ភាគទី១៩

484 18 0
                                    

យឺតតិចហើយខិខិ... អេតមីនភ្លេចមើលម៉ោងទើបមិនបានកែ!!!

ម្ចាស់គ្រងបេះដូង
ភាគ៖១៩

បន្ទាប់ពីនាំនាងតូចអែមមីមកដល់មន្ទីរពេទ្យ ស៊ុកជីនក៏បានត្រឹមតែឈររង់ចាំនាងនៅខាងក្រៅទាំងព្រួយបារម្ភ ត្បិតថាភាពខ្លាចរអារបស់នាង បូកផ្សំនឹងរបួសនៅលើជង្គង់ទាំងសងខាងរបស់នាងហាក់នៅដក់ជាប់ក្នុងភ្នែករបស់នាយជាប់តែម្ដង កាន់តែនាំឲ្យចិត្តព្រួយបារម្ភរបស់គេកើនឡើងថែមមួយកម្រិតទៀត។
"នាងប្រាកដជាមិនអីទេ មុននេះខ្ញុំឃើញនាងភ័យខ្លាំងណាស់ តែនាងក៏នៅតែស្រែកហៅរកបង នាងដូចជាទុកចិត្តបងខ្លាំងណាស់" អ្នកដែលមកជាមួយបានជាគ្នានឹងស៊ុកជីនឯណោះ ឡរ៉ាក៏និយាយប្រាប់ទៅនាយពីអាការៈដែលអែមមីនាងយំស្រែកដង្ហោយហៅរកស៊ុកជីន កាន់តែដុតកម្លោចចិត្តឲ្យស៊ុកជីនឈឺពើតលើសដើមថែមទៀត គេកាន់តែស្ដីបន្ទោសខ្លួនឯងដែលបណ្ដោយឲ្យនាងមកតែម្នាក់ឯង រហូតទាល់តែនាងជួបនឹងរឿងបែបនេះ បើសិនជាពេលនោះគេឃាត់នាង ក៏មិនមានរឿងទាំងនេះកើតឡើងដែរ គេខុសខ្លាំងណាស់។
"ខ្ញុំមិនគួរណាបណ្ដោយឲ្យនាងមកផ្ទះមុនតែម្នាក់ឯងសោះ"
"មិនមែនជាកំហុសបងឡើយស៊ុកជីន បងក៏មិនចង់ឲ្យមានរឿងទាំងនេះកើតឡើងដែរពិតទេ? កុំគិតច្រើនអី" ឡរ៉ានាងក៏ខិតមកជិតគេរួចលូកដៃកាន់ប៉ះស្មានាយម្ខាងហាក់កំពុងតែព្យាយាមលួងលោមនាងតាមទម្លាប់ដែលពួកគេតែងតែធ្វើរាល់ពេលអ្នកណាម្នាក់ពិបាកចិត្ត ហើយស៊ុកជីនក៏ទទួលដឹងអារម្មណ៍នោះមិនខុសពីឡរ៉ាឡើយ។
ឡរ៉ាក៏ដាក់ដៃចុះមិនមានប៉ះស្មារបស់អតីតមនុស្សប្រុសជាទីស្រឡាញ់នាង ព្រមជាមួយនឹងទឹកមុខប្រែមកជាស្រពាប់ស្រពោនខុសពីអម្បាញ់មិញ គិតដល់រឿងអតីតកាលរបស់ពួកគេវាដូចជានាំភាពឈឺចាប់មកជាថ្មីអញ្ចឹងដែរ កាន់តែគិតចិត្តកាន់តែឈឺ។
"ឡរ៉ានៅតែរស់នៅម្ដុំនោះទៀតពិតទេ?" ស៊ុកជីនក៏ចោទសំនួរទៅកាន់ដោយសង្កេតឃើញថាសម្លៀកបំពាក់របស់ឡរ៉ាជាសម្លៀកបំពាក់គេងយប់ គេក៏ធ្លាប់បានដឹងថានាងរស់នៅម្ដុំនោះកាលពីមុនពួកគេបានជួបគ្នានៅអង់គ្លេស ឡរ៉ាជាក្មេងស្រីដែលកើតនៅម្ដុំតំបន់អនាធិបតេយ្យនឹងចំណាយពេលសឹងតែកន្លះជីវិតទៅហើយនៅទីនោះរហូតដល់នាងបានជួបស៊ុកជីន គេជួយទំនុកបម្រុងដល់ការសិក្សារបស់នាងរហូតដល់នាងអាចរកបានការងារធ្វើនឹងរស់នៅស្រួលជាងពេលមុន តែថាគ្រប់យ៉ាងវាប្រៀបបីដូចជាត្រឡប់មកសភាពដើមវិញ បន្ទាប់ពីនាងនឹងគេផ្ដាច់ការទាក់ទងគ្នានឹងរំសាយពិធីមង្គលការចោល។
