ភាគ៣

903 36 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖០៣
(ស្រមោលអន្ទោលតាមប្រាណ)

«លោកស៊ុកជីន?»
«ហេតុអីក៏លោកស្គាល់ផ្ទះខ្ញុំ?»
«លឺខ្ញុំសួរទេ? លោកស៊ុកជីន»អែមមីឧទានហៅឈ្មោះម្ចាស់កាយមាំទាំដែលកំពុងតែក្រសោបចង្កេះតូចមួយក្ដាប់របស់នាងនាពេលនោះ នាងល្អិតក៏បែរប្រញាប់រើខ្លួនចេញពីការក្រសោបរួចឈរត្រង់ខ្លួន រក្សាលំនឹងខ្លួនឯងជាថ្មី ដើម្បីបាននិយាយតទល់គ្នាជាមួយនឹងនាយដែលចូលមកដល់ក្នងបរិវេណផ្ទះនាងទាំងយប់ថ្មើរនេះ ហើយគេក៏ចូលមកទាំងមិនមានការអនុញ្ញាតពីនាងថែមទៀត។
«នាងមិនអីទេមែនទេ? មានឈឺត្រង់ណាទេ?» ស៊ុកជីនក៏ចូលមកជិតនាងជាថ្មីបំណងចង់ស្ទាបថ្ងាសនាងទាំងព្រួយបារម្ភ អម្បាញ់មិញនេះបើសិនជាគេទ្រទប់នាងមិនទាន់ទេ អែមមីច្បាស់ជាដួលបោកក្បាលជាមិនខានឡើយ។
«លោកចូលមកផ្ទះខ្ញុំបានយ៉ាងមិច? ហេតុអីក៏លោកតែងតែបង្ហាញខ្លួនឲ្យខ្ញុំឃើញសឹងតែគ្រប់ពេលបែបនេះ?»
ហេតុអីលោកតែងតែបង្ហាញខ្លួន...​ជាសំនួរដែលនាងចោទសួរទៅកាន់គេមិនដឹងជាប៉ុន្មានពាន់ដងទៅហើយទេ ចាប់តាំងពីនាងមកបន្តការសិក្សានៅទីនេះ ស៊ុកជីនក៏តែងតែបង្ហាញខ្លួនឲ្យនាងឃើញគ្រប់ពេលតែម្ដង នាងក៏ធ្លាប់បានសាកសួរទៅប្អូនប្រុសនាងដែរ អ៊ែនហ្សូក៏បានប្រាប់ថាក្រុមហ៊ុនវីខេមានគម្រោងពង្រីកសាខាទៅកាន់អុីតាលី ហើយពេលនេះក៏បានសម្រេចពិតមែន ចឹងបានន័យថានាងនឹងត្រូវចួបប្រឈមនឹងគេច្រើនជាងនេះទៀត។
«គាប់ជួនអីខ្ញុំឆ្លងកាត់ក៏បានឃើញនាងបម្រុងនឹងដួលទើបខ្ញុំផ្លោះរបងចូលមក នាងក៏ដឹងថារបងផ្ទះនាងទាបតែមួយមិនចឹង?» ដូចជានាយកម្លោះនិយាយមិនខុស របងផ្ទះនៅបរទេសគឺកម្ពស់ទាបល្មម ក៏ព្រោះតែខាងប៉ែកអឺរ៉ុបមិនជាមានបញ្ហារឿងសន្តិសុខ របងគឺគ្រាន់តែសម្រាប់លម្អដល់ការតុបតែងផ្ទះប៉ុណ្ណោះ តែហេតុផលដែលនាយលើកមកបកស្រាយនេះហាក់មិនសមស្របនឹងអ្វីដែលអែមមីចង់បានសោះ។
«ទោះជាបែបនេះ តែលោកក៏នៅតែខុសដែលផ្លោះចូលមកក្នុងផ្ទះមនុស្សស្រីដោយគ្មានការអនុញ្ញាត បែបនេះខ្ញុំអាចប្ដឹងលោកបាន» នាងល្អិតអែមមីនិយាយទៅកាន់នាយដោយទឹកមុខហាក់បីដូចជាខឹងសម្បារជាមួយនាយខ្លាំងណាស់ចឹង។
