The End

343 34 8
                                    

     អ្នកទាំងពីរអង្គុយទល់មុខគ្នានៅលើពូក ហូស៊ុក ជាអ្នកជូតសក់ក្បាលអោយ ជីមីន និងដាំបបរអោយនាយញ៉ាំដើម្បីកុំអោយឈឺផ្ដាសាយ។
     « បងញញឹមអី!? » ឃើញ ជីមីន នៅតែមើលមុខខ្លួនហើយញញឹមមិនដាក់ គេក៏សួរ។
     « សប្បាយចិត្ត »
     « រឿងអី? »
     « ពេលបាននៅក្បែរអូនម្ដងទៀត »
     ហូស៊ុក អៀនឡើងក្រហមថ្ពាល់ពេលអ្នកម្ខាងទៀតនិយាយចំៗមិនវៀចវេ ធ្វើជាដើរទៅយកបបរមកពីលើតុដើម្បីបន្លប់ស្ថានការណ៍។
     « ញ៉ាំបបរទៅទាន់នៅក្ដៅៗ  »
     « បញ្ចុកបងមក » ជីមីន ញញឹមខិល រាងតូចសម្លក់នាយ ប៉ុន្តែព្រមធ្វើតាម។
     « អ្នកណាជាអ្នកប្រាប់បងថាអូនរស់នៅទីនេះ? » ហ
     « បូរ៉ាម!ឥឡូវនាងបានទៅបរទេសបាត់ហើយ »
     « មិចអ៊ីចឹង? »
     « នាងប្រាប់ថាទោះពួកយើងព្រមអត់អោនអោយក៏នាងនៅតែខ្មាសខ្លួនឯង »
     កាយតូចញញឹមស្រាលទាំងក្នុងចិត្តនៅស្មុគស្មាញចំពោះរឿងខ្លះៗ។
     « ពេលនេះអូនក៏ក្លាយទៅជាមនុស្សបំផ្លាញបេះដូងអ្នកដទៃដូចគ្នា »
     ជីមីន ចងចិញ្ចើមរបៀបមិនយល់ន័យ និងដេញដោលរកមូលហេតុ÷
     « មានរឿងអ្វីមែនទេ? »
     ហូស៊ុក ដកដង្ហើមធំបន្តិចមុននឹងតប÷
     « ថេយ៍ ស្រលាញ់អូនណាស់ ប៉ុន្តែពេលនេះអូនបានធ្វើអោយគេឈឺចាប់ »
     « គេប្រហែលជាមិនខឹងអូនទេ »
     ជីមីន លួចស្រងាកចិត្តហើយក៏អាណិតមិត្តសម្លាញ់ដូចគ្នា ប៉ុន្តែនាយមិនអាចបោះបង់ ហូស៊ុក បានទេ ទោះត្រូវក្លាយជាមនុស្សអាត្មានិយមក៏ដោយ។
     « អូនអាចក្លាយជាមនុស្សអាត្មានិយមដែរទេ? »
     កែវភ្នែករបស់ហូស៊ុកចាប់ផ្តើមរលីងរលោង អួលដើមក។ជីមីន ឃើញហើយក៏អាណិត ទាញរាងកាយគេក៏អោបក្រសោបជាការលួងលោម។
     « អូនកុំគិតបែបនោះអី!គ្រប់គ្នាសុទ្ធតែអាត្មានិយម គ្រាន់តែប្រើហេតុផលផ្សេងៗគ្នាតែប៉ុណ្ណោះ »
     « អូននឹងប្រាប់គ្រប់យ៉ាងទៅគេអោយគេធ្វើចិត្ត »
     « ល្អហើយ!ពេលនេះមានបងនៅជិតអូនហើយ ឈប់ពិបាកចិត្តទៀតទៅ »
