ភាគ០៧÷លាក់ពុត

2.5K 120 0
                                    

    𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲
    នៅពេលដល់ម៉ោងធ្វើការ ស្របពេលបុគ្គលិកស្រីម្នាក់បានលើកអាហារពេលព្រឹកនិងកាហ្វេចូលមកដល់។
    «លោកប្រធាននេះជាអាហារពេលព្រឹក!»
    «ទុកត្រង់ហ្នឹងហើយ!»
    «ចាស!» យូជីន ទម្លាក់ចានទម្រចុះទៅលើតុឈើខ្លឹមប្រណីត មុននឹងក្តោបឯកសារបន្ទាប់ដែល ជុងហ្គុក បានទុកឱ្យនាងធ្វើជាកិច្ចបង្ហើយនិងប្រញាប់ប្រញាល់ដើរចេញទៅវិញ ខណៈ ណាមជូន ក៏ប្តូរដើរចូលមកក្នុងបន្ទប់ការិយាល័យជំនួសនាងវិញម្តង។
    «អូ..បងប្រុស ណាមជូន!» ជុងហ្គុក ស្រដីឡើងក្រោកដើរទៅតាមរាងខ្ពស់ស្រឡៈដល់សាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។
    «យ៉ាងម៉េចដែរការងារប៉ុន្មានថ្ងៃមកនេះ?»
    «គ្មានអ្វីខុសប្រក្រតីទេបង ខ្ញុំអាចធ្វើបាន!» នាយកំលោះយើងប្រញាប់ដាក់បង្គុយចុះ សម្លឹងមើលទៅកាន់បងថ្លៃប្រុសដែលឱនសរសេរអ្វីម្យ៉ាងទៅក្នុងក្រដាសមួយច្បាប់ រួចបានហុចឡើងប្រគល់ជូនគេដោយមិនបាននិយាយពីអ្វីបន្ថែមឡើយ។
    «ជាអ្វីនិងបង?» ជុងហ្គុក មិងមាំងមិនយល់ពីស្ថានការណ៍ដែលនាយពុំបានបញ្ជាក់នោះទេ។
    «វាជាលិខិតអញ្ជើញ ថ្ងៃស្អែកនេះពួកយើងត្រូវចូលរួមកម្មវិធីសម្ភោធហាងលក់គ្រឿងអេឡិចត្រូនិច នៅក្នុងផ្សារទំនើបមួយកន្លែង ដែលបានអញ្ជើញដោយលោក ឆុងវ៉ុន ជាម្ចាស់កម្មវិធីនេះដោយផ្ទាល់ ចំពោះហាងលក់គ្រឿងអេឡិចត្រូនិចរបស់គាត់ដែលមានការនាំចូលសម្ភារៈមកពីក្រុមហ៊ុនយើងយកទៅធ្វើជាអាជីវកម្មបន្តដែរ!»
    «ប៉ុន្តែហេតុអ្វីទើបបានជាបងហៅខ្ញុំទៅដែរ?»
    «ព្រោះបងត្រូវណែនាំឯងឱ្យគេឯងបានស្គាល់ក្នុងនាមជាដៃគូរួមភាគហ៊ុន តទៅថ្ងៃមុខបើមានទំនាក់ទំនងល្អ ពួកយើងអាចរកស៊ីធូររលុងជាងមុនបាន នេះជាទីផ្សារការងារឯងយល់ទេ?»
    «វាក៏ល្អម្យ៉ាងដែរណាបង!» កំលោះសង្ហាញញិមជាប់មាត់ រួចងក់ក្បាលយល់ព្រមនិងសំណើរបងប្រុស។
    «ម៉ោងប្រហែល ៦ ល្ងាច ទើបកម្មវិធីចាប់ផ្តើមនៅថ្ងៃស្អែកនេះ ឯងត្រូវតែត្រៀមខ្លួនឱ្យបានល្អណា!!»
