរម្តងទៀតឲ្យបាន ម៉ាក់ មើលថែលោកប៉ាឲ្យល្អចុះ » រ៉េន ក្តាប់ទូរស័ព្ទក្នុងដៃណែនទាំងទឹកភ្នែកស្រក់ចុះមកម្តងមួយតំណក់ៗយ៉ាងឈឺចាប់បំផុត គេបានបាត់បង់នារីជាទីស្រលាញ់ទៅម្តងហើយ គេមិនអាចបាត់បង់លោកប៉ាទៀតទេ ដល់ពេលហើយដែលគេត្រូវរឹងមាំឡើងដើម្បីអាចការពារគ្រប់យ៉ាងដែលនៅជុំវិញគេ ចាប់ពីពេលនេះទៅគេមិនព្រមបាត់បង់អ្វីទៀតឡើយ។
    
     ពីរខែក្រោយ
     រ៉េន ចាប់ផ្តើមរៀនដើរដោយប្រើឈើច្រត់ជាលើកដំបូង ជើងរបស់គេអាចដើរបានច្រើនហើយ មិនយូទេគេច្បាស់ជាអាចដើរបានឡើយវិញមិនខាន។
     ដុក!
     រ៉េន របូតដៃធ្វើឲ្យឈើច្រត់ម្ខាងធ្លាក់ទៅលើកម្រាលឥដ្ឋ គេមិនអាចឱនរើសបានទេ បើគេឱនរើសគេច្បាស់ជាដួលហើយពិបាកនឹងក្រោកឡើងវិញមិនខាន ទើបគេត្រូវស្រែកហៅអ្នកដែលមកជាមួយគេឲ្យជួយ។
     « វីណា ជួយរើសឈើច្រត់ឲ្យបន្តិច! » រ៉េន ងាកទៅត្រង់មាត់ទ្វាដែលស្រីស្រស់ឈរនៅមុននេះ ប៉ុន្តែពេលគេងាកទៅនាងក៏បាត់ស្រមោលទៅណាមិនដឹង នាងមកមើលថែគេឲ្យតែបានឈ្មោះប៉ុណ្ណោះ ព្រោះរាល់ដងក៏មានតែគិលានុបដ្ឋាយិកាដែលមកមើលថែគេដដែល រកនាងពេលណាក៏បាត់ស្រមោលទៅរាល់ដង ទើបគេងាកទៅមិនឃើញនាងក៏មិនចម្លែកក្នុងចិត្តដែរ មានតែរកវិធីរើសឈើច្រត់ខ្លួនឯងប៉ុណ្ណោះ ព្រោះគិលានុបដ្ឋាកក៏មិននៅ។
រ៉េន ព្យាយាមទប់ខ្លួននឹងឈើច្រត់ម្ខាងហើយប្រឹងឈោងទៅរើសឈើច្រត់ម្ខាងទៀតដែលធ្លាក់នៅលើកម្រាលឥដ្ឋ។
   « នេះឈើច្រត់របស់លោក! » ម្រាមស្រឡូនជួយរើសឈើច្រត់ឡើងមកឲ្យគេព្រមជាមួយស្នាមញញឹមលើផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាង។
   ខានជួបគ្នាពីរខែហើយ តាំងពីថ្ងៃនោះមកនាងមិនដែលបង្ហាញខ្លួននៅចំពោះមុខរបស់គេទៀតទេ មិននឹកស្មានថាគេនឹងបានជួបនាងម្តងទៀតនៅថ្ងៃនេះសោះ។ រ៉េន កញ្ឆក់យកឈើច្រត់ពីដៃរបស់ ណាប៊ី ហើយក៏ដើរចេញទៅដោយមិននិយាយអ្វីជាមួយនាងមួយម៉ាត់ ពាក្យអរគុណក៏គ្មាន សួរសុខទុក្ខបន្តិចក៏គេមិនខ្ចីសួរ គេប្រហែលស្អប់នាងខ្លាំងណាស់ហើយ សម្រាប់គេប្រហែលជាខានជួបនាងមកពីរខែនេះធ្វើឲ្យគេស្ទើរតែភ្លេចនាងទៅហើយ ប៉ុន្តែសម្រាប់នាងវិញ គេនៅតែជាមនុស្សសំខាន់ នាងដឹងពីគេគ្រប់យ៉ាងមិនខុសពីពេលដែលនាងនៅមើលថែគេទេ ព្រោះនាងតែងតែលួចមើលគេពីចម្ងាយជារៀងរាល់ថ្ងៃ មិនថាគេធ្វើអ្វីឬក៏គេញុំអ្វីនៅថ្ងៃណាក៏នាងដឹងដែរ មានតែគេប៉ុណ្ណោះដែរមិនដឹងពីនាង។
  
   រ៉េន ចេញមកដល់ខាងក្រៅអង្គុយនៅលើកៅអីខាងមុខបន្ទប់និយាយទូរស័ព្ទជាមួយអ្នកម៉ាក់របស់គេ។
   « អ្នកម៉ាក់ តើលោកប៉ាបានប្រសើរខ្លះទេ? »
   “ គាត់នៅដែលមិនទាន់ដឹងខ្លួនដដែល តែគ្រូពេទ្យប្រាប់ថាគាត់កំពុងប្រសើរឡើងហើយ ”
   « ចុះនៅក្រុមហ៊ុនវិញ តើយ៉ាងម៉េចហើយ? »
   “ ម៉ាក់កំពុងព្យាយាមដោះស្រាយបញ្ហាដែលកើតឡើងហើយ ប៉ុន្តែមិនមានអ្វីប្រសើរឡើងទេ ក្រុមហ៊ុនដែលគ្មានលោកប៉ារបស់កូននៅមើលថែច្របូកច្របល់ខ្លាំងណាស់ ម៉ាក់គ្រប់គ្រងមិនបានទេ រ៉េន កូនត្រូវប្រញាប់ជាស្បះស្បើយហើយមកមើលថែក្រុមហ៊ុនជំនួសលោកប៉ាណា ”
   «  អ្នកម៉ាក់កុំគិតច្រើនពេក ត្រូវសម្រាកឲ្យបានច្រើន » រ៉េន ដាក់ទូរស័ព្ទចុះទាំងទឹកក្រៀមស្រពោន ព្រោះកន្លងទៅពីរខែហើយចាប់តាំងពីថ្ងៃដែលលោកប៉ារបស់គេជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែលោកប៉ារបស់គេនៅតែស្ថិតនៅសភាពសន្លប់មិនដឹងខ្លួនដដែល មិនខុសពីមនុស្សរុក្ខជាតិទេ ពេលនេះបន្ទុកគ្រួសារនិងទំនួលខុសត្រូវទាំងប៉ុន្មានដែលលោកប៉ារបស់គេស្ពាយលើស្មាស្ទើរពាក់កណ្តាលជីវិតកំពុងធ្លាក់មកលើរូបគេហើយ។
   រ៉េន ក្រោកឈរឡើងកាន់ឈើច្រត់ដើរចេញទៅខាងក្រៅស្រូបយកខ្យល់អាកាសដើម្បីរំសាយអារម្មណ៍ដែលកំពុងស្មុគស្មាញខ្លាំងនាពេលនេះ។ ពន្លឺព្រះសូរិយាពណ៌មាសស្រទន់គ្មានកម្លាំងវេលាម៉ោងបួនរសៀលរួមនឹងខ្យល់អាកាសបរិសុទ្ធបក់មកប៉ះរាងក្រាស់ដែលទម្លាក់ជើងជាន់លើស្មៅខាងមុខមន្ទីរពេទ្យជាលើកដំបូង ធ្វើឲ្យអារម្មណ៍របស់គេប្រែជាល្អមួយរំព្រិចហាក់ដូចជាជីវិតដែលងងឹតអស់រយះពេលជាយូចាប់ផ្តើមមានពន្លឺមកវិញម្តងទៀត។ គំនរព្រិលលើស្មៅចាប់ផ្តើមរលាយអស់ជាបណ្តើរ រដូវរងាដ៏វែងអន្លាយក៏ជិតដល់ថ្ងៃបញ្ចប់ទៅហើយ រ៉េន កាន់ឈើច្រត់ដើរទៅជារឿយៗព្រោះតាំងពីមកដល់មន្ទីរពេទ្យមួយនេះគេគ្មានឱកាសបានមើលទីនេះសព្វនោះទេ ព្រោះមិនអាចដើរបានដូចអ្នកដ៏ទៃ ទើបអាចទៅបានតែកន្លែងដែលអ្នកមើលថែរុញទៅតែប៉ុណ្ណោះ ម្តងនេះគេអាចដើរបានដោយសារឈើច្រត់គេនឹងដើរទៅកន្លែងដែលគេចង់ទៅតាមចិត្តរបស់គេ។ ជើងមាំទាំងគូរួមជាមួយឈើច្រត់ឈប់នៅកណ្តាលវាលល្វឹងល្វើយនៅខាងក្រោយមន្ទីរពេទ្យ នៅខាងមុខគេមានដើមឈើដ៏ធំមួយ មានកណ្ដឹងជាច្រើនត្រូវបានចងជាប់ជាមួយនឹងមែកនៃដើមឈើមួយនោះដោយខ្សែអំបោះពណ៌ក្រហម នៅពេលមានខ្យល់បក់មកសំឡេងកណ្ដឹងក៏បន្លឺឡើងបន្តបន្ទាប់គ្នាយ៉ាងពិរោះរណ្ដំ។
   តក់! តក់!
   ដំណក់ទឹកស្រក់ចុះពីមែកឈើដែលត្រូវកម្តៅថ្ងៃធ្វើឲ្យព្រិលដែលកក់នៅលើស្លឹកចាប់ផ្តើមរលាយផ្តល់ឱកាសឲ្យស្លឹកពណ៌ប៉ៃតងរបស់ដើមឈើខ្លះចាប់ផ្តើមលាស់ឡើងមក។
   « ចម្លែកមែនទេ? »
   នៅសុខៗក៏មានសំឡេងស្រួយបន្លឺឡើងនៅក្បែរគេ មិនដឹងថានាងមកឈរទន្ទឹមគេតាំងពីពេលណា ព្រោះគេរវល់តែចាប់អារម្មណ៍នឹងដើមឈើចម្លែកមួយដើមនេះ។
   « នាង...នាងមកតាមខ្ញុំមែនទេ? » រ៉េន ងាកមកឃើញ ណាប៊ី មកឈរជាមួយគេទើបរហ័សសួរដោយភាពមិនពេញចិត្ត។
   « ខ្ញុំមិនបានមកតាមលោកទេ ខ្ញុំមកសុំបំណងប្រាថ្នាតើ! » ណាប៊ី និយាយហើយក៏ដកប៊ិកពីក្នុងហោប៉ៅអាវមកសរសេរបំណងប្រាថ្នារបស់នាងលើក្រដាសnoteពណ៌ក្រហមដែលនាងបានកាន់មកហើយក៏មូលដាក់នៅក្នុងកែវថ្លាតូចរល្មមនិងបិទឆ្នុកមាត់កែវនោះ រួចទើបនាងយកខ្សែអំបោះពណ៌ក្រហមមកចងមាត់ដបហើយយកទៅចងភ្ជាប់ជាមួយមែកឈើរបស់ដើមឈើដែលអ្នកនៅមន្ទីរពេទ្យនេះជឿថាជាដើមឈើស័ក្តិសិទ្ធអាចជួយសម្រេចបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នាបាន។
   « អត់ប្រយោជន៍ខ្លាំងណាស់ » រ៉េន ឈរមើលសកម្មភាពរបស់ ណាប៊ី ទាំងគិតថានាងកំពុងតែធ្វើរឿងគ្មានប្រយោជន៍ ព្រោះគេមិនជឿរឿងបែបនេះទេ។