"ជីវិតខ្ញុំមិនជាលំបាកអីណាស់ណាឡើយ យ៉ាងហោចក៏ខ្ញុំអាចមានអាហារញ៊ាំគ្រប់គ្រាន់ដែរ" ឡរ៉ាងាកទៅសើចដាក់ស៊ុកជីនបន្តិចបែបមិនសូវជាសម តែក៏ងាកបែរសំឡឹងមើលទៅខាងក្រៅវិញ ហាក់ព្យាយាមលាក់បាំងទឹកមុខរបស់នាង ខ្លាចថានាងនឹងធ្វើឲ្យអារម្មណ៍គេមិនល្អថែមម្នាក់ទៀត ត្រឹមរឿងកើតឡើងរបស់មនុស្សស្រីគេម្នាក់វាតានតឹងយ៉ាងនឹងទៅហើយ។
"ចុះមនុស្សប្រុសដែលអូននិយាយថាគេនឹងមើលថែអូននោះ? គេទៅណាហើយ?" ស៊ុកជីនក៏សួរនាំទៅនាងទាំងមិនបានងាកសំឡឹងទៅនាង ឡរ៉ាហាក់គាំងនិយាយអីមិនចេញបានត្រឹមតែអោនមុខចុះ បិទភ្នែករំងាប់អារម្មណ៍ខ្លួនឯង ទោះជានាងមិននិយាយក៏ស៊ុកជីនក៏អាចដឹងដែរថាមនុស្សប្រុសម្នាក់នោះមិនបានមើលថែនឹងធ្វើល្អដាក់ឡរ៉ាដែរ។
"ស្អែកឡរ៉ាមកធ្វើការចុះ បងក៏មានការងារឲ្យឡរ៉ាធ្វើគ្រាន់នឹងបានចិញ្ចឹមក្រពះខ្លួនឯងដែរ ព្រោះបងដឹងថាឡរ៉ាមិនមានអ្នកនៅចាំមើលថែទៀតឡើយ" ស៊ុកជីនក៏ចោលពាក្យសម្ដីមួយឃ្លាមកហាក់នាំឲ្យទឹកមុខឡរ៉ាភាំង ភ្នែកទាំងសងខាងក៏រលីងរលោងងាកសំឡឹងចំនឹងក្រសែភ្នែកស្រងូតស្រងាត់របស់ស៊ុកជីនដូចគ្នា ឡរ៉ាក៏ខាំមាត់ងក់ក្បាលព្រមនឹងវត្តមានងើបចាកចេញរបស់ម្ចាស់កាយមាំសង្ហា ចម្លើយនាយនិយាយអម្បាញ់មិញប្រាប់ចម្លើយដល់ទៅ២រឿង ទីមួយគឺគេមិនបានខឹងនៅតែមេត្តាដល់នាង ទោះជាពួកគេលែងជាអ្វីនឹងគ្នា ទោះជានាងជាអ្នកផ្ដាច់ចំណងអាពាហ៍ពិពាហ៍នេះមុនក៏ដោយ តែចម្លើយទី២គឺគេប្រាប់នាងយ៉ាងច្បាស់ថាគេមេត្តានាងក្នុងនាមជា« អតីតមនុស្សជាទីស្រឡាញ់» គេមិនអាចត្រឡប់ក្រោយមករកនាងបានឡើយ គេកំពុងតែមនុស្សដែលត្រូវមើលថែដូចគ្នា ពេលនេះជួបគ្នាពួកគេក៏បានត្រឹមសល់ឈ្មោះជាអ្នកស្គាល់គ្នាប៉ុណ្ណោះ។
"អត់ទោស" លោកដុកទ័រក៏ចេញពីបន្ទប់លាងរបួសមកនាំឲ្យម្ចាស់កាយមាំដែលទើបតែក្រោកនោះប្រញាប់ចូលទៅរកគាត់ភ្លាម ទឹកមុខក៏បង្ហាញពីភាពអន្ទះសារដែលគេមាននាំឲ្យបុរសចំណាស់ជាដុកទ័រក៏ញញឹមរួចលូកដៃបើកទ្វារបន្ទប់ឲ្យគេទាំងទឹកមុខញញឹម។
