ភាគទី១១៦+១១៧

442 15 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី១១៦+១១៧+១១៨

"បងនៅខឹងអូនទៀតមែនទេ?" បើទោះបីជានាងតូចព្យាយាមតាមនិយាយជាមួយគេតាំងពីងូតទឹកផ្លាស់សម្លៀកបំពាក់រួចហើយក៏ដោយក៏ស៊ុកជីននៅតែបង្ហាញភាពព្រងើយកន្ដើយដាក់នាងដដែល ស៊ុកជីនដើរទៅឆ្វេងនៅក៏ទៅឆ្វេងតាម ពេលនាយដើរទៅស្ដាំអែមមីក៏ទៅស្ដាំតាម ពេលនេះស៊ុកជីនក៏ដើរបង្ហូសនាំខ្លួនទៅកាន់គ្រែគេងអែមមីក៏ឡើងទៅអង្គុយឆ្កក់នៅលើគ្រែដូចគ្នា។
"អូននិយាយហើយតើថាអូនសុំទោស..អូនមិនមានចេតនាធ្វើឲ្យវាកំពប់ខ្ចាយទៅលើបងឡើយ ប៉ុណ្ណឹងហើយបងនៅមិនជឿចិត្តអូនទៀតមែនទេ ស៊ុកជីន?" អែមមីផ្ដេកននៀលខ្លួនទៅជិតនាយរួចលូកដៃអោបរាងកាយមាំទាំដែលព្យាយាមគេចមុខពីនាង ងក់ងរដូចជាកូនក្មេងអ៊ីចឹង ស៊ុកជីនឯណោះបែរតែខ្លួនទេក៏ប៉ុន្តែស្នាមញញឹមញ៉ោចជាប់លើបបូរមាត់ជានិច្ចតែម្ដង។
"អូនឈប់ធ្វើអ៊ីចឹងទៀតហើយណា ស៊ុកជីនសំណព្វចិត្តណា៎ មោះថ្ពក់ដៃមួយឈប់ធ្វើចឹងទៀតហើយ" នាងកាន់តែនិយាយស៊ុកជីនកាន់តែគ្រឺតខ្នាញ់នាងលើសដើមថែមទៀត ស្រីតូចអោបឈ្លីផ្ទៃមុខនឹងខ្នងរបស់គេតិចៗមុននឹងនឹកឃើញដល់រឿងអ្វីម៉្យាងដែលនាងគួរតែសួរទៅកាន់គេ ស្រីតូចក៏ងើបមុខរួចព្យាយាមសំឡឹងមើលឲ្យឃើញមុខមាត់របស់នាងតែមិនអាច...
"បងចាំបានទេថាថ្ងៃស្អែកជាថ្ងៃអី?" អែមមីសួរទាំងញញឹម។
"ចាំមិនបានទេ..បានហើយ! បងចង់សម្រាកអែមមី" ចម្លើយរបស់គេលើកនេះឯងដែលនាំឲ្យអែមមីទម្លាក់ទឹកមុខខ្ពាកតែម្ដង នាងតូចក៏ដកដៃចេញពីការអោបក្រសោបស៊ុកជីនស្រាលៗព្រមជាមួយនឹងទឹកមុខដូចជាខឹងបន្តិចអន់ចិត្តបន្តិច កាលបើគេឆ្លើយផាំងមកនាងថាមិនចាំ ទាំងដែលគេមិនសូម្បីតែយកពេលវេលាមួយភ្លែតមកគិតសោះថាថ្ងៃស្អែកជាថ្ងៃអ្វីបានជានាងសួរបែបនេះ។
គ្រាំង!
