ភាគ៤៧

61 4 0
                                    


“ ពាក្យកុហក ”

   « ហ៊ឹក! លែង...លែងខ្ញុំទៅ ខ្ញុំមិនបានសម្លាប់មនុស្សទេ » ណាប៊ី ព្យាយាមរើចេញពីដៃប៉ូលីសទោះដឹងថាមិនបានផលក៏ដោយក៏នាងនៅតែចង់រើបម្រាស់ចេញពីរឿងអយុត្តិធម៌មួយនេះដែរ។
   « នៅឲ្យស្ងៀម! » ប៉ូលីស ស្រែកគំហកឲ្យនាងឈប់ព្យាយាមរើតទៅទៀត តែទោះប៉ូលីសស្រែកយ៉ាងណាក៏នាងមិនស្តាប់ នាងគិតតែពីយំហើយរើចេញពីដៃប៉ូលីសមិនឈប់។
   « ហ៊ឹក! លែងខ្ញុំទៅ សូមអង្វរ ខ្ញុំមិនបានសម្លាប់លោក ហូរ៉េស ទេ ហ៊ឺ! » នាងទន់ជើងលុតជង្គង់ផ្ទាល់ឥដ្ឋយំអង្វរករប៉ូលីសដែលមិនដឹងថាគួរធ្វើម្តេចចំពោះនាងដូចគ្នា។
  « ណាប៊ី! »
  សំឡេងមួយនេះនាងចាំបានច្បាស់ណាស់ មិនមែនជាសំឡេងប៉ូលីសដែលឈរនៅចំពោះមុខនាងពេលនេះទេ តែគឺគេ គេមកហើយ។ ប៉ូលីសថយទៅឈរម្ខាងអនុញ្ញាតឲ្យអ្នកទោសកំសត់បានឃើញរូបរាងបុរសដែលហៅឈ្មោះនាងមុននេះ។
  « រ៉េន...ហ៊ឹក! ទីបំផុតបងមកហើយ ហ៊ឺ! » នាងស្រែកយំកាន់តែខ្លាំងពេលឃើញគេដើរចូលមករកនាង។
  « ណាប៊ី...» រ៉េន អង្គុយចុះពីមុខនាងហើយចាប់ដៃស្រឡូនមើលទើបឃើញដៃរបស់នាងត្រូវប៉ូលីសដាក់ខ្នោះដៃជាប់...ឃើញបែបនេះហើយបេះដូងរបស់គេកាន់តែឈឺចាប់ដូចកំពុងតែប្រេះបែកជាពីរ។ រ៉េន បិទភ្នែកទប់ភាពឈឺចាប់ក្នុងដើមទ្រូងបន្តិច មុននឹងងាកទៅរកប៉ូលីសដែលឈរក្បែរនោះ។
   « លោកអាចដោះខ្នោះដៃឲ្យនាងនិងអនុញ្ញាតឲ្យខ្ញុំនិយាយជាមួយនាងបន្តិចបានទេ? »
   « លោកត្រូវជាអ្វីនឹងជនរល្មើសដែរ? »
   « ខ្ញុំជាស្វាមីរបស់នាងហើយក៏ជាកូនប្រុសជនរងគ្រោះដែរ »
   « ចឹងខ្ញុំឲ្យពេលលោក១០នាទី »
   « បាទ អរគុណណាស់ »
   ប៉ូលីស យកកូនសោមកចាក់បើកខ្នោះដៃរបស់ ណាប៊ី ហើយបើកបន្ទប់ក្បែរនោះមួយឲ្យពួកគេចូលទៅនិយាយគ្នា ដើម្បីងាយស្រួលមើលអ្នកទោសមិនឲ្យរត់គេចខ្លួន។

   រ៉េននិងណាប៊ី អង្គុយទល់មុខគ្នានៅតុមួយកណ្តាលបន្ទប់តូចរល្មមទំហំមិនខុសពីបន្ទប់សួរចម្លើយ ។
   « បងបានដឹងរឿងហើយមែនទេ? »
   « បងដឹងហើយ » រ៉េន ឆ្លើយទាំងឱនមុខចុះសោកស្តាយចំពោះរឿងដែលកំពុងកើតឡើង។
