ផ្តើមរឿង

656 11 0
                                    

   “ ស្នេហ៍ខុសវណ្ណៈ ”

    ង៉ូង! ង៉ូង!
    សំឡេងម៉ូតូធំលាន់លឺមកពីចម្ងាយកាត់តាមផ្លូវស្ងាត់ជ្រងំមួយកន្លែងនៅក្នុងសួនសារធារណៈដែលក្រាលដោយស្លឹកឈើទុំជ្រុះរុះរោយតាមធម្មជាតិ។ រាងស្តើងវ័យ ២១ឆ្នាំស្ពាយកាបូបចាស់តម្លៃថោបគ្មានស្លាកយីហោមួយនៅជាប់ខ្លួន ក្នុងដៃក្តាប់ជាប់របស់ម្យ៉ាង ឈររងចាំម្ចាស់សំឡេងម៉ូតូធំតម្លៃរាប់ពាន់ដុល្លាដែលបើកចូលមកកាន់តែជិត។
    ង៉ក់!
    កង់ម៉ូតូឈប់វិលយ៉ាងទាន់ហន់ ចំហាយខ្យល់ពីល្បឿនម៉ូតូធំកម្លាំងធ្ងន់ជះឲ្យស្លឹកឈើពណ៌លឿងទុំក្រាលនៅលើដីហោះខ្ទាតទៅប៉ះស្បែកជើងប៉ាត់តារបស់ស្រីក្រមុំធ្វើឲ្យជាយសំពត់លុបភ្នែកជើងបក់ឡើងបន្តិចហើយក៏ធ្លាក់ចុះមកវិញដូចដើម។
    « ផាក រ៉ូជីន បងមិនព្រមឲ្យអូនទៅណាទេ! » រូបរាងខ្ពស់ស្រឡះស្មាធំទូលាយដើមទ្រូងហាប់ណែនពេលពាក់អាវអ្នកជិះម៉ូតូ ស្ទុះចេញពីម៉ូតូធំរបស់គេរត់ចូលមកឱបរាងតូចមួយរង្វង់ដៃណែន ដោយចង្វាក់បេះដូងរបស់គេកំពុងលោតសុំអង្វរនាងមិនឲ្យចាកចេញពីគេទៅ រង្វង់ដៃមាំរឹតនាងកាន់តែណែន ទាំងដែលនាងកំពុងព្យាយាមរុញគេចេញ។ បីឆ្នាំដែលស្រលាញ់គ្នា បីឆ្នាំដែលខំឆ្លងកាត់រឿងរ៉ាវគ្រប់យ៉ាងមកជាមួយគ្នា តើមិនមានន័យអ្វីសោះមែនទេ?។
    « លែង! លែងខ្ញុំណា រ៉េមី ថ័ររ៉េស! » នាងរើមួយទំហឹងហើយរុញច្រានរាងកាយគេឲ្យថយចេញពីនាងបានសម្រេច មិនថាគេព្យាយាមហាមឃាត់នាងយ៉ាងណាទេ នាងមិនអាចបន្តទំនាក់ទំនងស្នេហាខុសឋានៈមួយនេះបានទៀតទេ បីឆ្នាំមកនេះគ្រប់គ្រាន់សម្រាប់នាងដែលទទួលរងពាក្យជេរប្រមាថមើលងាយពីសំណាក់អ្នកមានវង្សត្រកូលខ្ពង់ខ្ពស់នៅជុំវិញខ្លួនរបស់គេបានហើយ ជាពិសេសគឺគ្រួសាររបស់គេដែលព្យាយាមបំបែកនាងឲ្យចេញពីគេគ្រប់ពេលវេលា នាងមានអារម្មណ៍ហត់នឿយជាមួយនឹងសេ្នហាបែបនេះ នាងមិនចង់បន្តទៀតទេ គ្រប់យ៉ាងសូមឲ្យចប់ត្រឹមនេះទៅចុះ។
