ភាគ១២÷Dinner

1.4K 76 0
                                    

    បន្ទាប់ពីបានបញ្ចប់កិច្ចសំណេះសំណាល ពួកនាងទាំងពីរនាក់ក៏បានបំបែកផ្លូវគ្នា ខណៈវត្តមាន ថេយ៉ុង និង ជុងហ្គុក ក៏ទើបតែបានបណ្តើរគ្នាចាកចេញពីក្នុងក្រុមហ៊ុនដែរ។ ឡានទំនើបចាប់បរចេញទៅពីទីធ្លាមួយនេះផុតពីខ្សែភ្នែកស្រីល្អ យូជីន ដែលឈរនៅចំហៀងហាងកាហ្វេពេញប្រៀបទៅដោយអារម្មណ៍ស្អប់ខ្ពើម។   
    នៅតាមផ្លូវ..
    ជុងហ្គុក ជាអ្នកបើកឡានដោយ ថេយ៉ុង នៅអង្គុយក្បែរនាយពុំសូវមាត់.កសោះ នាយជិះកាត់ហាងពេជ្រមួយកន្លែង គេគ្រាន់តែមើលពុំបានឈប់ឡានចូលទៅខាងក្នុងទេ រួចក៏បានបើកបង្ហួសទៅមុខរហូត ទម្រាំបើកមកដល់ភូមិគ្រឹះវិញ ជិតមួយម៉ោងកន្លះឯណោះ។
    «មាំមីមកផ្ទះវិញហើយ!!» ប្យុនឃ្យូ ឧទានព្រមទាំងរត់សំដៅទៅឱប ថេយ៉ុង យ៉ាងណែន។
    «ញាំបាយហើយឬនៅកូន?»
    «ចាសញាំរួចហើយ!!» ថេយ៉ុង ចាប់អូសដៃនាងតូចដើរចូលទៅខាងក្នុងបន្ទប់ មុនពេលដើរទៅចាប់ការងារមកធ្វើ កិច្ចការដែលខ្លួនត្រូវស្រវាចាប់ធ្វើមុនគេនោះគឺសម្លៀកបំពាក់។
    «ជុងហ្គុក..» ថេយ៉ុង ភ្ញាក់ឡើងព្រើត កាលបើឃើញ ជុងហ្គុក ស្ទុះស្ទារមកចាប់ទាញកន្ត្រកខោអាវពីដៃរាងតូច។
    «ទុកឱ្យបងជាអ្នកបោកអូនទៅមើលកូនទៅ!» ជុងហ្គុក ថាចប់យួរញ៉ឹងកន្ត្រកដើរចេញទៅបាត់មិននិយាយស្តីបន្ត ចំណែកឯ ថេយ៉ុង ទើបនឹកឃើញថាប្តីខំជួយសម្រួលការងារទើបមិនសូវសួរនាំ ហើយក៏ប្តូរទៅបោសសម្អាតក្នុងបន្ទប់រៀបចំឱ្យមានរបៀបរៀបរយឡើងវិញ។
    «មាំមីក្រែមរបស់មាំមីមែន? កូនឃើញជ្រុះកៀនតុ!» ប្យុនឃ្យូ លើកបំពង់ក្រែមដើរតាំងៗទៅរក ថេយ៉ុង ហើយហុចវាទៅឱ្យគេបានពិនិត្យមើល។
    «ម៉ាកនេះ មាំមី មិនដែលប្រើឯណា កូនរើសបានមកពីណា?»
    ថេយ៉ុង ចាប់ផ្តើមចងចិញ្ចើមឡើងសួរកូនស្រី ក្រោយមកក៏បានឃើញថា ថេយ៍និឡា ស្រាប់តែបានដើរចូលមកដល់ល្មម។
    «ប្យុនឃ្យូ មានឃើញក្រែមរបស់មីងទេ?»
    «អានេះមែនមីង?» នាងតូចចង្អុលទៅកាន់បំពង់ក្រែមដែល ថេយ៉ុង កំពុងតែកាន់។
    «អរគឺហ្នឹងហើយ!» នាងក្រមុំសើចឡើង ដើរចូលទៅបម្រុងលូកដៃទៅដណ្តើមយកពីដៃ ថេយ៉ុង។
    «ម្តេចបានវាមកនៅក្នុងនេះបាន?» ថេយ៉ុង សួរផាំងសម្លឹងមុខប្អូនស្រីមិនដាក់ត្របក់ភ្នែក។
    «គឺ..ខ្ញុំចូលមករៀបចំធ្វើខ្លួនឱ្យ ប្យុនឃ្យូ កាលពីថ្ងៃកំឡុងពេលទៅលេងសមុទ្រជាមួយគ្នាហើយក៏ភ្លេចឈឹង បន្ទាប់មកថ្ងៃនេះខ្ញុំមានកម្មវិធីត្រូវចេញទៅខាងក្រៅ បាត់ក្រែមនេះមិនឃើញក្នុងបន្ទប់ទើបតាមមកសួរនាងតូច!»
    «មីងពៅលាបក្រែមហ្នឹងឱ្យកូនឯងហ្អ៎!»
    «ចាស!!» នាងតូចងក់ក្បាលផ្ងក់ៗ។
    «ថ្ងៃក្រោយកុំលាបពណ៌ដិតៗអ៊ីចឹងឱ្យក្មួយ ខូចបបូរមាត់ក្មេង ប្យុនឃ្យូ នៅខ្ចីណាស់!»
    «ចាសបង!»
    «យកទៅ!» ថេយ៉ុង ហុចបំពង់ក្រែមទៅឱ្យប្អូនស្រី សឹមចាប់ក្រសោបនាងតូចមកពររួចនាំកូនដើរចេញទៅងូតទឹកសម្អាតខ្លួនឱ្យកូន។
   
    យប់ដដែល
    កែវភ្នែកខ្មៅនិលសម្លឹងមើលផែនខ្នងដ៏ក្រាស់ឃ្មឹក ដែលកំពុងឱនឈ្ងោកធ្វើការមិនសូវមានពេលដកឃ្លាសោះ ការងារនៅក្រុមហ៊ុនធ្វើមិនចេះចប់ មិនចេះហើយ មកដល់ផ្ទះហើយ ក៏នៅតែបន្តធ្វើទៀត។
    «ការងាររបស់បងនេះពេលណាសល់ពេលទំនេរនិងគេខ្លះ?»
    ថេយ៉ុង ទើបនិងចាប់និយាយ សួរទៅកាន់ស្វាមីដោយខ្សែភ្នែកងឿងឆ្ងល់ជាខ្លាំង គ្មានថ្ងៃណា ពេលណាបានឃើញគេ ចេះប្រើពេលវេលាផ្ទាល់ខ្លួនមកសម្លឹងមើលមុខកូនប្រពន្ធខ្លះឡើយហើយឧស្សាហ៍តោះតើយមិនសូវយកត្រចៀកមកស្តាប់សម្តីប្រពន្ធទៀត។
    «បើបងមិនធ្វើអ្នកណាមកជួយធ្វើជំនួសបងទៅ?» ជុងហ្គុក និយាយតែមាត់ដៃនៅចាប់កាន់ប៊ិកឱនសរសេរនេះនោះដដែល។
    «ចាងហ្វា..ទៅបិទភ្លើងដេក!» ថេយ៉ុង ដេញអាល្អិតដែលឈរមិងមាំងនៅនឹងមាត់ទ្វារ។
    «ប៉ុន្តែ ដេតឌី ថាបង្រៀនកូនធ្វើលំហាត់!»
    «រៀនខ្លួនឯង ធ្វើខ្លួនឯងទៅ!»
    «មកណេះមកកូនប៉ាបង្រៀន!» ជុងហ្គុក ក្រោកវឹងទៅចាប់ទាញដៃកូនភ្លើងក្នុងបន្ទប់ស្រាប់តែបិទងងឹតស្លប់ឈឹង។
    «ថេយ៍..កើតស្អីហ្នឹង?» នាយស្រែកទាំងដែលកែវភ្នែកប្រឹងតាមសម្លឹងមើលផែនខ្នងភរិយាដែលសំងំធ្វើជាគេង។
    «តោះទៅរៀននៅបន្ទប់កូនក៏បាន!»
    «ទៅដេកនៅបន្ទប់កូនតែម្តងទៅ!» សំឡេងស្រួយឧទាន ប្រអប់ជើងស្រឡូនក៏ចាប់ទម្លាក់ចុះហើយដើរទៅទាញទ្វារមកបិទ។
    «អូនកើតអី?» ជុងហ្គុក កាន់តែមិនយល់ ចាប់ទាញដៃភរិយាមកកាន់សួរនាំរឿងរ៉ាវដែលជាហេតុធ្វើឱ្យប្រពន្ធមានការមិនពេញចិត្តមកលើខ្លួន។
    «ទៅសួរការងារខ្លួនឯងទៅ រវល់ជាមួយវា ដេកជាមួយវាទៅ ការងារបងធ្វើ ប៉ុន្មានថ្ងៃ ប៉ុន្មានពេលចប់? នៅក្រុមហ៊ុន នៅផ្ទះ ម៉ោងដេក ម៉ោងបាយ ក៏នៅតែធ្វើការងារទាំងអស់នោះមិនទាន់ចប់ទៀត?» រាងតូចចាប់ផ្តើមដំឡើងសំឡេងតឹងសរសៃ.កដាក់ស្វាមី រួចក៏និយាយទាំងលើកដៃគក់ទៅនឹងស្មានាយខ្លាំងៗតាមអារម្មណ៍ខឹងជ្រួយច្របល់ក្នុងចិត្ត។
    «ការងារតែងមានរាល់ថ្ងៃ..អូនក៏ដឹង!»
    «អើ..អ៊ីចឹងទៅដេកឱបការងារហ្នឹងទៅ!»
    «អូនខឹងបងដោយសារតែរឿងទាំងអស់នេះ បងមិនយល់ពីអូនទាល់តែសោះ ពេលបងឱបក្រសោបការងារខិតខំធ្វើវាដើម្បីអូន អូនបែរជាខឹងនិងបង!» ជុងហ្គុក ចាប់ជ្រួញចិញ្ចើមនិយាយដោយសេចក្តីហួសចិត្ត គេមិនមែនមិនស្រលាញ់ភរិយានោះទេ តែមកពីគេត្រូវការបំពេញតួនាទីឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។
    «ជៀសផ្លូវ!»
    «អូនទៅណា!»
    «ទៅណាជារឿងរបស់ខ្ញុំ!»
    «ថេយ៍!» រាងក្រាស់ប្រញាប់ប្រញាល់ស្រវាចាប់ឱបចង្កេះស្រឡូនពីខាងក្រោយយ៉ាងជាប់ណែន។
    «សឺត!!»
    «លែង!» ថេយ៉ុង មិនបានខ្វល់ពីការថើប តែបែរជាស្រែកដេញស្វាមីឮឱ្យទ្រហឹងអឺងកង។
    «កាលពីមុនពូកែយំ ស្លូតបូត មិនចេះស្រែកឮៗសម្លុតដាក់បងទេ ឥឡូវអូនកាចឆ្នាស់ រករឿងៗ ចោទបងមុខក្រោយមិនឈប់!»
    ជុងហ្គុក និយាយផងប្រឹងឱបក្រសោបចង្កេះតូចអង្ក្រងមិនព្រមព្រលែងដដែល។
    «ហើយយ៉ាងម៉េច?» ថេយ៉ុង ដៀងកន្ទុយភ្នែកសម្លក់មុខនាយ។
    «មានអី បងលួងអូនហ្នឹងហើយ!»
    «លួងឱ្យមានកូនទៀតមើល៍ពូកែខឹង..» ចាងហ្វា ដើរទៅចុចបើកភ្លើងឈរសម្លក់មុខ ថេយ៉ុង ទាំងដែលដៃនៅកាន់សៀវភៅលំហាត់ជាប់។
    «បង្រៀនកូនធ្វើលំហាត់ ស្អែកគ្រូយកហើយ គ្រវែងមាំមីចោលគន្លៀតជញ្ជាំងសិនទៅ ដេតឌី!»
    «រវល់ការងារ ដេកជាមួយការងារហ្នឹងទៅ កុំមកដេកឱបប្រពន្ធ!»
    «ក្រែងធ្វើការងារហ្នឹងយកលុយមកឱ្យមាំមីអ្ហេស? ម៉េចបានខឹងចឹង?»
    «កុំចេះយើងនេះនៅក្មេងខ្ចីគ្មានដឹងអីទេ!» ចាងហ្វា ពេបមាត់រួចដើរទៅចាប់អូសដៃ ជុងហ្គុក។
    «យកប្តីគេទៅណា?» ថេយ៉ុង កញ្ជ្រោលស្រែកដាក់អាល្អិត។
    «មិនដែលយកទៅវាយជាន់កសម្លាប់ទេ..យកមកឱ្យជួយធ្វើលំហាត់!»
    «មើលៗផង..ក្រែងឪខ្លួនឯងមានស្រី!!»
    «ឱ្យមានខ្លះទៅ..ប្រពន្ធមុខចាស់ចឹងនោះ!»
    «អាចាងហ្វា!!»
    «យប់ៗអ៊ីចឹងបើកធម៌គេងស្តាប់ខ្លះទៅ..!» ចាងហ្វា ថាចប់ចាប់អូសដៃ ជុងហ្គុក ទៅរកបន្ទប់របស់ខ្លួនទុកឱ្យ ថេយ៉ុង នៅឈរទាំងខឹងដាច់ក្បាលដាច់កន្ទុយតែម្នាក់ឯង។
   
    ព្រឹកថ្ងៃថ្មី
    ក្រុមហ៊ុន..
    «លោកប្រធាន!» យូជីន បង្ហាញខ្លួនសារជាថ្មី ជាមួយនឹងការប្រាប់អំពីវេលាណាត់ជួបភ្ញៀវចំណូលថ្មីម្នាក់ទៀត។
    «មានការអី?» ជុងហ្គុក និយាយដោយមិនខ្ចីមើលមុខនាងដដែល។
    «គឺមានការណាត់!»
    «បើជាការណាត់ក្រៅពីរង្វង់ការងារ ខ្ញុំមិនទទួលទេ!» នាយឧទានងើបសម្លឹងមុខនាងដោយផ្ទាល់។
    «មិនមែនទេចាស..គឺជាការណាត់...ណាត់ជារឿងការងារតែប៉ុណ្ណោះ!»
    «ជាមួយអ្នកណា?» គេក្រោកឈរទន្ទឹមនិងទឹកមុខញញិមរបស់នាង។
    «ជាមួយអ្នកនាង រីហ្វា កូនស្រី..»
    «ហេតុអី្វគ្រប់ការណាត់ទាំងអស់ អ្នកជំនួញកាន់កាប់ផ្ទាល់មិនអញ្ជើញមកទីនេះដោយផ្ទាល់ខ្លួនឯង ចាំបាច់អី្វត្រូវរុញកូនស្រីឱ្យមកជួបខ្ញុំ ម្នាក់ណាក៏ដូចជាម្នាក់ណាដែរ មកនិយាយរឿងការងារមិនចំជាការងារ មកឱ្យតែបានៗ រួចក៏បង្វែរទៅនិយាយរឿងផ្សេង ថ្ងៃក្រោយបើម្ចាស់ជំនួញមិនមកជួបខ្ញុំដោយខ្លួនឯងទេ ហើយត្រូវទម្លាក់ឬរុញអ្នកផ្សេងឱ្យមកជួបខ្ញុំ ខ្ញុំសុំមិនទទួលការរាក់ទាក់ឬការណាត់ជួបអ្វីទាំងអស់..»
    «ប៉ុន្តែ លោកប្រធាន!»
    «បើនាងហ៊ានតែជំទាស់ខ្ញុំនិងបញ្ឈប់ការងារនាង!»
    «លោកប្រធានអញ្ជើញខាងណេះ!» មីនជុន ស្រដីប្រាប់ ជុងហ្គុក មុននឹងដើរទៅឱនខ្សឹបប្រាប់នាយ។
    «ម៉ោងប៉ុន្មាន?» ជុងហ្គុក និយាយនិង មីនជុន ដូចជាមានរឿងសម្ងាត់ស្រាប់តែបានធ្វើឱ្យ យូជីន ហាក់ចាប់អារម្មណ៍សង្កេតមើលក្រសែភ្នែកអ្នកទាំងពីរមិនដាច់ពីចិត្តសោះ។
    «ម៉ោងជាង ៤ រសៀលបាទ!»
    «អ៊ឹម!!» នាយកំលោះគ្រហឹមមុននឹងក្រោកដើរចេញទៅដោយមិនបានរវល់ពីការងារកំប៉ិកកំប៉ុករបស់នាង យូជីន ឡើយ។
    «ហ៊ើយ!!» ស្រីល្អដើរចេញទៅទាត់ធុងសំរាមខ្ជាយខ្ទេចគ្មានសល់ រួចដកទូរស័ព្ទដៃទំនើបចេញមក ចាប់ផ្តើមការនិយាយជាមួយនឹងគ្នីគ្នារឿងសម្ងាត់ពួកនាង។
    «ហេឡូ!អ្នកនាងអេលីហ្សៀរ៍!»
    (បានការយ៉ាងណាហើយ?)
    «លោកប្រធានមិនព្រមចេញឱ្យមានការណាត់ទេចាស៎!»
    (បើអ៊ីចឹង គួរធ្វើយ៉ាងម៉េចបន្តទៅ?)
    «ខ្ញុំក៏មិនដឹងច្បាស់ដែរ!»
    (ចង្រៃមែន!) យូជីន បិទទូរស័ព្ទចុះ រួចដើរជៀសចេញពីទីនោះក្នុងសភាពក្តៅក្រហាយ ខណៈវត្តមានមនុស្សស្រីស្ថិតក្នុងឈុតពណ៌ពងមាន់ស្រាលបែរខ្នងសក់វែងហួស្មាបានលេចមុខចេញមកពីជ្រុងម្ខាងនៃផ្លូវកែងក្នុងក្រុមហ៊ុនមួយនោះ។
   
    ល្ងាចនេះ..
    ម៉ោងជាង ៤ រសៀល..
    នារីម្នាក់ដែលមានឈ្មោះថា ជុង រីហ្វា ស្រាប់តែបានបង្ហាញខ្លួនខាងក្នុងបន្ទប់ការិយាល័យដោយផ្ទាល់របស់ ជុងហ្គុក ព្រមទាំងបុរសចំណាស់ម្នាក់ទៀតដែលមានងារជាឪពុករបស់នាង។
    ជុង ហូស៊ុក មានវ័យ ៥២ ឆ្នាំ ជាអ្នកជំនួញដើរលើវិស័យផលិតគ្រឿងអេឡិចត្រូនិចនេះដែរ ប៉ុន្តែអាជីវកម្មរបស់គាត់ មានភាពចរាចរណ៍នៅលើទីផ្សារក្រៅស្រុកខ្លាំងជាង នៅក្នុងប្រទេសកូរ៉េនេះ។ គ្រាន់តែពេលបច្ចុប្បន្ន គាត់ចង់បន្លាស់ទីកន្លែងរកស៊ី ដើម្បីដំណើរការលក់ចេញចូលទំនិញ ក្នុងស្រុកវិញម្តងដោយផ្ទេរមុខងារខ្លះៗទៅឱ្យកូនស្រីជាអ្នករៀនសូត្រ សិក្សាស្វែងយល់អំពីវាក្នុងការស្នងតំណែងឪពុកបន្តបន្ថែមទៀត។
    ក្រាក!!
    «សួស្តីលោក!» ជុងហ្គុក ឧទានទៅកាន់ ហូស៊ុក មុននឹងឈោងចាប់កាន់ដៃបុរសចំណាស់។
    «មើលទៅលោកក្មេងខ្លាំងណាស់!»
    «បាទ!»
    «ខាងណេះ ជាកូនស្រីរបស់ខ្ញុំ..ឈ្មោះ រីហ្វា!» អ្នកកំលោះស្តាប់ចប់ប្រញាប់ឱនសម្លឹងមើលមុខនាងក្រមុំ។
    «សួស្តីអ្នកនាង!»
    «សួស្តីលោក!» រីហ្វា គ្រាន់តែនិយាយហីៗ ជួនជានាងបានដឹងរឿងកាលពីព្រឹកដែរថាបុរសម្នាក់នេះលេងចរិតខ្លាំងប៉ុណ្ណាដែរទើបនាងមិនសូវចូលចិត្តរាក់ទាក់អ្វីណាស់ណាប៉ុន្មាន។
    «និយាយអ៊ីចឹងលោករង់ចាំខ្ញុំយូរដែរទេ? សូមទោសណាដែលរវល់កិច្ចការរៀងយូរពេលបន្តិច!» ហូស៊ុក គ្រវីក្បាលរួចលើកពេងតែមកផឹកចុងមាត់បន្តិច។
    «មិនយូរទេ ព្រោះខ្ញុំដឹងថាលោករវល់ដែរ!»
    «អរបាទ!» ជុងហ្គុក ដាក់គូទអង្គុយចុះសម្លឹងមើលចំតែផ្ទៃមុខបុរសចំណាស់ដែលបំពាក់វែនតាអង្គុយគងអន្ទាក់ខ្លានៅចំពោះមុខខ្លួន។
    «លោកអញ្ជើញមកទីនេះ ដើម្បីដាក់សំណើរក្នុងការបញ្ជាទិញសម្ភារៈគ្រឿងអេឡិចត្រូនិចមែនទេ?»
    «ពិតមែនហើយ គឺខ្ញុំមកដើម្បីទិញសម្ភារៈទាំងអស់នោះ!»
    «អ៊ីចឹងលោកមកចំពេលហើយ ឥឡូវនេះខាងក្រុមហ៊ុនរបស់ខ្ញុំ កំពុងតែត្រៀមបញ្ចេញលក់គ្រឿងអេឡិចត្រូនិចថ្មីៗបន្ថែមទៀត ដែលមានដូចជាគ្រឿងអគ្គិសនីនិង ស្មាតហ្វូន រួមទាំងកំព្យូទ័រ ទូរទស្សន៍ ក្បាលCD និងមានជម្រើសជាច្រើនទៀតដែលអាចឱ្យលោកអញ្ជើញពិនិត្យមើលជ្រើសរើសដោយផ្ទាល់ខ្លួនឯងបាន!»
    ហូស៊ុក ផ្ទៀងខ្សែភ្នែកសម្លឹងទៅមើល Menu ដែល ជុងហ្គុក បានត្រៀមទុកឱ្យគាត់មើលយ៉ាងដិតដល់ ហើយបានពន្យល់ណែនាំពីរបៀបប្រើប្រាស់និងការដាក់លក់ចេញសម្រាប់ទំនិញមួយៗ យ៉ាងក្បោះក្បាយបន្ថែមទៀត។
    «ខ្ញុំយល់ស្របចំពោះការទិញទំនិញរបស់លោក ប៉ុន្តែខ្ញុំបានបើកហាងនៅក្នុងប្រទេសកូរ៉េនេះដែរ ដូច្នេះហើយផ្នែកលក់ខ្ញុំបានផ្ទេរវាទៅឱ្យកូនស្រីរបស់ខ្ញុំជាអ្នកចាត់ចែង ខ្ញុំមកនេះ ក្នុងគោលបំណង!» ហូស៊ុក ផ្ងើយមុខឡើងសម្លឹងចំផ្ទៃមុខ ជុងហ្គុក។
    «លោកពោលមកចុះ!» ជុងហ្គុក អនុញ្ញាតទាំងខ្សែភ្នែកគ្មានរំញោច។
    «ត្រូវពឹងសុំឱ្យលោកជួយបង្រៀនកូនស្រីរបស់ខ្ញុំមួយរយះពេលផង ទម្រាំនាងអាចថ្នឹកចំពោះការងារទាំងអស់នេះបាន!» នាយមិននិយាយហើយក្រឡេកទៅសម្លឹងផ្ទៃមុខស្រីក្រមុំ។
    «មិនអីទេលោកឱ្យនាងមករៀនចុះ!» រីហ្វា ញញិមចុងមាត់ សម្លឹងមុខ ជុងហ្គុក យ៉ាងគឃ្លើនចរិតឫកពារបស់នាង មិនដូចទៅនឹងឪពុកនាងនោះទេ ទាំងក្រអឺតក្រទមហើយមិនសូវចេះគួរសមទៀត មួយភាគរយដែលប្រហាក់ប្រហែលដូចទៅនឹង ហូស៊ុក នាងគ្មានទាល់តែសោះ។
    «អ៊ីចឹងសម្រេចថាថ្ងៃស្អែកនេះ រីហ្វា ត្រូវមករៀនជំនាញនៅក្រុមហ៊ុននេះជាមួយនឹងលោកខាងណេះចុះ ប្រឹងប្រែងឱ្យបានល្អណា ប៉ាទុកចិត្តលើកូនហើយ!»
    «ចាសលោកប៉ា!» រីហ្វា និយាយដោយសំឡេងស្រួយស្រេះតបទៅនឹងឪពុកក្នុងឫកពាម្ញិកម្ញក់ ស្របពេលដែល ជុងហ្គុក ក៏បានដកខ្សែភ្នែកចេញ ហើយទាញទូរស័ព្ទយកមកចុចតបសារភរិយាដោយស្នាមញញិមផ្អែម។
    (មកញាំបាយផ្ទះទេ?)
    “បាទ! ទៅញាំតើស!”
    (ឆាប់មកផ្ទះណា អូនរង់ចាំផ្លូវ!)
    “បាទប្រពន្ធសំឡាញ់!”
    «លោកប្រធាន!» សម្តី មីនជុន បានកាត់ផ្តាច់ចង្វាក់អារម្មណ៍របស់អ្នកកំលោះភ្លាមៗ។
    «មានការអី មីនជុន?» ជុងហ្គុក ដកខ្សែភ្នែកចេញពីទូរស័ព្ទ ហើយបែរមកសម្លឹងមើលសំបុត្រអ្វីម្យ៉ាងដែល មីនជុន លើកបង្ហាញឡើងមក។
    «Dinner សម្រាប់អាហារពេលល្ងាចជាមួយនឹងអ្នកនាង រីហ្វា ខាងសណ្ឋាគារលំដាប់មួយ ទើបតែបានផ្ញើសំបុត្រអញ្ជើញលោកប្រធាន!»
    «បានន័យថាយ៉ាងម៉េចលោក?» នាយក្រឡេកទៅសម្លឹងមុខ ហូស៊ុក។
    «ជាថ្នូរដោះដូរដែលលោកបានយល់ព្រមបង្រៀនដល់កូនស្រីរបស់ខ្ញុំ ប៉ុណ្ណឹងចាត់ទុកថាជាអាហារសម្រាប់ទទួលភ្ញៀវមួយពេលទៅចុះ!»
    «ប៉ុន្តែគឺថាលោកខ្ញុំ..»
    «កុំប្រកាន់អ្វីវាជាការគួរសមបន្តិចបន្តួចតែប៉ុណ្ណោះ សង្ឃឹមថាលោកនិងមិនព្រមបដិសេចទៅចុះ!» ហូស៊ុក និង កូនស្រីញញិមរួចក៏បានក្រោកដើរចេញទៅបាត់ ខណៈ ជុងហ្គុក បានត្រឹមតែអង្គុយធ្វើភ្នែកស្លើសស្គូសម្នាក់ឯង។




















   

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now