   « បងជឿដែលទេថាអូនធ្វើ? » សំណួររបស់នាងហាក់ធ្វើឲ្យ រ៉េន មានសម្ពាធជាខ្លាំង បើគេពិតជាជឿជាក់នាងមែន គេប្រហែលមិនតានតឹងត្រឹមតែសំណួរប៉ុណ្ណឹងទេ ប៉ុន្តែពេលនេះគេធ្វើឲ្យនាងដឹងថាគេកំពុងតែបាត់បង់ទំនុកចិត្តចំពោះនាងម្តងបន្តិចៗ។
   « បងមិនជឿទេ គ្រាន់តែមានរឿងខ្លះបងគិតមិនយល់តែប៉ុណ្ណោះ » រ៉េន សម្លឹងមុខរបស់ ណាប៊ី ដោយភាពតានតឹង។
   « បងកំពុងតែសង្ស័យអូនមែនទេ? »
   « បងមិនបានសង្ស័យអូនទេ បងគ្រាន់តែមិនយល់ថាហេតុអ្វីមានថ្នាំបំបាត់ការឈឺចាប់នោះនៅក្នុងកាបូបដៃរបស់អូន? ថែមទាំងជាកាបូបដែលអូនកាន់នៅថ្ងៃទៅមន្ទីរពេទ្យនោះទៀត តើអូនជាអ្នកបើកថ្នាំនោះមកមែនទេ? »
   « អូនពិតជាបើកថ្នាំបំបាត់ការឈឺចាប់មកមែន ប៉ុន្តែអូនមិនបានសម្លាប់លោកប៉ារបស់បងទេ »
   « ក្នុងកាំមេរ៉ាសុវត្ថិភាពនៅមន្ទីរពេទ្យនិងបញ្ជីបើកថ្នាំបញ្ជាក់ថាអូនបើកមកពីរដប ប៉ុន្តែប៉ូលីសរកឃើញក្នុងកាបូបរបស់អូនតែមួយដបទេ ចុះមួយដបទៀតបាត់ទៅណា? » រ៉េន សួរដេលដោលនាងមិនខុសពីប៉ូលីសសួរចម្លើយនាង ហើយគេនៅនិយាយថាគេមិនបានសង្ស័យនាងទៀត...សកម្មភាពរបស់គេនៅពេលនេះបញ្ជាក់យ៉ាងច្បាស់ថាគេកំពុងតែគិតថានាងជនរល្មើសសម្លាប់លោកប៉ារបស់គេ។
   « បងគិតថាអូនពិតជាបានយកថ្នាំមួយដបនោះទៅចាក់ឲ្យលោកប៉ារបស់បងចឹងមែនទេ? ហ៊ឹក! មិនជឿមិនសង្ស័យអ្វីទៅ ពេលនេះបងកំពុងតែបង្ហាញថាបងសង្ស័យអូនហើយ សូម្បីតែបងក៏មិនជឿជាក់អូនដែរ » ណាប៊ី ងាកមុខចេញគេចពីកែវភ្នែកមុតស្រួលរបស់គេ ហើយទឹកភ្នែកដែលខំទប់ជាយូក៏ចាប់ផ្តើមស្រក់ចុះមកទាំងម្ចាស់ខ្លួនប្រឹងទប់សម្រែកនៃភាពឈឺចាប់មិនឲ្យលេចលឺចេញមកក្រៅសូម្បីតែបន្តិច។ អ្នកដទៃសង្ស័យមកលើនាង នាងមិនសូវឈឺចាប់ទេ តែគេជាស្វាមីរបស់នាង ជាអ្នកដែលស្គាល់ច្បាស់បំផុត ពេលគេសង្ស័យមកលើនាងបែបនេះ ធ្វើឲ្យនាងឈឺចាប់ដូចត្រូវគេយកកាំបិតមកចាក់ដោតជាប់បេះដូងអញ្ចឹង។
   « បើអូនមិនចង់ឲ្យបងសង្ស័យលើអូន អូនក៏បកស្រាយមកថាអូនយកថ្នាំមួយដបទៀតទៅប្រើសម្រាប់អ្វី? »