    « រ៉ូជីន! ឲ្យតែអូនព្រមរស់នៅជាមួយបង អ្វីក៏បងព្រមលះបង់ដើម្បីអូន សូមតែម្យ៉ាងកុំចាកចេញពីបងអីបានទេ? » កែវភ្នែកអស់សង្ឃឹម ខ្លួនប្រាណគ្មានកម្លាំងព្យាយាមចូលទៅជិតនាងម្តងទៀត ព្រោះមិនអាចទ្រាំឲ្យនាងចាកចេញពីគេទៅបាន ទើបព្យាយាមអង្វរករនាងគ្រប់វិធី ឲ្យតែនាងព្រមនៅជាមួយគេបន្ត ចង់ឲ្យគេលះបង់ឋានៈជា រ៉េមី ថ័ររ៉េស កូនមហាសេដ្ផីប្រចាំប្រទេសកូរ៉េចោលក៏គេព្រម គេសុខចិត្តរស់នៅជាមួយនាងក្នុងនាមជា រ៉េន ជាបុរសសាមញ្ញធម្មតាម្នាក់ ឲ្យតែនាងហាមមាត់ថានឹងព្រមរស់នៅជាមួយគេដោយប្រើជីវិតសាមញ្ញបែបនេះ គេនឹងបោះបង់គ្រប់យ៉ាងចោលដើម្បីនាងភ្លាម។
    « កុំលះបង់គ្រប់យ៉ាងដែលមានតម្លៃសម្រាប់បង ដើម្បីខ្ញុំអី ព្រោះខ្ញុំគ្មានតម្លៃគ្រប់គ្រាន់ឲ្យបងលះបង់ដើម្បីខ្ញុំទេ » រ៉ូជីន ចាប់ប្រអប់ដៃធំទូលាយហើយដាក់ខ្សែកដាំត្បូងពេជ្រមួយខ្សែដែលក្តាប់ជាប់មកក្នុងដៃជាយូទៅឲ្យ រ៉េន វិញ ព្រោះជាខ្សែកដែល រ៉េន ទិញឲ្យនាងទុកជាវត្ថុបញ្ចាំងស្នេហ៍ តែមិននឹកស្មានថាស្នេហារបស់គេដែលប្រគល់ជូននាងនាំឲ្យជីវិតរបស់នាងរងទុក្ខបុកម្នេញជារៀងរាល់ថ្ងៃយ៉ាងនេះសោះ ព្រោះតែអំណាចគ្រួសាររបស់គេព្យាយាមដាក់សម្ពាធលើជីវិតនាងគ្រប់យ៉ាង ដើម្បីតែចង់ឲ្យនាងបែកពីគេ នាងត្រូវគេបណ្ដេញចេញពីការងារហើយមិនអាចរកការងារធ្វើបន្តទៀតបាន ថែមទាំងត្រូវលោកប៉ារបស់គេបញ្ឆេះឲ្យម្ចាស់បំណុលមកអុកឡុកផ្ទះជួលរបស់នាងស្ទើររាល់ថ្ងៃ ធ្វើឲ្យលោកយាយរបស់នាងត្រូវធ្លាក់ខ្លួនឈឺធ្ងន់ហើយក៏ស្លាប់ទៅនៅថ្មីៗនេះ នាងមិនចង់បាត់បង់អ្វីច្រើនជាងនេះព្រោះតែគេទៀតទេ ត្រឹមតែលោកយាយម្នាក់នាងក៏មានអារម្មណ៍ថាខ្លួនឯងអាត្មានិយមចំពោះលោកយាយណាស់ទៅហើយ ចាប់ពេលនេះទៅនាងចង់មានជីវិតមួយដ៏ស្ងប់សុខ ចង់មានថ្ងៃដ៏រីករាយដូចអ្នកដទៃ ទោះនាងនៅស្រលាញ់គេតែបើស្រលាញ់គេហើយធ្វើឲ្យនាងឈឺចាប់រាល់ថ្ងៃដដែល នាងចុះចិត្តទ្រាំឈឺចិត្តខ្លាំងមួយរយៈពេលខ្លីព្រោះតែបំភ្លេចគេវិញល្អជាង។ រ៉ូជីន ទ្រាំទប់ទឹកភ្នែកខ្លួនឯង ឱនមុខចុះដើរចេញទៅ ទាំងបេះដូងកំពុងឈឺចាប់ដូចគេចាប់ហែកចេញពីគ្នា ។