ទឹកមុខស៊ុកជីននៅញញឹមស្រស់ស្រាយនៅឡើយទាល់តែទ្វារបន្ទប់របស់បិទលាន់គ្រាំង ភាពសប្បាយដែលមាននៅលើផ្ទៃមុខរបស់គេក៏ស្រាប់តែរលត់បាត់ភ្លាមៗត្រឹមមួយប៉ព្រិចភ្នែកតែម្ដង នាយក្រោកបែរខ្លួនមើលមកខាងក្រោយខ្នងក៏ឃើញថាអែមមីនាងទៅបាត់ពិតមែន។
"ចង្រៃយ៎.." ស៊ុកជីនក្រោកត្រដាបត្រដួសឡើងមកទាញទូរសព្ទ័ឆែកមើលថាថ្ងៃស្អែកជាថ្ងៃអ្វី មុននឹងបើកភ្នែកធំៗកាលបើថ្ងៃស្អែកដែលនាងសួរនោះជាថ្ងៃកំណើតរបស់នាងនឹងឯង។
"ចប់ហើយ..ឯងចប់មិនខានទេអាជីនអើយ" ស៊ុកជីនដើរឡើងមកយកអាវក្រៅក្រណាត់របស់ខ្លួនមកស៊កចាកចេញទៅតាមមើលនាងម្ដងទាំងដែលមុននេះនាងព្យាយាមចូលក្បែរគេមកលួងលោមគេតែគេក៏បែរជាសាងកំហុសមួយបែបនេះទៅវិញ។
"វ៉ូយ៉ន? វ៉ូយ៉នឃើញម៉ាក់កូនទេ?" ចុះមកដល់ជាន់ខាងក្រោមស៊ុកជីនក៏សួរកាលបើឃើញកូនកំពុងតែអង្គុយមើលទូរទស្សន៍តែម្នាក់ឯងក្នុងបន្ទប់ទទួលភ្ញៀវ នាងតូចងាកមើលមុខលោកប៉ាបន្តិចរួចក៏ចុចបិទទូរទស្សន៍ក្រឹបរួចកាន់អោបតុក្កតាខ្លួនដើរទៅកាន់បន្ទប់បាត់ហាក់បីដូចជាមិនខ្វល់នឹងសំនួរដែលលោកប៉ាចោទសួរទាំងអន្ទះសារនោះទាល់តែសោះ។
មិនបង្អង់នាយក៏ប្រញាប់នាំខ្លួនចាកចេញទៅកាន់ផ្ទះចាស់របស់អែមមីដែលនៅក្បែរនោះតែថាមិនមានឃើញឡាននៅឈប់ចតនៅខាងមុខនោះឡើយ នេះលោកប៉ាអ្នកម៉ាក់អែមមីនៅមិនទាន់មកវិញទេ? អ៊ីចឹងអែមមីនាងបាត់ទៅណាទៅ?
"ឯងអើយឯង! នឹងហើយចង់លេងច្រើនពេក" ស៊ុកជីនលើកដៃឈ្លីសក់ក្បាលខ្លួនឯងឡើងកន្ទ្រីងកន្ទ្រើងរួចក៏ប្រញាប់ចាកចេញទៅតាមរកអែមមីទាំងព្រួយបារម្ភក្នុងចិត្តជាខ្លាំងតែម្ដង គេមិនបានដឹងឡើយថាមនុស្សស្រីដែលគេកំពុងតែរកនោះនៅឈរសំឡឹងមើលគេពីបន្ទប់ជាន់ខាងលើនៅឡើយ អែមមីឈរទន្ទឹមគ្នាជាមួយនឹងនាងល្អិតវ៉ូយ៉នដែលកំពុងតែជ្រឹមចិញ្ចើមដូចជាខឹងនឹងលោកប៉ាជំនួសឲ្យអ្នកម៉ាក់នាងអ៊ីចឹង។
"ប៉ាមិនគួរភ្លេចថ្ងៃពិសេសអ៊ីចឹងសោះ សូម្បីតែវ៉ូយ៉នក៏នៅតែចាំព្រោះវ៉ូយ៉នបានកត់វាទុកនៅលើប្រតិទិនរួចអស់ហើយម៉ាក់ៗ សូម្បីតែថ្ងៃជួបម៉ាក់ៗដំបូងក៏វ៉ូយ៉នកត់ទុកដែរ"
