ភាគ៥៩(ពាក្យថាស្រលាញ់)

1.5K 67 3
                                    

        
        ចំណាយពេលយូរគួរសមក៏បានបើកមកដល់ស្រុកកំណើតរបស់ ជីមីន ម្តងទៀត អ្នកទាំងពីរបើកទ្វារចុះចេញពីលើឡានព្រមៗគ្នា មុននឹងដើរចូលក្នុងផ្ទះ
        “លោកយាយ..” ជីមីន ស្រែកហៅលោកយាយតាំងពីចូលដល់មាត់ទ្វារផ្ទះ លោកយាយដែលកំពុងអង្គុយគូសរូបមិនឱ្យទំនេរដៃ
        “ចៅជី..” លោកយាយងាកទៅរកចៅស្រីទាំងមានស្នាមញញឹមជាប់ផ្ទៃមុខជ្រៀវជ្រួញ
        “លោកយាយចាស់ហើយនៅគូសគំនូរទៀត” ជីមីន ចូលមកឱបខ្លួនលោកយាយដោយក្តីនឹករឭក
        “ជាកាដូរសម្រាប់ខួបអាពាហ៍អាពិពាហ៍២ឆ្នាំរបស់ចៅ យាយបង្ហើយវាហើយ” លោកយាយ បន្ថែមមួយជក់ចុងក្រោយសម្រាប់ការបញ្ចប់គំនូរមួយផ្ទាំងដែលបានគូសពីទេសភាពព្រៃភ្នំបៃតងស្រស់ ទឹកសមុទ្រខៀវស្រងាត់ សត្វព្រាបហើរលើអាកាសពណ៌ស វាពិតជាគួរឱ្យទាក់ទាញខ្លាំងណាស់
        និយាយដល់ខួបអាពាហ៍ពិពាហ៍២ឆ្នាំ សាម៉ីខ្លួនទាំង២ភ្ងាក់ព្រឺត នេះពួកគេរៀបការបាន២ឆ្នាំហើយហ្អេស៎? ក៏ពិតមែនហើយ! រៀបការតាំងពីរាងតូចរៀនឆ្នាំទី២ ពេលនេះបញ្ចប់ឆ្នាំទី៤បានមួយរយ:ដែរហើយ
        “បើរៀបការបាន២ឆ្នាំ អ៊ីចឹងខ្ញុំគួរតែអាយុ២០ឆ្នាំហើយ អួយ!! ខ្ញុំនៅក្មេងម្ល៉េះ? ប្តីខ្ញុំឡើងចាស់” និយាយចុះនិយាយឡើង ក៏បានសម្តីស៊កសៀតឱ្យប្រុសចាស់បានប្រពន្ធក្មេង រាងសង្ហាបងដល់ទៅ៨ឆ្នាំមិនមែនតិចឯណា តែមើលទៅគេនៅក្មេងល្ហក់សាកសមជាគូនឹងរាងតូចយ៉ាងខ្លាំង អាយុគ្រាន់តែតួលេខប៉ុណ្ណោះ
        “អាយុតិចតែមុខចាស់សមនឹងចៅជុង..ហ្នឹងឯង” លោកយាយ តបសម្តីចៅស្រីបែបផ្ចាញ់ផ្ចាល ព្រោះកាន់ជើងចៅប្រសា ធ្វើឱ្យអ្នកសង្ហាបានចិត្តញោចញញឹមចុងមាត់ឡើងផ្អែម
        “លោកយាយអ្ហ៎ក!!” ជីមីន ធ្វើមុខជូរ
        “សម្រេចថាពួកចៅស្រឡាញ់គ្នាហើយ?” សំណួររបស់លោកយាយ ធ្វើឱ្យ ជីមីន គាំងបន្តិច មានន័យថាម៉េចទៅ? បើកន្លងមកនាងនិងរាងក្រាស់សម្តែងថាស្រឡាញ់គ្នានៅមុខគាត់រហូតហ្នឹង ទើបលូកមាត់សួរគាត់ដើម្បីច្រានចោលចម្ងល់៖
        “មានន័យថាម៉េចលោកយាយ?”
        “ពាក្យសន្យាដែលថាការ២ឆ្នាំមិនស្រឡាញ់លែងគ្នានោះ? ប៉ាចៅជុង.. ប្រាប់យាយតាំងពីដំបូង” លោកយាយ និយាយត្រង់ៗបំបាត់ចម្ងល់
        “លោកយាយដឹង? ហេតុអីធ្វើដូចមិនដឹង?”
        “យាយសុំទោស! បើយាយមានកម្លាំង យាយមិនមានជំងឺ យាយមានប្រាក់ផ្គត់ផ្គង់ការសិក្សារបស់ឯង យាយមិនឱ្យឯងការទេ.. រៀបការចូលក្នុងគ្រួសារអ្នកមានទាំងដែលយើងគ្មានអ្វីសោះវាមិនមែនងាយស្រួលទេ យាយដឹង! តែក៏អរគុណគ្រួសារចៅជុង..ដែលផ្គត់ផ្គង់យាយនិងចៅជី..កន្លងមក ពេលនេះចៅស្រីយាយរៀនចប់ ជោគជ័យហើយ មានក្តីសុខហើយ មិនមានអ្វីជាមន្ទិលក្នុងចិត្តយាយទៀតទេ” លោកយាយ រៀបរាប់តាមដំណើរដើមហេតុនិងផល