   « ហ៊ឹក! ថ្នាំមួយដបនោះជ្រុះបាត់នៅតាមផ្លូវហើយ » នាងមិនអាចនិយាយប្រាប់គេរឿងជំងឺរបស់នាងដែលតែងតែធ្វើទុកឲ្យនាងឈឺចាប់ខ្លាំងដល់ថ្នាក់ប្រើថ្នាំបំបាត់ការឈឺចាប់ទេ ទើបនាងចេះតែនិយាយឲ្យរួចពីមាត់ ទាំងដឹងហើយថាគេមិនល្ងង់ជឿពាក្យដោះសារផ្តេសផ្តាសមួយនេះទេ។
  « អូននិយាយកុហក! » រ៉េន ក្រោកឈរពេញជំហរទាំងគ្មានកម្លាំងក្នុងខ្លួន ចុងក្រោយនាងនៅតែមិនអាចផ្តល់ការបកស្រាយមួយសម្រាប់គេ នាងនៅតែនិយាយកុហកគេម្តងហើយម្តងទៀត នាងទុកគេដូចជាមនុស្សល្ងង់ម្នាក់ សូម្បីតែការកុហកបែបកូនក្មេងបែបនេះក៏នាងហ៊ានយកមកកុហកគេដែរ នាងគិតថាគេល្ងង់ណាស់ហើយមែនទេ? ដែលអាចឲ្យនាងបោកប្រាស់បានគ្រប់ពេល។
  « អូនមិនខ្វល់ថាបងជឿឬមិនជឿទេ ប៉ុន្តែអូនពិតជាមិនបានសម្លាប់លោកប៉ាបងពិតមែន រ៉េន »
  « បងមានសំណួរមួយទៀតចង់សួរអូន តើអូនមិនបានមានផ្ទៃពោះកូនរបស់បងទេមែនទេ? » រ៉េន ក្តាប់ដៃទប់ភាពឈឺចាប់សួរសំណួរដែលពិបាកទទួលយកបំផុតទៅអ្នកដែលអង្គុយចំពោះមុខម្តងទៀត។
   « បងបានដឹងរឿងនោះហើយ » ណាប៊ី រហ័សស្ទុះក្រោកឈរមួយរំព្រិចពេលដឹងថា រ៉េន បានដឹងរឿងដែលនាងកុហកថាមានផ្ទៃពោះហើយ។
   « សូម្បីតែរឿងកូនក៏អូនកុហកបងដែរ តើនៅមានរឿងអ្វីទៀតទៅដែលអូនកុហកបង? ណាប៊ី! » រ៉េន ស្រែកដាក់ ណាប៊ី ទាំងកំហឹងហើយក៏លើដៃជ្រោងសក់ក្បាលខ្លួនឯងឲ្យរញេរញៃដោយអារម្មណ៍តានតឹងខ្លាំង។
   « សុំទោស អូនគ្មានចេតនាកុហកបងទេ ព្រោះពេលនោះអូនក្លាយបងបញ្ចប់កិច្ចសន្យាទើបអូនធ្វើបែបនោះ » ណាប៊ី ឈានជើងចូលទៅជិតគេ តែគេក៏ឈានជើងថយក្រោយគេចពីនាង គេចាប់ផ្តើមសម្លឹងមើលមកនាងដូចនាងជាមនុស្សចម្លែកសម្រាប់គេ មិនខុសពីមនុស្សដែលមិនធ្លាប់ស្គាល់គ្នា ធ្វើឲ្យនាងឃើញហើយឈឺចាប់ជាខ្លាំង។ តាំងពីនាងកុហកគេរឿងមានផ្ទៃពោះនាងបានត្រៀមចិត្តទទួលយករឿងមួយនេះរួចហើយ ប៉ុន្តែដោយសារតែទំនាក់ទំនងរបស់នាងនិងគេប្រែជាស្អិតរមួតមួយរយះពេលធ្វើឲ្យនាងភ្លេចខ្លួន ស្មានថារឿងនៅថ្ងៃនេះមិនអាចកើតឡើង ទើបពេលនេះធ្វើឲ្យនាងពិបាកទទួលយករឿងដែលកំពុងកើតឡើង។