    «ឈប់សិន រ៉ូជីន! អូនគិតទៅចោលបងពិតមែន? » រ៉េន រហ័សឈោងចាប់កដៃតូចពីខាងក្រោយទាំងមិនអស់អាល័យ បេះដូងរបស់គេកំពុងឈឺចាប់ខ្លាំងរកអ្វីមកប្រៀបពុំបាន មានតែអ្នកធ្លាប់ជួបរឿងមួយនេះប៉ុណ្ណោះ ទើបដឹងថាវាឈឺដល់កម្រិតណា កំពុងតែស្រលាញ់គ្នាសុខៗបែរជាមកត្រូវនិយាយពាក្យលានៅថ្ងៃនេះ មនុស្សធ្លាប់តែជួបមុខគ្នាញញឹមដាក់គ្នារាល់ថ្ងៃមកហាមឃាត់មិនឲ្យជួបគ្នាទៀតយ៉ាងម៉េចបានទៅ នាងមិនទាន់នឹងចាកចេញផង គេក៏មានអារម្មណ៍ថានឹកគ្រប់យ៉ាងពីនាងបាត់ទៅហើយ ចុះទម្រាំនាងទៅបាត់រហូតរាប់ខែឆ្នាំមិនអាចជួបគ្នាបានម្តងទៀត តើគេនឹងត្រូវនឹកនាងដល់ថ្នាក់ណា? គេប្រាកដជានឹកនាងដល់គ្រាំចិត្តស្លាប់មិនខានបើនាងចាកចេញពីគេទាំងបែបនេះ ។
    « បើលោកស្រលាញ់ខ្ញុំ លោកក៏ព្រមដោះលែងខ្ញុំឲ្យទៅ »
    ប្រយោគពីរឃ្លានេះធ្វើឲ្យប្រអប់ដៃរបស់គេរបូតពីកដៃរបស់នាងដោយស្វ័យប្រវត្តិ។
     ក្រោយទទួលបានការដោះលែងពីម្ចាស់ស្នេហ៍ហើយ រ៉ូជីន ក៏រហ័សឈានជើងចេញទៅយ៉ាងលឿន និងមិនសូម្បីតែងាកមកសម្លឹងមុខរបស់រាងក្រាស់ដែលឈរនៅខាងក្រោយម្តងទៀត។ ការដែលត្រូវឈរមើលនារីជាទីស្រលាញ់ចាកចេញទៅទាំងមិនអាចហាមឃាត់នាងបាន ពិតជាធ្វើឲ្យបេះដូងរបស់គេត្រូវប្រេះជាច្រើនបំណែក ឈឺចិត្តឈឺចាប់ស្ទើរតែឆ្កួត ទឹកភ្នែកដែលមិនធ្លាប់ស្រក់បែរជាស្រក់ចុះមកទាំងមិនអាចហាមឃាត់បាន ។
    « ហ៊ឹក! ពុទ្ធោអើយ! » រ៉េន លើកជើងទាត់ស្លឹកឈើទុំនៅលើដីមួយទំហឹងដើម្បីបញ្ចេញកំហឹងដែលខឹងចំពោះខ្លួនឯងដែលគ្មានសមត្ថភាពការពារនារីដែលខ្លួនឯងស្រលាញ់ពីមនុស្សជុំវិញខ្លួនបាន សមមុខហើយដែលត្រូវមកឈឺចាប់ព្រោះតែបាត់បង់នាងទៅបែបនេះ។
   
    ភូមិគ្រឹះមហាសេដ្ឋីជំនួញត្រកូល ថ័ររ៉េស
   
    ប្រាវ!