"លោកអាចចូលទៅមើលនាងបាន នាងមិនបានកើតអីធ្ងន់ធ្ងរឡើយ ខ្ញុំបានលាងរបួសជូននាងរួចហើយ ពេលនេះនាងចង់ជួបលោក" ស៊ុកជីនក៏បញ្ចេញស្នាមញញឹមសប្បាយចិត្តកាលបើបានលឺដំណឹងល្អមួយនេះ គេក៏មិនបង្អង់ប្រញាប់នាំខ្លួនដើរចូលទៅខាងក្នុងភ្លាម ចំណែកឯឡរ៉ាដែលនៅខាងក្រៅក៏បានត្រឹមតែឈរសំឡឹងមើលទៅគេចូលទៅរកអែមមីទាំងសប្បាយចិត្ត នាងវិញក៏បានត្រឹមតែចាកចេញទៅវិញយ៉ាងស្ងៀមស្ងាត់។
ស៊ុកជីនចូលមកខាងក្នុងយ៉ាងលឿន មុននឹងក្រឡេកភ្នែកប៉ះនឹងម្ចាស់កាយតូចដែលកំពុងតែអង្គុយលើគ្រែអ្នកជម្ងឺ ជើងទាំងសងខាងក៏មានរុំបង់របួសមើលទៅគួរឲ្យអាណិត គ្រាន់តែបានឃើញស៊ុកជីនភ្លាមនាងក៏បំណងចង់ចុះពីគ្រែតែក៏ត្រូវស៊ុកជីនឃាត់ដោយការចូលទៅអោបក្រសោបកាយនាងជាប់ណែន សឹងតែនាងជាម្ចាស់ខ្លួនដកដង្ហើមិនចង់ដល់គ្នាទៅហើយ តែថាអែមមីនាងក៏មិនបានខឹងតែអោបគេតបវិញទាំងសប្បាយចិត្តដូចគ្នា។
"អូនស្មានថាលែងបានឃើញមុខបងទៀតហើយតើ" បានលឺសព្វនាមដែលនាងតូចប្រើជាមួយខ្លួន ស៊ុកជីនក៏ញញឹមបិទមាត់មិនជិត សប្បាយចិត្តលើសដើមទៅទៀត គេក៏លែងនាងពីការអោបក្រសោបរួចក៏ប្រឈមមុខជាមួយនឹងនាង ដៃម្ខាងក៏លូកវាសសក់ដែលធ្លាក់បាំងផ្ទៃមុខរបស់នាង ដើម្បីឲ្យបានឃើញច្បាស់ថានាងពិតជាអស់អីពិតមែន នាងលែងភ័យខ្លាចអីទៀត។
"ដរាបណាបងនៅមានដង្ហើម បងមិនឲ្យអូនមានរឿងអីឡើយ សុំទោសបងប្រហែស បងធ្វើឲ្យអូនមានបញ្ហា..បង ហ៊ឹម" ស៊ុកជីននិយាយមិនទាន់ចប់ផងក៏ត្រូវបានម្ចាស់កាយតូចងើបទៅថើបបបូរមាត់នាយ ដៃមាំប្រញាប់លូកកាន់ប៉ះនឹងចង្កេះនាង អែមមីក៏លើកដៃអោបកររបស់គេថើបផ្ដោះផ្ដងជាមួយគ្នារហូតទាល់តែមួយសន្ទុះទើបឈប់ នាងក៏ងើបសំឡឹងមុខគេរួចក៏ញញឹមបិទមាត់មិនជិត សប្បាយចិត្តដែលនាងបានឃើញមុខគេមុនអ្នកណាៗទាំងអស់នាពេលនេះ ស៊ុកជីនក៏ទម្លាក់ដៃចុះទាញខ្មងដៃអែមមីម្ខាងទៅថើបស្រាលៗហាក់ទម្លាក់ក្តីស្រឡាញ់ពេញប្រៀបទៅកាន់នាង។
"បងដឹងថាវាដូចជាលឿនពេកសម្រាប់អូន.."
"តែពួកយើងរៀបការទៅល្អទេ? បងនឹងមានសិទ្ធិការពារអូនពេញសិទ្ធិតែម្ដង បើមិនចឹងទេបងច្បាស់ជាឆ្កួតជាមិនខានឡើយអែមមី..." អែមមីក៏បើកភ្នែកម៉ក់ៗទៅកាន់ស៊ុកជីន មិននិយាយអីតែក៏ញញឹមទាំងថ្ពាល់ក្រហមព្រឿងបែបអៀន៕

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now