ភាគ៧

645 23 0
                                    

ម្ចាស់គ្រងបេះដូង

ភាគ៖០៧

«អរុណសួស្ដីកូនតុក្កតាខ្លាឃ្មុំ» គេមិនបាននិយាយតែមាត់ទេថែមទាំងលើកដៃមកអង្អែលក្បាលអ្នកដែលភាំងមិនដឹងថាគេចូលមកតាំងពីពេលណានេះទៀត ស៊ុកជីនក៏លូកទាញដៃនាងមករួចដាក់ទឹកដោះគោនៅលើដៃនាងស្រាលៗ អែមមីដល់ថ្នាក់ថាគាំងនិយាយអីមិនចេញតែម្ដង នេះនាងទើបតែដេញគេពីម្សិលមិញទេ ថ្ងៃនេះគេក៏មកទៀត និយាយថាគេមុខក្រាស់តើសមដែរទេ?
«លោកចូលមកផ្ទះខ្ញុំទៀតហើយ» អែមមីរអ៊ូរង៉ូវៗទាំងភ្នែកដៀងសម្លក់នាយមិនឈប់ ម្ចាស់កាយមាំសង្ហាក៏ឃើញថានាងកំពុងតែសម្លក់គេទើបគេធ្វើជាទាញបើកក្រដាសកាសែតថ្មីៗនោះរួចធ្វើជាមើលដូចជាមិនបានចាប់អារម្មណ៍នឹងការសម្លក់គម្រាមរបស់នាងទាល់តែសោះ អែមមីក៏ខាំមាត់ទាំងខឹងក្នុងចិត្តរួចដើរចូលទៅខាងក្នុងយ៉ាងលឿន បានឳកាសស៊ុកជីនក៏ចូលទៅតាមនាងពីក្រោយតែម្ដង មិនភ្លេចទាំងញញឹមសប្បាយចិត្តផង។
«ហេតុអីក៏ព្រឹកមិញគេចុចកណ្ដឹងហៅហើយនាងមិនចេញមកសោះចឹង? ខ្ញុំបារម្ភសឹងតែស្លាប់ទៅហើយ នាងដឹងដែរទេ?» ស៊ុកជីនដើរចូលមកតាមពីក្រោយអែមមី ភ្នែកក៏ងាកសំឡឹងមើលជុំវិញក្នុងបន្ទប់ទទួលភ្ញៀវរបស់នាង កាលពីយប់នាយអាចមើលឃើញថាក្នុងផ្ទះនាងមានភាពរញ៉េរញ៉ៃបន្តិច តែពេលនេះក្នុងបន្ទប់ទាំងមូលក៏ប្រែក្លាយមកជាស្អាតភ្លឹង បានន័យថាយប់មិញអែមមីនៅរៀបចំទាំងឈឺមែនទេ? អែមមីនាងមិនបាននិយាយអីតែក៏នាំខ្លួនកាន់ដបទឹកដោះគោរួចក៏ចូលហួសទៅខាងក្នុងបាត់ ស៊ុកជីនងាកសំឡឹងមើលជុំវិញខ្លួនហាក់ព្យាយាមស្វែងយល់ពីការរស់នៅរបស់អែមមី តែថាក៏ប្រទះភ្នែកនឹងកូនឆ្មាតូចមួយដែលរអិលខ្លួនធ្លាក់ពីលើផ្ដៅពូករបស់វា នាយប្រញាប់ក្រោកនាំខ្លួនឡើងរួចក៏ដើរហួសចូលទៅរកកូនឆ្មានោះភ្លាមៗ។
«ម៉េវ...ម៉េវ» កូនឆ្មាតូចកាលបើបានឃើញមនុស្សចម្លែកមុខចូលមកវាក៏បម្រាស់ខ្លួនគេច រួចក៏លើកដៃមានក្រចកតូចៗខ្វាចដៃនាយកម្លោះ ស៊ុកជីនក៏ដកដៃមកវិញទាំងឈឺផ្សាដោយសារកូនឆ្មានោះខ្វាច។