     អ្នកទាំងពីរបន្តនៅជាមួយគ្នាពេញមួយយប់ មានរឿងនិយាយគ្នាមិនចេះចប់មិនចេះហើយ។អារម្មណ៍ដែលសោកកាបានរលាយបាត់អស់ ពេលមនុស្សដែលខ្លួនស្រលាញ់បានត្រឡប់មកក្បែរខ្លួនដូចសារជាថ្មី។ស្នេហាមួយនេះចាប់ផ្ដើមម្ដងទៀត បន្ទាប់ពីឆ្លងកាត់ឧបសគ្គជាច្រើនជាមួយគ្នា រហូតដល់ថ្ងៃនេះទើបពួកគេបានដឹងថាតម្លៃនៃស្នេហាមួយនេះវាធំធេងកម្រិតណា។
     ក្ដីស្រលាញ់ពិតប្រាកដមួយ មិនមែនបានមកដោយងាយៗនោះឡើយ មានរឿងជាច្រើនដែលត្រូវឆ្លងកាត់ជាមួយគ្នា ប៉ុន្តែបើសិនជាវាជាក្ដីស្រលាញ់ស្មោះពិតមែន ទោះត្រូវបែកគ្នាប៉ុន្មានដងក៏នៅតែត្រឡប់មកសាងស្នេហ៍ជាថ្មីវិញបាន អ្វីដែលសំខាន់នោះគឺសាមីខ្លួននៅតែមានចិត្តអោយគ្នាទៅវិញទៅមក។
     នៅពេលដែលបានស្គាល់ស្នេហាពិត ជួបមនុស្សល្អម្នាក់សម្រាប់រស់នៅជាមួយដល់ថ្ងៃស្លាប់ យើងនឹងហ៊ានលះបង់ចោលនូវទម្លាប់អាក្រក់គ្រប់យ៉ាង និងកែប្រែកំហុសដែលធ្លាប់សាងឡើងវិញ។អ្នកណាក៏ធ្លាប់មានកំហុសដែរ អ្វីដែលសំខាន់គឺការទទួលខុសត្រូវ និងការអត់អោនចំពោះគ្នាទៅវិញទៅមក។
                               ~~~~~
     ស្អែកថ្ងៃថ្មី ជាថ្ងៃដ៏ពិបាកទ្រាំក្នុងការទទួលយកការពិតបំផុត។ថេយ៉ុង ទទួលបានដំណឹងដែល ហូស៊ុកត្រូវគ្នាជាមួយ ជីមីន វិញ ពេលនេះគេក៏ត្រូវមកឈឺចាប់ម្ដងទៀត។នាយបានគេចចេញពីគ្រប់គ្នា ផ្ដាច់ការទំនាក់ទំនងពីអ្នកណាៗទាំងអស់ មិនព្រមចេញទៅខាងក្រៅ សម្ងំនៅតែក្នុងបន្ទប់ខូចចិត្តម្នាក់ឯង។ពេលនេះនាយកាន់តែយល់ច្បាស់ថា ហូស៊ុក និងខ្លួនមិនមែនជាគូព្រេងនឹងគ្នានោះឡើយ។
     អាទិត្យក្រោយ...
     ហូស៊ុក បបួល ជីមីន ទៅលេងអ្នកម៉ាក់ខ្លួននៅកាណាដាជាមួយគ្នាអោយបានប៉ុន្មានថ្ងៃ តែនៅមិនអាចនៅដល់ថ្ងៃដែលលោកប៉ានិងប្អូនប្រុសរបស់គេត្រឡប់មកវិញបាន។អ្នកស្រីជុង ទទួលរាក់ទាក់អនាគតកូនប្រសារយ៉ាងកក់ក្ដៅបំផុត ធ្វើអោយ ជីមីន មានអារម្មណ៍ថាមានក្ដីសុខខ្លាំងណាស់។
     « ជីមីន សុខសប្បាយទេកូន? »
     ពេលបានមកអង្គុយជួបជុំគ្នានៅបន្ទប់ទទួលភ្ញៀវ អ្នកស្រីជុង ជាអ្នកផ្ដើមការសន្ទនាមុនគេ។មុននឹងឆ្លើយ ជីមីន បានងាកទៅមើលមុខរបស់ ហូស៊ុក បន្តិចសិនប្រៀបដូចជាសុំជំនួយ។គេគួរតែនិយាយបែបណា បើក្ដីសុខទើបតែកើតមានឡើងវិញនៅពេលថ្មីៗនេះ។