«អែមមី? ខ្ញុំគ្រាន់តែបារម្ភពីនាង...» ដោយការរអៀសចិត្តនឹងសម្ដីព្រមទាំងទឹកមុខរបស់នាង ទើបគេចូលមកកៀកជិតនាង លូកដៃកាន់ស្មានាងស្រាល ទឹកមុខបែបខិលរបស់កម្លោះស៊ុកជីនត្រូវរលុបបាត់ បន្សល់ត្រឹមទឹកមុខបង្ហាញពីការព្រួយបារម្ភនឹងក្រសែភ្នែកពោរពេញទៅដោយពាក្យសុំទោសរាប់សិបលាន។
«ខ្ញុំអរគុណលោកដែលបារម្ភ តែខ្ញុំមិនអីពិតមែន...» អែមមីក៏ទាញដៃមាំចេញពីស្មានាងបន្តិចរួចក៏ប្រញាប់បោះជំហាននាំខ្លួនចូលទៅខាងក្នុងបាត់ទុកឲ្យស៊ុកជីននៅឈរទីនោះតែម្នាក់ឯង ហាក់រសាប់រសល់ធ្វើអ្វីមិនត្រូវទាល់តែសោះ ចិត្តចង់ឃាត់នាង តែក៏ខ្លាចថានាងអាចនឹងកាន់តែខឹងគេខ្លាំងជាងនេះទៀត នាយតាមសម្លឹងមើលទៅបន្ទប់អែមមីដែលនៅជាន់បង្អួចខាងលើ ឲ្យប្រាកដថានាងបានបិទភ្លើងគេងជាស្រេចសិនទើបគេអាចចាកចេញបាន។
ត្រឡប់ទៅមើលនាងល្អិតអែមមីឯណេះវិញ នាងឡើងមកដល់ជាន់បន្ទប់ខាងលើរបស់នាងទាំងនឿយហត់ក្នុងខ្លួន ថ្ងៃនេះរៀនពេញមួយថ្ងៃហើយនៅដើរទិញអីវ៉ាន់មកដាក់ផ្ទះដោយខ្លួនឯងទៀត អែមមីទម្លាក់កាបូបទុកនៅលើតុមុននឹងប្រាសខ្លួនដេកលើពូកទន់ៗរបស់នាងយ៉ាងស្រួលក្នុងខ្លួន កែវភ្នែកបើកសម្លឹងមើលទៅពិដានបន្ទប់ដែលមានតែភាពទទេស្អាត គ្មានអ្វីទាំងអស់ក្រៅពីពិដានសក្បុសនោះ។
អែមមីព្រលែងខ្យល់ដង្ហើមធំបន្តិចហាក់តានតឹងចិត្ត ត្បិតថាមានរឿងមួយផ្សេងទៀតដែលមិនទាក់ទងនឹងរឿងជីវិតសិក្សារបស់នាងឡើយ តែវាកើតឡើងក្នុងជីវិតរស់នៅរបស់នាង មនុស្សម្នាក់ដែលតែងតែបង្ហាញខ្លួនឲ្យនាងបានឃើញ គេព្យាយាមខ្លាំងណាស់ដើម្បីបានចូលមកជិតនាង មើលថែនាង ទាំងដែលកាលពីមុនគេបាត់ដំណឹងសូន្យឈឹងបន្សល់ទុកត្រឹមតែដំណឹងប្រយោលថាគេត្រឡប់ទៅប្រទេសកំណើតដើម្បីរៀបការនឹងសាងគ្រួសារជាមួយមនុស្សស្រីជាទីស្រឡាញ់។
«ចុះពេលនេះ...»
«ហេតុអីក៏លោកត្រឡប់មកវិញទាំងបែបនេះ លោកស៊ុកជីនវីគ្រីស?» កែវភ្នែកទទេស្អាតរបស់នាងបើកសម្លឹងមើលទៅកាន់ជាន់ខាងក្រោម បន្ទាប់ពីនាងបានបិទភ្លើងបន្ទប់គេងនាងរួចរាល់មក នាងអាចឃើញថាស៊ុកជីនកំពុងតែដើរចាកចេញពីផ្ទះនាងឆ្ពោះសម្ដៅទៅកាន់រថយន្តសេរ៊ីទំនើបរបស់គេដែលចតចោលនៅផ្លូវម្ខាង ឆ្លងពីផ្ទះរបស់នាង។
ង៉ោង! សំឡេងឡានចាកចេញស្របនឹងការតាមសម្លឹងដាច់កន្ទុយភ្នែករបស់ម្ចាស់កាយនៅជាន់ផ្ទះខាងលើ អែមមីក៏សន្សឹមទាញវាំងននបិទវិញទាំងមិនបានរិះគិតអ្វីបន្ថែមទៀត។
(គេនឹងនាងមិនមានអ្វីលើសលប់ដើម្បីឲ្យរិះគិតឡើយ...ពិតទេ?)
