ភាគទី៣៩

362 13 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៣៩

ភ្លៀងនៅតែបង្អុរធ្លាក់ចុះដដែលមិនបានថមថយកម្រិតអ្វីបន្តិចសោះ រូបកាយមនុស្ស២នាក់ដែលអម្បាញ់មិញនៅឈរក្បែរគ្នាលួងលោមគ្នាតែពេលនេះក៏ប្ដូរមកជាជុននីអូអៀវអែមមីដើរបន្តក្រោមឆត្រ័ធំមួយទៅវិញ។
"ហេតុអីក៏ឯងដឹងថាខ្ញុំនៅទីនេះ? ហេតុអីក៏មកទាំងបែបនេះទៅវិញ ជុននីអូ?" នាងតូចដែលនៅស្ងៀមលើខ្នងឲ្យជុននីអូអៀវឯណោះក៏សួរនាំនាយភ្លាមទាំងដែលសំឡេងនាងស្ដាប់មើលទៅនៅញ័រដដែលព្រោះនាងព្យាយាមទប់ទឹកភ្នែកខ្លួនឯងខ្លាំងពេក ជុននីអូលឺត្រឹមតែសំឡេងនាងគេក៏បានដឹងបាត់ទៅហើយថានាងមានអារម្មណ៍មិននឹងនរទៅហើយ។
"ហេតុអីក៏មកពួនសម្ងំតែម្នាក់ឯងនៅទីនេះ? ដឹងទេថាគ្រប់គ្នាបារម្ភពីអែមមីខ្លាំងប៉ុណ្ណានោះ?" ជុននីអូមិនបានឆ្លើយថែមទាំងសួរសំនួរបន្ថែមបកទៅអែមមីវិញទៀត នាងតូចក៏បានតែនៅស្ងៀមមិននិយាយអ្វីហាក់បីដូចជាសញ្ជឹងគិតនឹងពាក្យសម្ដីដែលជុននីអូកំពុងតែនិយាយអញ្ចឹង គិតរួចក៏មានអារម្មណ៍ខុសឆ្គងដែរ។
"ខ្ញុំមិនចង់ជួបនរណា រឹតតែមិនចង់ឲ្យនរណាម្នាក់មកលំបាកព្រោះតែខ្ញុំដូចគ្នា សូម្បីតែពេលបានឃើញឯងពេលនេះខ្ញុំក៏បែរជាមានអារម្មណ៍ថាខុសដែលឲ្យឯងស្កាត់ពីចម្ងាយមករកខ្ញុំដល់ទីនេះ" ជុននីអូអស់សំណើចនឹងសម្ដីអែមមីនិយាយមុននេះ ហេតុអីក៏នាងបែរជាមានអារម្មណ៍ខុសទាំងដែលគេជាអ្នកចង់មកទីនេះរកនាងដោយខ្លួន ព្រោះតែគេបារម្ភពីសុខទុក្ខនាង តែមកដល់បានឃើញនាងមកស្វែងរកការងារបំភ្លេចរឿងគ្រប់យ៉ាងគេក៏បានធូរចិត្តខ្លះ។
"គិតបែបណាទើបមកចុះឈ្មោះធ្វើជាអ្នកគ្រូមើលថែដល់ក្មេងៗបែបនេះ នាងក៏នៅក្មេងមិនទាន់ធំដូចគ្នាដែរ" អែមមីក៏អោនសំឡឹងមើលទៅម្ចាស់សម្ដីញ៉ោះនាងអម្បាញ់មិញនោះ ជុននីអូងាកមើលនាងទាំងអស់សំណើចរួចក៏អៀវនាងចូលទៅកាន់អាគារមណ្ឌលគាំពារកុមារមួយនោះ។
មកដល់ខាងក្នុងអែមមីក៏នាំជុននីអូទៅកាន់បន្ទប់ស្នាក់ដែលជារបស់នាង ជុននីអូដោះស្បែកជើងទាំងភ្នែកងាកសំឡឹងមើលទៅទំហំបន្ទប់ដែលវាតូចមែនទែន សឹងតែថាគេង២នាក់មិនកើតទៅហើយ។
