ទីង! ទីង!
   រ៉េន កំពុងតែបើកឡានសំដៅទៅប៉ុស្តិ៍ប៉ូលីស ទទួលបានការខលចូលរបស់ ហារ៉ា ទើបគេរហ័សលើកទទួល។
  « នាងបានអានសាររបស់ខ្ញុំហើយមែនទេ? គ្រប់យ៉ាងត្រូវបានបញ្ចប់ហើយ » រ៉េន ញញឹមត្រេកអរនិងធូរទ្រូងដែលគ្រប់យ៉ាងត្រូវបានបញ្ចប់យ៉ាងល្អ ។
  “ គ្រប់យ៉ាងមិនទាន់បញ្ចប់ទេ! ” ហារ៉ា ស្រែកទាំងសំឡេងញ័រមកតាមទូរស័ព្ទធ្វើឲ្យស្នាមញញឹមលើផ្ទៃមុខរបស់គេរលាយបាត់មួយរំព្រិច។
  « តើមានរឿងអ្វីមែនទេ? » រ៉េន ឈប់ឡានអែបចិញ្ចើមផ្លូវចោលភ្នែកសម្លឹងទូរស័ព្ទផ្ដោតអារម្មណ៍ចាំស្តាប់ ហារ៉ា ទាំងក្នុងចិត្តកំពុងភ័យបារម្ភខ្លាំង។
  “ គីរ៉ាន់ ចាប់ ណាប៊ី ទៅបាត់ហើយ គេចង់ឲ្យលោកទៅជួបគេតែម្នាក់ឯង បើលោកនាំប៉ូលីសទៅជាមួយ គេច្បាស់ជាសម្លាប់នាង ”
  « ថាម៉េច! »
  ឌឹប!
  រ៉េន លើកដៃទះចង្កូតឡានខ្លាំងៗទាំងខឹងនឹងខ្លួនឯងដែលរវល់តែសប្បាយចិត្តរឿងប៉ូលីសរកភស្តុតាងចាប់ គីរ៉ាន់ បានរហូតភ្លេចគិតពីសុវត្ថិភាពរបស់ ណាប៊ី។
  “ ពេលនេះពួកយើងគិតធ្វើយ៉ាងម៉េច? ”
  « ផ្ញើរទីតាំងមក ខ្ញុំនឹងទៅរកគេម្នាក់ឯង »
  “ គេមិនទាន់ផ្ញើរមកទេ ”
  « នៅពេលគេផ្ញើរមក ឆាប់ផ្ញើរមកឲ្យខ្ញុំ » រ៉េន ដាក់ទូរស័ព្ទចុះហើយបញ្ឆេះឡានបើកសំដៅទៅប៉ុស្តិ៍ប៉ូលីសយ៉ាងលឿន...ម្តងនេះគេមិនព្រមឲ្យនាងមានរឿងអ្វីឡើយ គេត្រូវតែជួយនាងពីគ្រោះថ្នាក់ឲ្យបាន។

  ង៉ក់!
  ឡានពណ៌ខ្មៅឈប់នៅលើភ្នំតូចមួយដែលមានវាលធំល្វឹងល្វើយដុះដោយស្មៅតូចៗពាលពេញដី។
  « ឆាប់ចេញមក! » គីរ៉ាន់ ចាប់ទាញដៃស្រឡូនដែលត្រូវចងជាប់ ចេញពីក្នុងឡាន រួចរុញនាងឲ្យដើរទៅកាន់ផ្នូរខ្មោចបីដែលកប់នៅលើភ្នំដាច់ស្រយាលនាជាយក្រុងមួយនេះ។