     « ពួកយើងទាំងពីរសុខធម្មតាទេអ្នកម៉ាក់ » ព្រោះតែខ្លាចអ្នកម៉ាក់សង្ស័យ ហុស៊ុក ជាអ្នកឆ្លើយជំនួស។អ្នកស្រីលែងដេញដោល ព្រោះគិតថាអ្នកទាំងពីរនៅជាមួយគ្នាជាប់រហូត ប្រសិនបើកូនគាត់ឆ្លើយបែបណាគឺរឿងទាំងអស់វាប្រព្រឹត្តទៅបែបនោះហើយ។
     « ពួកកូនគិតថានឹងមកលេងប៉ុន្មានថ្ងៃដែរ? »
     « មកតែបីថ្ងៃទេ!ថ្ងៃបន្ទាប់កូននឹងទៅវិញហើយព្រោះមានការងារនៅសល់ច្រើនណាស់មិនអាចទុកវាចោលបាន » ជីមីន
     « ហេតុអ្វីក៏លឿនម្លេះកូន? »
     « ចាំពេលលោកប៉ាត្រឡប់មកវិញ ចាំពួកយើងត្រឡប់មកម្ដងទៀត » ហូស៊ុក
     « តាមតែពួកកូនទេ!ទៅសម្រាកសិនទៅ ម៉ាក់មានធុរ:ចេញទៅខាងក្រៅបន្តិច »
     ពេលល្ងាច...
     ព្រះអាទិត្យកំពុងតែរៀបនឹងអស្តង្គត ចាកចោលភពផែនដីមួយរយ:។ផ្ទៃមេឃពណ៌មាសនាពេលថ្ងៃរៀបលេច ស្រស់ស្អាតប្លែកភ្នែក។នៅក្នុងបរិវេណផ្ទះដ៏ធំទូលាយ មានគ្រប់បែបគ្រប់សព្វ ឃើញមានរាងតូចកំពុងអង្គុយដាំផ្កានៅសួនច្បារខាងក្រោយផ្ទះក្បែរអាងទឹកយ៉ាងយកចិត្តទុកដាក់។ជីមីន ដើរចូលមកលបៗ ថ្នមៗមិនហ៊ានបញ្ចេញសម្លេង គិតថានឹងចង់មកពញ្ញាក់ ហូស៊ុក លេងដោយក្នុងដៃមានកាន់កូនប្រអប់បួនជ្រុងតូចមួយពណ៌ក្រហម មិនដឹងថានៅខាងក្នុងគឺជាអ្វី។
     « ក្រោកពីគេងហើយមែនទេ? » គម្រោងត្រូវបានរលាយ ព្រោះរាងតូចដឹងថានាយកំពុងដើរលបៗចូលមក ទើបរៀបរឹកទៅជាធម្មតាវិញ។
     « ក្រោកមុននេះឯង » អ្នកកំលោះអង្គុយចោងហោងជិតដៃគូរម្ខាងទៀត មើលគ្រប់សកម្មភាពទាំងអស់របស់គេ។
     « ផ្កាទាំងអស់នេះអូនដាំខ្លួនមែនទេ? »
     « មែនហើយ »
     « មិចក៏អូនពូកែម្លេះ?វាមិនមែនតិចទេ!មួយសួនតែម្ដង » ជីមីន លាន់មាត់សម្លឹងមើលទៅកូនផ្កាដែលទើបតែដាំរួចថ្មីៗ និងបើកភ្នែកធំៗដាក់ ហូស៊ុក ធ្វើអោយគេសើច។
     « គ្មានអ្វីពិបាកទេ » ហូស៊ុក ក្រោកឈរឡើងក្រោយពេលបំពេញភារកិច្ចរួចរាល់ អោយកាយក្រាស់ក្រោមតាមពីក្រោយ។នៅសុខៗ ជីមីន ស្រាប់តែលត់ជង្គង់ម្ខាងចុះនៅចំពោះមុខរបស់ ហូស៊ុក បង្កើតជាការងឿងឆ្ងល់សម្រាប់គេ÷
     « បងធ្វើអីហ្នឹង?ឆាប់ក្រោកមកវិញមក ប្រឡាក់ដីអស់ហើយ »
