ភាគ០៨

82 4 0
                                    

“ ៥០ថ្ងៃ ”

   ពន្លឺថ្ងៃនាពេលព្រឹកប្រលឹមជះចូលមកតាមចន្លោះបង្អួចដាស់ឲ្យអ្នកដែលគេងលើគ្រែរហ័សបើកភ្នែកឡើងដោយក្តីភ្ញាក់ផ្អើល ព្រោះខានមានអ្នកមកបើកបង្អួចរំខានដំណេកពេលព្រឹករបស់គេជាច្រើនថ្ងៃមកហើយ។ រ៉េន ក្រោកអង្គុយលើគ្រែចោលភ្នែករកមើលវត្តមានរបស់អ្នកដែលមកបើកបង្អួចរបស់គេ តែមិនឃើញ ។
   « ឬក៏មិនមែនជានាងទេ? » រ៉េន រអ៊ូតិចៗម្នាក់ឯងហើយទឹកមុខក៏ប្រែជាស្រពោនវិញភ្លាម ក្រោយមិនបានឃើញអ្នកដែលគេកំពុងចង់ជួបហើយ។ នាងប្រហែលជាមិនមកទេ ប៉ុន្តែហេតុអ្វីប៉ុន្មានថ្ងៃនេះគេត្រូវទន្ទឹមរងចាំនាងដែរ? នាងមិនមានអ្វីសំខាន់សម្រាប់គេទេ គេក៏មិនចាំបាច់មានអារម្មណ៍ខកចិត្តយ៉ាងនេះដែរបើអ្នកបើកបង្អួចមិនមែនជានាងនោះ។ រ៉េន ដាក់ខ្លួនគេងវិញយឺតៗទាំងចិត្តមិនស្ងប់។
   ក្រាក!
   គ្រាន់តែបានលឺសំឡេងបើកទ្វាបន្ទប់ រ៉េន ក៏រហ័សស្ទុះក្រោកអង្គុយមើលទៅមាត់ទ្វាយ៉ាងទាន់ហន់ តែគេក៏ដកភ្នែកចេញមកវិញពេលបានឃើញថាអ្នកដែលចូលមកជាគិលានុបដ្ឋាយិកាដែលមកមើលថែគេជំនួស ណាប៊ី នៅប៉ុន្មានថ្ងៃនេះសោះ។
   « អ្នកជំងឺក្រោកហើយមែនទេ? លុបលាងមុខសិនទៅ »
   រ៉េន លុបមុខជាមួយទឹកដែលគិលានុបដ្ឋាយិកាយកមកហើយក៏លើកកន្សែងមកជូតមុខយ៉ាងយូ ទើបព្រមដកកន្សែងចេញពីមុខមកវិញ តែគេក៏ត្រូវបើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើលពេលបានឃើញ ណាប៊ី មកឈរញញឹមនៅពីមុខរបស់គេតាំងពីពេលណាក៏មិនដឹង។
   « នាងមកតាំងពីពេលណា? » គេប្រឹងធ្វើសំឡេងរឹងកាចដូចជាមិនពេញចិត្តនឹងវត្តមានរបស់នាង តែបែរជាស្តាប់ទៅមិនកាចដូចរាល់ដងទៅវិញ។
   « ខ្ញុំយកអាហារពេលព្រឹកមកឲ្យលោក ឆាប់ញុំទៅកុំឲ្យត្រជាក់ទាន់ » ណាប៊ី គ្រាន់តែញញឹមតបទៅគេវិញ ព្រមទាំងលើកចានអាហារដាក់នៅពីមុខគេ ដោយមិនខ្វល់ពីការប្រឹងធ្វើសំឡេងកាចរបស់គេទេ ហើយនាងក៏មិនរំលឹករឿងដែលបានកើតឡើងកាលពីថ្ងៃមុនដែរ។
   «...» រ៉េន មិននិយាយអ្វីហើយក៏ព្រមញុំអាហារដែលនាងយកមកឲ្យយ៉ាងស្រួលៗមិនរករឿងនាងដូចរាល់ដងឡើយ។
   ក្រោយពីញុំអាហារពេលព្រឹករួចរាល់ ណាប៊ី ក៏នាំគេចេញទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅមួយសន្ទុះហើយក៏បាននាំគេទៅកន្លែងហាត់ធ្វើចលនាជើងរបស់គេផងដែរ។
   « លើកមួយៗណា » ណាប៊ី អង្គុយនៅពីមុខ រ៉េន ជួយចាប់ជើងគេឲ្យលើកឡើងមួយៗហើយក៏ទម្លាប់ចុះមកវិញយឺតៗ។
   «...» គេខំប្រឹងដើម្បីបញ្ជាជើងខ្លាំងណាស់ តែគ្រប់យ៉ាងដូចជាមិនបានផងសោះ ជើងរបស់គេអាចលើកបានក៏ដោយសារតែកម្លាំងដៃរបស់នាងពេលដែលនាងប្រលែងគេក៏មិនអាចលើកជើងបានដដែល គេមិនអាចបញ្ជាជើងទាំងគូរបស់គេបានទេ បើនៅតែបែបនេះទៀត គេប្រហែលមិនអាចដើរបានអស់មួយជីវិត។
   « ម្តងទៀតណា? »
   « បានហើយ ខ្ញុំមិនចង់ធ្វើរឿងអត់ប្រយោជន៍មួយនេះទៀតទេ » រ៉េន ងាកមុខចេញទាំងកែវភ្នែកក្រហមឆ្អៅពេញដោយក្តីឈឺចាប់ មិនថានាងប្រឹងប៉ុណ្ណាទេ គេដឹងច្បាស់ណាស់ថាគេគ្មានថ្ងៃដើរបានម្តងទៀតទេ សម្តីរបស់គ្រូពេទ្យនិងលំហាត់ចលនាជើងទាំងនេះគ្រាន់តែជាការបោកប្រាស់ឲ្យគេគិតថាខ្លួនឯងមានឱកាសដើរបានម្តងទៀតតែប៉ុណ្ណោះ។
   « ព្យាយាមម្តងទៀតទៅ ការដែលអាចសម្រេចអ្វីមួយបានទាល់តែមានការព្យាយាមអត់ធ្មត់ លទ្ធផលល្អមិនអាចកើតឡើងត្រឹមរយះពេលមួយនាទីឬមួយថ្ងៃទេ » ណាប៊ី ព្យាយាមលើកទឹកចិត្តគេហើយក៏ចាប់ជើងរបស់គេធ្វើចលនាចុះឡើងម្តងទៀតទាំងដែលគេនៅអង្គុយងាកមុខចេញពីនាង។
   « បានហើយឈប់ព្យាយាមទៅ! យ៉ាងណាក៏ខ្ញុំមិនអាចដើររួចដែរ » រ៉េន ស្រែកគំហកដាក់នាងហើយក៏បង្វិលរទេះចេញទៅដោយខ្លួនឯង ។
   ណាប៊ី អង្គុយស្ងៀមមិនអាចធ្វើអ្វីបានក្រៅពីមើលគេរុញរទេះដោយខ្លូនឯងចេញទៅដោយក្តីអាណិតអាសូរ នាងមិនចង់ឃើញគេត្រូវអង្គុយលើរទេះអស់មួយជីវិតទេ នាងចង់មានឱកាសបានឃើញគេឈរយ៉ាងរឹងមាំនៅពីមុខរបស់នាងម្តងទៀត ។
  