  « លោកប៉ា អ្នកម៉ាក់! » កែវភ្នែកស្រស់ថ្លាប្រែជាល្អក់កករដោយទឹកភ្នែកមួយរំព្រិចពេលសម្លឹងឃើញរូបថតអ្នកមានគុណទាំងពីរនៅលើផ្ទាំងថ្មលើភ្នំដាច់ស្រយាលហើយ។ តាមពិត គីរ៉ាន់ យកអ្នកម៉ាក់និងលោកប៉ាមកបញ្ចុះនៅទីនេះ គេបានយកអ្នកដែលមានគុណលើគេមកបញ្ចុះនៅកន្លែងដាច់ស្រយាលគ្មានមនុស្សឆ្លងកាត់បែបនេះ គឺគេចង់ឲ្យមនុស្សគ្រប់គ្នាបំភ្លេចលោកប៉ាអ្នកម៉ាក់របស់នាងច្បាស់ណាស់ ។
  « ទីនេះជាដីដែលលោកប៉ាអ្នកម៉ាក់ប្រគល់ឲ្យកូនចិញ្ចឹមដូចជាខ្ញុំ ដីព្រៃភ្នំមានតែព្រៃនិងសំឡេងសត្វបក្សាបក្សី គ្មានតម្លៃ ប៉ុន្តែពួកគាត់បែរជាប្រគល់សម្ព័ន្ធ អ៊ីសាជីនិងអគារក្នុងក្រុងទាំងអស់ឲ្យទៅកូនបង្កើតដូចជានាង ហិ! ទើបប៉ុន្មានឆ្នាំមកនេះខ្ញុំបានយកពួកគាត់មកបញ្ចុះនៅទីនេះ ដើម្បីឲ្យពួកគាត់យល់ថាដីព្រៃភ្នំនេះវាគួរឲ្យស្អប់ប៉ុណ្ណា »
  « បងឆ្កួតហើយ ហ៊ឹក! ហេតុអ្វីបានជាធ្វើបែបនេះចំពោះលោកប៉ាអ្នកម៉ាក់? ហេតុអ្វីយកពួកគាត់មកទុកចោលនៅទីនេះ? ហ៊ឺ! »
ប្រូស!
ណាប៊ី ស្ទុះទាំងកំហឹងចូលទៅទាញកអាវរបស់ គីរ៉ាន់ តែក៏ត្រូវគេច្រានឲ្យដួលទៅលើដីនៅមុខផ្នូរលោកប៉ាអ្នកម៉ាក់របស់នាង ស្របពេលជាមួយគ្នា ណាប៊ី ក៏បានក្រឡេកទៅឃើញផ្នូរមួយទៀតនៅក្បែរនោះ។
  « រ៉ូជីន! តាមពិតលោកគាស់នាងមកបញ្ចុះទីនេះ » ណាប៊ី ប្រឹងក្រោកឈរឡើងវិញហើយនាងក៏ក្រឡេកឃើញមន្ទីរពេទ្យជាយក្រុងដែលនាងស្នាក់នៅពីមុននៅជើងភ្នំ។ ណាប៊ី ភ្ញាក់ផ្អើលនិងតក់ស្លុតជាខ្លាំង ព្រោះមិននឹកស្មានថាលោកប៉ាអ្នកម៉ាក់នៅជិតនាងយ៉ាងនេះប៉ុន្តែនាងបែរជាមិនដឹងសោះ បើនាងបានដឹងថាគេយកលោកប៉ានិងអ្នកម៉ាក់មកបញ្ចុះទីនេះ នាងច្បាស់ជាមកកំដរលោកទាំងពីរមិនឲ្យលោកទាំងពីរនៅទីនេះឯកាបែបនេះទេ។
  « អ្នកម៉ាក់ លោកប៉ា បានឃើញហើយមែនទេ? កូនសំណព្វចិត្តរបស់អ្នកទាំងពីរនៅមន្ទីរពេទ្យជើងភ្នំសោះ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះនាងមិនដែលមកមើលអ្នកទាំងពីរទេ តើនាងពិតជាចិត្តអាក្រក់ណាស់មែនទេ? នាងគឺជាកូនអកតញ្ញូ ហេតុអ្វីអ្នកទាំងពីរនៅតែស្រលាញ់នាងជាងខ្ញុំទៀត? » គីរ៉ាន់ និយាយជាមួយរូបថតអ្នកមានគុណទាំងពីរធ្វើដូចជាលោកទាំងពីរអាចស្តាប់អាចមើលឃើញពីទង្វើទាំងប៉ុន្មានរបស់គេ។ តាមពិតគេគ្រាន់តែមិនទាន់អាចដកចិត្តចង់ឈ្នះនិងចិត្តច្រណែនដែលគេធ្លាប់មាននៅអំឡុងពេលដែលលោកប៉ាអ្នកម៉ាក់របស់គេនៅមានជីវិត ទើបទោះជាលោកប៉ាអ្នកម៉ាក់របស់គេបានស្លាប់ទៅជាយូឆ្នាំមកហើយ គេនៅតែសងសឹកនឹងលោកទាំងពីរ និងធ្វើគ្រប់យ៉ាងឲ្យ ណាប៊ី មើលទៅដូចជាកូនអកតញ្ញូចំពោះលោកប៉ាអ្នកម៉ាក់ ម្យ៉ាងទៀតគេធ្វើបែបនេះក៏ព្រោះតែមិនចង់ឲ្យគេខ្លួនឯងយល់ឃើញថាខ្លួនឯងជាកូនអាក្រក់ដែលបានសម្លាប់លោកប៉ាអ្នកម៉ាក់ដែលបានចិញ្ចឹមបីបាច់គេដល់ធំ។
  « ឬគ្រប់យ៉ាងដែលបងប្រុសធ្វើគ្រាន់តែចង់ឲ្យខ្ញុំជាកូនអកតញ្ញូចំពោះលោកប៉ាអ្នកម៉ាក់តែប៉ុណ្ណឹងទេ? ហ៊ឹក! អ្នកដែលជាកូនអកតញ្ញូក្នុងចិត្តលោកប៉ាអ្នកម៉ាក់គាត់បានដឹងច្បាស់ហើយ អ្នកដែលសម្តែងធ្វើជាបងប្រុសល្អលួចដាក់ថ្នាំក្នុងនំឃុកឃីរបស់ខ្ញុំដើម្បីបំពុលអ្នកម៉ាក់និងលោកប៉ាហើយថែមទាំងបានបាញ់សម្លាប់លោកទាំងពីរដោយផ្ទាល់ដៃ លោកប៉ាអ្នកម៉ាក់គ្មានថ្ងៃភ្លេចរឿងដែលបងបានធ្វើចំពោះគាត់នៅថ្ងៃនោះទេ »
  « បិទមាត់ឯងទៅ! »
  ឌឹប!
  គីរ៉ាន់ យកកាំភ្លើងវាយក្បាលរបស់ ណាប៊ី ធ្វើឲ្យនាងដួលសន្លប់ទៅលើដីមួយរំព្រិចទាំងមានស្នាមបែកត្រង់សៀតផ្កាហូរឈាមមកមួយរំព្រិច។
  « អ្ហា៎! ខ្ញុំមិនបានធ្វើទេ លោកប៉ាអ្នកម៉ាក់ត្រូវតែជឿខ្ញុំ  ណាប៊ី ច្រណែនដែលខ្ញុំក្លាយជាអ្នកស្នងតំណែងតែម្នាក់របស់សម្ព័ន្ធ អ៊ីសាជី ទើបនាងនិយាយបង្ខូចខ្ញុំបែបនេះ » គីរ៉ាន់ លើកដៃទប់ក្បាលរបស់ខ្លួនឯងហើយព្យាយាមបកស្រាយទៅកាន់រូបថតលោកប៉ាអ្នកម៉ាក់របស់គេដូចមនុស្សឆ្កួត គេហាក់បាត់សតិទាំងស្រុងរហូតបែកចែកមិនដឹងថាអ្វីជាការពិតហើយអ្វីជាក្លែងក្លាយ សូម្បីតែលោកប៉ាអ្នកម៉ាក់ដែលស្លាប់ទៅហើយមានត្រឹមរូបថតក៏ធ្វើឲ្យគេភ័យខ្លាចថាយល់ច្រឡំចំពោះគេ។
   ដុក!
