ភាគ០១÷ពួកនោះមិនមែនជាមនុស្សល្អទេ

3.7K 177 0
                                    

     ភូមិគ្រឹះ"ចន"
     បន្ទាប់ពីប៉ូលិសបានចុះមកឆែកឆេរស៊ើបអង្កេតក្នុង ភូមិគ្រឹះ "ចន" រួចមកហើយ ការស្រាវជ្រាវ រិះរកភស្តុតាងជាបន្តបន្ទាប់ នៅតែកើតមានឥតឈប់ឈរ ព្រោះការប្តឹងផ្តល់ករណីលើកនេះជារឿងធំ ហើយបើយោងតាមឯកសារចោទប្រកាន់ស្តីពីការដាក់ពាក្យបន្តឹង បានសរសេររៀបរាប់អំពីអំពើពុករលួយរបស់លោក ចន ជុងហ៊ូ ដែលធ្វើបានបទល្មើស បិទបាំងរឿងអាស្រូវរបស់កូនប្រុសខ្លួន ព្រមទាំងឃុបឃិតលួចលាក់ទទួលយកសំណូក នៅឯមន្ទីអប់រំគ្រឹះស្ថានសិក្សាទៀត។ ប៉ូលិសកំពុងតែចាប់ផ្តើមសួរចម្លើយពួកគាត់ ចំណែកឯនាងកូនប្រសារឯណោះ កំពុងម្នីម្នារៀបចំធ្វើពាក្យបន្តឹងបន្ថែម ដើម្បីលែងលះឱ្យបានដាច់ស្រេចជាមួយកូនប្រុសត្រកូល ចន បើទោះបីជានាងកំពុងតែមានផ្ទៃពោះក៏ដោយ។
     ង៉ឺត!!
     រថយន្តទំនើបពណ៌ទឹកប៊ិក ស្រាប់តែបញ្ឈប់នៅខាងមុខភូមិគ្រឹះ ខណៈគ្រប់គ្នាកំពុងតែជាប់រវល់គាស់រំលើងរឿងក្តីក្តាំមកដើម្បីវាយប្រហារគ្នា។
     ប្រអប់ជើងដ៏ស្រឡូនស៊កបំពាក់ទៅដោយស្បែកជើងក្លប់ពណ៌ខ្មៅនិងសម្លៀកបំពាក់ដ៏ឡូយឆាយ អាវឆៀក.ក ការ៉ាការ៉ូ ពណ៌ទឹកប៊ិចមូលដៃឡើងត្រឹមគន្លាក់កែងដៃ បំពាក់ទៅដោយខោសាច់គគីពណ៌ទឹកដោះស្រាលនិងសក់ពណ៌ត្នោតចាស់ដែលញ៉ាំងឱ្យយើងអាចមើលឃើញពីរាងកាយដ៏ឡូយឆាយ និងការលេងខ្លួនយ៉ាងទាន់សម័យអមទៅដោយគ្រឿងអលង្ការបំភ្លឺត្រចះត្រចង់បង្ហាញទឹកមុខឆ្នាស់ឆ្នើម ព្រមជាមួយនឹងបបូរមាត់ ពណ៌ផ្កាឈូកដិត ស្រស់ល្មម ស័ក្តិសមនិងសម្បុរស្បែកពណ៌សណ្តែកបាយស្តើង។
