ភាគទី៧៦+៧៧

331 14 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៧៦+៧៧

ប៉ុន្មានថ្ងៃបានកន្លងផុតទៅក៏ដូចជាបង្ហាញប្រាប់ថាវាកន្លងទៅប៉ុន្មានថ្ងៃទៅហើយដែលអេរ៉េនបានចាកចេញទៅបន្សល់ទុកនៅមនុស្សជាច្រើនដែលស្ដាយស្រណោះនឹងនឹករលឹកដល់គេ ដូចជាពេលនេះអញ្ចឹងក្រោយពីធ្វើពិធីបុណ្យសពចប់សព្វគ្រប់ក៏នៅមានអ្នកមកអង្គុយសំកុកនៅពីមុខកន្លះផ្នូរបញ្ចុះសពរបស់គេ មនុស្សម្នាក់នោះជាមនុស្សតែម្នាក់ដែលនឹកស្រណោះនឹងស្រឡាញ់អេរ៉េនបំផុត។
"វ៉ូយ៉ន..ពួកយើងទៅផ្ទះបានហើយ...កូន" ម្ចាស់សំឡេងឧទានហៅម្ចាស់កាយតូចដែលអង្គុយសញ្ជឹងម្នាក់ឯងយ៉ាងស្រងូតស្រងាត់មិននិយាយអ្វីសោះ ភ្នែកសំឡឹងមើលតែផ្នូររបស់មនុស្សម្នាក់ដែលមានត្រឹមតែរូបតំណាងញញឹមយ៉ាងស្រស់ស្អាត អែមមីចូលទៅជិតវ៉ូយ៉នដែលមកអង្គុយធ្មឹងនៅលើមុខផ្នូរលោកប៉ារបស់នាងតាំងពីគេយកប៉ារបស់នាងមកបញ្ចុះពីព្រឹកមិញមកម៉្លេះ។
"វាគ្រាន់តែជាការយល់សប្ដិមែនទេបងស្រី?" វ៉ូយ៉ននិយាយទៅកាន់អែមមីទាំងមិនមានព្រលឹងព្រលះនៅក្នុងខ្លួនអីបន្តិចសោះ នាងនឹករលឹកលោកប៉ារបស់នាងខ្លាំងណាស់ ពួកគេបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ លំបាកវេទនាជាខ្លាំងទម្រាំតែបានជួបគ្នាតែពេលនេះលោកប៉ារបស់នាងក៏ចាកចេញជាថ្មីទុកឲ្យនាងនៅឯកោនៅលើលោកនេះតែម្នាក់ឯងជាថ្មីម្ដងទៀត។
"វ៉ូយ៉នមកអង្គុយទីនេះតាំងពីព្រលឹមធ្លាក់សន្សើមមកហើយ ពួកយើងគួរតែទៅផ្ទះហើយ មិនអ៊ីចឹងវ៉ូយ៉នច្បាស់ជារងានឹងឈឺមិនខានឡើយណា៎" ទោះជាដឹងថាវ៉ូយ៉ននាងមិនចង់ទៅតែអែមមីក៏នៅតែព្យាយាមលួងលោមនាងដែរ វ៉ូយ៉នក៏ដោះកន្សែងបង់ករចេញរួចក៏គ្របវាទៅលើផ្នូររបស់លោកប៉ានាង មុននឹងក្រោកឈរឡើងទាំងភ្នែករលីងរលោង។
"វ៉ូយ៉ននឹងឧស្សាហ៍មកលេងលោកប៉ា លោកប៉ានឹងមិនឯកាទៀតឡើយ កូនស្រឡាញ់លោកប៉ា" អែមមីក៏អោបកាន់ស្មារបស់វ៉ូយ៉នរួចពួកគេទាំង២នាក់ក៏ចាកចេញទៅជាមួយនឹងគ្នា ដំណើរបោះជំហានឆ្ពោះទៅកាន់ជម្រាលផ្លូវខាងលើក៏ឃើញថាអ៊ែនហ្សូកំពុងតែរង់ចាំនៅទីនោះ គ្រាន់តែឃើញបងស្រីនឹងវ៉ូយ៉នមកដល់គេក៏ប្រញាប់ចុចបើកសោរឡានដើម្បីឲ្យក្រមុំៗបានចូលទៅក្នុងឡានកម្ដៅខ្លួនពីភាពត្រជាក់នៃបរិយាកាសខាងក្រៅ។
"រំខានឯងទៀតហើយអូនហ្សូ" ចូលមកដល់ខាងក្នុងឡានអែមមីក៏និយាយទៅកាន់ប្អូនប្រុសភ្លាម ម្ចាស់កាយសង្ហាដែលអង្គុយនៅបាំងខាងមុខក៏ញញឹមបែបធម្មតាៗទៅកាន់បងស្រីបន្តិចរួចក៏បើកឡានចាកចេញពីទីកន្លែងនោះ។