   គេលុតជង្គង់ដល់ដីស្រែកអង្វរឲ្យលោកប៉ាអ្នកម៉ាក់ជឿសម្តីរបស់គេដូចមនុស្សឆ្កួត
   « ខ្ញុំ...ខ្ញុំមិនបានធ្វើទេ លោកប៉ាអ្នកម៉ាក់ត្រូវជឿខ្ញុំ » គីរ៉ាន់ ឱនមុខចុះលើកដៃទះក្បាលរបស់ខ្លួនឯងខ្លាំងៗពេលការចងចាំកាលពីប៉ុន្មានឆ្នាំមុនបានលេចឡើងមកក្នុងខួរក្បាលរបស់គេដូចទើបនឹងកើតឡើងកាលពីប៉ុន្មាននាទីមុន។
   « ឯងធ្វើនំឲ្យអ្នកម៉ាក់លោកប៉ាមែនទេ? មកចាំបងជួយ » គេបានជួយធ្វើនំជាមួយ ណាប៊ី ហើយលួចដាក់ថ្នាំនៅក្នុងម្សៅនំ គេមានចេតនាសម្លាប់លោកប៉ាអ្នកម៉ាក់និង ណាប៊ី ប៉ុន្តែនាងសំណាងល្អទើបមិនញុំនំឃុកឃីនោះ។ ក្រោយពីលោកប៉ាអ្នកម៉ាក់ស្លាប់បាត់ទើបគេបានដឹងថាតាមពិតលោកប៉ាអ្នកម៉ាក់របស់គេមានបំណងប្រគល់សម្ព័ន្ធ អ៊ីសាជី ឲ្យគេជាអ្នកគ្រប់គ្រងបន្ត ហើយលោកប៉ានិងអ្នកម៉ាក់បញ្ចូល ណាប៊ី ទៅបរទេសព្រោះលោកបានដឹងថា ណាប៊ី មានជំងឺដុំសាច់ក្នុងខួរក្បាលហើយមានចេតនាឲ្យ ណាប៊ី ទៅព្យាបាលនិងបន្តការសិក្សានៅទីនោះ លោកប៉ាអ្នកម៉ាក់ដឹងថានាងមិនអាចត្រឡប់មកគ្រប់គ្រងសម្ព័ន្ធ អ៊ីសាជី បានទេ លោកគ្រាន់តែមានបំំណងចង់ឲ្យ ណាប៊ី រស់នៅក្រោមការមើលថែរបស់បងប្រុសល្អដូចជាគេ ប៉ុន្តែគេបានបំផ្លាញ់គ្រប់យ៉ាងដោយផ្ទាល់ដៃរបស់គេ គេបានបំផ្លាញ់គ្រួសារដ៏កក់ក្តៅមួយនេះដោយដៃទាំងពីររបស់គេ គេមិនគប្បីនឹងលោកប៉ាអ្នកម៉ាក់និង ណាប៊ី ។
   « អត់ទេ ខ្ញុំមិនបានធ្វើទេ! »
   « ឈប់បន្ទោសខ្លួនឯងទៅ! » សំឡេងស្រួយបន្លឺឡើងទើប គីរ៉ាន់ ងើបមុខមើលហើយឃើញថាជា រ៉ូជីន ស្នាមញញឹមរបស់នាងស្រស់ស្អាតដូចជាពេលដែលគេបានជួបនាងដំបូងអ៊ីចឹង។
   « រ៉ូជីន ទីបំផុតនាងមករកខ្ញុំវិញហើយ » គីរ៉ាន់ ញញឹមទាំងកែវភ្នែកដក់ជាប់ដំណក់ទឹកថ្លា។
   « ខ្ញុំមិនស្រលាញ់លោកទេ ខ្ញុំស្រលាញ់ រ៉េន ខ្ញុំស្រលាញ់ រ៉េន តែម្នាក់ប៉ុណ្ណោះ...លោកគ្មានតម្លៃសម្រាប់ខ្ញុំទេ គីរ៉ាន់! ឆាប់ចេញឲ្យឆ្ងាយពីខ្ញុំទៅ » នាងស្រាប់តែប្តូរទឹកមុខមកជាខឹងស្អប់គេហើយក៏ស្រែកគំហកដាក់គេខ្លាំងៗ។
   « ហេតុអ្វីនាងមិនស្រលាញ់ខ្ញុំ? ហេតុអ្វីគ្រប់គ្នាមិនស្រលាញ់ខ្ញុំ? អ្ហា៎! » គេស្រែកសួរនាងខ្លាំងៗ តែគេមិនបានទទួលចម្លើយអ្វីមកវិញឡើយ ព្រោះនាងក៏រលាយប្រែជាផ្សែងបាត់រូបរាងពីមុខគេមួយរំព្រិច។ គីរ៉ាន់លើកដៃញីសក់ក្បាលរបស់ខ្លួនឯងឲ្យប្រែជារញេរញៃអស់ហើយជ្រប់មុខចុះសម្រួលអារម្មណ៍ដែលកំពុងច្របូកច្របល់ជិតឆ្កួតឲ្យស្ងប់បន្តិច ទើបគេលើកទូរស័ព្ទមកចុចផ្ញើរទីតាំងឲ្យ ហារ៉ា ដើម្បីឲ្យ រ៉េន មកជួបគេនៅទៅនេះ។ ថ្ងៃនេះទោះគេត្រូវស្លាប់ក៏គេត្រូវយកមនុស្សម្នាក់ទៅកំដរគេដែរ។
              រងចាំភាគបន្ត

 
 

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now