    «បាទ!!» ជុងហ្គុក រហ័សរហួនប្តូរទៅរៀបចំការងារបង្ហើយ រសៀលបន្តិច ដល់ពេលម៉ោងបាយ នាយប្រញាប់ចាកចេញទៅផ្ទះដើម្បីផ្តល់ដំណឹងទៅកាន់ភរិយា ព្រោះឆ្លៀតក្នុងឱកាសបង្ហាញមុខមាត់ គេចង់ណែនាំ ថេយ៉ុង ឱ្យអ្នកដទៃទៀតបានស្គាល់ផងដែរ។
   
    ល្ងាចថ្ងៃស្អែក
    ឡានស្ពតសេរីទំនើបពណ៌ទឹកប៊ិកបែកក្រម៉ៅ បានបរមកឈប់ចតនៅខាងមុខពិធីដែលមានអ្នករង់ចាំទទួលរាក់ទាក់យ៉ាងខ្នះខ្នែងសំដែងឱ្យយើងមើលឃើញអំពីភាពលេចធ្លោនិងការតុបតែងខ្លួនដ៏ស្រស់សង្ហាក្នុងឱកាសបង្ហាញខ្លួនជាលើកដំបូងនៃកូនប្រុសត្រកូលចននិងភរិយារួមទាំងកូនប្រុសម្នាក់ទៀត។ កំឡុងពេលមនុស្សម្នាជាច្រើននាក់ មានការរវល់រៀងៗខ្លួន បុរសសង្ហាក្នុងទឹកមុខមាំរាបស្មើ បានដើរសំដៅចូលទៅរកលោក ឆុងវ៉ុន ជាម្ចាស់កម្មវិធី កំពុងឈរសំណេះសំណាលជាមួយ ណាមជូន តាមរយៈទឹកមុខរីករាយ ក្រឡេកមកសម្លឹងឃើញនាយក៏រហ័សសំដែងការស្វាគមន៍ជាបន្ទាន់ ព្រមទាំងញញិមញញែមនិយាយគ្នាពីនេះពីនោះបន្តិចបន្តួច មុនពេលពិធីចាប់ផ្តើមបន្តទៅមុខបន្ថែមដែរ។
    «មាំមី ចាងហ្វា សុំទៅញាំអាហារខាងណោះបន្តិចណា៎!» ចាងហ្វា ថាទាំងយកដៃអង្រួនដៃ ថេយ៉ុង បន្តិច រាងតូចឮហើយងក់ក្បាលសន្សឹមៗនិងអនុញ្ញាតឱ្យអាល្អិតរត់ទៅបុគ្គលិកផ្នែកបម្រើសេវាកម្មអាហារខាងណោះ។
    «បងប្រុសខ្ញុំសុំបង្អែមមួយកែវមក!» អាល្អិតឈរកុម្មង់ចំណីយកមកញាំយ៉ាងក្លាហានសម្លឹងឃើញបង្អែមដែលគេដាក់តម្រៀបគ្នាជាជួរៗធ្វើឱ្យគេឃ្លានស្រក់ទឹកមាត់រលើប។
    «ណេះបានហើយ!»
    «អរគុណ..ហ្អឹម..ផ្អែមណាស់!» ចាងហ្វា ចាប់កាន់ស្លាបព្រាដួសបង្អែមញាត់ចូលមាត់ទំពារញាំយ៉ាងឆ្ងាញ់ជាប់ចិត្ត រួចឈរញ៉ាក់ស្មា ញ៉ាក់ជើង ងក់ក្បាលតាមភ្លេងដែលគេចាក់កំដរក្នុងពិធីធ្វើដូចសប្បាយចិត្តណាស់។
    «មនុស្សស្អីសង្ហាម្លឹងៗ? ជាកូនប្រុសតែមួយគត់របស់ត្រកូល ចន មិននឹកស្មានថាបានជួបនៅក្រៅផ្ទាល់នឹងភ្នែកបែបនេះសង្ហាដល់ម្លឹងសោះ!»
    «រាងក៏ខ្ពស់មុខមាត់សង្ហា សិចស៊ី ទាក់ទាញ គួរឱ្យស្រឡាញ់ណាស់!»