"អរគុណបងស្រីសម្រាប់ថ្ងៃនេះ" វ៉ូយ៉នក៏សំឡឹងមើលទៅកាន់បងស្រីជាទីស្រឡាញ់ដែលជូននាងមកបានជាគ្នា អែមមីក៏ញញឹមតបមុននឹងអោបក្រសោបវ៉ូយ៉នជាប់នឹងទ្រូង នាងល្អិតក៏មិនបោះបង់ឱកាសនឹងអោបក្រសោបទទួលភាពកក់ក្ដៅពីអែមមី បែបនោះហើយក៏ហាក់ដូចជារំលឹកនាងដល់មនុស្សម្នាក់ដែរ។
"វ៉ូ..វ៉ូយ៉ននឹកម៉ាក់ អ្ហឹកៗ" នាងល្អិតដែលញញឹមពព្រាយអម្បាញ់មិញក៏ប្រែប្រួលជាស្រងូតស្រងាត់ ក្រោមសំឡេងភ្លៀងធ្លាក់នៅខាងក្រៅក៏មានសំឡេងយំតិចៗរបស់វ៉ូយ៉ន សំឡេងបង្ហាញពីភាពរងាឯកោរបស់ក្មេងដែលខ្វះភាពកក់ក្ដៅអ្វីម៉្យាង ទោះជាមានអ្នកស្រឡាញ់មើលថែនាងរួចក៏ដោយក៏នាងនៅតែឯកោ ព្រោះអ្នកដែលស្រឡាញ់នឹងមើលថែនាងនោះជាមិនមែនជាម្ដាយរបស់នាង។
"ម៉ាក់នៅទីនេះ.." វ៉ូយ៉នពេបមាត់រលីងរលោងសំឡឹងមើលទៅបងស្រីដែលនាងតែងគោរពស្រឡាញ់ជានិច្ច ហើយពេលនេះនាងក៏កាន់តែកក់ក្ដៅដែលអែមមីបើកចិត្តទទួលនឹងស្រឡាញ់នាងដូចជាកូន។
"កុំគិតច្រើនហើយសម្ងំគេងសិនទៅ ដល់ផ្ទះបងនឹងធ្វើនំសូកូឡាឆ្ងាញ់ៗឲ្យវ៉ូយ៉នណា៎" អែមមីក៏ព្យាយាមនិយាយលួងលោមវ៉ូយ៉នដោយលូកដៃអង្អែលខ្នងនាងតិចៗគោះអង្អែលរហូតដល់ស្ងាត់សំឡេងយំរបស់នាង អែមមីក៏អោនមើលទើបឃើញថាវ៉ូយ៉ននាងបានគេងលង់លក់បាត់ទៅហើយ នាងក៏ញញឹមរួចទាញវ៉ូយ៉នមកផ្ដេកលើទ្រូងដើម្បីឲ្យនាងគេងស្រួលបន្តិច។
"បងមិនគិតទៅផ្ទះសិនទេមែនទេ? លោកប៉ាអ្នកម៉ាក់កំពុងតែបារម្ភនឹងចង់ជួបជាមួយបងផង" អ៊ែនហ្សូក៏សួរនាំទៅកាន់បងស្រីគេ មុននឹងបត់ឡានចូលទៅកាន់ហាងកាហ្វេមួយកន្លែងដែលនៅក្បែរផ្លូវនោះ។
"បងចង់ញ៊ាំកាហ្វេទេ?"
"បងយកតែmilkshakeឲ្យវ៉ូយ៉នម្នាក់បានហើយ" អែនហ៊្សូក៏ងក់ក្បាលឆ្លើយតបរួចក៏កម៉្មង់តាមការប្រាប់របស់បងស្រី មួយសន្ទុះទើបពួកគេទទួលបានទឹកដែលពួកគេកម៉្មង់រួចក៏ចេញដំណើរបន្តទៅទៀត។
"អញ្ចឹងបងនឹងស្នាក់នៅអាផាតមិននោះសិន?"
"បងត្រូវមើលថែវ៉ូយ៉ន នាងទើបតែបាត់បង់លោកប៉ារបស់នាង បងមិនចង់ឲ្យនាងមានអារម្មណ៍ថាឯកោឡើយព្រោះពួកយើងក៏ធ្លាប់ជួបអារម្មណ៍បែបនេះ" អ៊ែនហ្សូក៏ងក់ក្បាលឆ្លើយតបទៅបងស្រី ព្រោះគេតែងតែគោរពតាមការសម្រេចចិត្តរបស់បងស្រីគេជានិច្ច។
"ថ្មើរនេះប្រហែលជាគេមិនទាន់ទៅដល់ផ្ទះនៅឡើយទេ" អែមមីក៏ស្រាប់តែនឹកឃើញដល់ស៊ុកជីនដែលបានចាកចេញបាត់ពីអាផាតមិនតាំងពីព្រឹកព្រហាមមកម៉្លេះ មិនដឹងថាគេមានការងារអ្វីសំខាន់ណាស់ណា៎ទេ ទើបមិនអាចសូម្បីតែនៅជូនដំណើររបស់អេរ៉េន។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now