អាផាតមិនធំស្កឹមស្កៃមួយដែលបង្អួតខ្លួនស្រស់ស្អាតជាងអាផាតមិនដទៃៗទៀតដែលនៅម្ដុំនោះបាត់តែម្ដង អ្វីដែលចម្លែកនោះគឺមិនសូវជាមានអ្នកណាដឹងឡើយថាអាផាតមិននេះជាកម្មសិទ្ធិរបស់អ្នកណា ក៏ព្រោះថាម្ចាស់ផ្ទះកម្រនឹងបង្ហាញខ្លួននៅខាងក្រៅ គឺព្រឹកបាត់ព្រលប់ចូល អ្វីដែលអាចឲ្យអ្នកជិតខាងនោះសន្និដ្ឋានបានគឺម្ចាស់អាផាតមិននេះអាចជាអ្នកជំនួញមមាញឹកម្នាក់ ដែលមិនចូលចិត្តបង្ហាញអត្តសញ្ញាណខ្លួនអីបែបនេះ។
ងឹក! រថយន្តឡាំបូហ្គីនីមួយគ្រឿងឈប់ចតពីមុខទីធ្លាអាផាតមិនរបស់ខ្លួនទាំងយប់ព្រលប់ មិនខុសពីសព្វមួយដងឡើយ ម្ចាស់កាយសង្ហាមានមន្តស្នេហ៍នាំខ្លួនចេញពីក្នុងឡាន ព្រមជាមួយទឹកមុខបែបនឿយហត់។
«មាដាម?» ជាសព្វនាមដែលស៊ុកជីនប្រើជាមួួយនឹងស្ត្រីមានវ័យជ្រេម្នាក់ដែលគ្រាន់តែឃើញគេបើកឡានមកដល់ក៏ចេញមកទទួលភ្លាម គាត់ក៏លូកទទួលកាបូបធ្វើការពីនាយ រួចទាញយកអាវក្រៅក្រាស់ពីកាយនាយផងដែរ។
«មាដាមមិនទាន់សម្រាន្តទៀតឬ? ខ្ញុំបានប្រាប់ហើយថាមួយរយះនេះខ្ញុំមានការងារច្រើនអាចនឹងមកផ្ទះយប់»
«ជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយអ្នកប្រុស ខ្ញុំគ្រាន់តែចង់មើលថែអ្នកប្រុសឲ្យបានល្អ ស្របតាមបណ្ដាំរបស់លោកជំទាវប៉ុណ្ណោះ» គាត់ជាអ្នកមើលថែស៊ុកជីន អាចនិយាយបានថាជាម៉ែដោះដែលចិញ្ចឹមមើលថែស៊ុកជីនតាំងតែពីប៉ាម៉ាក់នឹងបងស្រីបានចែកឋានទៅ សព្វថ្ងៃនេះគ្រួសារដែលស៊ុកជីននៅសល់គឺមានតែជីមីនម្នាក់ប៉ុណ្ណោះ គេជាកូនចិញ្ចឹមដែលបងស្រីនាយទទួលមកចិញ្ចឹម មុននឹងគាត់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
«អ្នកប្រុសមើលទៅដូចជាអស់កម្លាំងខ្លាំងណាស់» មាដាមពោលទាំងភ្នែកមិនអាចដកពីទឹកមុខបែបនឿយហត់របស់នាយ ស៊ុកជីនក៏ដើរចូលមកខាងក្នុងស្របគ្នាជាមួយនឹងគាត់។
«ជីមីនគេមិនមកផ្ទះទេរឺ?»
«អ្នកប្រុសតូចបានផ្ដាំថាគាត់ទៅសម្រាកនៅខនដូ...» ស៊ុកជីនក៏ងក់ក្បាលឆ្លើយតបជាមួយនឹងគាត់រួចក៏ឡើងបន្តទៅកាន់ជាន់បន្ទប់របស់គេដែលនៅជាន់ខាងលើ មាដាមក៏មិនបានទៅតាមដែរ បានត្រឹមតែឈរសម្លឹងមើលផែនខ្នងធំរបស់អ្នកប្រុសធំរបស់គាត់ រួចក៏ព្រលែងខ្យល់ដង្ហើមបែបតានតឹងចេញមក។

គ្រឹប!