     « បងមានរឿងត្រូវសារភាព » នាយបង្ហាញកូនប្រអប់បួនជ្រុងដែលកាន់មកជាប់ជាមួយទៅកាន់ ហូស៊ុក ឃើញហើយក៏ភ្ញាក់ផ្អើល បុកពោះមិនស្ទើរពេលនឹកទៅដល់របស់នៅខាងក្នុងនោះ។
     « បានន័យថាយ៉ាងមិចទៅមីន...? »
     ជីមីន បើកប្រអប់ឡើងនៅចំពោះមុខរបស់សង្សារ លេចចេញនូវចិញ្ចៀនពេជ្រមួយវង់ ស្រស់ស្អាតមិនធម្មតា ចំណែកតម្លៃវាថ្លៃស្មើនិងផ្ទះវីឡាមួយទៅហើយ។ជីមីន មានបំណងចង់សុំ ហូស៊ុក រៀបការពេលពួកគេមកទីនេះ។
     « រៀបការនឹងបងបានទេ? » នាយញញឹមយ៉ាងផ្អែមល្ហែមទៅកាន់អ្នកម្ខាងទៀត ចំណែក ហូស៊ុក ព្រោះតែរំភើបពេកបែរជានិយាយមិនចេញៗតែទឹកភ្នែក។
     « មិចក៏បងធ្វើបែបនេះ?ហ្ហឹកៗ » តាមពិតគេមិនបានខឹងនឹងជីមីនឡើយ គ្រាន់តែរំភើបនិងភ្ញាក់ផ្អើលដែលនាយមកសុំខ្លួនរៀបការភ្លាមៗដោយមិនបានត្រៀមខ្លួនទុកជាមុន។
     « ឈប់យំទៅក្មេងចម្កួត!បងមានបានធ្វើបាបអូនឯណា?គ្រាន់តែសុំអូនរៀបការទេតើ »
     « ព្រោះតែអូនរំភើបពេក »
     ដល់ពេលឮបែបនេះ ជីមីន បែរជាអស់សំណើចហួសចិត្តជាមួយនឹងសង្សារខ្លួនឯង។
     « រៀបការជាមួយបងណា៎...? »
     កាយក្រាស់សួរបញ្ជាក់សារជាថ្មី ចំណែក ហូស៊ុក នៅតែឆ្លើយតបមិនចេញតែងក់ក្បាលយល់ព្រម។ជីមីន សើចចេញមកយ៉ាងរំភើប ចាប់ប្រអប់ដៃរបស់ម្ចាស់ចិត្តមកបំពាក់ចិញ្ចៀនអោយគេ រួចងើបឈរឡើងស្ទុះទៅអោបកាយតូចយ៉ាងណែន។
     « បងអរគុណអូនណាស់ ហើយក៏សុំទោសចំពោះរឿងកន្លងមក!អូនលំបាកនិងឈឺចាប់ច្រើនពេកហើយមនុស្សល្អរបស់បង » កុំថាតែ ហូស៊ុក សូម្បីតែ ជីមីននៅតែមិនអាចទប់ទឹកភ្នែក។
     « អោយតែពេលវេលាចុងក្រោយមានបងនៅក្បែរអូនៗមានក្ដីសុខខ្លាំងបំផុតហើយ ទោះមានឧបសគ្គច្រើនយ៉ាងណាក៏មិនចុះចាញ់ដែរ »
     ប្រសិនបើគេមិនអន់អោនអោយ ជីមីន នៅពេលនេះប្រហែលជាត្រូវសោកស្ដាយព្រោះបាត់បង់នាយដូចគ្នា។បេះដូងនិងខួរក្បាលមានជម្រើសពីរផ្សេងគ្នា ទីបំផុតនៅតែជ្រើសធ្វើតាមបេះដូង លទ្ធផលក៏បានមកវិញយ៉ាងល្អឥតខ្ចោះ ស្នេហារបស់ពួកគេចាប់ផ្ដើមរីកលូតលាស់មកវិញសារជាថ្មី។
     « ចាប់ពីពេលនេះទៅ បងសន្យាថាមិនធ្វើបាបបេះដូងរបស់អូនទៀតឡើយ » ជីមីន ព្រលែងរាងកាយហូស៊ុកចេញពីរង្វង់ដៃ តែប្ដូរទៅជាចាប់ក្បាលរបស់ហូស៊ុក មកថើបផ្ដល់ក្ដីស្រលាញ់ជំនួសវិញ។កាយតូចទទួលយកវាដោយក្ដីពេញចិត្តនិងភាពកក់ក្ដៅ។