"ត្រូវការកាហ្វេទេ? មេឃត្រជាក់ៗបែបនេះញ៊ាំកាហ្វេក្ដៅៗប្រហែលជាល្អមើលទៅ" ជុននីអូក៏ងក់ក្បាលតបទាំងញញឹមទៅកាន់នាង គេលែងគិតច្រើនហើយបើសិនជាទីនេះអាចធ្វើឲ្យនាងញញឹមបាន ជាជាងនៅសេអ៊ូល អញ្ចឹងនាងនៅទីនេះចុះ អែមមីក៏ទៅដាក់ឆុងកាហ្វេនៅខាងក្នុង ចំណែកឯជុននីអូក៏ចូលមកអង្គុយនៅលើពូកទន់ៗខាងក្នុងឯណោះ កែវភ្នែកងាកសំឡឹងទៅតាមបង្អួចបន្ទប់ដែលមានទឹកភ្លៀងហូរកាត់បូកផ្សំនឹងស្រមោលភ្នំដែលនៅខាងក្រៅមើលទៅត្រជាក់ភ្នែកតែម្ដង។
"នេះកាហ្វេរបស់ឯង" អែមមីហុចកាហ្វេទៅឲ្យជុននីអូរួចក៏ទាញកៅអីពីតុក្បែរនោះមកអង្គុយ រួចសំឡឹងចេញទៅខាងក្រៅតាមជុននីអូដែរ។
"ក្រែងថាផ្នែកដែលឯងរៀនមិនទាន់ដល់ពេលវិស្សមកាលទេត្រូវទេ? ចុះហេតុអីក៏មកទីនេះ?"
"ហេតុអីក៏មិនប្រាប់? រឿងភ្ជាប់ពាក្យនាង.." ជុននីអូងាកបែរសំឡឹងមើលមកនាងល្អិតអែមមីព្រមជាមួយសំនួរដែលមិនច្បាស់លាស់មួយសួរទៅកាន់នាង ស្រីតូចក៏ទម្លាក់កែវកាហ្វេចុះបន្តិចរួចក៏ញញឹមបែបមិនសូវសមទៅកាន់គេ។
"ត្រឹមខ្ញុំសុំផ្ដាច់ពាក្យបំបាក់មុខមាត់របស់លោកប៉ាវានាំឲ្យខ្ញុំខ្មាសដល់ថ្នាក់លែងហ៊ានប្រឈមមុខជាមួយនឹងពួកគាត់ទៅហើយ ខ្ញុំនៅមានភាពក្លាហានឯណាទៅនិយាយប្រាប់ដល់ឯងម្នាក់ទៀតនោះ?"
"វាមិនមែនជាកំហុស តែវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់អែមមី ខ្ញុំជឿថាលោកពូអ្នកមីងក៏យល់ច្បាស់ពីរឿងមួយនេះដូចគ្នា" ជុននីអូលូកដៃកាន់អង្អែលក្បាលនាងតូចស្រាលៗតិចៗលើកទឹកចិត្តដល់នាង ដែលកំពុងតែទម្លាក់កំហុសថ្មីមួយទៀតទៅលើខ្លួនឯង។
"តែខ្ញុំក៏នៅតែមានអារម្មណ៍ថាដូចជាបានធ្វើខុសដដែល ហ៊ឹម! យ៉ាប់ដល់ហើយ" អែមមីព្រលែងខ្យល់ដង្ហើមធំមុននឹងងាកក្រសែភ្នែកសំឡឹងមើលទៅជុននីអូបន្តិច តែថាបានឃើញក្រសែភ្នែកនាងជុននីអូក៏បែរជាមានអារម្មណ៍កាន់តែអាណិតនាងថែមទៀត។
(ព្រោះតែគេ..គេធ្វើឲ្យអែមមីដ៏សែនរឹងមាំរបស់ខ្ញុំក្លាយទៅជាបែបនេះ...ខ្ញុំមិនគួរណាលែងដៃនាងឲ្យទៅគេសោះ)

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now