     «ថេយ៉ុង!» លោកស្រី ហេវ៉ុន ឧទានក្នុងកែវភ្នែករលីងរលោងទៅកាន់កូនប្រសារដោយមិននឹកស្មានថាគេនិងមកកាន់ទីនេះទេ មកជាមួយនិងរូបរាងថ្មីស្រឡាង ព្រមទាំងឫកពាហ្មត់ចត់ ដែលគាត់ពុំធ្លាប់បានឃើញពីមុនមកទាល់តែសោះ។
     «លោកស្រី កុំបារម្ភអី!» ថេយ៉ុង ចាប់កាន់ប្រអប់ដៃរបស់គាត់ ប្រាប់គាត់កុំឱ្យបារម្ភដូចគ្មានរឿងអី្វធំដុំកើតឡើងមកនោះទេ គេនិយាយហាក់បីដូចជាមានថាមពល គ្របដណ្តប់លើចិត្តរបស់គាត់ រហូតដល់បានធ្វើឱ្យគាត់ត្រូវឈរស្ងាត់ស្ងៀមមួយនៅនឹងកន្លែង។
     «លោកប៉ូលិស!» សម្តីដ៏មុតស្រួចបានទាក់ទាញយកចំណាប់អារម្មណ៍នាយប៉ូលិសខាងណោះដោយខ្សែភ្នែកពិសពុល។
     «មានការអ្វីទៅលោក?» ប៉ូលិសបែរខ្លួនដើរចូលមកស៊ើបសួរដំណាលនិងទឹកមុខរាបស្មើ។
     «ខ្ញុំមកស្នើសុំ..សុំឱ្យមានការស្រាវជ្រាវយ៉ាងល្អិតល្អន់បំផុត ចំពោះករណី ឆបោកទំនុកចិត្ត ការក្លែងបន្លំប្រាក់កាក់ក្នុងក្រុមហ៊ុន ភាគហ៊ុននិងការទទួលយកសំណូកស៊ូកប៉ាន់ពីមន្ត្រីពុករលួយមួយចំនួនទៀត នៅឯខាងក្រៅក្របខណ្ឌរដ្ឋ!» ម៉ូយ៉ុង ភ្ញាក់ក្នុងចិត្តភ័យព្រួច រួចងាកមកសម្លឹងមើលមុខម្ចាស់សម្តីទាំងប៉ុន្មានប្រយោគ ដោយគ្រាប់ភ្នែកបើកឡើងសក្បុសបង្ហាញពីឫកពាភិតភ័យស្ទើរតែជ្រុះថ្លើមក្តុករបស់នាងឡើងមក។
     «តើលោកមានភស្តុតាងគ្រប់គ្រាន់សម្រាប់បង្ហាញដល់ប៉ូលិសទេ? ហើយរឿងទាំងអស់នេះលោកចង់សម្តៅទៅលើអ្នកណា?» ថេយ៉ុង ឮលោកប៉ូលិសសួរដូច្នេះ ខ្លួនក៏ធ្វើជាញញិមចុងមាត់ រួចងក់ក្បាលដោយការជាក់លាក់ច្បាស់ៗបំផុត។
     «ភស្តុតាងវាប្រាកដជាមានហើយ គ្រាន់តែជនសង្ស័យដែលបានធ្វើរឿងថោកទាបអស់ទាំងនេះជាគ្រួសារ ដែលបានធ្វើការងារបម្រើជាមន្រ្តីរាជការកំពុងតែមានឈ្មោះបោះសំឡេងគ្រាន់បើក្នុងសង្គមនេះដែរ!»