   « បានហើយ ណាប៊ី! គ្រប់គ្រាន់ហើយសម្រាប់ខ្ញុំដែលទទួលបានពាក្យកុហកបោកប្រាស់ពីនាង » គេឈានថយក្រោយហើយដើរចេញពីបន្ទប់ទៅទាំងចិត្តដាច់មិនខ្ចីងាកមកមើលនាងម្តងទៀតឡើយទោះបេះដូងរបស់គេកំពុងតែស្រែកហាមឃាត់គេក៏ដោយ។
   « ហ៊ឹក! រ៉េន ឈប់សិន ស្តាប់អូនបកស្រាយសិនបានទេ ហ៊ឺ! អូនពិតជាគ្មានចេតនាកុហកបងពិតមែន អូនសុំទោស រ៉េន! »
    រ៉េន ដើរចេញមកដល់ខាងក្រៅបន្ទប់ទាំងអារម្មណ៍ឈឺចាប់បំផុត ដៃមាំប្រឹងក្តាប់យ៉ាងណែនព្រោះតែចង់យកឈ្នះនឹងបេះដូងរបស់ខ្លួនដែលកំពុងតែចិត្តទន់ចំពោះម្ចាស់សំឡេងកំសត់ដែលស្រែកយំអង្វរករគេពីខាងក្នុងបន្ទប់មក ព្រោះតែប៉ូលីសចូលទៅចាប់នាង ទើបនាងមិនអាចចេញមកខាងក្រៅតាមគេបាន ហើយគេក៏មិនអាចចិត្តទន់បកក្រោយទៅរកនាងវិញបានដែរ ព្រោះគេមិនដឹងទេថាអ្វីដែលគេបានលឺពីមាត់របស់នាងនៅពេលនេះជាការពិតឬគ្រាន់តែជាការកុហកបោកបញ្ឆោតឲ្យគេចិត្តទន់ដាក់នាងមួយពេល។
   ក្រាក!
   « រ៉េន ហ៊ឹក! អូនសុំទោស ហ៊ឺ! រ៉េន! »
   « បានហើយឆាប់ចេញទៅ! »
   ណាប៊ី ព្យាយាមស្រែកសុំទោសម្ចាស់ខ្នងក្រាស់ដែលឈរនៅមិនឆ្ងាយប៉ុន្មានពីមាត់ទ្វាបន្ទប់ដែលប៉ូលីសអូសនាងចេញមក ប៉ុន្តែមិនថានាងប្រឹងយំស្រែកប៉ុណ្ណាក៏គេមិនព្រមងាកមកមើលមុខរបស់នាងដែរ ហេតុអ្វីគ្រប់យ៉ាងទៅជាបែបនេះ? ចុងបញ្ចប់នៃជីវិតរបស់នាងគឺបែបនេះមែនទេ? តើនាងត្រូវស្លាប់ទៅដោយភាពអយុត្តិធម៌និងការយល់ច្រឡំរបស់មនុស្សគ្រប់គ្នាចឹងមែនទេ?។ កែវភ្នែកដែលជោកជាំដោយទឹកភ្នែកយំស្រែកដាក់អ្នកដែលបែរខ្នងដាក់នាងរហូតមើលខ្នងរបស់គេលែងឃើញ ចាប់ពីពេលនេះទៅប្រហែលសូម្បីតែឱកាសបានឃើញមុខរបស់គេម្តងទៀតក៏នាងគ្មានដែរ ព្រះជាម្ចាស់ឃោឃៅចំពោះនាងពេកហើយ។
   រ៉េន ដឹងថានាងត្រូវប៉ូលីសអូសចេញទៅបាត់ហើយ ទើបគេព្រមងាកមុខមកសម្លឹងផ្លូវដែលនាងត្រូវប៉ូលីសនាំចេញទៅទាំងកែវភ្នែកសោកសៅពេញដោយដំណក់ទឹកថ្លា។ រ៉េន លើកទូរស័ព្ទឡើងខលទៅលេខដែលដាក់ឈ្មោះថាមេធាវី ចុងក្រោយគេនៅតែមិនដាច់ចិត្តឃើញនាងត្រូវជាប់គុកដដែល។
   « ឯងចង់ធ្វើអ្វី? » អ្នកស្រី ដាលីន ចេញមកពីខាងណាមិនដឹងមកទាញទូរស័ព្ទពីដៃរបស់ រ៉េន ទៅចុចបិទយ៉ាងរហ័ស។