«អូ...អូ ទឹកដោះគោឯងមកហើយកូន» ការពិតអែមមីនាងទៅខាងក្រោយដើម្បីយកចានមកចាក់ទឹកដោះគោឲ្យកូនឆ្មាសោះ នាងចូលមករកវាទាំងញញឹមរួចក៏កាន់វាដោយដៃម្ខាងយ៉ាងងាយ នាំវាទៅរកកន្លែងក្បែរមាត់បង្អួចដែលមានសណ្ឋានវែងដល់ក្រោកអាចមើលឃើញទេសភាពខាងក្រៅបាន។
អែមមីក៏ដាក់កូនឆ្មាតូចនោះដាក់នៅលើឥដ្ឋ មិនភ្លេចអង្អែលប៉ះជើងវាតិចៗផង ព្រោះថាឥដ្ឋវាត្រជាក់គួរសម ស៊ុកជីនក៏ចូលមកជិតនាងរួចអង្គុយក្បែរអែមមី សំឡឹងមើលនាងដាក់ទឹកដោះឲ្យកូនឆ្មានោះ អែមមីញញឹមបិទមាត់មិនជិតតាំងពីនាងបានចិញ្ចឹមកូនឆ្មានោះមក វាក៏តែងតែធ្វើឲ្យនាងញញឹមគ្រប់ពេល ដូចជាបានសមាជិកថ្មីមកម្នាក់អញ្ចឹង។
«នាងមើលទៅដូចជាស្រឡាញ់កូនឆ្មាខ្លាំងណាស់» ដោយឃើញនាងកំពុងតែញញឹមសប្បាយចិត្តស៊ុកជីនក៏លូកពាក្យលូកសម្ដីទៅកាន់នាងបន្តិច ទឹកមុខញញឹមស្រស់ស្រាយអម្បាញ់មិញក៏រាងទម្លាក់ចុះបន្តិច ដៃលូកអង្អែលក្បាលកូនឆ្មាតិចៗរួចក៏ដាក់ចំណីឲ្យវាថែមបន្តិចទៀត។
«កូនឆ្មាមួយនេះវាស្មោះត្រង់ណាស់ វាមិនដែលចាកចេញពីខ្ញុំឡើយ វាមិនដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាឯកាឡើយ មិនដូចជាមនុស្សនៅជុំវិញខ្លួនខ្ញុំឡើយ» អែមមីក៏ក្រោកឡើងបន្ទាប់ពីបាននិយាយពាក្យទាំងនេះអស់នេះរួច នាងនិយាយដូចជាធម្មតាតែអត្តន័យវាមិនមែនធម្មតាដូចជាពាក្យដែលនាងនិយាយឡើយ សូម្បីតែរាងក្រាស់ក៏នៅស្ងៀមទ្រឹងបន្ទាប់ពីបានលឺវាដូចគ្នា។
«បើលោកអស់ការអីហើយលោកអាចទៅវិញបាន ខ្ញុំចង់សម្រាក ថ្ងៃនេះជាថ្ងៃសម្រាករបស់ខ្ញុំ» អែមមីដេញគេជាថ្មីម្ដងទៀតហើយ ដូចជានាងធ្លាប់បាននិយាយអញ្ចឹងឲ្យតែនាងបានឃើញគេ នាងតែងតែនឹកឃើញដល់ពេលវេលាដែលគេចាកចេញទៅ ក្នុងចិត្តរបស់អែមមីហាក់នៅដក់ជាប់នឹងតែងតែចងចាំពីការចាកចេញរបស់នរណាម្នាក់ជានិច្ចចាប់តាំងពីពេលដែលម្ដាយនាងធ្លាប់បានចាកចេញទៅ វាហាក់ដូចជាផ្ដល់អារម្មណ៍មួយដែលធ្វើឲ្យនាងរាងចាលនឹងភ័យខ្លាច ខ្លាចថាអ្នកណាម្នាក់នឹងចាកចេញពីនាងជាថ្មីទៀត វាឯកោខ្លាំងណាស់ ឈឺចាប់ខ្លាំងណាស់ដែលត្រូវសំឡឹងមើលអ្នកជុំវិញខ្លួនចាកចេញទៅបែបនេះ។