    «មែនតើស!»
    ចាងហ្វា ក្រឡេកទៅសម្លឹងមើលពួកស្រីៗក្រមុំៗ ឈរជួបជុំសន្ទនាគ្នាក្នុងទឹកមុខញញិមស្រស់ប៉ប្រិម ថែមទាំងប្រើខ្សែភ្នែកសម្លឹងមើលទៅកាន់ឪពុកខ្លួនមិនដាក់ភ្នែកទៀត។
    «មីង!» សំឡេងស្រួយលាន់ប្រកូកឡើង។
    «មានអីអាល្អិត?» នារីម្នាក់ធ្វើជាស្រដីតប។
    «ឱនមកណេះមក ខ្ញុំខ្សឹបប្រាប់!!»
    «បានហើយនៅ?» ពួកនាងឱនស្មាទៅជិតអាច្រម៉ក់សក់រួញអង្កាញ់ៗភ្លាម។
    «មីងចង់ញ៉ែឪខ្ញុំហ្នឹងមានដឹងអត់ អាប៉ិហ្នឹងឃាតករសម្លាប់មនុស្សទើបចេញពីគុក គ្មានលុយក្នុងហោប៉ាវទេ សព្វថ្ងៃប្រពន្ធចិញ្ចឹមតើហ្នឹង គង់នៅសល់ម៉ែខ្ញុំមួយ គ្មានពីណាយកឪខ្ញុំទេ!» ចាងហ្វា និយាយខ្សឹបៗប្រាប់ពួកនាងធ្វើមុខធ្វើមាត់ថែមទាំងឆ្កាងដៃឆ្កាងជើងទៀត។
    «ចឹងផង? ហើយឡើងសង្ហា!»
    «ល្អស្អាត តែមិនល្អស៊ីទេមីងអើយ!» ក្មេងច្រម៉ក់គ្រវីក្បាលពេបមាត់ប្រាប់ពួកនាងរួចរត់សំដៅទៅរក ថេយ៉ុង និង ជុងហ្គុក បាត់។
    «សង្ហាយ៉ាងនេះមិនគួរណាអ៊ីចឹងសោះ!»
    «ក្មេងវាតែងនិយាយត្រង់អ៊ីចឹងហើយ!!»
    «ហ៊ើយស្តាយណាស់មានប្រពន្ធបាត់!»
    «ចាងហ្វា មកណេះមកកូន!!» កាន់តែស្តាប់ឮសម្តី ថេយ៉ុង បានពោលពាក្យឡើង រឹតតែធ្វើឱ្យពួកនាងដឹងច្បាស់ភ្លាមៗ គ្មានការទាក់ទើរបន្តទៀតឡើយ។
    «ពួកគេនោះជាអ្នកណា?» នារីរូបស្អាតស្ថិតក្នុងឈុតក្រហមឆើតស្រស់ បបូរមាត់ពណ៌ឈាម ឈរបង្អួតសម្រស់ក្នុងចំណោមអ្នកថ្លៃថ្នូរមួយក្រុមទៀត បានឧទានសួរនាំពីបុរសសង្ហាអមក្នុងឈុតគ្រ័ហ្សេពណ៌ស្វាយចាស់ដែលបានបណ្តើរភរិយាទៅមកក្នុងពិធី មិនក្រែងចិត្តក្រសែភ្នែកនារីៗ ដទៃសោះ។
    «គេជាប្រធានក្រុមហ៊ុនថ្មី នៃ ETC ( 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 ) និងជាកូនប្រសារប្រុសរបស់លោកអភិបាលក្រុង ដុកហ្យុន ដូចគ្នា សព្វថ្ងៃកំពុងតែឆ្លងកាត់វគ្គបណ្តុះបណ្តាលហ្វឹកហាត់ការងារយ៉ាងយកចិត្តទុកដាក់បំផុតពីលោក គីម ណាមជូន!» យូជីន