    ថូផ្កាបុរាណតម្លៃមិនក្រោមខ្ទង់មុឺនដុល្លាធ្លាក់ទៅលើឥដ្ឋការ៉ូពណ៌សថ្លាក្នុងភូមិគ្រឹះដ៏ធំស្កឹងស្កៃនិងទាន់សម័យរបស់គ្រួសារលោក ហូរ៉េស ថ័ររ៉េស ដែលជាអ្នកជំនួញបរទេសដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
    « រ៉េន! ហេតុអ្វីកូនបោកថូផ្ការបស់ម៉ាក់? » អ្នកស្រី ម៉ាដាលីន ថ័ររ៉េស ជាភរិយារបស់លោក ហូរ៉េស ហើយក៏ត្រូវជាអ្នកម៉ាក់បង្កើតរបស់ រ៉េន រត់ចេញពីក្នុងផ្ទះមកទាំងទឹកមុខតក់ស្លុត ក្រោយបានឃើញថូផ្កាតម្លៃរាប់មុឺនដុល្លាដែលនាងខំដេញថ្លៃយ៉ាងលំបាកពីក្នុងកម្មវិធីលំដាប់អភិជនមួយ ត្រូវកូនប្រុសសំណព្វចិត្តម្នាក់បោកចោលដោយមិនភាពស្តាយស្រណោះ តើព្រោះតែស្រីក្រីក្រម្នាក់នោះទៀតហើយមែនទេ? នាងពិតងឿងឆ្ងល់ណាស់ ថាស្រីម្នាក់នោះល្អត្រង់ណាទៅ ទើបកូនប្រុសរបស់នាងងប់ងល់ជាមួយនាងដល់ថ្នាក់មកបំផ្លាញ់របស់មានតម្លៃរបស់នាងបែបនេះ ស្រីម្នាក់នោះមានតម្លៃមិនស្មើនឹងមួយចំហៀងថូផ្ការបស់នាងផង ម្តេចនឹងសមឲ្យកូនប្រុសរបស់នាងទៅស្រលាញ់នាងនោះ។
    « ព្រោះខ្ញុំចង់ឲ្យអ្នកម៉ាក់ដឹងថាការដែលត្រូវបាត់បង់របស់ដែលខ្លួនឯងខំស្រលាញ់ថែរក្សានេះ តើឈឺចាប់ខ្លាំងប៉ុណ្ណា? អ្នកម៉ាក់ដែលយល់អារម្មណ៍ខ្ញុំទេ ហេតុអ្វីអ្នកម៉ាក់បំបែក រ៉ូជីន ចេញពីខ្ញុំ? » កែវភ្នែកក្រហមដក់ជាប់ដំណក់ទឹកភ្នែកដ៏សែនឈឺចាប់ ប្រែជាមើលទៅគួរឲ្យខ្លាចនៅពេលគេចាប់ផ្តើមខឹងខ្លាំងព្រោះតែបាត់បង់នារីជាស្រលាញ់ទៅ។
    រ៉េន ដើរចូលទាំងកំរោលទៅរកអ្នកម៉ាក់របស់គេដែលឈរសម្លឹងមុខកូនប្រុសដោយទឹកមុខស្មើធម្មតាគ្មានអារម្មណ៍ថាខុសចំពោះទង្វើរបស់ខ្លួនឯងសូម្បីតែបន្តិច។ ក្នុងនាមជាម្តាយគ្រាន់តែជួយរៀបចំឲ្យជីវិតកូនប្រុសល្អនិងជោគជ័យ តើមានអ្វីខុសទៅ? ទាយាទតែម្នាក់របស់ត្រកូល ថ័ររ៉េស ត្រូវតែរៀបការជាមួយនារីដែលមានវង្សត្រកូល ឋានៈនិងកិត្តិយសខ្ពង់ខ្ពស់ដូចគ្នានឹង ថ័ររ៉េស មិនមែននារីដែលគ្មានវង្សគ្មានត្រកូល ក្រីក្រដូចជាស្រីតាមចិញ្ចើមថ្នល់ ផាក រ៉ូជីន នោះទេ។