"បែបនេះហើយទើបម៉ាក់ស្រឡាញ់វ៉ូយ៉នជាងអ្នកណាៗទាំងអស់ ព្រោះវ៉ូយ៉នតែងតែយល់ពីចិត្តម៉ាក់ជាងគេ" អែមមីក៏លូកដៃអោបថើបសក់កូនស្រាលៗ វ៉ូយ៉នក៏រលាស់សក់ទន់រលោងរបស់នាងតិចៗក្រោយពីម៉ាក់នាងទើបរួចព្រោះនាងរសើបសក់ពេក នាងតូចក៏បែរមកអោបម្ដាយជាប់ណែនរួចញញឹមបិទមាត់មិនជិត។
"វ៉ូយ៉នអរគុណម៉ាក់ដែលមិនស្អប់វ៉ូយ៉ន..វ៉ូយ៉នអរគុណដែលម៉ាក់ស្រឡាញ់នឹងមើលថែវ៉ូយ៉នរហូតមកទាំងដែលអ្នកម៉ាក់បង្កើតរបស់វ៉ូយ៉ន-" អែមមីលូកដៃទប់បបូរមាត់កូនស្រីបន្តិចរួចក្រវីក្បាលតិចៗព្រោះមិនចាំឲ្យនាងនិយាយចប់ក៏អែមមីអាចដឹងដែរថាវ៉ូយ៉នចង់និយាយពីអី នាងក៏ប្ដូរមកជាដឹកដៃកូនរួចនាំកូនគេងនៅលើពូកទន់ល្មើយក្បែរនោះ ២នាក់ម្ដាយកូនគេងសំឡឹងមើលទៅពិដានខាងលើដែលមានផ្កាយជាច្រើនបិទនៅទីនោះ គ្រប់យ៉ាងជាការរៀបចំរបស់អែមមីសម្រាប់វ៉ូយ៉ន កូនស្រឡាញ់អ្វីគឺនាងនឹងធ្វើឲ្យប្រាកដថាកូនទទួលបានវា។
"កូនមិនមែនជាអ្នកសាងកំហុសឡើយ វ៉ូយ៉នមិនមែនអ្នកសាងអ៊ីចឹងវ៉ូយ៉នក៏មិនសាកសមនឹងទទួលផលពីទង្វើរបស់អ្នកដទៃប្រព្រឹត្តិឡើយ វ៉ូយ៉នស្ដាប់ម៉ាក់និយាយបានទេ? វ៉ូយ៉ន..." អែមមីមិនលឺសំឡេងកូនឆ្លើយតបទើបនាងអោនមុខសំឡឹងមើលក៏ឃើញថានាងគេងលង់លក់បាត់មាត់បាត់ករឈឹនៅក្នុងរង្វង់ដៃខ្លួនទៅហើយ អែមមីញញឹមបែបអស់សំណើចរួចទាញកូនមកអឹបជាប់ទ្រូងរួចទាញភួយមកដណ្ដប់ខ្លួនកូនកុំឲ្យនាងរងា វ៉ូយ៉នក៏រើខ្លួនញញឹមទាំងភ្នែកបិទនៅឡើយ។
"រាត្រីសួស្ដី...ម៉ាក់"
"រាត្រីសួស្ដីកូនម៉ាក់.." អែមមីថើបសក់កូនស្រីបន្តិចរួចក៏គោះអង្អែលខ្នងកូនតិចៗដើម្បីឲ្យនាងគេងឲ្យស្ងប់ ភ្នែកនាងក៏ចេះតែងាកសំឡឹងមើលទៅខាងក្រៅក៏ព្រោះមិនដឹងថាស៊ុកជីនគេចេញទៅដល់ណាទៅហើយទេ? នាងគិតពីនេះពីនោះរហូតទាល់តែទន់ភ្នែករួចគេងលង់លក់នាពេលនោះ គេលក់ទាំងកំពុងតែអោបក្រសោបកូនស្រីជាប់ទ្រូង។
...
