Chapter 37 : មុខក្រាស់

929 105 12
                                    

  នៅពេលស៊ុងហ៊ុននិយាយថានាយនិងមិនទៅផ្ទះវិញដោយគ្មានជេគ នាយពិតជាមានន័យបែបនោះពិតមែន ពេលនេះម៉ោងប្រាំពីរកន្លះហើយ មេឃក៏ងងឹតមូសរោមខាំនាយជាចំណីក៏នាយមិនខ្វល់ សុខចិត្តអង្គុយអេះទះផេះផាច់ អ្នកដែលមកទិញទឹកសណ្តែកតាមសម្លឹងមើលនាយដូចជាមនុស្សចម្លែក ដ្បិតអីនាយម្នាក់នេះថ្ងៃមុនមកប្រកាសឡូងៗចង់ទិញដីពីអ្នកភូមិ ឥឡូវនេះឃើញមកឈរម៉ង់ៗមុខផ្ទះអ៊ំអាត់ដូចក្មេងវង្វេងផ្លូវទៅវិញ។
“ចៅហ្វាយទៅវិញសិនទៅ ចាំស្អែកចាំមករកអ្នកប្រុសជេគទៀត” ចូអាន សែនអាណិតចៅហ្វាយរបស់ខ្លួន នាយរត់ទៅទិញធូបមូសអុជដេញសត្វចង្រៃ និងយកសំបកលាំងមកជួយបក់ផ្តល់ខ្យល់ឲចៅហ្វាយ បាយទឹកទិញយកមកឲក៏ស៊ុងហ៊ុនមិនខ្ចីពាល់ បែបនេះមិនយូរមិនឆាប់ទេខ្យល់គរមិនខាន ជានាយកក្រុមហ៊ុនគ្រប់គ្រងមនុស្សរាប់រយនាក់ក្រោមឱវាទ ពេលនេះធ្លាក់ខ្លួនតាមឃ្វាល តាមយកចិត្តក្មេងប្រុសធម្មតាម្នាក់ បើមានគេដឹងនិងសើចរយះមាត់មិនខាន។
“ចង់ទៅផ្ទះឯងទៅមុនទៅ យើងនៅឈរទីនេះ” តាំងពីរថ្ងៃ រហូតទល់យប់ថ្មើរនេះស៊ុងហ៊ុននៅឈរកន្លែងដដែល ក្នុងបរិបទដដែល ភ្នែកចេះតែសម្លឹងចូលទៅក្នុងហាង តាមមើលរាល់សកម្មភាពភរិយាបណ្តូលចិត្ត។ ជេគ យូរៗម្តងក៏ងាកមកមើលគេវិញដែរ មានកូនចិត្តលួចអាណិតខ្លះដែរ តែនៅមិនទាន់ចិត្តទន់នោះទេ។
ចៅហ្វាយបដិសេធទៅផ្ទះចូអានទោះបីទទួលបានការអនុញ្ញាតឲទៅផ្ទះវិញហើយក៏មិនព្រមទៅចោលចៅហ្វាយដែរ នាយក៏គ្មានប្រពន្ធកូនចាំនៅផ្ទះដែរ នៅទីនេះហើយគ្រាន់បានជាគ្នានិងចៅហ្វាយស្រួលគេចង់ប្រើអីនាយអាចទៅធ្វើឲគាត់បានទាន់ចិត្ត។
“ក្រាក” ទ្វារហាងបើកឡើង ស៊ុងហ៊ុន ងើបមុខយ៉ាងលឿន គ្រាន់តែឃើញជេគភ្លាមនាយញញឹមក្បួចនឹកស្មានជេគព្រមទៅជាមួយគ្នាហើយ តែស្មានខុសសោះ ជេគដើរបង្ហួសនាយដូចជាមិនបានឃើញវត្តមាននាយឈរនៅទីនេះឡើយ។
“ជេគ!អូនទៅណា?” នាយស្រែកសួរតែជេគមិនឆ្លើយ
“ជេគ! អូនទៅណាយប់ហើយ!” ស៊ុងហ៊ុន សួរបណ្តើរត្របាញ់ជើងដើរតាមជេគបណ្តើរ យប់ស្ងាត់តាមផ្លូវក៏ងងឹតឲនាយអត់បារម្ភមិនបាន។
“ទៅណាវាជារឿងរបស់ខ្ញុំ លោកចេះឈឺឆ្អាលអី?”