   នាពេលព្រលប់
  
   រ៉េន គេងលង់លក់នៅលើគ្រែក្នុងបន្ទប់អ្នកជំងឺរបស់គេទាំងព្រលប់ព្រោះតែភាពនឿយហត់កាលពីថ្ងៃ។ ណាប៊ី ជួយទាញភួយដណ្តប់ឲ្យគេ ហើយដើរទៅបិទបង្អួចនិងបិទអំពូលក្នុងបន្ទប់ហើយទើបនាងចេញមកខាងក្រៅដើម្បីត្រឡប់ទៅកន្លែងស្នាក់របស់នាងវិញ។
   ប្រូស!
   នៅសុខៗស្រាប់តែមានអ្នកជំងឺស្រីម្នាក់ទន់ជើងដួលនៅមាត់បន្ទប់ខាងចុងគេបង្អង់ ទើប ណាប៊ី រហ័សរត់ទៅជួយលើកនាង។
   « អ្នកនាងយ៉ាងម៉េចហើយ? »
   « ខ្ញុំមិនអីទេ គ្រាន់តែវិលមុខបន្តិចប៉ុណ្ណោះ » រាងស្តើងក្នុងឈុនអ្នកជំងឺមានទឹកមុខស្លេកស្លាំងគ្មានឈាមតបជាមួយ ណាប៊ី ដោយសំឡេងខ្សោយគ្មានកម្លាំង។
   « អ្នកនាងមើលទៅមិនស្រួលទេ ចាំខ្ញុំទៅហៅគ្រូពេទ្យមកឲ្យ » ណាប៊ី ជួយគ្រាអ្នកជំងឺឲ្យអង្គុយនៅកៅអីខាងមុខបន្ទប់ហើយក៏រហ័សរត់ចេញទៅហៅគ្រូពេទ្យឲ្យមកមើលនាងយ៉ាងប្រញាប់ ព្រោះនាងមើលដឹងថាស្ថានភាពរបស់អ្នកជំងឺម្នាក់នេះមិនល្អទេ។
  