ព្រឹកថ្ងៃថ្មីឈានចូលមកដល់ មនុស្សដែលអែមមីគិតកាលពីយប់ថាគេទៅដល់ណាហើយនោះក៏សម្រេចចិត្តត្រឡប់មកវិញទាំងមុខក្រៀមក្រោះត្បិតថាគេចំណាយពេលពេញមួយយប់ដើម្បីរកមើលនាង គេក៏មិនហ៊ានខលទៅសួរប៉ាម៉ាក់របស់អែមមីទៀតព្រោះខ្លាចថាអាចនឹងត្រូវមាត់បាត់បង់ពិន្ទុដែលខ្លួនខំសន្សំមកជាយូរនោះ។
ស៊ុកជីនបោះជំហានចេញពីឡានទាំងអស់កម្លាំងកំហែងពីខ្លួនរួចក៏ដើរចូលទៅខាងក្នុងតែក៏ភ្ញាក់កាលបើទ្វារផ្ទះគេបើកឡើងបង្ហាញវត្តមានរបស់ក្មួយប្រុសគេចេញមកទាំងព្រឹកព្រហាម គេប្រហែលជាចេញមកស្រោចផ្កាតាមទម្លាប់ហើយតែថានេះគេមិនបានដឹងថាបាត់អែមមីទេរឺ?
"យប់មិញពូបាត់ទៅណាបានជាអែមមីនាងនៅគេងបន្ទប់ជាមួយនឹងវ៉ូយ៉នទៅវិញ?" ខួរក្បាលដែលឈឺស្ពឹកបែរជាស្វាងដូចជាគេចាប់ទះកាលបើលឺក្មួយប្រុសនិយាយថាអែមមីគេងបន្ទប់ជាមួយវ៉ូយ៉ន អ៊ីចឹងបានន័យថានាងមកផ្ទះវិញតាំងពីយប់មិញមកម៉្លេះ?
"ចុះពួកគេក្រោករឺនៅ?"
"វ៉ូយ៉ននឹងអែមមីឃើញបណ្ដើរគ្នាទៅចំណតឡានក្រុងបាត់មួយស្របក់ហើយ លោក-" ជីមីនមិនទាន់និយាយចប់ស្រួលបួលផងស៊ុកជីនក៏បើកទ្វាររបងចេញទៅបាត់ជាថ្មីម្ដងទៀតដល់ថ្នាក់ថាក្មួយប្រុសឯណោះបានត្រឹមតែក្រវីក្បាលហួសចិត្តបន្តិច។
ស៊ុកជីនឯណោះរត់មកទាំងកាន់សោរឡានជាប់ជាមួយប្រញាប់ឲ្យមកដល់ចំណតឡានក្រុងតែមកបានតែពាក់កណ្ដាលផ្លូវគេក៏ឃើញឡានក្រុងបើកកាត់ផ្លូវនោះ អ្វីដែលគេឃើញកាន់តែច្បាស់នោះគឺជាទឹកមុខញញឹមស្រស់ស្រាយរបស់អែមមីស្របនឹងការនិយាយប្រឡែងលេងជាមួយនឹងកូនស្រី ស៊ុកជីនបានត្រឹមឈរស្ងាត់ស្ងៀមរួចលើកទូរសព្ទ័ចុចទៅនាង។
(សុំអភ័យទោសលេខដែលលោកអ្នកហៅកំពុងជាប់រវល់) អែមមីមិនត្រឹមតែមិនលើកឡើយ នាងថែមទាំងចុចបិទមិនទទួលទៀត កាន់តែធ្វើឲ្យស៊ុកជីនឈឺចិត្តលើសដើមថែមមួយកម្រិតទៀត ស្ដីបន្ទោសខ្លួនឯងដែលធ្វើឲ្យនាងខឹងទាល់តែបាន។
"អរុណសួស្ដីលោកអគ្គនាយក" សុខៗក៏មានសំឡេងគ្រលរមួយបន្លឺឡើងក្បែរគេ ស៊ុកជីនងាកស្របនឹងអ្នកម្ខាងទៀតកំពុងតែអោនគំនាបគេ ហើយម្នាក់នោះគ្មានអ្នកណាឡើយក្រៅពីបុគ្គលិកនឹងជាអ្នកជិតខាងរបស់គេគឺនាយម៉ៃគីនឹងឯង ស៊ុកជីនក៏សំឡឹងមើលទៅគេព្រមជាមួយនឹងទឹកមុខមាំទាំដូចជាមិនចង់និយាយជាមួយអីបែបនោះ គេមិនចូលចិត្តម៉ៃគីតាំងពីថ្ងៃដែលគេព្យាយាមស្និតស្នាលជាមួយនឹងអែមមីមកម៉្លេះ។
"លោកអគ្គនាយកឈ្លោះគ្នាជាមួយអែមមីមែនទេ? ខ្ញុំមានយោបល់ខ្លះក្រែងអាចជួយលោកនាយកយកចិត្តនាងវិញបាន.."
