Episode 18

165 24 5
                                    

     /ថ្ងៃថ្មី/
     ទ្រនិចនាឡិកាចេះតែរំកិលទៅមុខបន្តិចម្ដងៗគ្មានថ្ងៃឈប់ឈរ រហូតដល់ម្សិលមិញបានកន្លងផុតទៅ ថ្ងៃថ្មីក៏បានឈានចូលមកដល់ជំនួស។ថ្ងៃថ្មីវាគួរតែជាថ្ងៃសិរីសួស្ដីសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែសម្រាប់មនុស្សម្នាក់ វាគឺជាថ្ងៃដែលស្មុគស្មាញបំផុត។

     នៅក្នុងបន្ទប់ខន់ដូរដែលងងឹតសូន្យឈឹង មានត្រឹមតែពន្លឺព្រះអាទិត្យចាំងចូលមកតាមប្រលោះវាំងននដែលបិទមិនបានជិត អាចអោយយើងមើលឃើញពីសភាពបន្ទប់មួយនេះថាវារញ៉េរញ៉ៃខ្លាំងប៉ុណ្ណា។ក្រដាសឯកសារជាច្រើនធ្លាក់រប៉ាត់រប៉ាយពេញបន្ទប់ អីវ៉ាន់ដែលដាក់តាំងក៏ធ្លាក់ដេកដួលនៅលើដីយ៉ាងគ្មានសណ្ដាប់ធ្នាប់ សូម្បីតែកន្លែងគេងក៏រញ៉េរញ៉ៃមើលមិនយល់ដែរ។

     រូបភាពមនុស្សប្រុសមាឌធំស្រឡះម្នាក់អង្គុយបញ្ឈរជង្គង់ម្ខាង ព្រមទាំងដាក់ដៃពីលើ ផ្អែកខ្នងទៅនឹងគ្រែគេងខ្លួន បិទភ្នែកកើយក្បាលទៅនឹងពូកយ៉ាងស្ងប់ស្ងាត់មិនសូម្បីតែកម្រើក។ការចាប់ផ្ដើមនៃថ្ងៃថ្មី មិនខុសពីការដើរលើផ្លូវដែលពោរពេញទៅដោយបញ្ហាមួយផ្សេងទៀតឡើយ។

     ការដែលបន្ទប់មួយនេះប្រែទៅជារញ៉េរញ៉ៃ ក៏ដោយសារតែគេនេះហើយ ព្រោះតែស្មុគស្មាញគិតអ្វីមិនចេញ ទើបបញ្ចេញកំហឹងទៅលើរបស់របរមិនដឹងខ្យល់អីទាំងអស់នោះ។

     នៅជិតកន្លែងដែលគេអង្គុយបញ្ឈរជង្គង់យ៉ាងស្ងៀមស្ងាត់នោះ មានដបទឹកសុទ្ធនិងកំប៉ុងថ្នាំជាច្រើនកំប៉ុង និងបន្ទះថ្នាំមិនដឹងជាអ្វីខ្លះឡើយ នៅរាយប៉ាយជុំវិញនោះ។

     រីង~រីង~ សូរ្យសម្លេងទូរស័ព្ទដែលនៅជិតនោះបានបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់ ធ្វើអោយអ្នកដែលកំពុងបិទភ្នែកសម្ងំគេងនោះត្រូវភ្ញាក់ព្រើត ប្រញាប់ស្រវ៉ាឈោងទៅយកទូរស័ព្ទមកចុចទទួលទាំងមមីរមមើរ។

     « ហាឡូ!? » ទោះបីជាពេលនេះក្នុងបន្ទប់មានពន្លឺមិនគ្រប់គ្រាន់សម្រាប់មើលមុខគេម្នាក់នោះឃើញក៏ដោយ ប៉ុន្តែបើស្ដាប់តាមសម្លេងអាចសន្និដ្ឋានបានថាបុរសម្នាក់នោះជា ថេយ៉ុង យ៉ាងពិតប្រាកដ។

YOU BROKE ME FIRST Where stories live. Discover now