   បានបន្តិច ណាប៊ី ក៏ត្រឡប់មកវិញព្រមជាមួយគ្រូពេទ្យប្រចាំការបួនប្រាំនាក់។
   « អ្នកជំងឺយ៉ាងម៉េចហើយ? » គ្រូពេទ្យមកដល់នាងក៏ស្រាប់តែសន្លប់បាត់បង់ស្មារតីមួយរំព្រិច។
   « ឆាប់រៀបចំនាំនាងទៅបន្ទប់សង្គ្រោះជាបន្ទន់ »
   នាងត្រូវបានគ្រូពេទ្យលើកដាក់គ្រែសង្គ្រោះរុញយកទៅបន្ទប់សង្គ្រោះកាត់មុខរបស់ ណាប៊ី ទើប ណាប៊ី បានស្តាប់លឺគ្រូពេទ្យរៀបរាប់ពីស្ថានភាពជំងឺរបស់នាង។
   « អ្នកជំងឺម្នាក់នេះឈ្មោះ ផាក រ៉ូជីន នាងទើបតែត្រូវបានបញ្ចូលមកទីនេះកាលពីបីថ្ងៃមុនទេ នាងជាអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ គួរតែមិនអាចធ្វើអ្វីបានក្រៅពីកាត់បន្ថយភាពឈឺចាប់ឲ្យនាងនោះទេ »
   ណាប៊ី ឈរមើលគ្រូពេទ្យអូសអ្នកជំងឺចេញទៅទាំងទឹកមុខសោកសៅពេលបានលឺគ្រូពេទ្យរៀបរាប់ពីស្ថានភាពជំងឺរបស់នារីម្នាក់នោះហើយ នាងមើលទៅនៅក្មេងនៅឡើយ ប្រហែលអាយុម្ភៃជាងប៉ុណ្ណោះ តែមិនគួរមកមានជំងឺធ្ងន់ធ្ងរដល់ថ្នាក់នេះសោះ ប៉ុន្តែហេតុអ្វីនាងចេះតែយល់ថាដូចជាធ្លាប់ជួបអ្នកជំងឺម្នាក់នេះនៅឯណា? មិនអាចថាបានជួបក្នុងមន្ទីរពេទ្យមួយនេះទេ ព្រោះអ្នកជំងឺម្នាក់នោះទើបតែប្តូរមកបានបីថ្ងៃ តើនាងធ្លាប់ជួបនៅឯណាទៅ? មិនថាប្រឹងនឹកយ៉ាងណាក៏នាងនឹកមិនឃើញ ទើប ណាប៊ី ដើរទៅបន្ទប់វិញទាំងមិនអស់ចិត្តនឹងអ្នកជំងឺម្នាក់នោះ។
  