     «ឯងចង់និយាយពីស្អី?» ម៉ូយ៉ុង ស្ទុះស្ទារដើរចេញមកទាំងកំហឹងនិងផ្ទៃមុខក្រហមព្រោះតែឈាមច្រាលឡើងស្ទើរគ្របដណ្តប់ខួរក្បាលនាងចង់ផ្ទុះ។
     «គិតមើលខ្លួនឯងទៅ ឬមួយវាមិនពិត នៅពេលដែលមានគេប្រមូលភស្តុតាងមកបានហើយ បកអាក្រាតលាតត្រដាងពីមុខមាត់គ្រួសារជនល្មើសនោះ?» ទាំងពីរនាក់ប្តីប្រពន្ធខាងត្រកូល ចន បែរជាឈរមិងមាំងសម្លឹងមើលមុខគ្នា មិនដាក់ភ្នែក ស្របពេលដែលការជជែកវែកញែកទាំងនេះក្លាយទៅជារឿងដ៏កក់ក្តៅគគុកថ្មីស្រឡាងមួយទៀត។
     «ឯងកុំនិយាយផ្តេសផ្តាសឱ្យសោះ!» មើលទៅនាងឆ្លេឆ្លាភ័យខ្លាចប្លែកណាស់ ហាក់ដូចជាខ្លួនបានប្រព្រឹត្តរឿងរ៉ាវទាំងអស់នោះអ៊ីចឹង ឃើញនាងដូចជាភិតភ័យដល់ថ្នាក់នេះខ្លាំងពេកទៅហើយ អ្នកដែលឈរញញិមនៅជ្រុងម្ខាងទៀត ស្រាប់តែលើកមកដៃអែសកញ្ចឹងក រួចក៏ញញិមដូចទៅនឹងស្នាមញញិមរបស់នាងញញិមដូចក្នុងទិដ្ឋភាពដែលប៉ូលិសបានចាប់ ជុងហ្គុក យកទៅញាត់គុកក្នុងពេលនោះអ៊ីចឹង។
     «ហេតុអីយើងនិយាយមិនបាន? ហ្អឹះស្រីថោកទាបដូចជានាងនេះ គ្មានសិទ្ធមកបិទមាត់យើងបានទេ!» ថេយ៉ុង គ្មានអារម្មណ៍ខ្លាចញញើតញញើមចំពោះនាងទៀតឡើយ ដ្បិតគេមានចិត្តក្លាហាន ការឈឺចាប់ និងរបួសក្នុងចិត្តបានបង្រៀនឱ្យគេក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ដែលធ្វើឱ្យនាងនឹកស្មានមិនដល់ ព្រោះពេលនេះគេត្រូវការទាមទារយុត្តិធម៌ឱ្យម្តាយនិងស្វាមីរបស់ខ្លួន កុំថាឡើយនាងយកអំណាចឪពុកម្តាយមកបាំងជំហរឱ្យក្នុងគ្រាមានអាសន្ន កុំភ្លេចឱ្យសោះថាគេជាកូនប្រុសអ្នកណា មកពីណា មានអំណាចធំប៉ុណ្ណា នាងមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ។
     «អាកូនអ្នកក្រ អាក្មេងថោកទាប!»
     «ដឹងថានាងកំពុងតែឈរនិយាយជាមួយអ្នកណាទេ?» សំឡេងធ្ងន់ៗដែលបានបន្លឺតបទៅនឹងប្រយោគនាងជើងល្អ ស្រាប់តែបានសង្កត់ចិត្តនាងឱ្យមានអារម្មណ៍ប្លែកមួយរំពេច។
     «ស្មានថាយើងមិនដឹងអ្ហេស? វាជាកូនស្ត្រីមេម៉ាយលក់នំប៉ាវតាមចិញ្ចើមថ្នល់ ម៉ែវាមានកូនគ្មានប្តី ហើយវានេះក៏ជាសាហាយស្មន់ប្តីរបស់យើង លួចលាក់ស៊ីចុកគ្នារហូតដល់មានកូន ជាកូនគ្មានខាន់ស្លា បន្ទាប់មកវាជាអាក្មេងអានាថា!»
     «នាង!» សងហា កញ្ជ្រោលទាំងមិនយល់ថានាងជាមនុស្សស្រី ខណៈ ថេយ៉ុង ក៏រាដៃស្កាត់ខ្លួនជាគេជាប់។
     ទឺត!!!
     ទូរស័ព្ទដៃទំនើបស្រាប់តែបានរោទ៍បន្លឺសំឡេងឡើង..