"ប្រយត្ន័សម្ដីឯងបន្តិច អែមមីនឹងក្លាយជាលោកស្រីវីគ្រីសឆាប់ៗនេះហើយ តិចពិបាកបានអត់ការងារធ្វើទៅ" ស៊ុកជីនក៏សំឡុតម៉ៃគី សំឡុតយកៗដល់ថ្នាក់អ្នកម្ខាងទៀតអោនមុខចុះបន្តិច នាយក៏ងក់ក្បាលឆ្លើយតបភ្លាមរួចក៏បំណងនឹងដើរហួសលោកអគ្គនាយកទៅតែក៏ត្រូវបានស៊ុកជីនឃាត់..
....
"អ្នកនាងអែមមី អាល់ម៉ាឌី.." សុខៗស្រាប់តែខាងសាលាប្រកាសឈ្មោះរបស់អែមមីភ្លាមដែលនាំឲ្យស្រីតូចដែលកំពុងតែស្មឹងស្មាថនឹងការងារសាលារបស់ខ្លួនឯណោះងាកសំឡឹងមើលទៅខាងក្រៅទាំងមិនយល់ មួយសន្ទុះក៏មានបុរសម្នាក់ស្លៀកឈុតអ្នកយាមចូលមកថ្នាក់រៀនរបស់នាងរួចសម្ដៅមករកនាងដូចជាស្គាល់នាងច្បាស់អ៊ីចឹង។
"អ្នកនាងអែមមីមែនទេ?"
"ចា..ចាស៎"
"សុំអ្នកនាងចូលទៅខាងក្រោមជាមួយខ្ញុំបន្តិច មានអ្នកមករកអ្នកនាង" នាងតូចចេញមកតាមការកោះហៅរបស់អ្នកយាមកាមរបស់សាលា ចុះម្ដងមួយកាំៗរហូតមកដល់ជាន់ខាងក្រោម មុននឹងភ្ញាក់កាលបើនៅទីនោះមានរថយន្តទំនើបមួយគ្រឿងថ្មីស្រឡាងចតចោល អ្វីដែលកាន់តែភ្ញាក់នោះគឺមានបុរសច្រកអាវធំម្នាក់ចេញមករួចហុចសោរឡានឲ្យទៅនាង..
"ជាអី?" ដៃទទួលយកកូនសោរនឹងបាច់ផ្កាពីគេ តែទឹកមុខក៏បង្ហាញភាពមានមន្ទិលសង្ស័យមិនចេះចប់មិនចេះហើយក្នុងចិត្តនាង អ្នកម្ខាងទៀតក៏អោនគំនាបនាងបន្តិចមុននឹងរៀបរាប់ប្រាប់ទៅកាន់នាង។
"កាដូអបអរការបញ្ចប់ឆ្នាំរបស់អ្នកនាង..លោកនាយកឲ្យបញ្ជូនមក" អែមមីបិទភ្នែកព្រលែងខ្យល់ដង្ហើមខ្លួនឯងចេញចូលៗទាំងតឹងទ្រូង... គឺជាគេទៀតហើយ!!!!