   បន្ទប់របស់ ណាប៊ី
   រាងស្តើងដាក់ខ្លួនអង្គុយលើគ្រែគេងសម្រាប់អ្នកអ្នកជំងឺហើយក៏ទាញក្រដាសពណ៌ផ្ទៃមាឃទំហំប៉ុនម្រាមដៃនិងមានប្រវែងប្រហែលពីរចំអាមដៃ ដាក់នៅលើតុហើយក៏យកប៊ិកមកសរសេរអ្វីម្យ៉ាងនៅលើនោះ។
   “ ថ្ងៃនេះគឺមានចំនួន៥០ថ្ងៃហើយចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំបានជួបលោកម្តងទៀតនៅមន្ទីរពេទ្យមួយនេះ រ៉េមី ថ័ររ៉េស ខ្ញុំចង់ឃើញលោកដើរបានម្តងទៀត សង្ឃឹមថាថ្ងៃស្អែកលោកនឹងខំប្រឹងធ្វើលំហាត់ជើងឲ្យបានល្អ ”
   ស្នាមញញឹមចេញថ្ពាល់ខួចគួរឲ្យស្រលាញ់លេចចេញមកលើរង្វង់មុខស្រស់ស្អាត ពេលបានសរសេររំលឹកពីគេនៅលើក្រដាសពណ៌ផ្ទៃមេឃតូចមួយហើយ។ ម្រាមស្រឡូនដាក់ប៊ិកចុះនៅលើផ្ទៃតុហើយយកក្រដាសពណ៌ផ្ទៃមាឃនោះមកបត់ចេញជារូបផ្កាយតូចមួយគួរឲ្យស្រលាញ់ រួចនាងក៏យកវាទៅដាក់ក្នុងកែវថ្លាដែលមានដាក់ផ្កាយក្រដាសចំនួនបាន៤៩រួចទៅហើយ នាងដាក់មួយទៀតក៏បង្រ្គប់ចំនួន៥០ផ្កាយស្មើនឹងចំនួន៥០ថ្ងៃដែលនាងនិងគេបានជួបគ្នាម្តងទៀតនៅឯមន្ទីរពេទ្យមួយនេះ។
  
   ភូមិគ្រឹះគ្រួសារ ថ័ររ៉េស
  
   « ថាម៉េច? នាងម្នាក់នោះមិនបានទៅរស់នៅសហរដ្ឋអាមេរិកតាមសម្តីរបស់ខ្ញុំទេ? » អ្នកស្រី ដាលីន ក្តៅមុខភាយទាំងកណ្តាលយប់ពេលបានទទួលទូរស័ព្ទពីអ្នកស៊ើបនៅសហរដ្ឋអាមេរិករបស់នាងហើយ។ អ្នកស្រី ដាលីន ដាក់ទូរស័ព្ទចុះហើយទម្លាក់ខ្លួនអង្គុយនៅលើគ្រែគេងក្បែរខ្លួនស្វាមីទាំងមិនស្ងប់ចិត្ត។
   « បងប្រាប់ហើយថាកុំឲ្យទុកចិត្តម្តាយរបស់នាង តែអូនមិនជឿ » លោក ហូរ៉េស អង្គុយអានសៀវភៅដោយអារម្មណ៍ស្ងប់ល្អមិនងាយឲ្យរឿងតូចតាចរបស់ស្រីក្រមុំម្នាក់មកប៉ះពាល់ផ្លូវចិត្តរបស់លោកបានឡើយ។
   « អ្នកណាដឹងថាម្តាយរបស់នាងនោះមុខក្រាស់អត់កេរ្តិ៍ខ្មាស់យ៉ាងនេះ ពេលយកលុយរបស់យើងនាងបានសន្យាថានឹងនាំកូនស្រីរបស់នាងទៅរស់នៅឲ្យឆ្ងាយពីកូនប្រុសរបស់យើង តែនាងបែរជាយកលុយរត់ទៅសោយសុខតែម្នាក់ឯងហើយទុកកូនស្រីចោលមិនខ្វល់ទៅវិញ »
   « ពេលនេះអូនគួរតែរកវិធីធ្វើយ៉ាងណាកុំឲ្យស្រីក្រីក្រម្នាក់នោះបានទៅជួបកូនប្រុសរបស់យើងទៀតទៅបានហើយ »
   « ខ្ញុំគិតថាដល់ពេលហើយដែលត្រូវឲ្យក្មួយស្រី ដាវីណា ត្រឡប់មករក រ៉េន វិញ »
   « គិតទេថា វីណា អាចនឹងព្រមទម្លាក់ខ្លួនដល់ខ្ពង់ខ្ពស់របស់នាងទៅទទួលយក រ៉េន ដែលស្ថិតនៅស្ថានភាពជាជនពិការបែបនេះបាននោះ »
   « ទោះនាងមិនចង់ទម្លាក់ខ្លួនក៏នាងត្រូវបង្ខំទម្លាក់ខ្លួនឯងដែរ ព្រោះហេតុអ្វីបងច្បាស់ជាបានដឹងក្នុងចិត្តហើយ? » អ្នកស្រី ម៉ាដាលីន ញោចមាត់ញញឹដោយល្បិចកលដាក់ស្វាមីតែបានយល់ពីន័យរបស់នាងរួចហើយ ទើបលោកញោចមាត់ញញឹមតបដោយពេញចិត្តដូចគ្នា។
            រងចាំភាគបន្ត
  
                                
 
  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now