     «មានការអី?» ម៉ូយ៉ុង លើកទូរស័ព្ទមកនិយាយ។
     (លោកប្រុស និងលោកស្រីធំ ត្រូវបានប៉ូលិសគាស់ហៅទៅសួរចម្លើយ នៅឯប៉ុស្តិ៍ប៉ូលីសបាត់ទៅហើយអ្នកនាង ម៉ូយ៉ុង ចំពោះរឿងដែលគាត់បានញុះញង់ស្នើសុំឱ្យលោក ជុងហ៊ូ ធ្វើតាម ដើម្បីបង្ខិតបង្ខំរឿងរៀបការរបស់អ្នកនាង ហើយថែមទាំងបានទទួលយកសំណូក ក្នុងការជួយឱ្យកូនប្រុសមិត្តភក្តិរបស់គាត់រួចចេញពីគុកទាំងដែលច្បាប់មិនបានអនុញ្ញាតនោះទេ នៅរឿងឆបោកលុយកាក់ដីធ្លី រឿងសាងសង់ក្រុមហ៊ុនខុសច្បាប់និងលួចកឹបកេងប្រវញ្ចលុយភាគហ៊ុនក្នុងក្រុមហ៊ុនវិនិយោគទៀត)
     «ថាយ៉ាងម៉េច?» នាងស្រែកបីដូចជាភ្ញាក់ផ្អើលស្លុតចិត្តស្ទើរតែដួលទន់ជង្គង់ចុះ។
     «ឪពុកម្តាយរបស់នាងរកស៊ីច្រើនផ្លូវណាស់ ដ្បិតខ្ញុំធ្លាប់ជាកូនអ្នកលក់នំប៉ាវតែ ប៉ុន្តែការងារទាំងនេះ ជាការងារសុចរិត មិនមែនជាការងារទុច្ចរិត ដូចដែលម៉ែឪនាងបានធ្វើកន្លងមកនោះទេ ស៊ុន ម៉ូយ៉ុង!»
     «អា៎យ..អាយ..អាឯង!!!» សំឡេងស្រែកចេចចាចស្រែកឡើងតម្លង់ដ៏គួរឱ្យធុញទ្រាន់។
     «បើប្តីខ្ញុំជាប់គុក ព្រោះរឿងសម្លាប់មនុស្ស ខ្ញុំសុំសើរើរឿងក្តីអ្នកដែលបានសម្លាប់ម្តាយខ្ញុំដូចគ្នាព្រោះម្តាយខ្ញុំស្លាប់ទៅអយុត្តិធម៌ណាស់រឿងទាំងអស់នេះប្តីខ្ញុំមិនបានខុសទាំងស្រុងទេ គ្រួសារនាង ស៊ុន ម៉ូយ៉ុង ក៏បាននៅក្រោយពីរឿងនេះដែរ!» ថេយ៉ុង លើកដៃចង្អុលមុខនាង កាន់តែធ្វើឱ្យនាងញាប់ញ័រភ័យខ្លួន ពេលនេះគ្មានអ្នកជួយឈរធ្វើជាបង្អែកក្រោយខ្នងនាងទៀតឡើយ ពេលនេះជាពេល ខ្លួនទីពឹងខ្លួន បើនាងហ៊ានតែប្រហើនចំពោះគេ នាងច្បាស់ជាបានស្គាល់គុកច្រវ៉ាក់ដូចដែលម៉ែឪកំពុងត្រូវគេដាក់ឃុំដូចជាសត្វធាតុឯណោះដែរ។
     «មាំមី!!» សំឡេងស្រួយស្រែសបន្លឺហៅអ្នកដែលឈរតទល់ចំពោះមុខ មនុស្សស្រីគួរឱ្យស្អប់ ចាងហ្វា រត់ទាំងឫកពាត្រហេបត្រហបយំផង អណ្តឺតអណ្តក់ផង ព្រោះរឿងកន្លងបានដក់ជាប់ក្នុងចិត្តរបស់គេមិនទាន់រសាយ។
     «ចាងហ្វា!» ថេយ៉ុង ស្ទុះទៅចាប់កូនទាញមកឱបក្រសោបហើយងាកទៅសម្លឹងមុខម្តាយក្មេកខាងណោះបន្តិច មុននឹងដៀងខ្សែភ្នែកមកសម្លក់មុខ ម៉ូយ៉ុង ក្នុងភ្លើងកំហឹងដដែល។
     «ចួបគ្នាឆាប់ៗនេះ ស៊ុន ម៉ូយ៉ុង លាសិនលោកប្រុសលោកស្រី!» រាងតូចក្នុងសម្រស់ល្អឯករហ័សរហួនបែរខ្នងត្រលប់ដើរចេញទៅ បន្ទាប់ពីទទួលបានកូនប្រុសរួចមកហើយ។
     ក្រឹក!!!