ដែលជាបុគ្គលិកស្រីរួមក្នុងក្រុមហ៊ុនតែមួយជាមួយនឹង ជុងហ្គុក បានចាប់ស្រដីឡើង ជាហេតុធ្វើឱ្យនាងក្រមុំ អេលីហ្សៀរ៍ អេណា ជាកូនស្រីរបស់លោក ឆុងវ៉ុន កូនកាត់កូរ៉េ-អាមេរិក មានចិត្តចាប់អារម្មណ៍ហើយហាក់ចង់ស្គាល់ឱ្យកាន់តែច្បាស់បើទោះបីជានាងបានដឹងថានាយម្នាក់នោះ កំពុងតែមានប្រពន្ធកូនរួចទៅហើយក្តី។
    «នាងស្គាល់គេច្បាស់បានប៉ុណ្ណា?» អេលីហ្សៀរ៍ ធ្វើជាសួរនាំ យូជីន អំពី ជុងហ្គុក។
    «នាងខ្ញុំគ្រាន់តែដឹងគាត់ជាស្វាមីអ្នកប្រុសច្បងត្រកូល គីម តែប៉ុណ្ណោះ ម្នាក់ពាក់ឈុតពណ៌ស្វាយចាស់ មានរាងតូច សក់រួញអង្គាលដី បំពាក់ទៅដោយខ្សែកស្វារេមួយខ្សែនោះ ឈរអមនិងលោក ចន មុខមាត់ស្រស់ស្អាតខ្លាំងណាស់!» អេលីហ្សៀរ៍ ក្រឡេកទៅសម្លឹងមើលតាមសម្តីនាង យូជីន ហើយក៏ជឿជាក់ចំពោះខ្សែភ្នែករបស់ខ្លួនឯងដែរថា ថេយ៉ុង ពិតជាស្អាតល្អឥតខ្ចោះដូចជាពាក្យគេបានពោលសរសើរពិតមែន។
    «ប្រពន្ធសំឡាញ់មកខាងណេះ!» ជុងហ្គុក ដង្ហោយហៅរាងតូច ទាំងមិនភ្លេចឱនទៅថើបលើថ្ពាល់ ថេយ៉ុង ខណៈមនុស្សស្រីជាច្រើននាក់ នាំគ្នាលួចចងចិត្តច្រណែន ហើយមានអារម្មណ៍សោកស្តាយដែលបានស្គាល់នាយយឺតពេលទៅទៀត។
   
    ថ្ងៃបន្ទាប់
    ព័ត៌មានបានចុះផ្សាយ អំពីព្រឹត្តិការណ៍ពិធីជប់លៀងកាលពីម្សិលមិញនេះបានធ្វើឱ្យដំណឹងទាំងមូលផ្ទុះមានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើននាក់។ គ្រប់គ្នាបានស៊ែររំលែកនិងពោលពាក្យសរសើរពីរូបសម្បិត្តលក្ខណៈគូស្នេហ៍មួយគូដែលត្រូវបានគេឯងចាប់អារម្មណ៍ ក្នុងកម្មវិធីសម្ពោធហាងលក់គ្រឿងអេឡិចត្រូនិចយ៉ាងខ្លាំង។
    បន្ទាប់ពីបានឃើញតាមរយៈវីដេអូឃ្លីបផ្អែមល្ហែម ការថើបឱបរឹតគ្នាដ៏ស្អិតរមួត ទាំងការមើលថែយកចិត្តទុកដាក់ចំពោះគ្នា ក្នុងនាមជាប្តីប្រពន្ធ តែក៏មានមតិស្រីៗមួយចំនួនទៀតបានលើកឡើង ពីការច្រណែននិងបានសរសេរមតិខុសៗគ្នា ដោយការមិនពេញចិត្ត ដ្បិតដូចជាបានសំដែងការសោកស្តាយ ហើយហាក់មិនចង់ឱ្យគូស្នេហ៍មួយគូនេះលេចមុខជាបន្តក្នុងកម្មវិធីណាបន្ទាប់ទៀតនោះទេ។
