ភាគទី៣៧+៣៨

435 20 1
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៣៧+៣៨

ហ្វូ...
ខ្យល់បក់បោកនាំភាពត្រជាក់ល្អឹមចូលមកប៉ះនឹងផ្ទៃស្មាទទេស្អាតរបស់មនុស្សស្រីម្នាក់ដែលកំពុងតែអង្គុយនៅក្នុងព្រះវិហារកាតូលិកមួយតែម្នាក់ឯងទាំងព្រឹកព្រលឹមតែម្ដង អែមមីបន្ទាប់ពីមកដល់ទីនេះប៉ុន្មានថ្ងៃរួចមក នាងក៏តែងតែឡើងមកអង្គុយនៅក្នុងព្រះវិហារតែម្នាក់ឯងរៀងរាល់ព្រឹកតែម្ដង មិនដែលខកខាន។
អែមមីអង្គុយបិទភ្នែកអធិដ្ឋានតែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ពីមុខព្រះជាម្ចាស់ ដៃតូចស្រឡូនទាំងសងខាងក៏លើកផ្គួបចូលគ្នាបួងសួងក្នុងចិត្តដើម្បីឲ្យបានធូរស្រាលនឹងអារម្មណ៍ល្អសម្រាប់ទទួលថ្ងៃថ្មីម្ដងទៀត។
"ហ៊ឹម" ដំណកដង្ហើមព្រលែងចេញធ្ងន់នាំឲ្យលឺខ្ទរក្នុងបន្ទប់ធំទូលាយនោះ អែមមីសន្សឹមបើកភ្នែកឡើងងើបសំឡឹងមើលទៅរូបព្រះជាម្ចាស់ដែលដាក់តាំងកណ្ដាលបន្ទប់ព្រះវិហារនោះ នាងក៏ញញឹនហាក់បីដូចជាអរគុណដល់ព្រះជាម្ចាស់ដែលបានជួយដល់អារម្មណ៍ផ្លូវចិត្តនាង ស្រីតូចក៏ងាកចោលភ្នែកសំឡឹងមើលទៅកៅអីដែលទំនេរទាំងអស់នោះមុននឹងផ្អែកខ្នងនឹងកៅអីដែលខ្លួនអង្គុយវិញ។
(មួយរយៈដែលខ្ញុំម្ចាស់បងទីនេះ ខ្ញុំម្ចាស់ក៏មានអារម្មណ៍ធូរស្រាលមួយកម្រិតហើយ តែថា...)
(ខ្ញុំម្ចាស់នៅមិនទាន់..មិនទាន់អាចបំភ្លេចគេបាននៅឡើយ មិនទាន់អាចកាត់ចិត្តពីគេបាននៅឡើយទេ..ហេតុអី? ហេតុអីក៏ការជួបវាងាយជាងការបំភ្លេចគ្នាបែបនេះ?)
អែមមីសួរក្នុងចិត្តតែម្នាក់ឯង កែវភ្នែកក៏ងាកសំឡឹងមើលទៅរូបសំណាកមិនឈប់ហាក់ដូចជាចង់បានចម្លើយខ្លាំងណាស់ ចង់ដឹងពីវិធីដោះស្រាយខ្លាំងណាស់ នាងបានដោះលែងគេឲ្យមានសេរីភាពហើយ បំពេញតួនាទីឲ្យគេក្លាយជាបុរសម្នាក់ដែលមានទំនួលខុសត្រូវស្របតាមបំណងដែលខ្លួនគិតរួចហើយ តែហេតុអី? ហេតុអីក៏នាងបែរជាតឹងស្ទះទ្រូងដូចជាហូរហៀដោយទុក្ខសោកបែបនេះ?
"ការពិតនៅទីនេះទេរឺ?"
"អរ៎..អ្នកគ្រូមែល" អែមមីក៏ប្រញាប់លុបចោលការគិតនឹងក្ដីសោកសង្រែងទុកមួយឡែករួចក៏ងាកផ្ដល់ស្នាមញញឹមយ៉ាងស្រស់បំព្រងទៅកាន់អ្នកគ្រូមែលដែលជាអ្នកគ្រូមើលការខុសត្រូវនឹងជួយណែនាំនាងកាលពីថ្ងៃមុន។
"ក្មេងៗក្រោកពីគេងក៏ចេះតែនាំគ្នាសួររកអ្នកគ្រូអែមមីគ្រប់គ្នា ខ្ញុំគិតថាអ្នកគ្រូច្បាស់ជាមកបួងសួងនៅព្រះវិហារហើយក៏ដូចជាការគិតពិតមែន" អែមមីក្រោកនាំខ្លួនចេញទៅរកអ្នកគ្រូមែលភ្លាមមិនបានឲ្យគាត់នៅឈររង់ចាំឡើយ នាងក៏អោនគំនាបយ៉ាងគួរសមក៏ព្រោះថាអ្នកគ្រូមែលក៏មានអាយុច្រើនជាងនាងមិនតិចដែរហើយក៏ជាអ្នកគ្រូធំនៅទីនេះបន្ទាប់ពីដូនជីមើលថែវិហារមួយនេះផង។