   « ចង់សាកដែរទេ? » ណាប៊ី ងាកមកសួរគេទាំងហុចក្រដាសនិងប៊ិកមកឲ្យគេ។
   « ខ្ញុំមិនឆ្កួតតាមនាងទេ » រ៉េន បដិសេធបំណងល្អរបស់នាងហើយក៏ដើរត្រឡប់ក្រោយវិញ ។
   « ការជឿមិនមែនអត់ប្រយោជន៍ទេ ទោះជារឿងដែលយើងកំពុងសុំមិនអាចកើតឡើងតែក៏អាចធ្វើឲ្យយើងមានអារម្មណ៍ប្រសើរឡើងពីទុកព្រួយបារម្ភខ្លាំងដែរ »
   រ៉េន ឈប់ដំណើរពេលបានលឺសម្តីរបស់នាងហើយ គេងាកត្រឡប់មកក្រោយហើយដើរមកយកក្រដាសនិងប៊ិកពីដៃរបស់នាងទៅសរសេរអ្វីម្យ៉ាងហើយយកទៅដាក់ក្នុងកែវចងភ្ជាប់នឹងដើមឈើដូចនាងដែរ។
   “ ក្រែងប្រាប់ថាមិនជឿនោះអី នេះនិយាយតែបន្តិចសោះក៏ព្រមធ្វើតាមដែរ ” ណាប៊ី ឈរមើលគេធ្វើគ្រប់យ៉ាងតាមនាងទាំងញញឹមបិទមាត់មិនជិត ព្រោះមិននឹកស្មានថាគេនឹងព្រមមកធ្វើតាមនាងសោះ។
   « ខ្ញុំសុំឲ្យឆាប់បានសងសឹកជាមួយនាង ណាប៊ី មិនយូទៀតទេជើងរបស់ខ្ញុំក៏ដើរបានវិញហើយ នាងត្រៀមខ្លួនទទួលយកភាពឈឺចាប់វេទនាពីខ្ញុំវិញឲ្យហើយទៅ » គេចូលមកគំរាមនាងទាំងកែវភ្នែកគួរឲ្យខ្លាចជាទីបំផុត ហើយក៏ដើរចេញទៅវិញដោយមិនងាកក្រោយ មានន័យថាគេមិនមានអារម្មណ៍សោកស្តាយឬមានកំហុសចំពោះពាក្យគ្រោតគ្រាតដែលគេបាននិយាយដាក់នាងឡើយ។
   « ស្មានតែសុំអ្វីល្អ ខំតែសប្បាយចិត្ត » ណាប៊ី ឈររអ៊ូពីខាងក្រោយខ្នងគេទាំងមុខក្រញូវបន្តិច តែក្រោយមកនាងក៏ញញឹមសប្បាយចិត្តដដែល ឲ្យតែអាចនិយាយជាមួយគេបានទោះជាពាក្យសម្តីអាក្រក់ក៏មិនអីដែរ នាងសប្បាយចិត្តនឹងទទួលយកគ្រប់យ៉ាងដែលគេផ្តល់ឲ្យនាងមិនថារបស់ទាំងនោះអាក្រក់ប៉ុណ្ណាក៏ដោយឲ្យតែ រ៉េន ជាអ្នកផ្តល់ឲ្យគឺល្អទាំងអស់។
“  ដើមឈើស័ក្តិសិទ្ធិសុំឲ្យ រ៉េន ដើរបានឡើងវិញឆាប់ៗ ” នេះជាបំណងប្រាថ្នាដែលនាងបានសរសេរលើក្រដាសដែលយកទៅចងភ្ជាប់និងដើមឈើស័ក្តិសិទ្ធមួយដើមនេះ។
             រងចាំភាគបន្ត









ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Место, где живут истории. Откройте их для себя