     «ចង់ធ្វើអី..ពួកលោកដឹងថាខ្ញុំជាអ្នកណាទេ?» ម៉ូយ៉ុង ស្រែកចេចចាច កាលបើឃើញថាប៉ូលិស ស្រាប់តែស្ទុះចូលមកចាប់ដាក់ខ្នោះដៃនាងយ៉ាងប្រហើន។
     «ចង់និយាយអ្វីក៏ទៅបកស្រាយបំភ្លឺ នៅឯប៉ុស្តិ៍ប៉ូលីសទៅចុះ ពេលនេះអ្នកនាងត្រូវចាប់ខ្លួនហើយ ថ្នាក់លើបានបញ្ជាពួកខ្ញុំ ព្រោះគ្រួសារអ្នកនាងកំពុងទទួលរង់ពាក្យបន្តឹងពីគ្រួសារត្រកូល គីម!»
     «គីម ណា៎?» ម៉ូយ៉ុង ស្រែកទាំងធ្វើភ្នែកស្លើ។
     «គឺ គីម ដុកហ្យុន លោកអភិបាលក្រុងត្រូវជាឪពុក គីម ថេយ៉ុង ដែលបានឈរនិយាយជាមួយនឹងអ្នកនាងអម្បាញ់មិញនេះ!» ស្រីល្អចាប់ផ្តើមបើកភ្នែកធំក្រឡោតហាក់បីដូចជាភ្ញាក់ផ្អើលខ្លាំងរកថាមិនត្រូវស្ទើរតែមិនចង់ជឿជាក់ទៅនឹងត្រចៀកខ្លួនឯងអំពីអ្វីដែលពួកគេបានអះអាងឡើងមកនោះឡើយ។
     «មិនពិត..មិនពិតទេ យើងមិនជឿ!»
     «មិនជឿ? ចាំពេលដោះស្រាយគ្នារួច ចង់ជឿឬមិនជឿត្រូវទៅកាន់ប៉ុស្តិ៍ប៉ូលីសក្នុងពេលឥឡូវនេះ!» នាយប៉ូលិសលែងខ្វល់ថានាងជាអ្នកណាមានអំណាចជាអ្វីទៀតហើយ ព្រោះពេលនេះកាតព្វកិច្ចដែលពួកគេត្រូវធ្វើបំផុតគឺត្រូវឃាត់ខ្លួននាងយកទៅសួរចម្លើយនៅឯស្ថានីយ៍ប៉ុស្តិ៍ប៉ូលីសតែប៉ុណ្ណោះ។
    
     យប់ដដែល
     ភូមិគ្រឹះគីម!!
     ផ្ទៃមេឃខ្មៅស្រអាប់ខ្មួរខ្មាញសារជាថ្មីម្តងទៀតហើយ។ ខ្យល់ធ្លាក់ចុះមកត្រសៀករងារដណ្តប់រាងកាយ ខណៈស្លឹកឈើក្រៀមៗដែលធ្លាក់ចុះប៉ះទៅនឹងដីបានបន្លឺសូរសំឡេងប្រក់ៗគួរឱ្យចង់ស្តាប់។
     «មាំមីចាងហ្វានឹកដេតឌីខ្លាំងណាស់ហ៊ឹកៗ!» កំឡុងពេលញាំបាយអាល្អិតស្រាប់តែត្អូញត្អែរយំរម្ងាស់ឡើងស្រក់ទឹកភ្នែកហូរម៉ាត់ៗ ស្រវាចាប់ឱបក្រសោបករាងតូចដែលអង្គុយប្របក្បែរខ្លួនជ្រងរៗ។
     «កូនគង់តែបានជួបមុខដេតឌីក្នុងពេលឆាប់ៗនេះទេណា កុំយំអីកូនឆ្លាតខំញាំបាយឱ្យច្រើនៗណា!!»
