Episode 33

131 16 0
                                    

នៅក្នុងភោជនីយដ្ឋានមួយកន្លែង គូស្នេហ៍មួយគូដែលបានបែកបាក់គ្នារួចម្ដងទៀតហើយ កំពុងអង្គុយញ៉ាំអាហារទល់មុខគ្នាយ៉ាងស្ងប់ស្ងាត់។
« ថេយ៉ុង ជាអ្នកប្រាប់បងថាអូនត្រឡប់មកវិញនៅថ្ងៃនេះ!អូនកុំខឹងគេអី!បងខ្លួនឯងដែលតែងតែរំខានគេគ្រប់ពេលចង់ដឹងពីសុខទុក្ខអូន »
ព្រោះតែពេលនេះគ្មានអ្នកណានិយាយអ្វី ហូស៊ុក គិតតែឈ្ងោកមុខញ៉ាំអាហារមិនស្ដីរកខ្លួន បង្ខំអោយ ជីមីន ដាច់ចិត្តលើករឿងផ្សេងៗមកនិយាយតែឯង អ្វីដែលនាយទទួលបាននិងឃើញនៅចំពោះមុខនៅតែជាភាពសោះអង្គើយដដែល។រាងតូចធ្វើដូចមិនបានស្ដាប់ឮប្រយោគរបស់គេ មិនខ្វាយខ្វល់ មិនតបត ធ្វើអោយនាយស្រងាកចិត្ត រអៀសខ្លួន ទោះជាយ៉ាងណាក៏ដោយបានតាំងចិត្តថាមិនបោះបង់ឱកាសមួយនេះទេ។
« បងនៅតែចង់បកស្រាយរឿងរវាងបងនិង បូរ៉ាម... »
ហូស៊ុក ងើបមុខឡើង សម្លឹងទៅត្រង់ចំមុខរបស់ ជីមីន÷
« ហេតុអ្វីខ្ញុំត្រូវខ្វល់?ពួកយើងលែងត្រូវជាអ្វីនិងគ្នាទៀតហើយ បងមិនបានបកស្រាយប្រាប់ខ្ញុំទេ! »
មាត់ប្រាប់ថាមិនខ្វល់ ហេតុអ្វីនៅសល់កូនចិត្តតូចមួយចង់ស្ដាប់ពាក្យបកស្រាយ?សំណាងល្អដែលកាយក្រាស់នៅតែមិនបោះបង់ការខំប្រឹង គេនៅតែព្យាយាមបន្តទៅមុខ ទោះដឹងថាគ្មានលទ្ធផលក៏ដោយ។
« យ៉ាងណាអូននៅតែជាមនុស្សដែលបងស្រលាញ់!បងគ្រាន់តែចង់អោយអូនដឹងកុំអោយអូនមិនអស់ចិត្ត!បងបានសុំបែកគ្នាជាមួយនាងតាំងពីថ្ងៃដែលបងសន្យាជាមួយអូន! »
ជីមីន ជាអ្នកបកស្រាយ ចំណែក ហូស៊ុក ជាអ្នកអង្គុយស្ដាប់យ៉ាងស្ងៀមស្ងាត់។កាយវិការបង្ហាញថាមិនបានខ្វល់ តែកំពុងយកចិត្តទុកដាក់បំផុត។
« នាងបានយល់ព្រម តែនាងបានយកស្រាមកអោយបងផឹក!ផឹករួចបងចាប់ផ្ដើមលែងដឹងអ្វីទាំងអស់ ថែមទាំងមិនបានដឹងថាបងអាចទៅគេងនៅក្នុងបន្ទប់នាងបានដោយរបៀបណា បងពិតជាចាំអ្វីមិនបាន »
« បងគិតថានាងប្រើល្បិចដាក់ថ្នាំបងអញ្ចឹងឬ? »
ហូស៊ុក ជឿខ្លះដែរ ព្រោះវាអាចកើតឡើងមែន យ៉ាងណានៅមិនទាន់ទុកចិត្តចរិតព្រាននារីរបស់ ជីមីន នៅឡើយ។
« ត្រូវហើយ!ព្រោះតាំងពីនោះមកបងចាំអ្វីមិនបានទៀត »