    «មិនយល់ទាល់តែសោះ!» ថេយ៍និឡា អានព័ត៌មានរួចក៏គ្រវីក្បាល បើ ថេយ៉ុង បានដឹងមិនដឹងថាគេមានអារម្មណ៍យ៉ាងណានោះទេ។
    «មានរឿងអីអ្ហេស ថេយ៍និឡា ហេតុអ្វីធ្វើមុខស្អុយយ៉ាងនេះ?» ថេយ៉ុង ដាក់បង្គុយចុះក្បែរនាង ទាញយកកាំបិតមកចិតផ្លែឈើញាំ។
    «គ្មានអ្វីទេបង..ខ្ញុំជួយចិតផ្លែឈើបងណា!» ថេយ៍និឡា ដណ្តើមយកកាំបិតមកជួយចិតផ្លែប៉ោមទុកទៅក្នុងចានឱ្យ ថេយ៉ុង ទឹកមុខនាងថ្ងៃនេះប្លែកណាស់ ថ្នាក់ធ្វើឱ្យបងប្រុសម្នាក់នេះអត់ឆ្ងល់មិនបានសោះ។
    «បង ថេយ៍ មានបានមើលព័ត៌មានទេបង?» កំលោះ ថេជុន ដើរចូលមកអង្គុយខាងស្តាំដៃ ថេយ៉ុង ស្របពេលដែល ថេយ៍និឡា ក៏ធ្វើជាធ្មេចភ្នែកស៊ីញ្ញូបងប្រុសខ្លួន។
    «ព័ត៌មានអី?» ថេយ៉ុង រឹតតែចង់ដឹងទៅទៀត កាលបើឃើញប្អូនៗធ្វើខ្លួនលាក់លៀមៗដូច្នេះ។
    «អឺគឺ..»
    «បងថេយ៍ហានេះផ្លែឈើ..»
    «ថេជុន ឆាប់និយាយភ្លាមមក!» ថេយ៉ុង យកសំណួរខ្លួនជាសាច់ការចាំបាច់សួរទៅកាន់ពួកគេដោយទឹកមុខរាបស្មើធ្ងន់ដូចជាថ្មត្រឹមមួយប៉ប្រិចភ្នែក។
    «គឺព័ត៌មានដែលបងនិងបងថ្លៃបានទៅចូលរួមក្នុងពិធីជប់លៀងកាលពីម្សិលមិញនេះឯង!» ថេជុន ដាច់ចិត្តនិយាយចេញមកទាំងអារម្មណ៍មិននឹងនរក្នុងខ្លួនទាល់តែសោះ។
    «ហើយយ៉ាងម៉េច?»
    «បង..បងមើលខ្លួនឯងទៅ!»
    ថេយ៉ុង ទទួលយកទូរស័ព្ទដៃទំនើបពីប្អូនប្រុសមកចុចអូសមើលអត្ថបទព័ត៌មានហើយក៏ឃើញមានមតិជាហូរហែរទៀត បានសរសេរវាយប្រហារមកកាន់ពួកគេទាំងពីរនាក់÷
    “មិនដឹងជាស្អី បណ្តើរគ្នាធ្វើមើលតែឯងជាគូស្នេហ៍ប្រុសហើយនិងស្រី ឱបថើបគ្នាតាមសាធារណៈ គ្មានកេរ្តិ៍ គ្មានខ្មាស មិនចេះទុកមុខមាត់ឱ្យម្ចាស់កម្មវិធីសោះ!”
    “ធ្វើដល់កូនលោកអភិបាលក្រុងទៅហើយ មើលទៅទំនងរៀនបានចេះដឹងណាស់ដែរ តែហេតុអ្វីធ្វើខ្លួនអន់ៗដល់ថ្នាក់នេះ!”
    “យី!! ធ្វើដូចមិនដែលបានចូលរួមកម្មវិធីធំៗអ៊ីចឹង!!”