«លោកមិនលឺខ្ញុំដេញទេមែនទេ? ឆាប់ចេញទៅ...បឹប» អែមមីនិយាយមិនទាន់ចប់ផង រាងកាយនាងក៏ត្រូវបានបុរសមាឌធំជង្ក្រោងអោបក្រសោបពីក្រោយជាប់ណែន បើទោះបីជានាងព្យាយាមរើបម្រាស់ខ្លាំងយ៉ាងណាក៏មិនអាចធ្វើទៅបាន ដោយសារតែស៊ុកជីនអោបនាងនៅលើកនេះគឺអោបជាប់ណែនតែម្ដង គេមិនព្រលែងឳកាសទៀតឡើយ។
«លែងខ្ញុំទៅ...»
«អត់ទេ! ខ្ញុំធ្លាប់បាននិយាយតាំងពីដើមមកហើយថាខ្ញុំនឹងមិនដោះលែងនាងរឺក៏ចាកចេញពីនាងជាថ្មីទៀតឡើយ ខ្ញុំដឹងថានាងអន់ចិត្តពីរឿងអតីតកាល សុំទោសដែលខ្ញុំចាកចេញទៅដោយមិនបានលា សុំទោសដែលឲ្យនាងរង់ចាំមកជាយូរបែបនោះ សុំទោស» ស៊ុកជីននិយាយគ្រប់យ៉ាងដែលអែមមីនាងចង់លឺតែក៏នៅមានរឿងមួយដែលគេមិនទាន់បានស្រាយចម្ងល់របស់នាងនៅឡើយ។
«លោកនិយាយអី? អ្នកណារង់ចាំលោក? លែងខ្ញុំទៅ...លែង ហ៊ឺ» ព្រោះមិនចង់ឲ្យគេចាប់បានថាគេនិយាយត្រូវចំណុចអែមមីក៏ប្រញាប់រើបម្រាស់ចេញពីការអោបក្រសោបរបស់នាយស៊ុកជីន ដៃម្ខាងគៀសគេ ចំណែកដៃម្ខាងទៀតក៏ខ្ញាំដៃនាយបំណងចង់រើចេញឲ្យខានតែបាន តែក៏បែរជាធ្វើឲ្យនាងនៅស្ងៀមវិញក៏ព្រោះតែដៃនាងមានប្រឡាក់ឈាមរឹមៗ បូកផ្សំនឹងខ្យល់ដង្ហើមធ្ងន់របស់ស៊ុកជីនផងទៀត។
«អែមមី...»
«ដៃលោកកើតអី? កូនឆ្មាខ្វាចមែនទេ? ហូរឈាមហើយ» អែមមីហាក់ភ្លេចខ្លួនព្រោះតែកូនចិត្តព្រួយបារម្ភចាប់រីកដុះដាលពីក្នុងទ្រូង នាំឲ្យនាងភ្លេចភ្លាំងអស់ថានាងព្យាយាមគេចវេសពីគេមកជាអូសដៃគេទៅអង្គុយនៅលើសាឡុងវិញ រួចក៏អោនទៅលើកយកប្រអប់ថ្នាំពេទ្យដែលនៅក្រោមតុកញ្ចក់។
«កុំបម្រាស់ បើមិនលាងរបួសវាអាចនឹងនាំឲ្យលោកក្ដៅខ្លួនបាន» អែមមីក៏លូកដៃម្ខាងទប់ច្រត់ភ្លៅនាយកម្លោះជៀសវាងថានាយអាចនឹងបម្រាស់ តែថាកាយវិការនាងប៉ុណ្ណឹងក៏ធ្វើឲ្យកម្លោះសង្ហាយើងទន់បេះដូង សំឡឹងមើលទៅនាងទាំងពេញចិត្តពេញថ្លើម ថែមទាំងហ៊ានលួចរំភើបថែមទៀតផង គ្រាន់តែបាននាងល្អិតមាត់រឹងម្នាក់នេះយកចិត្តទុកដាក់ជាមួយខ្លួន។
«គ្រាន់តែកូនឆ្មាតូចខ្វាចប៉ុណ្ណឹង វាមិនអីទេ តែមួយថ្ងៃពីរក៏នឹងជាហើយអែមមី នាងកុំបារម្ភអី...»