ដំបូងគេតម្លើងសំឡេង ព្រោះមិនពេញចិត្តចំពោះការបកស្រាយរបស់ ជីមីន សោះឡើយ រួចប្រែជាទម្លាក់សំឡេងនៅចុងប្រយោគវិញម្ដង÷
« វាមិនមែនជាខ្សែភាគយន្តទេ ជីមីន!បងកំពុងតែធ្វើដូចខ្លួនឯងជាជនរងគ្រោះ ទាំងដែលជនរងគ្រោះម្នាក់នោះ...ជាងអ្នកណាបងក៏ដឹងច្បាស់ »
ជីមីន ដកដង្ហើមធំយ៉ាងតានតឹងព្រោះ ហូស៊ុក នៅតែមិនជឿជាក់លើសម្ដីខ្លួន នាយបន្តបកស្រាយទាំងគ្មានសង្ឃឹម÷
« ស៊ុក...ពួកយើងស្រលាញ់គ្នារាប់ឆ្នាំ អូនគួរតែជឿជាក់លើបងខ្លះ »
« ជឿជាក់?ជឿជាក់បែបណា?ចរិតព្រាននារីរបស់បងៗចោលវាមិនបានផង នៅមានមុខមកអោយខ្ញុំជឿជាក់លើបងទៀតមែនទេ?ឬមួយក៏បងចង់អោយខ្ញុំបែរក្រោយធ្វើជាមនុស្សល្ងង់ដូចមុនម្ដងទៀត? »
ប្រយោគ ហូស៊ុក មួយណាក៏ចាក់ដោតចូលជ្រៅដល់ក្នុងបេះដូងដែរ គ្មានមួយម៉ាត់មិនធ្វើអោយ ជីមីន មិនឈឺចិត្តឡើយ។គ្រប់យ៉ាងដែលស្ដាប់់ឮ បង្ហាញថានាយជាមនុស្សអាក្រក់ខ្លាំងប៉ុណ្ណាក្នុងក្រសែភ្នែករបស់ គេ។
« បងបានតាំងចិត្តធ្វើគ្រប់យ៉ាងហើយ!បងព្យាយាមកែប្រែខ្លួនឯងដើម្បីអូន »
« វាហួសពេលហើយ » ហូស៊ុក ផ្ដល់ចម្លើយភ្លាមៗគ្រាន់តែ ជីមីន និយាយចប់។ទឹកមុខរបស់អ្នកកំលោះស្រពោនចុះម្ដងទៀត អស់សង្ឃឹមសារជាថ្មី ឬពួកគេពិតជាមិនអាចត្រឡប់មកដូចដើម?
« ផ្ដល់ឱកាសអោយបងម្ដងទៀតបានទេ? »
« ខ្ញុំមកទីនេះដើម្បីអោយបងនិយាយរឿងខ្លះៗ តែមិនមែនអោយបងមកយំឱកាសពីខ្ញុំឡើយ!បើបងនៅតែបែបនេះ ពួកយើងកុំជួបគ្នាទៀតអី »
ដៃតូចៗចាប់កាន់សាក់កាដូដែលយកមកជាមួយមកស្ពាយជាប់ខ្លួន រួចងើបឈរអស់កម្ពស់ ប្រុងនឹងចាកចេញទៅ មិនស្រណោះឬអាសូរដល់អ្នកខាងនោះ។
« ហេតុអ្វីទៅស៊ុក?ហេតុអ្វីអូនចិត្តដាច់ដល់ម្ល៉ឹង? »
ជីមីន ងើបឈរស្រែកឃាត់ដំណើរអ្នកដែលដើរចេញទៅអំបាញ់មិញ អោយឈប់ស្ងៀមត្រឹម បែរក្រោយក្រឡឹងមកកាន់នាយវិញ។
« គ្រប់យ៉ាងបងជាអ្នកបង្រៀនខ្ញុំ »
ហូស៊ុក បោះជំហានចេញទៅសារជាថ្មី ម្ដងនេះលែងបកក្រោយ រហូតដល់ចេញផុតបាត់ពីកន្លែងនេះ នៅតែ ជីមីន ឈរកណ្ដោចកណ្ដែងតែឯង។អ្នកកំលោះទម្លាក់ខ្លួនអង្គុយទៅលើសាឡុង រួចផ្ដេកក្បាលទៅលើនោះ ភ្នែកទាំងសងខាងបានបិទ សញ្ជឹងគិតពីភាពឈឺចាប់។