   «បងស្មានថាមានរឿងអ្វីធំដុំ?» ថេយ៉ុង ហុចទូរស័ព្ទទៅឱ្យ ថេជុន វិញរួចចាប់យកឈើចង្កាក់ មកចាក់ផ្លែឈើញាំក្នុងមាត់ទំពារយ៉ាងឆ្ងាញ់ឥតខ្វល់បន្តិចណាសោះ។
   ថេយ៍និឡា និង ថេជុន សម្លឹងមើលមុខគ្នាធ្វើភ្នែកភ្លឹះៗ នឹកគិតស្មានថាបងប្រុសខ្លួន ខឹងចិត្ត ខឹងអារម្មណ៍ ដល់ថ្នាក់លេបអ្វីមិនចូលមាត់ទៅហើយទេតើស។
  
   យប់ដដែល
   ម៉ោង ៧:៤១នាទី..
   ក្រាក!!
   ទ្វារបន្ទប់បានរបើកឡើងបន្លឺសំឡេងដាស់ញាណ ដល់អ្នកដែលអង្គុយស្មឹងស្មាមានទឹកមុខមិនសូវសប្បាយចិត្តនោះ ឱ្យវិលត្រលប់ខ្លួនបែរមុខមកសម្លឹងផ្ទៃមុខបុរសសង្ហា ព្រមទាំងក្រោកឈរទ្រឹងឡើងវឹប។
   «អូនកើតអី?» ជុងហ្គុក ដាក់កាបូបការងារចុះ ដើរចូលទៅចាប់ទាញចង្កេះភរិយាមកឱបក្រសោបស្រាលៗ។
   «អូនមិនស្រួលខ្លួនហ្នឹងណា!» ថេយ៉ុង តបក្នុងទឹកមុខស្ងួតក្រៀមក្រោះ។
   «ចាញ់កូនមែនទេ? អូនមានញាំថ្នាំហើយនៅ?»
   «អូនញាំរួចហើយ!» ជុងហ្គុក ជ្រួញចិញ្ចើមលើកដៃស្ទាបលើមុខមាត់ប្រពន្ធមុននឹងឱនទៅថើបលើបបូរមាត់ស្លេកមួយខ្សឺត។
   «អ៊ីចឹងក៏ប្រញាប់ចូលសម្រាកទៅណា!» 
   «បងមានបានឃើញព័ត៌មានទេ? រឿងដែលទើបតែកើតឡើងកាលពីថ្មីៗនេះ!»
   «ឃើញតើស..បើវាចំណេញ បងគង់តែគិត តែបើវាឥតប្រយោជន៍បងមិនយកខួរក្បាលទៅរវល់ជាមួយទេ!» ជុងហ្គុក ដើរបង្ហួស ថេយ៉ុង ទៅឈរខាងមុខកញ្ចក់ ស្រវាទាញក្រវាត់.កដោះចេញពីក.អាវទាំងអារម្មណ៍តប់ប្រមល់។
   «ខ្លួនកំពុងមានពោះមានពុងផង កុំគិតច្រើនពេក ប្រយ័ត្នប៉ះពាល់ដល់កូន ចង់អ្នកណានិយាយស្តីអ្វីក៏ស្រេចតែពួកគេទៅ មនុស្សរស់នៅបែងចែកជីវិតខុសៗគ្នា បើពួកវាចេះគិត ស្មានថាពួកវាសល់ពេលទំនេរមកអង្គុយលើកដៃសរសេរតិះដៀលជីវិតអ្នកដទៃមែនទេ?»
   «អូនគ្រាន់តែមិនចង់ឃើញ!»