“ត្រូវតែឈឺឆ្អាល ព្រោះវាជាតួនាទីរបស់បងដែលត្រូវការពារអូន”
“មិនបាច់ទេ ទីនេះខ្ញុំរស់នៅតាំងពីតូច ផ្លូវដើរសឹងតែបិទភ្នែកក៏ដើរត្រូវដែរ មិនបាច់បារម្ភពីសុវត្ថិភាពខ្ញុំនោះទេ”
“តែអូនក៏គួរតែប្រាប់បងដែរថាអូនទៅណា”
“អ៊ំប្រើឲមកទិញទឹកកកទុកផ្លាសេទឹកសណ្តែក ល្មមឈប់សួរបានហើយឬនៅ?” បញ្ចប់សម្តីក៏ដើរមកដល់កន្លែងលក់ទឹកកកល្មម ពូអ្នកលក់ចំណាំមុខជេគទៅហើយ ទើបគ្រាន់តែឃើញដើរមកដល់គាត់ក៏ទៅកាប់ទឹកកកឲ។
“ថ្ងៃនេះពូលើសឲឯងមួយកង់ បង្ហើយទឹកកក”
“បាទអរគុណច្រើនពូ” ជេគ ញញឹមអរគុណគាត់ បម្រុងនិងទទួលពីគាត់ទៅហើយ តែក៏មានដៃមួយគូររហ័សជាងនាយទៅទៀត។
“បងជួយកាន់ឲអូន” ជេគប្រកែកក៏មិនទាន់ ស៊ុងហ៊ុនឱបដុំទឹកកកដើរញាប់ស្មេរដូចជាខ្លាចជេគដណ្តើមកាន់វិញអ៊ីចឹង ពូអ្នកលក់ឃើញហើយក៏តាមមើលដំណើរស៊ុងហ៊ុនភ្លឹសៗប្រហែលជាឆ្ងល់ហើយថាអ្នកកម្លោះនោះមកពីណា ម៉េចក៏ដូចជាស្និទ្ធស្នាលនិងជេគម្ល៉េះ។
“ជាអ្នកស្គាល់គ្នាទេ! ខ្ញុំលាសិនហើយណាពូ” មើលដឹងពីក្រសែរភ្នែកងឺងឆ្ងល់ ជេគក៏ឆ្លើយឲអស់សេចក្តី នាយតូចឱនគោរពអរគុណគាត់ហើយសឹមដើរទៅតាមក្រោយស៊ុងហ៊ុន។
មកដល់ផ្ទះវិញ ជេគឃើញរាងក្រាស់យកទឹកកកឲអ៊ំហើយក៏ចេញមកឈរនៅខាងក្រៅវិញបាត់ទៅហើយ នាយតូចសើចក្រវីក្បាលហួសចិត្ត គោរពពាក្យសច្ចៈណាស់តើ ជេគហាមមិនឲចូលក្នុងហាងស៊ុងហ៊ុនពិតជាមិនហ៊ានចូលមែន។
“ជេគ យើងទៅផ្ទះបានហើយឬនៅ?” ស៊ុងហ៊ុនដើរមកពាំងផ្លូវជេគ ធ្វើមុខងរងក់ដូចជាកូនក្មេង ចូអានឃើញហើយក៏ទប់ញញឹមមិនបានដ្បិតមិនដែលឃើញចៅហ្វាយបញ្ចេញចរិតបែបហ្នឹងពីមុនមកនោះឡើយ ស៊ុងហ៊ុនដែលនាយតែងតែឃើញ គឺមិតប្រៃនិងម៉ត់ចត់ជាទីបំផុត។
“អត់ទោស?ផ្ទះរបស់ខ្ញុំគឺនៅទីនេះ?”