     «ហ៊ឹកៗៗមាំមី!!»
     «ចាងហ្វា..ចាងហ្វា ចង់បានរបស់លេងទេ នៅក្នុងបន្ទប់មីងមានរបស់លេងច្រើនខ្លាំងណាស់!» ថេយ៍និឡា ជួយនិយាយលួងលោមក្មួយប្រុស ហើយដាក់ខ្លួនអង្គុយជិតអាល្អិតដែលធ្វើឱ្យ ថេយ៉ុង ញញិមក្បួចបបូរមាត់ដោយឃើញថាប្អូនស្រីបានយកចិត្តទុកដាក់ចំពោះកូនប្រុសខ្លួនយ៉ាងនេះ។
     «ចាងហ្វា ចង់បានតើស!» ចាងហ្វា ងក់ក្បាលផ្ងក់ៗ។
     «បើអ៊ីចឹង ចាងហ្វា ត្រូវញាំបាយឱ្យអស់សិនណា បន្ទាប់មកចាំមីងនាំទៅយករបស់លេងអូខេទេ?»
     «អូខេ!!»
     «ឆ្លាត!!» ថេយ៍និឡា ជួយបញ្ចុកបាយដល់ក្មួយប្រុសមើលទៅនាងស្រលាញ់ ចាងហ្វា ខ្លាំងណាស់ហើយថែមទាំងចេះជួយមើលថែគេទៀត។
     «អ្នកប្រុសច្បង មានទូរស័ព្ទទាក់ទងចូលមកពីពន្ធធានាគារ!» ឆេអ៊ុន ជាក្មេងស្រីបម្រើក្នុងផ្ទះមានវ័យក្មេងជាងគេបាននិយាយឡើង ដោយកាន់ទូរស័ព្ទដើរចូលមកប្រគល់ជូន ថេយ៉ុង។
     «អរគុណ!» ថេយ៉ុង ញញិមតបនឹងនាង រួចលើកទូរស័ព្ទមកនិយាយ។
     «ហេឡូ!»
     (ថេយ៍!)
     «បងមែនទេ ជុងហ្គុក?» រាងតូចស្ទុះក្រោកវឹង ដើរចេញទៅឈរនិយាយខាងក្រៅជាមួយនឹងស្វាមីទឹកភ្នែកឯណេះស្រាប់តែហូរស្រក់ចុះមកយ៉ាងងាយជាថ្មីម្តងទៀត។
     «ម្តេចក៏បងទាក់ទងមករកអូនបាន?»
     (ប្រធានការិយាល័យពន្ធធានាគារ អនុញ្ញាតឱ្យបងទូរស័ព្ទទៅជួបអូនបានត្រឹមតែរយៈពេល ១០ នាទីទេ ! បងនឹកអូនពេកទើបខលទៅអូន កូនយើងយ៉ាងម៉េចហើយ គេមានយំទៀតទេ?)
     «គេទើបតែបាត់យំអម្បាញ់មិញនេះទេបង កូនប្រាប់ថានឹកបងខ្លាំងណាស់ គេយំមិនព្រមឈប់ ប្អូនស្រីរបស់អូនក៏ទើបតែបានលួងគេបាត់ដែរ បងកុំគិតច្រើនអីណា មិនយូរទេ ស្អែកខានស្អែកនេះ ថាមិនត្រូវបងអាចនិងត្រូវបានដោះលែងឱ្យនៅក្រៅឃុំសិនក៏ថាបានដែរ អូននិងមេធាវីរបស់លោកប៉ាព្យាយាមរិះរកភស្តុតាងមកបន្ថែមទៀត ដើម្បីការពារកេរ្តិ៍ឈ្មោះគ្រួសាររបស់បង បងជឿចិត្តអូនណា ជុងហ្គុក!»