"អូនពេញចិត្តទេ?" កំពុងតែតានតឹងក្នុងចិត្តសំឡេងប្រុសគួរឲ្យស្អប់នោះក៏បន្លឺឡើងកាត់សតិអារម្មណ៍ស្មឹងស្មាថរបស់នាង អែមមីក៏ដើរចូលមករកគេរួចបោះសោរឡាននោះឲ្យទៅគេវិញទាំងដែលសកម្មភាពពួកគេនាពេលនោះមាននិស្សិតផ្សេងៗជាច្រើនកំពុងតែឈរមើល ស៊ុកជីនក៏អោនរួចរើសយកសោរនោះទាំងមុខក្រៀមក្រោះ។
"អូនមិនពេញចិត្តមែនទេ? ហ៊ើយ!ថាហើយថាគំនិតអាម៉ៃគីនេះយកជាការមិនកើតមែន.." ស៊ុកជីននិយាយស្របនឹងទឹកមុខដែលនាំឲ្យអែមមីកាន់តែខ្នក់ខ្នាញ់ជាមួយនឹងនាងលើសដើមថែមទៀត ស្រីតូចបោះជំហានតឹប២ចូលទៅកាន់ឡានបាំងខាងក្រោយចុចបំណងចង់ដាក់បាច់ផ្កានោះចូលវិញនឹងអាលចាកចេញទៅតែថា..
គ្រាន់តែឃ្លុបឡានខាងក្រោយបើកឡើងក៏មានប៉េងប៉ោងពណ៌ឈូកជាច្រើនហើយចេញ និស្សិតដែលឈរមើលពីជាន់ខាងលើមកក៏នាំគ្នាហ៊ោ នេះបានមកមើលសកម្មភាពសារភាពពិតៗទេតើ.. អែមមីក៏អោនមើលទៅប្រអប់នំ២ដែលនៅកប់ជាមួយប៉េងប៉ោងនោះ ម្ខាងជាប៉េងប៉ោងអបអរដល់ការបញ្ចប់ឆ្នាំសិក្សារបស់នាង ចំណែកមួយទៀតគឺជាពាក្យរីករាយថ្ងៃខួបកំណើត។
"រីករាយថ្ងៃកំណើតព្រះនាងតូចរបស់បង.." អែមមីញញឹមទាំងមិនទាន់ងាកមក តែស្នាមញញឹមនាងក៏ប្រែមកជាភ្ញាក់ផ្អើលកាលបើនាងងាកបែរមកក៏ឃើញថាស៊ុកជីនលុតជង្គង់នៅចំពោះមុខនាង ដៃម្ខាងកាន់ប្រអប់ចិញ្ជៀនគូបង្ហាញមកនាង។
"ស៊ុកជីន"
"ពួកយើងរៀបការទៅ..បងស្រឡាញ់អូន! បងសន្យាថាបងនឹងស្រឡាញ់អូននឹងវ៉ូយ៉នអស់មួយជីវិត អែមមីរៀបការជាមួយបងទៅ" មួយឃ្លាប្រយោគចុងក្រោយស៊ុកជីនក៏ស្រែកជាភាសាអង់គ្លេសលឺៗហាក់ចង់ប្រកាសឲ្យគ្រប់គ្នាបានលឺថាស្រីម្នាក់នេះជាកម្មសិទ្ធិរបស់គេហើយ។
"អូន..អ្ហឹក! អូនព្រម..ស៊ុកជីនអូនព្រម" អែមមីឆ្លើយតបទាំងញ័រមាត់លូកដៃឲ្យស៊ុកជីនបំពាក់ចិញ្ជៀន ស៊ុកជីនក៏លើកកាយអែមមីក្រវីក្រោមការទះដៃអបអរពីអ្នកឈរមើលហាក់បីដូចជាសាក្សីស្នេហាពួកគេនាពេលនោះ ស៊ុកជីនក៏ងើបថើបបបូរមាត់អែមមីទាំងនៅលើកនាងឡើងនៅឡើយ អែមមីក៏ថើបតបមុននឹងដកបបូរមាត់ចេញទាំងញញឹម។
"អូនស្រឡាញ់បង.."
"ឈប់ងក់ងរហើយរត់ចោលបងទៀត ដឹងទេបងស្ទើរតែឆ្កួតហើយកាលពីយប់មិញ.." អែមមីក៏ងក់ក្បាលទាំងញញឹម ស៊ុកជីនក៏ដាក់នាងចុះរួចអោបនាងយ៉ាងណែនដៃ។

សូមរង់ចាំទស្សនាភាគបញ្ចប់

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now