“ប៉ុន្តែ...ប៉ុន្តែ..ជេ..ជេគ..អ្ហា៎!” មិនទុកឲស៊ុងហ៊ុនបានតវ៉ាច្រើននោះឡើយ ជេគទាញទ្វារបិទដើរចូលទៅក្នុងបាត់ នាយឃើញអ៊ំអយនិងអាត់កំពុងតែនិយាយអ្វីទៅកាន់ជេគ ប្រហែលជាស្តីឲជេគហើយតែនាយតូចញាក់ស្មារមិនខ្វល់ ងាកមកលានអណ្តាតដាក់នាយហើយក៏ចូលទៅក្នុងបាត់ ឯអ៊ំអាត់និងអយបានត្រឹមមើលមកស៊ុងហ៊ុនដោយអាណិតអាសូរប៉ុណ្ណោះ។
“អ្នកប្រុសជេគទៅបាត់ហើយគិតយ៉ាងម៉េចចៅហ្វាយ?”
“គិតយ៉ាងម៉េចដេកចាំនៅទីនេះនិងហើយ!” ស៊ុងហ៊ុន ដើរទៅដាក់ខ្លួននៅលើកៅអីមួយជិតចូអាន សំណាងដែរ ដែលនៅមុខហានមានកៅអីពីរបីគ្រាន់អង្គុយ មិនចឹងទេប្រហែលត្រូវឈរទល់ភ្លឺមិនខាន។ នរៈរូបល្អអង្គុយតប់ជើងដែលចុករោយឡើងក្លាយជាស្ពឹក តាំងតែពីថ្ងៃមកនាយមិនហ៊ានអង្គុយទេខ្លាចត្រូវជេយ៉ុនខឹង។
“មូសច្រើនណាស់ចៅហ្វាយ ទៅសម្រាន្តនៅក្នុងឡានទៅ”
“អត់ទេ ឯងទៅដេកទៅ យើងនៅទីនេះខ្លាចជេគចេញមកមិនឃើញ ជេគខឹង” ចូអានបានត្រឹមក្រវីក្បាលហួសចិត្ត មិនស្មានថាចៅហ្វាយពូកែទ្រាំដល់ថ្នាក់នេះ បើជ្រុលជាចៅហ្វាយមិនទៅៗហើយនាយមានតែអង្គុយហាលសន្សើមជាមួយចៅហ្វាយហ្នឹងឯង
++++
ថ្ងៃទីពីរ...
ព្រះអាទិត្យរះឡើងចំកណ្តាលមុខបង្ខំស៊ុងហ៊ុនឲបើកភ្នែកឡើង នៅពេលដែលត្របកភ្នែកបើកពេញលេញអ្វីដែលនាយឃើញមុនគេនោះគឺមុខរបស់ជេគ ស៊ុងហ៊ុនញញឹមប៉ប្រឹមដាក់នាយតូចមុននិងពត់ពេនខ្លួនដែលក្លាយជាចុករោយសព្វទីកន្លែងព្រោះតែនាយគេងអង្គុយ។
“ម៉េចក៏មិនទៅផ្ទះ?” ជេគ ស្តីឡើងដោយការមិនពេញចិត្ត មិនមែនព្រោះតែស៊ុងហ៊ុនចចេសតែមិនពេញចិត្តដែលនាយមិនព្រមទៅផ្ទះសុខចិត្តគេងបែបនេះ មើលចុះនៅលើខ្នងដៃសុទ្ធតែកន្ទួលស្នាមមូសខាំ នេះបានខោអាវវែងៗយោងផង ពុំនោះទេប្រហែលត្រូវមូសបឺតឈាមខ្សោះមិនខាន។
“បងចាំអូន” ស៊ុងហ៊ុន នៅតែទន្ទេញដដែលៗ ក៏និយាយរួចហើយថានិងនិយាយបែបនេះរហូតដល់ជេគធុញហើយត្រឡប់ទៅវិញជាមួយនាយ។