     រាល់ពេលដែល ជីមីន ថើបខ្លួន មិនដែលមានអារម្មណ៍ថាមានក្ដីសុខស្មើនឹងពេលនេះឡើយ ប្រហែលវាជាស្នាមថើបដ៏មានន័យបំផុតព្រោះនាយមកផ្ដល់អោយក្រោយពេលបានសុំខ្លួនរៀបការ។
     « អូនក៏សន្យាថាចាប់ពីថ្ងៃនេះតរៀងទៅ អូននឹងនៅក្បែរបងជារៀងរហូត!អរគុណបងណាស់ដែលបង្រៀនអូនអោយស្គាល់រសជាតិស្នេហ៍មានគ្រប់រសជាតិមួយនេះ »
     ជីមីន អោបទៅផ្ដិតបបូរមាត់របស់ខ្លួននៅលើបបូរមាត់របស់រាងតូចពេលគេស្រដីចប់។អ្នកទាំងពីរផ្ដល់ក្ដីស្រលាញ់អោយគ្នានិងបង្ហាញវាកាន់តែច្បាស់តាមរយ:ស្នាមថើបមួយនេះ។
     មេឃភ្លៀងខ្លាំងយ៉ាងណាគង់មានថ្ងៃរាំង ព្រះអាទិត្យលិចផុតគង់មានថ្ងៃរះ ស្នេហាធ្លាប់បែកបាក់និងព្រាត់ប្រាសច្រើនដងប៉ុណ្ណា អោយតែមានចិត្តនៅស្រលាញ់នៅតែអាចចាប់ផ្ដើមសារជាថ្មីបាន។
     « អតីតកាលរបស់ពួកយើងពីមុនបែបណានៅតែមិនសំខាន់ អ្វីដែលសំខាន់នោះគឺ...បច្ចុប្បន្ននឹងអនាគត ដែលយើងទាំងពីរព្យាយាមកសាងរួមគ្នា ផ្ដល់អត្ថន័យដល់សេចក្ដីស្នេហ៍មួយនេះអស់ពីបេះដូង!ម្សិលមិញបានសាងកំហុស ថ្ងៃនេះចេះកែប្រែ ថ្ងៃស្អែកអត់អោនទោស យើងនៅតែអាចចាប់ផ្ដើមសារជាថ្មីបានដដែល... »

                     ចប់ដោយបរិបូរណ៍

នេះជារឿងទីពីរដែលខ្ញុំបានសរសេរបញ្ចប់វាទៅដោយជោគជ័យ លាយឡំជាមួយនិងការគាំទ្ររបស់អ្នកគ្រប់គ្នា!ពិតជាគ្មានពាក្យអ្វីត្រូវនិយាយក្រៅពីពាក្យថាអរគុណសម្រាប់ពេលវេលាកន្លងមក សង្ឃឹមថាពួកយើងនឹងបន្តនៅជាមួយគ្នាបន្តទៀត។សន្យាថានឹងចងចាំអ្នកអានគ្រប់គ្នជារៀងរហូត🖤

រឿងនេះគឺមានរដូវកាលទី២មួយរឿងទៀត ដើម្បីជាកាដូសម្រាប់ Vhope Stan ហើយអាចនឹងត្រៀមបោះចេញជាសៀវភៅផងដែរ កុំភ្លេចរង់ចាំមើលទាំងអស់គ្នាណា។សំណាងល្អអ្នកគ្រប់គ្នា!

រឿងនេះគឺមានរដូវកាលទី២មួយរឿងទៀត ដើម្បីជាកាដូសម្រាប់ Vhope Stan ហើយអាចនឹងត្រៀមបោះចេញជាសៀវភៅផងដែរ កុំភ្លេចរង់ចាំមើលទាំងអស់គ្នាណា។សំណាងល្អអ្នកគ្រប់គ្នា!

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU BROKE ME FIRST Where stories live. Discover now