    « ឈប់រករឿងដូចកូនក្មេងទៀតទៅ ឯងមិនមែនក្មេងវិទ្យាល័យទេ គ្រួសារ ថ័ររ៉េស ម្តេចនឹងមានកូនប្រុសដែលងប់ងល់នឹងស្រីលែងគិតពីវង្សត្រកូលដូចឯងទៅ » សំឡេងគ្រលរមានអំណាច គ្រប់ម៉ាត់ដែលលោកនិយាយចេញមកសុទ្ធតែស្តាប់ទៅគួរឲ្យខ្លាចរអា ព្រមទាំងជំហានជើងធ្ងន់ៗ គ្រប់ជំហានដែលលោកបោះចូលមករកកូនប្រុសនិងភរិយាសុទ្ធតែពោលពេញដោយភាពមុឺងម៉ាត់ ធ្វើឲ្យលោក ហូរ៉េស ថ័ររ៉េស មើលទៅកាន់តែមានឥទ្ធិពលលើមនុស្សក្នុងគ្រួសារទាំងមូល។
    « ខ្ញុំដឹងថាខ្លួនឯងមិនសមជាទាយាទរបស់ត្រកូល ថ័ររ៉េស ហើយបើខ្ញុំអាចជ្រើសរើសជីវិតថ្មីដោយខ្លួនឯងបាន ខ្ញុំមិនចង់ធ្វើជា រ៉េមី ថ័ររ៉េស ដូចពេលនេះទេ ខ្ញុំគ្រាន់តែចង់ធ្វើជាមនុស្សសាមញ្ញធម្មតាម្នាក់ដែលអាចរស់នៅជាមួយនារីដែលខ្ញុំស្រលាញ់យ៉ាងមានក្តីសុខ គ្មានអ្នកមកតាមបំបែកដូចពេលនេះ » រ៉េន និយាយទាំងអួលដើមកឈឺចាប់រកអ្វីមកប្រៀបផ្ទឹមមិនបាន។ ក្នុងភ្នែករបស់គេទ្រព្យសម្បត្តិដ៏ច្រើនមហាសាររបស់គ្រួសារ ថ័ររ៉េស គ្មានតម្លៃសម្រាប់ជីវិតរបស់គេសូម្បីតែបន្តិច រ៉េន មិនចង់រស់នៅដូចអ្នកម៉ាក់និងលោកប៉ារបស់គេទេ អ្នកទាំងពីររៀបការជាមួយគ្នាព្រោះមុខជំនួញ មិនធ្លាប់ស្រលាញ់គ្នាឡើយ គ្រាន់តែរស់នៅជាមួយគ្នាដើម្បីបំពេញមហិច្ឆិតារៀងខ្លួន រស់នៅជាមួយក្តីសុខក្លែងក្លាយបែបនេះគេមិនចង់បានទេ ។
    « ឯងចង់បោះបង់គ្រប់យ៉ាងដែលឯងមាននៅពេលនេះព្រោះតែស្រីដែលគ្មានចិត្តស្មោះចំពោះឯងម្នាក់នោះមែនទេ? » លោក ហូរ៉េស មិនអាចឈរមើលកូនប្រុសរបស់ខ្លួនឯងឈ្លក់វង្វេងជាមួយស្រីម្នាក់រហូតមើលមិនដឹងថានាងកំពុងតែបោកប្រាស់គេ ទើបលោកសម្រេចចិត្តនិយាយគ្រប់យ៉ាងឲ្យប្រុសបានដឹង។