“បើលោកមានះក៏នៅតទៅទៀតចុះ!តែខ្ញុំមិនទៅវិញជាដាច់ខាត!” ស្តីចប់ក៏ក្រព័ទ្ធដៃដើរចេញ ស៊ុងហ៊ុនទម្លាក់ទឹកមុខចុះតែក៏មិនបោះបង់ចោលនូវក្តីសង្ឃឹមឡើយ នាយនិងនៅទីនេះរហូតដល់ជេគទន់ចិត្ត។ ជេគ ដើរចេញទៅផុតចូអានក៏ភ្ញាក់មកល្មម ស៊ុងហ៊ុន មើលទៅគេទាំងទើសចិត្ត ជាបញ្ហារបស់ខ្លួនឯងសោះក៏អូសចូអានឲមកពិបាកជាមួយដែរ។
“មុខឯងមូសខាំឡើងសុះ ឆាប់ទៅរកអីមកលាបទៅ ហើយមិនចាំបាច់នៅជាមួយយើងទេ ទៅមើលការខុសត្រូវនៅក្រុមហ៊ុនទៅ”
“ចៅហ្វាយ នៅទីនេះឲខ្ញុំទៅណាកើត?” ចូអានប្រកែក
“យើងមកតាមប្រពន្ធយើង មិនមែនប្រពន្ធឯង ឆាប់ទៅផ្លាស់ខោអាវហើយទៅក្រុមហ៊ុនទៅ”
“តែចៅហ្វាយ-”
“យើងនៅទីនេះហើយក្រុមហ៊ុនបានអ្នកណាមើលការខុសត្រូវ? ចាត់ទុកថាធ្វើដើម្បីយើងឯងទៅចាត់ចែងជំនួសយើងសិនទៅ កុំឲយើងអស់សង្ឃឹមណាចូអាន” ស៊ុងហ៊ុន អង្អែលស្មារអ្នកជំនិតថ្នមៗ ចូអានចង់ប្រកែកក៏មិនបាន បើស៊ុងហ៊ុនប្រគល់ការងារធំយ៉ាងនេះឲហើយមានន័យថាគាត់ទុកចិត្តលើនាយខ្លាំងណាស់ ធ្វើការរាប់ឆ្នាំមកហើយបើមិនមានអ្វីសងគុណគាត់ទេនាយគួរតែធ្វើខ្លួនឲមានប្រយោជន៍សម្រាប់ស៊ុងហ៊ុនវិញ។
“ បាទ! ខ្ញុំឆាប់បង្ហើយការងារហើយមករកចៅហ្វាយវិញ”
“ហឹម!” ស៊ុងហ៊ុន ញញឹមងក់ក្បាល នេះហើយជាមូលហេតុដែលនាយចូលចិត្តចូអាន ចែប៉ប្រែបន្តិចមែនតែយល់ការរាក់ជ្រៅច្រើន។
ម៉ោងចេះតែរំកិលទៅមុខ ឯព្រះអាទិត្យក៏មិនសំចៃដៃបើកកម្តៅកាន់តែខ្លាំងឡើងៗ ស៊ុងហ៊ុនក៏មានចិត្តខ្លាំងមិនចាញ់ព្រះអាទិត្យប៉ុន្មានដែរ នាយឈរក្រោមកម្តៅថ្ងៃក្តៅចែសស្ទើរតែខ្លោចស្បែកមិនឲខកបំណងព្រះអាទិត្យដែលចង់ធ្វើបាបគេនោះទេ រឹតតែមិនចាញ់ចិត្តក្មេងប្រុសដែលមានងារជាប្រពន្ធទៅទៀត កាលពីមុនជេគអាចតាមនាយតត្រុកដោយមិនខ្វល់ថានាយដេញដោយប្រើពាក្យគ្រោតគ្រាតប៉ុណ្ណាឡើយ ដូច្នេះគ្រានេះដល់វេននាយត្រូវធ្វើមុខក្រាស់តាមជេគវិញហើយ។

To be continue
ម្តងម្នាក់ទេ XD

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now