«លោកមើលនេះទៅ» អែមមីមិនបាននិយាយអីតែក៏លាត់ដៃអាវនាងឡើងបន្តិចរួចក៏បង្ហាញស៊ុកជីនពីស្នាមផ្លែមួយដែលនៅនឹងកំភួនដៃនាង ទឹកមុខញញឹមចង់ញ៉ោះនាងអម្បាញ់មិញក៏ប្តូរមកជាព្រួយបារម្ភវិញ ក្រោយពីបានឃើញស្នាមនៅលើកំភួនដៃនាង។
«បើលោកមិនចង់មានស្នាមបែបនេះទេ នៅឲ្យស្ងៀមទៅ» អែមមីប្រើក្រសែភ្នែកមុតសំឡឹងមើលទៅគេ ការនិយាយស្ដីក៏រៀងហីៗដាក់គេបន្តិចដែរ តែថាគេបែរជាកាន់តែពេញចិត្ត រឺក៏មកពីភាពព្រងើយកន្តើយរបស់នាងវាជាមន្តស្នេហ៍ទេដឹង?
«ក្រោយពីគ្រួសារខ្ញុំបានចាកចេញទៅមានតែមាដាមម្នាក់ប៉ុណ្ណោះដែលបារម្ភនឹងយកចិត្តទុកដាក់ជាមួយខ្ញុំ ហើយនៅពេលនេះក៏មាននាងម្នាក់ទៀត...ខ្ញុំសប្បាយចិត្តណាស់ អរគុណ» ស៊ុកជីននិយាយពាក្យពេចន៍ទាំងប៉ុន្មាននេះចេញមក អែមមីក៏ងើបសំឡឹងមើលមុខគេហាក់ដូចជាចង់ដឹងបន្ថែម តែក៏ភាំងកាលបើនាយស៊ុកជីនលូកដៃម្ខាងមកកាន់ប៉ះថ្ពាល់នាងរួចអោនមុខយឺតៗមកជិតនាង ផ្អឹមទម្លាក់បបូរមាត់ក្រាស់ប៉ះនឹងបបូរមាត់ស្ដើងពណ៌សុីជម្ពូររបស់នាង។
តុកៗ
(អែមមី!)
សំឡេងគោះទ្វារពីខាងក្រៅក៏ស្រាប់តែបន្លឺឡើងភ្លាមៗនាំឲ្យមនុស្សប្រុសស្រី២នាក់ដែលកំពុងតែបម្រុងនឹងធ្វើរឿងម៉្យាងនោះឈប់ អែមមីក៏ប្រញាប់រើបម្រាស់ដោយលើកដៃរុញទ្រូងស៊ុកជីន ភ្នែកក្រហមងាកសំឡឹងទៅកាន់ទ្វារ មុននឹងសំឡេងស្រែកហៅនោះបន្លឺឡើងជាថ្មី។
(អែមមីនៅផ្ទះទេ?)
«ជុននីអូ?» អែមមីនិយាយទាំងភ័យរួចក៏សំឡឹងមើលមុខស៊ុកជីន។

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now