"អ្នកគ្រូមានបញ្ហាអ្វីលាក់ក្នុងចិត្តពិតទេ?" អ្នកគ្រូមែលក៏សួរនាំនាងក្រមុំយើងភ្លាមស្របនឹងដំណើរបោះជំហានចាកចេញទៅជាមួយនឹងគ្នា អែមមីនាងក៏ញញឹមបន្តិចរួចក្រវីក្បាលតិចៗព្រោះគិតថានាងមិនអាចចែករំលែកបញ្ហាជាមួយនឹងនរណាម្នាក់បានឡើយ នាងមានភាពក្លាហានទម្លាយការគិតនឹងអារម្មណ៍តែពីមុខព្រះជាម្ចាស់ប៉ុណ្ណោះ។
"ខ្ញុំដឹងថាពេលខ្លះជីវិតរបស់មនុស្សយើងមិនមែនអង្គុយតែសមប្រកបគ្រប់តែរឿងឡើយ វាអាចនឹងមានឡើយមានចុះ មានការជួបបែកសុទ្ធតែជាវាសនាចារមកទាំងអស់.."
"ខ្ញុំដឹងអ្នកគ្រូមែល..ខ្ញុំក៏មិនមានបំណងប្រឆាំងនឹងជោគវាសនានោះឡើយ តែគ្រាន់តែសង្ឃឹមថាអ្វីដែលខ្ញុំបានសម្រេចនោះវាស្របទៅនឹងព្រេងវាសនាដែលបានកំណត់ទៅចុះ ព្រោះខ្ញុំមិនចង់បាត់បង់នរណាម្នាក់ទៀតឡើយ រឹតតែមិនចង់ឲ្យនរណាម្នាក់ត្រូវមកជួបទុក្ខលំបាកដោយសារតែខ្ញុំដែរ.." គ្រាន់តែអែមមីនិយាយប៉ុណ្ណឹងអ្នកគ្រូមែលក៏អាចកាត់ន័យយល់បានខ្លះៗទៅហើយ គាត់ក៏លូកដៃម្ខាងទៅកាន់ចាប់ស្មានាង អង្អែលតិចៗរួចក៏ញញឹម។
"ពេលខ្លះការលះបង់មិនមែនជាជម្រើសល្អរហូតដែរ កុំព្យាយាមលះបង់ក្ដីសុខរបស់ខ្លួនទៅអ្នកដទៃ ព្រោះវាអាចធ្វើឲ្យយើងឈឺ យើងស្ដាយក្រោយ មិនសាកសមនឹងតម្លៃឡើយ អ្នកគ្រូអែមមី" អ្នកគ្រូមែលបន្សល់ទុកឃ្លាប្រយោគប៉ុណ្ណឹងរួចក៏ដើរហួសទៅកាន់អាគារដែលជាការិយាល័យរបស់គាត់បាត់ ទុកឲ្យនាងតូចយើងឈរសញ្ជឹងតែម្នាក់ឯងព្រោះតែពាក្យសម្ដីនោះវាហាក់ត្រូវចំណុចរបស់នាងខ្លាំងណាស់ នាងជាអ្នកសម្រេចចិត្តដោះលែងគេហើយនាងក៏ឈឺចាប់មិនស្ទើរដែរពេលនេះ។
"អ្នកគ្រូ?" អែមមីងាកសំឡឹងទៅកាន់ម្ចាស់សំឡេងក៏ឃើញថាមានក្មេងៗមិនតិចនាក់ដែលកំពុងតែឈររង់ចាំនាងនៅខាងមុខផ្ទះ គ្រប់គ្នាមើលទៅដូចជាងើបមករកនាងទាំងងងុយអញ្ចឹង ស្រីតូចក៏ទម្លាក់ចោលរឿងទាំងអស់រួចទៅបំពេញតួនាទីរបស់ខ្លួនពេលនោះ ជើងតូចស្រឡូនទម្លាក់ចុះមុននឹងក្រឡេកភ្នែកឃើញផ្កាធូលីបជាច្រើនដែលដុះនៅក្នុងសួនក្បែរនោះ ខួរក្បាលរិះគិតរឿងដដែលតែក៏មានគំនិតចម្លែកមួយលោតឡើងមកហាក់បីដូចជាអារម្មណ៍ពិតប្រាកដរបស់នាងនាពេលនេះ។
(បើបងមករកអូនឃើញ..បងនឹងឈ្នះគ្រប់យ៉ាង!)

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now