     (បងសូមទោសអូន សូមទោសដែលធ្វើឱ្យអូនពិបាកចិត្តដោយសារតែបងកន្លងមក បងមិនដែលធ្វើរឿងអ្វីឱ្យមានប្រយោជន៍សោះ សូម្បីតែរឿងមានមោទនភាពចំពោះប៉ាម៉ាក់ក៏មិនអាចដែរ បងសោកស្តាយខ្លាំងណាស់ បងកើតមកធ្វើឱ្យគ្រប់គ្នាពិបាក បងអំពុលទុក្ខឱ្យគេគ្រប់គ្នាមកវេទនាដោយសារតែបងម្នាក់!)
     «ទេ! ចង់អ្នកណាថាអ្វីក៏ស្រេចតែចិត្តគេទៅ ទម្រាំដឹងថាបងស្រលាញ់អូន វាពិតជាត្រូវប្រើពេលយូរខ្លាំងណាស់ ជុងហ្គុក ហ៊ឹកៗ..អូនក៏សង្ឃឹម..សង្ឃឹមថាបេះដូងបងនិងអាចមានអូន អូនមិនបោះបង់បងចោលទេ អូនស្រលាញ់បង មិនមែនដោយសារតែសម្តីអ្នកផ្សេង ប៉ុន្តែក្តីស្រលាញ់ដែលអូនមានចំពោះបង វាកើតឡើងដោយចិត្តនិងចិត្ត ហេតុអ្វីទើបបងនិយាយបែបនេះទៅរួច?»
     (បងសូមទោស!)
     «នៅទីនោះពួកគេមានធ្វើបាបបងទេ អូនមើលទៅកាន់ទីនោះគួរឱ្យខ្លាចខ្លាំងណាស់!»
     (គ្មានទេ គ្មានអ្នកណាធ្វើបាបបងទេ ប្រពន្ធសំឡាញ់!) គេបានពោលពាក្យកុហកទាំងដែលមុខមាត់របស់គេពេលនេះពោពេញទៅកំណកឈាម ព្រោះទើបតែវាយគ្នារួចជាមួយអ្នកនៅក្នុងគុក បែកមុខ បែកមាត់ ដៃជើងហើម បបូរមាត់ដែលគេកំពុងតែបង្ហើបនិយាយក៏មានជាប់ស្នាមឈាមនិងរបួសធ្ងន់ធ្ងរដែរ។
     «បើគ្មានល្អហើយ នៅទីនោះកុំតមាត់ រករឿងឈ្លោះជាមួយគេ ពួកនោះមិនមែនជាមនុស្សល្អទេបង!»
     (ដល់ម៉ោងហើយ ប៉ុណ្ណឹងសិនចុះណា បងស្រលាញ់អូន!) ជុងហ្គុក ចុចបិទទូរស័ព្ទ មុននឹងងាកទៅរកទ្វារដើរទៅរកកន្លែងឃុំឃាំងដែលមាន ប៉ូលិសនាយដើរតាមពីខាងក្រោយគេជាប់លាប់ដដែល។
     «ថ្វើយ!» គ្រាន់តែឈានជើងចូលដល់ក្នុងគុកភ្លាម មានបុរសមុខស្រម៉ូវម្នាក់ស្តោះទឹកមាត់សឹងតែព្រួសលើខ្នងជើង ជុងហ្គុក ទៅហើយ។
     «ចូលទៅ!» ប៉ូលិសម្នាក់នោះស្រែកដេញ ជុងហ្គុក ឱ្យចូលទៅខាងក្នុងហើយនាយក៏ត្រលប់ដើរចូលទៅអង្គុយផ្អែកខ្នងនិងជញ្ជាំងសម្លឹងមើលមុខអាស្រម៉ូវដែលបានវាយតប់ជាមួយខ្លួន មុខមាត់របស់វាក៏បែកខ្ទេចខ្ទាំដូចជាគេផងដែរ តែសាច់កម្មបាបក្រាស់ វាយដល់បែកកម្អួតឈាមប៉ុណ្ណឹងហើយនៅមានចិត្តសឿងតាមមកឌឺដងបញ្ចោះចិត្តគេទៀត។















សំណងស្នេហ៍វិលត្រលប់Where stories live. Discover now