   « អ្នកម៉ាក់! »
   « នាងបោកប្រាស់ឯងនៅមិនទាន់គ្រប់គ្រាន់មែនទេ? ទើបឯងចង់ជួយនាងទៀតនោះ » អ្នកស្រី ដាលីន ស្រែកស្តីឲ្យកូនប្រុសទាំងខឹងសម្បារ។
   « ទោះនាងកុហកលាក់បាំងរឿងច្រើន ប៉ុន្តែរឿងលោកប៉ានាងដូចជាមិនបានកុហកទេ » រ៉េន ប្រកែកតវ៉ាជាមួយអ្នកស្រី ដាលីន ព្រោះចង់ហៅមេធាវីឲ្យ ណាប៊ី។
   « ឯងប្រាកដចិត្តយ៉ាងម៉េចថានាងមិនបានកុហកនោះ កាលពីនៅមន្ទីរពេទ្យជាយក្រុងនាងកុហកថានាងជាគ្រូពេទ្យបានយ៉ាងល្អ នាងកុហកថាមិនធ្លាប់ស្គាល់ឯងទាំងដែលនាងធ្លាប់ស្គាល់ឯងកាលពីនៅវិទ្យាល័យឥឡូវនេះនាងក៏កុហកឯងថាមានផ្ទៃពោះ ហើយពេលនេះឯងជឿជាក់បានយ៉ាងម៉េចថានាងមិនកុហកទៀត? »
   «...» រ៉េន ឈរធ្មឹងរកពាក្យប្រកែកជាមួយអ្នកម៉ាក់លែងបាន ព្រោះគ្រប់យ៉ាងដែលអ្នកម៉ាក់របស់គេនិយាយសុទ្ធតែជាការពិតគ្មានខុសមួយម៉ាត់ណាទេ នាងពិតជាធ្វើឲ្យគេអស់ជំនឿលើនាងពិតមែន។
   « រ៉េន កូនចាកចេញពី អ៊ីសាជី ទៅ...នាងជាប់ទោសបែបនេះហើយកូនក៏មិនអាចនៅតំណែងនោះទៀតបានដែរ ម៉ាក់មិនចង់បាត់បង់កូនម្នាក់ទៀត គ្រួសារយើងគួរតែដកខ្លួនពីរឿងរ៉ាវជម្លោះរបស់សម្ព័ន្ធ អ៊ីសាជី ហើយត្រឡប់ទៅប្រើជីវិតរបស់ពួកយើងកាលពីមុនវិញ »
   « អ្នកម៉ាក់ទុកពេលឲ្យខ្ញុំគិតបន្តិចបានទេ »
   « ឯងនៅគិតអីទៀត ឬឯងមិនអាចកាត់ចិត្តពីស្រីឃាតករម្នាក់នោះបានទេ? » អ្នកស្រី ដាលីន ខឹងក្រោធមួយរំព្រិចដាក់កូនប្រុស។
   « អ្នកម៉ាក់និយាយមិនខុសទេ ខ្ញុំមិនអាចដកចិត្តពីនាងមកវិញបានភ្លាមៗទេ ព្រោះយើងបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា ខ្ញុំម្តេចនឹងអាចភ្លេចនាងភ្លាមៗបាននោះ » រ៉េន និយាយចប់ក៏ដើរចេញទៅ មិននៅចាំស្តាប់សម្តីអ្នកម៉ាក់របស់គេបន្តទៀតឡើយ។
   « រ៉េន! មកវិញម៉ាក់មិនទាន់និយាយចប់ទេ » អ្នកស្រី ដាលីន ស្រែកហៅកូនប្រុសដែលដើរចេញទៅ តែគេមិនត្រឡប់មកវិញ ទើបនាងបានត្រឹមរំងាប់អារម្មណ៍ព្រមទុកពេលឲ្យគេកាត់ចិត្តពី ណាប៊ី។
              រងចាំភាគបន្ត

  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin