ភាគ០២÷មាំមីខឹងដេតឌី

3.4K 169 3
                                    

     ៣ ថ្ងៃបានកន្លងផុតទៅ..
     នៅពេលដែលរឿងរ៉ាវទាំងអស់ត្រូវបានបំបែកសំណុំរឿង ចំពោះករណីឃាតកម្ម ប៉ូលិសបានរកឃើញថា ការសម្លាប់ដោយប្រើប្រាស់វិធីហិង្សាទៅលើស្ត្រីចំណាស់មានអាយុ ៥៣ឆ្នាំម្នាក់ ដែលធ្លាប់ជាអតីតភរិយាលោក ដុកហ្យុន ជាអភិបាលក្រុងបានទទួលមរណៈភាពកាលពីជាង ៧ឆ្នាំមុន យោងទៅតាមការស្រាវជ្រាវ ជនដៃដល់ជាកូនប្រុសអ្នកធំម្នាក់ ដែលមានឈ្មោះថា អីម មីនយ៉ុក រួមទាំងគ្នីគ្នាជាច្រើននាក់ទៀត ជាក្រុមបង្កហេតុដែលបណ្តាលឱ្យស្រ្តីចំណាស់ដាច់ខ្យល់ស្លាប់ បន្ទាប់ពីបានប្រើប្រាស់អំពើហិង្សាវាយតំនិងប្រើវត្ថុរឹងដើម្បីបំពានទៅលើរាងកាយដ៏ទ្រុឌទ្រោម។
     បន្ទាប់មករឿងទាំងអស់នេះក៏បានក្លាយទៅជាការចងគំនុំដោយ ជុងហ្គុក មានងារជាកូនប្រុសលោក ចន ជុងហ៊ូ ជាប្រធានគ្រឹះស្ថានសិក្សាប្រចាំក្រសួងអប់រំទូទៅ បានធ្វើសកម្មភាពកាប់សម្លាប់ទៅកាន់បក្សពួក មីនយ៉ុក រហូតដល់បានដាច់ខ្យល់ស្លាប់ ដោយបានបកស្រាយបំភ្លឺបញ្ជាក់ប្រាប់ប៉ូលិសថាជនបង្កហេតុ មីនយ៉ុក ធ្លាប់បានរំលោភបំពានរាងកាយបងស្រីជីដូនមួយរបស់ខ្លួនហើយមិនទទួលខុសត្រូវស្របពេលដែលនាងកំពុងតែមានផ្ទៃពោះ ព្រោះគ្មានលទ្ធភាពនិងទទួលយកការចិញ្ចឹមកូនតែម្នាក់ឯង ទើបនាងបានសម្រេចចិត្តធ្វើអត្តឃាត ព្រមទាំងខឹងខ្លាំងសម្បារចំពោះរឿងដែល មីនយ៉ុក បានវាយសម្លាប់ស្ត្រីចំណាស់និងព្យាយាមតាមយីយាបំពានរាងកាយសង្សារបស់ខ្លួន ទើបគេសម្រេចចិត្តបញ្ចប់ជីវិតពួកអស់នោះដោយមិនបានគិតគូរយ៉ាងដិតដល់អំពីច្បាប់ក្នុងសង្គមនោះឡើយ។
     លុះដល់ពេលប៉ូលិសចាប់ផ្តើមស្រាវជ្រាវចំពោះរឿងក្តីទាំងអស់នេះ កាន់តែកក្រើកឡើង។ លោក ជុង ស៊ុន ធ្លាប់ជាអតីតអនុសនីយ៍ទោសម្នាក់ ជាមន្ត្រីរាជការពុករលួយដែលបានញុះញង់បញ្ចុះបញ្ចូលសុំឱ្យលោក ជុងហ៊ូ ធ្លាប់ជាមិត្តជិតដិត កាលពីនៅសម័យវ័យសិក្សារហូត​មកទល់និងពេលបច្ចុប្បន្ន បានស្នើសុំឱ្យគាត់យល់ព្រមចំពោះផែនការរបស់ខ្លួន ដោយបានបញ្ជាក់ប្រាប់ថាគាត់និងខិតខំជួយស៊ូកប៉ាន់ អតីតប្រធានការិយាល័យ ពន្ធធានាគារព្រមទាំង មេធាវី និងតុលាការ ជាកិច្ចក្នុងការជួយបិទបាំងរឿងក្តីរបស់ ជុងហ្គុក ប៉ុន្តែត្រូវតែមានថ្នូរដោះដូរ ជាការរៀបចំអាពាហ៍ពិពាហ៍ និងបានដកហូតទ្រព្យសម្បត្តិរបស់លោក ជុងហ៊ូ មួយចំនួនតូចទៀត។
     ដើម្បីផ្តល់ជូនក្រុមពួកពុករលួយឱ្យជួយធ្វើការលើរឿងក្តីទាំងអស់នេះជាកិច្ចព្រមព្រៀងរក្សាការសម្ងាត់អស់រយៈពេល ៦ ឆ្នាំមកនេះ។ នៅពេលដែលការបកស្រាយបំភ្លឺត្រូវបានបើកចំហជាសាធារណៈ លោក ដុកហ្យុន នៅតែបន្តអំពាវនាវសុំឱ្យតុលាការកាត់ក្តី ជួយរកយុត្តិធម៌ដ៏ត្រឹមត្រូវបំផុត ចំពោះការស្លាប់ដ៏ឈឺចាប់បំផុតសម្រាប់ភរិយារបស់ខ្លួនឱ្យដល់ទីបញ្ចប់។
     ចំណែកឯក្រុមពុករលួយអស់ទាំងនោះ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនហើយបានផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។
     «ជុងហ្គុក!» ថេយ៉ុង ឧទានទៅកាន់ស្វាមីដែលត្រូវបានបញ្ចូនទៅក្នុងបន្ទប់សវនាការជម្រះក្តីក្នុងទឹកមុខសោកសៅស្រពាប់ស្រពោន ស្របនឹងពេលដែលនាយកំលោះក៏មិនបាននិយាយអ្វីបានត្រឹមតែសម្លឹងមើលទៅកាន់កែវភ្នែកភរិយាតាមរយៈទឹកមុខស្ងួតជ្រើងតែប៉ុណ្ណោះ។
     «ដល់ពេលហើយ!» ភាពស្ងប់ស្ងាត់រវាងពួកគេជាបរិយាកាសដ៏តានតឹងមួយនៅពេលដែលប្រអប់ជើងមាំមានទម្ងន់ត្រូវបានបញ្ចូនទៅកាន់មាត់ទ្វារនៃបន្ទប់សវនាការ។
     កន្លងផុតទៅអស់រយៈពេលជាច្រើនម៉ោង ការកាត់ក្តីស្វែងរកយុត្តិធម៌ក៏បានបញ្ចប់តួនាទីទៅដោយរលូន បើទោះបីជាការងារទាំងអស់នេះត្រូវបានអូសបន្លាយពេលរហូតទៅដល់រយៈពេល ៣ ថ្ងៃក៏ដោយ។
     «លោកស្រី!!» ថេយ៉ុង ស្ទុះទៅចាប់កាន់ដៃស្ត្រីចំណាស់ ខណៈទឹកមុខដ៏ក្រៀមក្រំរបស់គាត់បានផ្ងើយឡើងសម្លឹងទៅកាន់ផ្ទៃមុខស្រឡូនដោយសន្សឹមៗ។
     «វាចប់អស់ទៅហើយ ថេយ៉ុង» លោកស្រី ហេវ៉ុន មានចិត្តសោកស្តាយនិងយល់ព្រមទទួលយករឿងរ៉ាវគ្រប់យ៉ាងដែលឡើងមកលើគ្រួសារគាត់ទាំងស្រុងក្នុងពេលឥឡូវនេះ។
     «ខ្ញុំជឿជាក់ថាការទន្ទឹងរង់ចាំរយៈពេលមួយសប្តាហ៍ទៀតគឺជាពេលដ៏មានន័យបំផុតនៅក្នុងជីវិតរបស់លោកស្រីហើយនិងខ្ញុំ ជុងហ្គុក ត្រូវបានតុលាការកំពូលបានកាត់ក្តីឱ្យរួចផុតពីការជាប់ទោស ដ្បិតការបកស្រាយបំភ្លឺនិងភស្តុតាងដែលពួកយើងមានគឺជាភាពច្បាស់លាស់យ៉ាងត្រឹមត្រូវ ដែលដើមបន្តឹងគ្មានអ្វីមកបញ្ជាក់ជាការចោទប្រកាន់នោះទេ បើគ្រានោះ ជុងហ្គុក មិនសម្លាប់ពួកគេ ក៏ពួកគេគង់តែមកតាមធ្វើបាបពួកខ្ញុំដដែល ពួកខ្ញុំគ្រាន់តែធ្វើដើម្បីការពារខ្លួនតែប៉ុណ្ណោះ សូមលោកស្រីកុំដាក់សម្ពាធខ្លាំងពេកអី ខ្ញុំមិនធ្វើឱ្យ ជុងហ្គុក កាន់តែពិបាកទៅមុខបន្តទៀតនោះទេ!»
     ថេយ៉ុង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្រវាចាប់យកឱកាសក្នុងការជួយស្វាមីទាល់តែអស់ពីលទ្ធភាពស្រាប់ទៅហើយ គួរត្រូវអរគុណដល់លោកមេធាវី ឆយ ជុងអ៊ុន ដែលបានផ្តាជ្ញាចិត្ត ក្នុងការជួយស្រោចស្រង់សារើរឿងក្តី ដ៏យុត្តិធម៌បំផុតសម្រាប់គ្រួសាររបស់គេ។ ពេលនេះជាពេលដែលគេត្រូវតែងើបឈរប្រឆាំងតបតទៅនឹងអំពើអាក្រក់ ហើយអាចឱ្យវិញ្ញាណខណ្ឌរបស់ម្តាយខ្លួនស្លាប់ទៅដោយបិទភ្នែកជិតផងដែរ។
     «ហ៊ឹកៗ..ហ៊ឺៗប៉ាវាត្រូវបានថ្នាក់លើដកហូតមុខតំណែង ទ្រព្យសម្បត្តិមួយចំនួនក៏ត្រូវបានគេរឹបអូសយកទៅទៀត ព្រោះតែគាត់បានគិតគូរដល់កូនជាធំ ទើបសុខចិត្តលះបង់ភាពល្ងង់ខ្លៅ គ្មានសម្បជញ្ញៈ កន្លងមកគាត់មិនបានលោភលន់ចង់បានអំណាច គិតគូរតែពីខ្លួនឯងនោះទេ គាត់គ្រាន់តែពុំអាចមានផ្លូវជ្រើសរើស ដ្បិតកាលណោះរឿងរ៉ាវកើតឡើងធំដុំខ្លាំងពេក..ហ៊ឹកៗ ថេយ៉ុង តាមពិតគាត់ស្រលាញ់ ជុងហ្គុក ខ្លាំងណាស់ គ្មានឪពុកម្តាយឯណាដែលថាមិនស្រលាញ់កូននោះទេ!» ស្ត្រីចំណាស់យំយែករៀបរាប់សស្រិកសស្រាក់សង្វេគចិត្តអាណិតដល់ប្តីហើយនិងកូន មិនគួរណារឿងអពមង្គលបែបនេះ កើតមកក្នុងជីវិតគ្រួសារគាត់ឡើយ គិតហើយកង្វល់ចិត្ត ស្អិតទ្រូងរាល់ថ្ងៃ គ្មានពេលបានធូរស្បើយសោះឡើយ។
     «ខ្ញុំជឿជាក់ថា ជុងហ្គុក ច្បាស់ជាអាចយល់អំពីរឿងទាំងនេះ ទុកពេលឱ្យគាត់បានគិតគូរបន្តិចទៀតណាលោកស្រី!»
     «ហ្អឹម!!» លោកស្រី ហេវ៉ុន ងក់ក្បាលសន្សឹមយំហូរទឹកភ្នែកជោកថ្ពាល់សស្រាក់ ថេយ៉ុង ក៏បានជួយគ្រាហ៍គាត់ដើរចេញទៅ ដើម្បីត្រលប់ទៅសម្រាកនៅឯផ្ទះវិញ។
    
     ភូមិគ្រឹះ "ចន"
     ម៉ូយ៉ុង មិនត្រូវបានប៉ូលិសដាក់ឱ្យជាប់ក្នុងមន្ទីឃុំឃាំងនោះឡើយ ដោយសារតែនាងជាស្ត្រីមានផ្ទៃពោះ ហើយក៏មិនទាន់បានប្រកាសលែងលះដាច់ស្រេចជាមួយនឹង ជុងហ្គុក ជាផ្លូវការនៅឡើយទេ។
     ទើបនាងត្រូវវិលត្រលប់មករស់នៅបណ្តោះអាសន្នក្នុងភូមិគ្រឹះ "ចន" សិនរហូតដល់ពេលដែលនាងសម្រាលកូនរួច ប៉ូលិសប្រាកដជាបានអនុវត្តតាមច្បាប់ជាក់ជាមិនខានឡើយ។
     កំឡុងពេលកំពុងសម្រាកខាងក្នុងបន្ទប់ លោកស្រី ហេវ៉ុន នៅសម្រាន្តមិនទាន់លក់នៅឡើយទេ គាត់នៅអង្គុយផ្អែកខ្នងទល់នឹងជញ្ជាំងតាមរយៈទឹកមុខស្ងួតគ្មានសំណើមដដែល ពេលដែលសម្លឹងឃើញរូបថតកូនកាលពីនៅវ័យកុមារភាព ចេះតែធ្វើឱ្យគាត់រលីងរលោងស្ទើរតែស្រក់ទឹកភ្នែកចេញមករហូតដល់ពេលនឹកឃើញដល់នាងកូនប្រសារដែលបានពរពោះកូនក្នុងផ្ទៃមិនទាន់កើតឯណោះទៀត ចេះតែបានធ្វើឱ្យគាត់នឹកស្រណោះអាណិតអនាគតចៅចាប់ពីឥឡូវទៅជារឿយៗរហូត។
     «លោកស្រី អញ្ជើញពិសារបបរ!» ហេរីម លើកចានបបរដើរចូលមកដោយដាក់វាទៅលើតុ រួចលួចដៀងខ្សែភ្នែកទៅសម្លឹងមើលទឹកមុខរបស់គាត់ហាក់បីដូចជាស្មុគស្មាញក្នុងអារម្មណ៍ណាស់។
     «ម៉ូយ៉ុង មានញាំអីហើយឬនៅ រីម?» ឮគាត់សួរអ៊ីចឹងនាងក្រមុំស្រាប់តែគ្រវីក្បាល។
     «គាត់ថាមិនចង់ពិសារអ្វីទេលោកស្រី!»
     «ខ្លួនមានពោះមានពុងផង អាហារហូបចុក មិនគិត មិនខ្វល់ មិនរវល់បែបនេះខូចសុខភាពខ្លួនឯងរួមទាំងកូនក្នុងផ្ទៃទៀត..ហ៊ើយក្មេងនេះ កាន់តែពិបាកនិយាយខ្លាំងទៅៗពីមួយថ្ងៃទៅមួយថ្ងៃទៀតហើយតើស!» ដ្បិតនាងធ្លាប់បានធ្វើខុសធ្ងន់ធ្ងរចំពោះគ្រួសារគាត់ខ្លាំងប៉ុណ្ណាតែគាត់ពុំដែលបន្ទោសថានាងជាកូនប្រសារបែបនេះបែបនោះយ៉ាងម៉េចឡើយគាត់តែងតែគិតគូរពីសុខភាពរបស់នាងជានិច្ចដូចជាក្នុងពេលនេះអ៊ីចឹង។ គាត់ដើរចេញមកខាងក្រៅសំដៅទៅរកបន្ទប់ ម៉ូយ៉ុង ហើយក៏បានរុញទ្វារចូលទៅដើរទៅខាងក្នុងបន្ទប់ មុននឹងភ្ញាក់ខ្លួនហើយស្រែកយ៉ាងភ្លាត់សំឡេង។
     «រីមអើយរីម..រីមអើយ!» នាងក្រមុំប្រញាប់ប្រញាល់រត់យ៉ាងត្រដាបត្រដួសស្ទុះស្ទារចូលទៅតាមពីក្រោយខ្នងគាត់ ហើយក៏លើកដៃខ្ទប់មាត់បើកភ្នែកធំៗក្រឡោតសស្គូស។
     «ទៅតាមហៅតៃកុងឡានមកឱ្យយើង!» ស្ត្រីចំណាស់ស្រែកទាំងទឹកភ្នែកហូរស្រក់ជ្រាបរហាម មុនដើរចូលទៅចាប់ត្រកងក្បាលនាងកូនប្រសារដោយស្រែកយំលើកដៃគក់ដើមទ្រូងឮសូរសំឡេងដឹបៗឈឺចិត្តស្ទើរតែក្អួតឈាម កាលបើឃើញនាងកូនប្រសារដួលដេកសន្លប់ស្តូកស្តឹង និងមានឈាមហូរស្រក់តាមប្រឡោះភ្លៅចុះមកច្រោកៗក្រាលឥដ្ឋក្រហមដាបដាលគួរឱ្យអាសូរ ដ្បិតចៅគាត់បានរលូតធ្វើឱ្យគាត់សោកស្តាយខ្លាំងណាស់។
     «ហ៊ឹកៗម៉េចក៏ឯងធ្វើអ៊ីចឹង ហេតុអ្វីឯងមិនគិតគូរដល់កូនខ្លះ?»
     លោកស្រី ហេវ៉ុន យំស្រែកទាំងទឹកភ្នែកហូរស្រក់តក់ៗគ្រវីក្បាលម៉ាត់ៗញាប់ស្អេក គាត់ទទួលយកមិនបានទេអារម្មណ៍គាត់ពេលនេះកំពុងតែពិបាកផង ហេតុអ្វីមកជួបរឿងផ្ទួនៗបែបនេះទៀត។
     «លោកស្រី!!» ណាម ដែលជាតៃកុងឡានបានឧទានឡើង ហើយស្ទុះស្ទារចូលទៅជួយលើកក្រសោបបី ម៉ូយ៉ុង ឡើងបញ្ចូននាងទៅកាន់មន្ទីពេទ្យជាមួយនឹងលោកស្រី ហេវ៉ុន ដែលទួញស្រែកយំទ្រហោឱ្យសស្រាក់ ហាក់ភ័យខ្លាំងពេកដល់ថ្នាក់ធ្វើអ្វីមិនបានក្រៅពីយំស្រែកតែមួយមុខគត់។
     មន្ទីពេទ្យ
     ក្រោយពេលសម្រាកព្យាបាលរួច លោកដុកទ័រដែលបានពិនិត្យមើលពីអាការៈរបស់នាង ម៉ូយ៉ុង រួចមកហើយក៏បានដើរចេញពីបន្ទប់សង្គ្រោះបន្ទាន់ ចេញមកឈរនៅចំពោះមុខលោកស្រី ហេវ៉ុន ដែលឈរមិងមាំងមានទឹកមុខស្លក់ៗគួរឱ្យបារម្ភនៅនឹងមុខខ្លួន។
     «លោកដុកទ័រ នាងយ៉ាងម៉េចទៅហើយ?»
     «តាមការពិនិត្យ ពួកយើងបានរកឃើញថា អ្នកជំងឺមិនបានញាំអាហារគ្រប់គ្រាន់និងសម្រាកឱ្យបានពេញលេញនោះទេ ដូច្នេះតាមការពិចារណារបស់ខ្ញុំ អ្នកជំងឺមានអាការៈវិលមុខដួលសន្លប់ ទើបបណ្តាលឱ្យកូនក្នុងផ្ទៃពោះរលូត យ៉ាងណាក៏ខ្ញុំសុំសំដែងការសោកស្តាយចំពោះរឿងដែលបានកើតឡើងផងទៅចុះ!»
     «ចាស!» គាត់យំអស់កម្លាំងកំហែងរលីងពីខ្លួន ទោះបីនាងមិនមែនជាកូនស្រីរបស់គាត់បង្កើត តែគាត់ហាក់យល់អារម្មណ៍ជាម្តាយរបស់គេម្នាក់ច្បាស់លាស់ណាស់ បើឪពុកម្តាយនាងបានដឹងអំពីរឿងទាំងនេះ មិនដឹងថាពួកគេឈឺចាប់យ៉ាងណាទេ ហើយគាត់តែងតែបន្ទោសខ្លួនឯងមករហូត ព្រោះគាត់មើលថែនាងមិនបានល្អ ទើបបណ្តាលឱ្យនាងក្លាយទៅជាបែបនេះ។
    
     មួយសប្តាហ៍ក្រោយមក..
     ពន្ធធានាគារ!!
     «ម៉ាក់!» ជុងហ្គុក ដើរចេញពីពន្ធធានាគារមកឈរទ្រឹងសម្លឹងមើលមុខអ្នកម្តាយដែលឈររង់ចាំទទួលគេទាំងមានទឹកមុខស្រងូតស្រងាត់យំទឹកភ្នែករលីងរលោងគួរឱ្យអាណិត។ នាយស្ទុះវឹងទៅចាប់ឱបគាត់ហើយលើកដៃអង្អែលលើខ្នងស្រ្តីចំណាស់សើរៗ មិនដឹងថាគាត់ពិបាកចិត្តប៉ុណ្ណាទេមួយរយៈនេះគាត់ស្គមច្រើនណាស់។
     «ម៉ាក់ខ្ញុំសូមទោសណាម៉ាក់!»
     «ហ៊ឹកៗ..ជុង!!» គាត់យំមិនបាត់សោះ អារម្មណ៍របស់គាត់ នៅតែដុនដាបមិនទាន់មានពេលអាចធូរស្បើយឡើងមកទៀតនៅឡើយ។
     «ម៉ូយ៉ុង..ហ៊ឹកៗ ម៉ូយ៉ុង!!» ជុងហ្គុក ឮគាត់រំឭកដល់ឈ្មោះស្រីម្នាក់នោះហើយ ធ្វើឱ្យគេមានអារម្មណ៍មិនល្អមួយរំពេច។
     «នាងយ៉ាងម៉េចទៅម៉ាក់?» គេចេះតែសួរយកគួរព្រោះឃើញដូចជាគាត់ពិបាកចិត្តខ្លាំងពេក។
     «ហ៊ឹកៗ..នាង..នាងរលូតកូនហើយ!»
     «ថាម៉េច?» គេស្រែកភ្លាត់សំឡេង ទោះនាងអាក្រក់ហួសហេតុប៉ុណ្ណា តែគេគិតដល់កូនក្នុងផ្ទៃម្នាក់នោះជានិច្ច យ៉ាងណាក៏ជាឈាមរបស់គេម្នាក់ បើកូនស្លាប់ទៅធ្វើឱ្យគេសោកស្តាយខ្លាំងណាស់។
     «ពេលនេះនាងនៅសម្រាកនៅឯមន្ទីពេទ្យ កូនឈាងទៅមើលនាងបន្តិចទៅ ហោចណាស់ក៏ធ្លាប់ជាប្តីប្រពន្ធនិងគ្នា នាងក៏ពិបាកមិនចាញ់កូនដែរ!» លោកស្រី ហេវ៉ុន ជាមនុស្សចិត្តព្រះ ភ្លេចអស់ហើយរឿងដែលនាងម្នាក់នោះធ្លាប់បានធ្វើអ្វីខ្លះកន្លងមក ចំពោះគាត់ហើយនិងកូនប្រុសនោះ ជុងហ្គុក ឯណេះក៏មិនចង់ខ្វាយខ្វល់អ្វីប៉ុន្មានដែរ តែដោយសារតែសម្តីម្តាយរបស់គេ ហើយណាមួយឃើញតែគាត់ពិបាកចិត្តផ្ទួនៗពេកទើបគេមិនចង់ឱ្យគាត់ពិបាកចិត្តម្តងហើយម្តងទៀតទេ។
     «មិនអីទេម៉ាក់ អ៊ីចឹងពួកយើងទៅកាន់មន្ទីពេទ្យឥឡូវនេះទៅ!» នាយគ្រាន់តែអឺអើរតាមសំណើររបស់គាត់ដ្បិតខ្លាចគាត់គិតច្រើន ម្យ៉ាងវិញទៀត ក៏ចង់ទៅសំដែងការសោកស្តាយដែលបានបាត់បង់កូនទៅផងដែរ។
     បន្ទប់សម្រាកព្យាបាលទូទៅ..
     ស្ថិតក្នុងបន្ទប់ដ៏ត្រជាក់ល្ហឹម ស្របពេលកំពុងតែសម្រាក ម៉ូយ៉ុង ក៏បានញាំថ្នាំតាមវេជ្ជបណ្ឌិតរួច ទើបនាងងងុយគេងរលីវៗហៀបតែនិងបិទភ្នែកគេងលក់ទៅហើយ ខណៈទ្វារក៏បានរបើកឡើង ញ៉ាំងឱ្យញាណរបស់នាងត្រូវភ្ញាក់ឡើងមកមួយរំពេច។
     «ជុងហ្គុក!» នាងបើកភ្នែកប៉ប្រិមសម្លឹងមើលមុខប្រុសកំលោះតាមរយៈខ្សែភ្នែកដ៏សោកសៅ។
     «ខ្ញុំគ្រាន់តែមកដើម្បីសំដែងការសោកស្តាយចំពោះកូន នាងកុំត្រេកអរពេកអី!» សម្តីដ៏មុតស្រួចរបស់គេហាក់បានជ្រាបចូលទៅក្នុងចិត្តនាងក្រមុំឱ្យមានអារម្មណ៍ឈឺផ្សារ មិនបានប៉ុន្មានទឹកភ្នែកថ្លាយ៉ង់ស្រាប់តែធ្លោយហូរចុះមកសស្រាក់សស្រាំ។
     «កូនជុង!» លោកស្រី ហេវ៉ុន ធ្វើជាវាយដៃកូនទាំងក្តីមិនពេញចិត្ត។
     «ហេតុអីទើបនាងមិនព្រមស្លាប់? ស្លាប់ទៅឱ្យបាត់ៗម្នាក់ទៀតទៅ រឿងគ្រប់យ៉ាងនិងអាលបានបញ្ចប់ ជាម្តាយរបស់កូនប្រភេទណា? ស្រីគ្មានបានការដូចជានាងមិនសមមានឈ្មោះជាម្តាយរបស់កូនទេ ព្រោះតែការធ្វេសប្រហែស នាងបានធ្វើឱ្យក្មេងម្នាក់ដែលមិនដឹងអី បាត់បង់ជីវិត បាត់បង់ព្រមទាំងអនាគតទៀត!»
     «ជុងហ្គុក កុំ...» លោក ស្រីហេវ៉ុន បម្រុងតែហាមាត់ពោលពាក្យនិយាយស្រាប់តែ ជុងហ្គុក ងាកទៅសម្លឹងមើលមុខគាត់យ៉ាងពេញទី។
     «បើនាងស្រលាញ់ខ្ញុំ ស្រលាញ់កូន ច្បាស់ណាស់ថានាងនិងចេះគិតណាម៉ាក់ ប៉ុន្តែនាងម្នាក់នេះអត់សោះ អត់ចិត្ត គ្មានបេះដូង ទាំងចិត្តខ្មៅ ចិត្តអាក្រក់ ទោះបីខ្ញុំធ្លាប់អាក្រក់ ក៏មិនអាក្រក់ដល់ថ្នាក់នាងនេះដែរម៉ាក់ ខ្ញុំចេះស្រលាញ់ឱបក្រសោបកូនមកជាប់ដើមទ្រូងដូចគ្នា មិនមែនខ្ញុំមិនធ្លាប់តាមអង្វរនាង សុំឱ្យនាងចេះមើលថែកូន ព្រោះកូនក៏ជាក្តីសង្ឃឹមរបស់ខ្ញុំ ជាទ្រព្យមានតម្លៃបំផុតសម្រាប់ខ្ញុំ តែនាងវិញចង់យកកូនមកចងជើងខ្ញុំ គម្រាមខ្ញុំសព្វគ្រប់បែបយ៉ាងរហូតដល់ពេលដែលបានបាត់បង់កូនទៅ ម៉ាក់សាកគិតលោទៅមើល៍ថានាងថោកទាបខ្លាំងប៉ុណ្ណា?» ចង់អ្នកណាថាគេជាមនុស្សប្រុសសម្តីស្រីយ៉ាងម៉េច ក៏ស្រេចតែចិត្តពួកគេគិតទៅចុះ តែដល់ដំណាក់កាលនេះទៅហើយ គេក៏សុំជេរ សុំនិយាយឱ្យអស់កំហឹងដែលគុំគួនក្នុងចិត្ត ជួបនាងលើកនេះគេមិនសម្លាប់នាងឱ្យស្លាប់ទៅវេទនាតាមកូន ចាត់ទុកថាសំណាងណាស់ណាទៅហើយ។
     ចិត្តនាងឈឺដូចគេចាប់ហែកឱ្យរហែកដាច់ចេញពីដើមទ្រូងសម្តីរបស់នាយមួយម៉ាត់ៗទោះមិនយកអាវុធមុខស្រួចមកចាក់សម្លាប់នាងក៏យល់ថាវាឈឺជាងការចាក់ទម្លុះសាច់នៃរាងកាយមួយនេះទៅទៀត។
     នាងយំនៅចំពោះមុខគេរហាម ដាបទឹកភ្នែកស្រោចថ្ពាល់រលាក់ ហាក់មិនអាចនិយាយស្តីអ្វីចេញមកបាន ចំណែកឯបេះដូងរបស់គេវិញពេលនេះប្រែជារឹងកណ្តុកដូចជាដុំថ្ម ហាក់គ្មានចិត្តអាណិត គ្មានភាពសន្តោសប្រណីចំពោះនាងក្នុងបេះដូងទៀតឡើយ។
     «កូនអើយនាងបានជាខុសហើយ នាងគ្មានកន្លែងត្រូវទៅទេ!»
     «ហ្អឹះ!» ជុងហ្គុក មិនតបតនឹងប្រយោគរបស់គាត់ទេ ហើយបែរជាស្ទុះស្ទារដើរចេញទៅ ទាំងមិនចង់ស្តាប់ឮពាក្យបញ្ចុះបញ្ចូល អាណិតអាសូរដល់មនុស្សស្រីគួរឱ្យស្អប់ម្នាក់នោះសោះឡើយ។
    
     ភូមិគ្រឹះ"គីម"
     «អ្នកប្រុស..អ្នកប្រុសច្បង..លោក..លោកប្រុស ជុងហ្គុក បានអញ្ជើញមកដល់ទីនេះហើយចាស៎!» ឆេអ៊ុន រត់ត្រហេបត្រហបចូលមក ជម្រាមប្រាប់អ្នកប្រុសច្បង ដែលអង្គុយសំកុកក្នុងបន្ទប់តាមរយៈទឹកមុខខឹងងរង៉ក់ដ្បិតហួសពេលដែលគេបានអង្គុយរង់ចាំ អស់រយៈពេលកន្លះម៉ោងជាងទៅហើយ។
     «មាំមី ដេតឌី មកវិញហើយ!» ខុសប្លែកតែអាល្អិតតូចដែលអរលោតកញ្ឆក់កញ្ឆេង ស្រែកឮៗរត់ចេញទៅទទួលឪពុកដោយក្តីនឹករំឭកជាខ្លាំង។
     «ដេតឌី!!» ចាងហ្វា យំសស្រិកសស្រាក់ស្ទុះស្ទារទៅឱបដៃជើងឪពុក បញ្ជាក់ពីភាពនឹករំឭកខណៈ ជុងហ្គុក បានកញ្ជ្រោលទៅចាប់លើកកូនមកពរហើយថើបខ្លាំងៗទៅលើថ្ពាល់ទន់ល្មើយដ៏ម៉ដ្ឋរលោងមួយដង្ហើមធំ។
     «នឹកដេតឌីទេ!»
     «នឹកណាស់!» អាល្អិតងក់ក្បាលដោយដៃនៅតែបន្តឱបរឹតស្មាឪពុកយ៉ាងជាប់ដដែល ខានជួបកន្លះខែមកហើយ អារម្មណ៍ខ្វះភាពកក់ក្តៅពីឪពុកធ្វើឱ្យគេគេងមិនលក់និងញាំមិនសូវបានគ្រប់គ្រាន់នោះទេ។
     «មាំមីនៅផ្ទះទេកូន?»
     «មាំមីនៅក្នុងបន្ទប់ហ្អ៎!» ចាងហ្វា និយាយទាំងលើកដៃចង្អុលទៅកាន់ទ្វារ ជុងហ្គុក ញញិមបន្តិច មុននឹងពរកូនដើរចូលទៅរកបន្ទប់នោះ..
     ព្រូស!!!
     «ចុមយក្ស!» រាងក្រាស់ស្រាប់តែស្រែកកាលបើភ្ញាក់ផ្អើលយ៉ាងខ្លាំង។
     «មកធ្វើអីថ្មើរនេះទៅហើយហ្នឹង?» ថេយ៉ុង ស្រែកចេចចាចទាញខ្នើយគប់ដាក់លោកប្តី ក្រោកឈរជំទាលសំឡេងឡូងៗធ្វើមុខខឹងសម្បារមុននឹងដើរចូលទៅចាប់ទាញទ្វារបិទ។
     គ្រាំង!!
     «ហើយស្អីគេនេះ?» ជុងហ្គុក ធ្វើជាចងចិញ្ចើមឡើងកោង។
     «មាំមីខឹងដេតឌី!»
     «ខឹងរឿងអី?»
     «ខឹងរឿងដេតឌីទៅជួបមីងម៉ូយ៉ុង!»
     «មាំមីដឹងមកពីណា?»
     «ចាងហ្វា ទូរស័ព្ទទៅសួរលោកយាយ ហេវ៉ុន លោកយាយប្រាប់កូនថាអ៊ីចឹង!»
     «ម៉េចក៏មាំមីដឹងដែរ?»
     «ចាងហ្វា ប្តឹង!»
     «ហ្អឺ?»
















    
    
    

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now