គ្រប់យ៉ាងដើរដល់ផ្លូវទាល់ ទៅមុខក៏មិនបាន បកក្រោយក៏មិនកើត បើសូម្បីតែមនុស្សដែលធ្លាប់ស្រលាញ់ក៏បានបាត់បង់របូតចេញពីទ្រូង ជីវិតមួយនេះវាសាហាវព្រៃផ្សៃខ្លាំងពេកហើយ។
~~~~~
ហូស៊ុក ធ្វើដំណើរមកកាន់ផ្ទះវីឡាមួយដែលគេបានទិញ វាជាផ្ទះដែលនៅដាច់ដោយឡែកពីគេឯង និងមានរបងព័ទ្ធជុំវិញ ដោយបានទិញវាទាំងមិនបានប្រាប់អោយអ្នកណាដឹង សូម្បីតែមនុស្សជំនិត។មកដល់ខាងក្នុងបន្ទប់គេង គេប្រឹងបោះជំហានទាំងគ្មានកម្លាំងកំហែង រហូតដល់ក្បែរពូកទើបផ្ដួលខ្លួនប្រាណទៅលើនោះមួយជំហរ។ពេលនេះគឺត្រូវទទួលសម្ពាធហត់ទាំងផ្លូវកាយនិងផ្លូវចិត្ត មិនដឹងថាត្រូវដោះស្រាយដោយវិធីណា បើសិនជាត្រូវបកក្រោយរិតតែមិនអាច។
រីង៍ៗ~~ រំពេចនោះស្រាប់តែទូរស័ព្ទរោទ៍ឡើង ដាស់អារម្មណ៍ម្ចាស់របស់វាអោយភ្ញាក់ព្រើត ស្រវ៉ាងើបរត់ទៅយកសាក់កាដូមកបើកយកទូរស័ព្ទ ឃើញថាអ្នកខលមកជា ថេយ៉ុង ទើបគេចុចទទួល និយាយទាំងខ្សាវៗដូចមនុស្សកំពុងឈឺ។
« ហាឡូ...? »
<< សំឡេងរបស់ឯងខ្សោយខ្លាំងម្ល៉េះ?ឯងឈឺមែនទេ? >> ថេយ៉ុង នាយចាប់ផ្ដើមបារម្ភ ប្រញាប់ដេញដោល។
« អត់ទេ...!យើងគ្រាន់តែមានអារម្មណ៍ថាហត់ »
បបូរមាត់តូចៗហើបស្ទើរតែមិនរួច បណ្ដាលអោយគេទម្លាក់ខ្លួនគេងសារជាថ្មី ដាក់ទូរស័ព្ទចោលនៅក្បែរត្រចៀក បើក speaker ចោល។
<< ប្រហែលជាឯងធ្វើដំណើរមកពីឆ្ងាយហើយ >>
អ្នកខាងនោះយល់ឃើញផ្សេង តែចិត្តរបស់ ហូស៊ុក មិនមែនបែបនោះឡើយ។
« យើងហត់ចិត្តច្រើនជាង!ដូចជាបាត់បង់អ្វីម្យ៉ាងចេញពីក្នុងខ្លួន យើងពិបាកទ្រាំណាស់ »
សំឡេងរបស់គេកាន់តែក្រងួរ ច្រមុះចាប់ផ្ដើមឈួល ត្រចៀកឡើងហឹង និងអួលដើមករកហាស្ដីមិនចង់ចេញ កាន់តែបកស្រាយ កាន់តែមានអារម្មណ៍ថាខ្លួនឯងទន់ជ្រាយ ចេះតែចង់យំចេញមក។
<< រឹងមាំឡើងណាស៊ុក!ឯងនៅមានយើង >>
« ... » គ្មានការឆ្លើយតប នៅសល់តែភាពស្ងប់ស្ងាត់ ព្រោះរាងតូចកំពុងសម្ងំបង្ហូរទឹកនេត្រា ទាំងភ្នែកនៅបិទ។
<< ត្រូវចាំថាមានយើងស្រលាញ់ឯង... >>
ថេយ៉ុង សម្រេចចិត្តសារភាពចេញមក ស្ថានភាពពេលនេះ ហូស៊ុក គ្មានអារម្មណ៍ជាមួយពាក្យទាំងអស់នោះឡើយ គេក៏មិនបាននិយាយអ្វីច្រើនឡើយ។
« យប់នេះមករកយើងបន្តិចបានទេ?ចាំយើងផ្ញើអាស័យដ្ឋានអោយ »
<< យើងស្គាល់ខន់ដូរបស់ឯងហើយ ចាំបាច់់អោយឯងផ្ញើអោយទៀតឬ? >>
នាយមិនបានដឹងថា ហូស៊ុក ឈប់រស់នៅទីនោះបន្តទៀតនោះទេ ទើបតបមកវិញលាយឡំជាមួយសំណើចបន្តិចបន្តួច ខុសពីអ្នកខាងនេះមានទឹកមុខស្ងប់ស្ងាត់។
« យើងឈប់រស់នៅទីនោះទៀតហើយ... »
ថេយ៉ុង ភ្ញាក់ផ្អើល ប្រញាប់សួរបកវិញ÷
<< ឯងផ្លាស់ប្ដូរខន់ដូរឬ? >>
« យើងបានទិញផ្ទះមួយផ្សេងទៀត »
<< អឹម...យើងយល់ហើយ ចាំល្ងាចយើងទៅរកឯង >>
បន្ទាប់ពីនោះ ការសន្ទនារវាងអ្នកទាំងពីរបានបញ្ចប់។ហូស៊ុក បិទទូរស័ព្ទចោល ងើបដើរទៅឈរពីមុខជញ្ជាំងកញ្ចក់ គយគន់ទៅទេសភាពនៅខាងក្រៅ សម្លឹងទៅត្រង់ ឆ្ងាយផុតពីកន្លែងនេះ។ឈរអស់មួយសន្ទុះ ទើបប្ដូរទៅជាដើរមើលរបស់របរនៅក្នុងផ្ទះវិញ។ទីនេះមិនខុសពីកន្លែងសម្រាប់ដាក់វត្ថុអនុស្សាវរីយ៍របស់គេជាមួយនិង ជីមីន ឡើយ មានសុទ្ធរូបថតដែលពួកគេធ្លាប់ថតជាមួយគ្នា ដាក់តាំងពេញបន្ទប់។
គេបានទិញផ្ទះនេះទុកមកជាយូរហើយ ដោយមានគម្រោងគិតថាថ្ងៃណាមួយអាចរស់នៅទីនេះតែពីរនាក់ជាមួយ ជីមីន ជាមនុស្សដែលខ្លួនស្រលាញ់ ថែមទាំងបានរៀបចំវាអោយមើលទៅដូចទីកន្លែងសម្រាប់ចងចាំនិងរំឮកនូវអនុស្សាវរីយ៍ ក៏ដូចជាពេលវេលាល្អៗទាំងអស់។
ចុងក្រោយ...មានតែគេម្នាក់ឯង ដែលត្រូវមករស់នៅទីនេះ មើលរូបភាពទាំងអស់នេះតែម្នាក់ឯង យ៉ាងក្រៀមក្រំបំផុត។ភាពភ្ញាក់ផ្អើល ក្លាយជាទុក្ខសោក គ្មានអ្វីដែលអាចធ្វើអោយមានក្ដីសុខម្ដងទៀតឡើយ។
ជើងទាំងគូរកំពុងបោះជំហានយឺតៗ ទៅមុខបម្ដងបន្តិចៗ ស្របពេលហត្ថាទាំងទ្វេលើកទៅអង្អែលពីលើរូបថតទាំងអស់នោះ ទាំងក្ដុកក្ដួលចិត្ត។
មិនថារូបថតមួយសន្លឹកណា ពួកគេសុទ្ធតែមានស្នាមញញឹម និងក្ដីសុខពន់ពេក។គ្រប់យ៉ាងហាក់ដូចជាការចងចាំដ៏ល្អមួយ មិនអាចនិងបំភ្លេចបាន ទោះបីជាអស់ចិត្តស្នេហ៍ទៅហើយក៏ដោយ។តំណក់ទឹកថ្លាៗ ស្រក់ចុះមកតក់ ហូរកាត់ផែនថ្ពាល់ដ៏ស្រស់ស្អាតសក្បុស ប៉ុន្តែផ្ទៃមុខទាំងមូលបែរជាគ្របដណ្ដប់ទៅដោយទុក្ខសោកក្រៀមក្រំ។
« អូនពិតជាមិនយល់...តើអូននៅស្រលាញ់បងឬក៏ស្អប់បងនៅពេលនេះ? »

To be continued...

YOU BROKE ME FIRST Where stories live. Discover now