   «មិនអានក៏ចប់!» ជុងហ្គុក បែរមកចាប់ក្រសោបថ្ពាល់ ថេយ៉ុង អង្អែលសើរៗ មុននឹងញញិមសម្លឹងកែវភ្នែករាងតូចដោយក្តីស្រលាញ់។
   «ប្រពន្ធរបស់បង បងជាអ្នកជ្រើសរើសមកដោយខ្លួនឯង បើបងពេញចិត្តហើយ គ្មាននរណាម្នាក់អាចរារាំងចិត្តបងបាននោះទេ បងស្រលាញ់អូនណាស់ កុំគិតច្រើនអី ត្រូវរឹងមាំដើម្បីបង ដើម្បីកូន ហើយក៏ដើម្បីខ្លួនឯងដែរណា៎ជុប៎!!» រាងក្រាស់និយាយចប់ឱនទៅថើបលើថ្ពាល់ភរិយាមួយខ្សឺតបន្ថែមទៀត។
   «ហ្អឹម!!»
   «ប្រញាប់ចូលគេងណាប្រពន្ធសំណព្វចិត្តបង ប្រយ័ត្នកូនរើធ្វើទុក្ខឱ្យអូនចាញ់គេងលក់មិនបាន!»
   «ហ្អឺ..សម្តីផ្អែមណាស់!!» ថេយ៉ុង ញញិមឡើងខ្ជឹបមាត់រួចឡើងទៅគេងខាងលើគ្រែវិញ។
   «មើល៍..ឱ្យប៉ាស្ទាបបន្តិចទៅមើលកូន? កុំរពឹសឮទេ គេងនៅឱ្យស្ងៀមៗប៉ុន្មានខែទៀតបានកើតចេញមកហើយណាកូនណា!!»
   «បងនេះចំមែន!» ថេយ៉ុង អៀនក្រហមថ្ពាល់ព្រឿងៗលើកដៃវាយតិចៗលើស្មាប្តីទាំងអារម្មណ៍អៀនខ្មាស។
   «គេងទៅបងឈប់លលេងហើយ!»
   «ប្រញាប់ងូតទឹកណានិងអាលបានមកគេងជាមួយអូន!»
   «បាទ!!»
   «ប្តីអ្នកណាឆ្លើយពិរោះយ៉ាងនេះ?»
   «ប្តីអូនហ្នឹងហើយ!»
   «ហិហិ!!!»
  
   ថ្ងៃថ្មី
   ក្រុមហ៊ុន អេឡិចត្រូនិច  
   ម៉ោង ១១:៣០ នាទីថ្ងៃត្រង់..
  (បន្ទប់អាហាររូបត្ថម្ភ)
   «ឆុងកាហ្វេរួចហើយ..»
   «លោកប្រធានគួរញាំទឹកដោះគោស្រស់ជំនួសកាហ្វេពេលរសៀល ទៅយកទឹកដោះគោស្រស់មក!» យូជីន ភ្ញាក់ឱ្យព្រើត កាលបើឮសូរសំឡេងស្រួយស្រែស បន្លឺឡើងនិងផែនមុខកាចឆ្នាស់ឆ្នើមដែលនាងបានមើលជិតទាំងស្រុង។
   «ប៉ុន្តែ..» នាងហៀបនឹងប្រកែក។
   «យើងប្រើនាង ព្រោះមានតែយើងទេដែលដឹងថាប្តីយើងចូលចិត្តផឹកស្អី រស់ជាតិយ៉ាងម៉េច? ចូលចិត្តអាហារប្រភេទណាច្បាស់!» ថេយ៉ុង គំហកដាក់នាង ហើយនាងក៏ប្រញាប់ប្រញាល់បង្ហើបប្រអប់ជើងបម្រុងឈាននិងដើរចេញ។
   «ភ្លេចទូរស័ព្ទហើយ!» យូជីន ចាប់ផ្តើមបែកញើសស្រាក់ៗឮសូរ ថេយ៉ុង និយាយយ៉ាងអ៊ីចឹងបេះដូងនាងលោតស្ទើរបុកចេញមកក្រៅទ្រូង។
   «ហ្យុន យូជីន ជាបុគ្គលិកបម្រើសេវាកម្មអាហារផង ជាបុគ្គលិកជំនួយការលោកប្រធានទៀត នេះនាងនៅឆ្លៀតទទួលយកសេវាកម្មរត់ការឱ្យពួកលេងបណ្តាញសង្គមងងឹតទៀត?» 
   «ខ្ញុំ!!!»
   ផាច់!!
   ផែនមុខស្រីស្រស់ផ្អៀងផ្កាប់ទៅម្ខាង ដោយបាតដៃស្រឡូនវែងៗបញ្ចូនកម្លាំងទះអស់មួយទំហឹងដៃ កែវភ្នែកស្រីស្រស់ចាប់ផ្តើមបើកធំៗ ក្រឡោតតាមដោយការភ្ញាក់ផ្អើលមិនចេះតិច។
   «នាងជាអ្នកចែកចាយរូបភាពប្តីរបស់យើង ទៅក្នុងវេបសាយ..នាងកុំស្មានថាយើងល្ងង់មិនដឹងរឿងស្អីឱ្យសោះ!»
   «ហ៊ឹកៗ..ខ្ញុំមិន..» នាងយំសស្រាក់ហាក់ចង់ប្រកែកតវ៉ា។
   «ទាំងអស់នេះជាគណនីយរបស់នាងស្រីចង្រៃ មានមីស្រីណាខ្លះទៀត? ដែលវាចង់បានរូបភាពប្តីរបស់យើងទៅពីនាង? ឆាប់ឆ្លើយភ្លាមមក!!»
   «អា៎យយ..ខ្ញុំឈឺ..»
   ផាច់!!! ផាច់!!!
   «អូយ!!!»
   «គិតថាយើងចាប់ពិរុទ្ធពួកនាងមិនបានមែនទេ មនុស្សដែលយើងបានស្រលាញ់អស់ពីចិត្តទៅហើយ ពួកនាងកុំសង្ឃឹមថាបានប៉ះពាល់ឱ្យសោះ!»
   ព្រូស!!!
   ថេយ៉ុង ច្បាមសក់ យូជីន មុននឹងគ្រវែងនាងទៅម្ខាងដោយដើរទៅលើកជាន់លើទូរស័ព្ទទំនើបរបស់នាង ធ្វើឱ្យស្រីក្រមុំចាប់ផ្តើមភ័យខ្លាចបុកពោះព្រឺព្រួចអស់ពាសពេញទាំងខ្លួនប្រាណ។
   ក្រាក!!
   «ប្តីសំឡាញ់!» ថេយ៉ុង បែរខ្លួនដើរចូលទៅក្នុងបន្ទប់ការិយាល័យដែលនៅទល់មុខបន្ទប់អាហាររូបត្ថម្ភ ខណៈចរិតឫកពារបស់គេបានផ្លាស់ប្តូរត្រឹមមួយប៉ប្រិចភ្នែកដែលបានធ្វើឱ្យ យូជីន ស្ទើរតែមិនជឿជាក់កែវភ្នែកខ្លួនឯងទាល់តែសោះ។
   «អូនមកធ្វើអី?»
   «នឹកហ្នឹងណា!»
   «មកអង្គុយលើភ្លៅបងមក!» ជុងហ្គុក ទះភ្លៅខ្លួនតិចៗហៅប្រពន្ធ ស្របពេលដែលនាងក្រមុំ យូជីន ចាប់លើកអាហារថ្ងៃត្រង់និងទឹកដោះគោស្រស់ដើរចូលទៅជាក្រោយ ព្យាយាមលាក់លៀមស្នាមទះកំផ្លៀងដែល ថេយ៉ុង បានសន្សល់ទុកនៅលើថ្ពាល់របស់នាង។
   «ប្តីរបស់អូនសង្ហាណាស់ ស្រីណាក៏ចង់បានបងដែរ តទៅនេះអូនត្រូវតែឧស្សាហ៍មើលថែបងឱ្យបានជាប់លាប់ហើយ!»
   «ពុទ្ធោអើយអូនសំឡាញ់..»
   «អូននិយាយពិតមែនណា៎!!»
   «បងស្រលាញ់អូន!!»
   «អូនក៏ស្រលាញ់បងដែរ!»
  
  
   
   

















   
   
   

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now