ទ្វារបន្ទប់បិទគ្រឹប​ស្របនឹងដំណើរបោះជំហានរបស់កម្លោះសង្ហាមានវ័យជ្រេបន្តិចចូលមកកាន់បន្ទប់មានទំហំធំទូលាយសាកសមសម្រាប់បុរសដែលមានគ្រួសារ មានកូនៗរត់លេងនៅទីនេះ ក៏ប៉ុន្តែគួរឲ្យស្ដាយដែលគេនៅតែម្នាក់ឯង រស់នៅខ្លួនមួយអស់រយះពេលសឹងតែកន្លះជីវិតទៅហើយ។ នាយទម្លាក់ខ្លួនដេកលើគ្រែឃីងសាយ រួចលើកដៃគងថ្ងាសខ្លួនឯងហាក់ដូចជាតានតឹងក្នុងអារម្មណ៍ចឹង កែវភ្នែកងាកសម្លឹងមើលទៅជ្រុងម្ខាងដែលមានរបស់ម៉្យាងបញ្ឈរចោលមានក្រណាត់គ្រប តែស៊ុកជីនក៏មិនបានខ្វល់ខ្វាយនឹងវារួចក៏ផ្អៀងខ្លួនទៅម្ខាង ខួរក្បាលក៏បែរជានឹកឃើញតែទឹកមុខនាងល្អិតអែមមីអម្បាញ់មិញ ដៃមាំលូកទាញទូរសព្ទ័ពីហោប៉ៅមកតែមិនទាន់បានធ្វើអ្វីផ្សេងក្រៅពីចូលក្នុងប្រអប់សារនឹងជ្រើសរើសយកលេខរបស់អែមមី។
សារជាអក្សរជាច្រើនដែលគេបានផ្ញើទៅកាន់នាង តែមិនសូវជាបានទទួលការឆ្លើយតបពីនាងមកវិញសោះ ស៊ុកជីនចុចសរសេរថា "នាងគេងហើយមែនទេ?" តែគេក៏បែរជាស្ទាក់ស្ទើរចិត្តមិនហ៊ានផ្ញើទៅនាង ខួរក្បាលបញ្ជាឲ្យគេផ្ញើវាទៅ តែដៃរបស់គេក៏ចេះតែហាមឃាត់រហូត គេទើបតែមានបញ្ហាជាមួយនឹងនាងពីល្ងាច គេអាចនឹងធ្វើឲ្យនាងខឹងទេបើសិនជាគេផ្ញើសារទៅកាន់នាងទាំងថ្មើរនេះ?
«កុំអីល្អជាង» គិតរួចស៊ុកជីនក៏ចុចលុបសារដែលទើបសរសេរ រួចចុចចេញមកក្រៅវិញ រួចក៏ចូលគណនីអុីនស្តាក្រាមវិញ ដៃមាំទាំអូសវាសចុះបន្តិចក៏បានឃើញរូបភាពដែលនាំឲ្យគេមានស្នាមញញឹមភ្លាម ជារូបភាពញញឹមស្រស់ស្រាយរបស់ក្មេងស្រីវ័យ២០ស្ដើងដែលហាក់កំពុងតែរីករាយនឹងជីវិតរបស់នាង នាំឲ្យអ្នកដែលកំពុងតែមើលនោះញញឹមបិទមាត់មិនជិតដូចគ្នា។
ស៊ុកជីនចុចពង្រីករូបភាពរបស់អែមមី មុននឹងសម្លឹងឃើញភាពខុសប្លែកនៅក្នុងរូបនោះ ខ្សែករមួយខ្សែដែលនាងតែងតែពាក់វាជាប់ជាប្រចាំបែរជាមិនឃើញនៅក្នុងរូបនោះ នាយព្យាយាមរិះគិតមើលថានាងមានបានពាក់វាដែរទេថ្ងៃនេះ?
«នេះយើងកង្វល់ពីនាងល្អិតនេះ សូម្បីតែរឿងតូចតាចមែនទេ?» គិតៗទៅស៊ុកជីនក៏អស់សំណើចជាមួយនឹងខ្លួនឯង មិនថាអែមមីឆ្នាំនេះមានអាយុ២០ឆ្នាំជាងទៅហើយយ៉ាងណាទេ តែសម្រាប់គេនាងនៅតែជានាងល្អិតដែលរពឹសចាប់មិនឈ្នះដូចជាកាលពីក្មេងដដែល៕

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now