    « លោកប៉ាគ្មានសិទ្ធិថាឲ្យ រ៉ូជីន បែបនេះទេ? នាងស្រលាញ់ខ្ញុំខ្លាំងប៉ុណ្ណាអ្នកទាំងពីរគ្មានថ្ងៃដឹងទេ » ទោះលោក ហូរ៉េស ព្យាយាមបង្ហើបឲ្យគេដឹងថានារីដែលគេកំពុងស្រលាញ់ស្ទើរលេបមិនដែលស្រលាញ់គេវិញយ៉ាងណាក៏គេមិនជឿដែរ ព្រោះគ្មាននរណាម្នាក់យល់ពីនាងជាងគេទៀតទេ គេដឹងថានាងសុំបែកពីគេនៅថ្ងៃនេះព្រោះតែអ្វី ហើយគេក៏ដឹងថានាងតែងតែលះបង់ខ្លួនឯងដើម្បីគេកន្លង ។
    « បើនាងស្រលាញ់ឯងពិតមែន? ហេតុអ្វីនាងយកលុយរបស់ម៉ាក់ហើយយល់ព្រមចេញទៅរស់នៅឆ្ងាយពីទីនេះហា៎? » អ្នកស្រី ម៉ាដាលីន ប្រាប់ការពិតឲ្យកូនប្រុសភ្លឺភ្នែក ឲ្យកូនប្រុសដឹងថានារីដែលគេស្រលាញ់ ជាស្រីមុខលុយ មិនដែលស្រលាញ់គេពិតប្រាកដឡើយ។
    « មិនពិតទេ! មិនពិតទេ! » រ៉េន ទន្ទេញជាប់មាត់ព្រោះមិនអាចទទួលយករឿងដែល រ៉ូជីន នឹងប្តូរកន្លែងរស់នៅទៅកាន់តែឆ្ងាយពីគេបាន តែគេបែរជាមិនចាប់អារម្មណ៍នឹងពាក្យមួរបង្កាច់ដែលអ្នកម៉ាក់របស់គេព្យាយាមលេបពណ៌ឲ្យនាងទៅវិញ នៅខណៈនេះតើនៅមានអ្វីសំខាន់ជាងការចាកចេញរបស់នាងទៀតនោះ? បើនាងទៅឆ្ងាយហើយតើគេម្តេចនឹងអាចជួបនាងម្តងទៀតទៅ? តើថ្ងៃណានឹងបានជួបនាងម្តងទៀត? ឬក៏លែងបានជួបគ្នាអស់មួយជីវិត? ជីវិតរបស់គេត្រូវរស់នៅយ៉ាងម៉េចបើមិនអាចបានជួបនាងទៀតនោះ បើគ្មាននាងទេគេប្រហែលត្រូវប្រើជីវិតដែលជាប់គាំងនៅក្នុងអតីតកាលជាមួយនាងអស់មួយជីវិត ប្រៀបដូចជាការចាក់បទចម្រៀងដដែលម្តងហើយទៀត ទោះពិភពលោកមួយនេះដើរដល់សម័យកាលណាក៏គេនៅតែមិនអាចដើរទៅមុខបាន ជីវិតរបស់គេនឹងជាប់គាំងមួយកន្លែងបើគ្មាននាងមកចាប់ដៃរបស់គេហើយបន្តដំណើរទៅជាមួយគ្នាទេ។
    « រ៉េន! កូនចង់ទៅណាទាំងយប់? » អ្នកស្រី ម៉ាដាលីន ស្រែកហៅកូនប្រុសដែលរត់ចេញទៅទាំងកណ្តាលយប់។
    រ៉េន មិនស្តាប់អ្នកណាទាំងអស់ គេឡើងជិះម៉ូតូធំបើកចេញទៅយ៉ាងប្រញាប់ប្រញាល់ទាំងកណ្តាលយប់ មាឃក៏កំពុងបន្លឺសំឡេងផ្គរលាន់រកកលចង់ភ្លៀងថែមទៀត កុំថាឡើយយប់ងងឹតឬក៏មាឃភ្លៀងផ្គររន្ទះ ទោះជាផែនដីមួយនេះរញ្ជួយឬក៏មាឃបាក់ស្រុតចុះមកក៏មិនអាចហាមគេមិនឲ្យទៅរកម្ចាស់បេះដូងរបស់គេបានដែរ។

    វ៉ូ! វ៉ូ! ផាំង!
    ផ្គររន្ទះបន្លឺឡើងជាបន្តបន្ទាប់ ខណៈភ្លៀងចាប់ផ្តើមបង្អុលចុះមកដូចខឹងជាមួយអ្នកណា ។ រាងក្រាស់ជិះម៉ូតូធំជាមួយល្បឿនលឿនខ្លាំងលើផ្លូវជាតិរលោងស្រិលកាត់ភ្លៀងក្រាស់មើលផ្លូវស្ទើរតែមិនឃើញ គេដឹងថាវាគ្រោះថ្នាក់ខ្លាំងណាស់ តែបើគេមិនប្រញាប់ទេ គេអាចនឹងមិនមានឱកាសបានជួបជាមួយនារីដែលជាស្រលាញ់ទៀតអស់មួយជីវិត ទើបគេមិនបង្អង់ល្បឿនមានតែបន្ថែមល្បឿនលឿនឡើង ។
    « រ៉ូជីន រងចាំបង? កុំទៅចោលបងអី? បងមិនចង់ឲ្យអូនចាកចេញពីជីវិតរបស់បងទេ »
    ង៉ូង! ង៉ូង!
    រ៉េន មួលហ្គ្រែរមួយកប់ដៃល្បឿនម៉ូតូលឿនដូចហោះកាត់លើផ្លូវរអិលស្រិលហើយថែមកោងខ្លាំងទៀត។
    ពីត! ពីត!
    ផាំង! ប្រាវ!
    ផ្សែងហុយចេញពីម៉ាស៊ីនឡានផ្នែកខាងមុខដែលរងការខូចខាតទាំងស្រុង តែសំណាងដែលអ្នកបើកឡានមិនរងរបួសធ្ងន់គ្រាន់តែបែកក្បាលបន្តិច ទើបគេរហ័សចុះពីលើឡានរត់សំដៅមករកអ្នកជិះម៉ូតូដែលត្រូវដេកដួលនៅលើផ្លូវជាមួយថ្លុកឈាម ទឹកភ្លៀងហូរនាំឈាមពីរាងកាយក្រាស់ទៅប៉ះដល់ជើងអ្នកបើកឡានដែលដើរចូលមកមើលគេ។
    « ជួយ...ខ្ញុំផង រ៉ូជីន...រ៉ូ...ជីន » បបូរមាត់ស្លេកស្លាំងប្រឹងបង្ហើបសុំជំនួយនិងហៅឈ្មោះនារីដែលគេចង់ជួបបំផុត មុនពេលដែលគេត្រូវបិទភ្នែកគេងទៅ ប៉ុន្តែដោយសារតែគេពាក់មួកសុវត្ថិភាព ទើបសំឡេងខ្សោយៗរបស់គេមិនអាចលឺទៅដល់ត្រចៀករបស់អ្នកដែលចូលមកមើលគេបានទេ។ រ៉េន ចាប់ផ្តើមមើលអ្វីមិនច្បាស់ ខ្យល់ដង្ហើមរបស់គេចាប់ផ្តើមខ្សោយទៅៗជាលំដាប់ រហូតត្របកភ្នែកទន់ធ្លាក់បិទដោយខ្លូនឯងធ្វើឲ្យដំណក់ទឹកថ្លាជ្រាបចេញពីចុងកន្ទុយភ្នែកធ្លាក់មកលើថ្ពាល់យ៉ាងឈឺចាប់។
           រងចាំភាគបន្ត
  
   
   
   
   
   

   

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now