        “មិនជាបញ្ហាទេលោកយាយ ពេលនេះពួកចៅស្រឡាញ់គ្នាពិតមែន ហើយចៅចង់នាំលោកយាយទៅរស់នៅសេអ៊ូល ចៅនឹងមើលថែលោកយាយឱ្យដិតដល់” ជីមីន ញញឹមផ្អែមដាក់លោកយាយខណៈដែលនិយាយថាចង់នាំគាត់ទៅនៅសេអ៊ូល
        “នៅទីណាក៏ដូចទីណាដែរចៅ.. យាយទម្លាប់រស់នៅទីនេះជាង៨០ឆ្នាំហើយ យាយមិនទៅណាទេ ហើយកុំមានអារម្មណ៍ថាអកត្តញ្ញូចំពោះយាយអី ព្រោះកន្លងមកចៅកត្តញ្ញូគ្រាប់គ្រាន់ហើយ សំខាន់គឺចៅរស់នៅឱ្យបានល្អ ឱ្យមានក្តីសុខ ព្រោះជីវិតចៅនៅវែងឆ្ងាយទៀត ចំណែកយាយប្រហែលជាមិនឆ្ងាយទៀតទេ” លោកយាយ និយាយបណ្តើរអង្អែលខ្នងចៅស្រីបណ្តើរ
        “ចៅចង់ឱ្យលោកយាយនៅរស់ដល់ឃើញចៅទួតទៀត ចៅស្រឡាញ់យាយ កុំនិយាយប្រៀបដូចបណ្តាំលើកចុងក្រោយអី ចៅខូចចិត្ត”
        “យាយចាស់ហើយ មិនជីវិតអមតៈទេចៅ ចៅគឺជាគ្រាប់ពេជ្រនិងដួងប្រលឹងរបស់យាយ ញញឹមឱ្យច្រើនៗណា” លោកយាយ ចាប់ហែកថ្ពាល់ចៅស្រីឱ្យមានស្នាមញញឹមខណៈដែលនាងចង់យំព្រោះសម្តីរបស់គាត់
        “ហ្អឹកក.. លោកយាយ! កុំនិយាយធ្វើដូចទៅចោលចៅបានទេ ក្នុងលោកនេះមានតែយាយម្នាក់គត់ដែលជាសាច់ញាតិរបស់ចៅ កុំទៅចោលចៅណា៎.. សូមអង្វរ!” ជីមីន ហូរទឹកភ្នែកសស្រាក់សស្រាំព្រោះខ្លាចលោកយាយស្លាប់ចោល
        “វាលវដ្តសង្សារមិនអាចគេចវេះបានទេចៅ យាយមិនដឹងថាយាយត្រូវស្លាប់នៅថ្ងៃណាទេ តែយាយដឹងថាយាយអាចស្លាប់ដោយបិទភ្នែកជិតបាន”
        “អត់ទេ! បើបែបនេះចៅមិនទៅសេអ៊ូលវិញទេ ចៅចង់នៅមើលថែលោកយាយរហូតដល់ថ្ងៃចុងក្រោយរបស់លោកយាយ” ជីមីន យំឱបភ្លៅលោកយាយ ខណៈដែលគាត់ចេះតែនិយាយពាក្យជាបណ្តាំចុងក្រោយ
        “កុំលំបាកដោយសារយាយទៀតអីចៅ ចៅលំបាកមកឆ្អែតហើយ គួរតែរីករាយខ្លះ ទៅសេអ៊ូលធ្វើការរបស់ចៅដើម្បីសម្រេចក្តីស្រមៃចុះ”
        “លោកយាយនិយាយក៏ត្រូវម្យ៉ាង” ជុងហ្គុក យល់ស្របជាមួយសម្តីរបស់លោកយាយ
        “ចៅដូចគ្នាជុង.. ត្រូវរីករាយឱ្យច្រើនជាងកើតទុក្ខ មើលថែតំណក់ឈាមចុងក្រោយរបស់លោកយាយផងណា៎ កុំឱ្យនាងខូចចិត្ត កុំឱ្យនាងយំ កុំឱ្យនាងព្រួយច្រើន មើលថែនាងឱ្យល្អណា៎.. យាយពឹងលើចៅហើយ” លោកយាយងាកទៅផ្តាំផ្ញើនាយសង្ហាម្តង
        “បាទលោកយាយ”
       
        ល្ងាច..
        ក្រោយពីបរិភោគអាហារពេលល្ងាចរួចរាល់ ជុងហ្គុក ក៏ទាញប្រពន្ធចូលបន្ទប់ស្ងាត់ៗតែ២នាក់ តែគេមើលទៅនាងដូចមិនសប្បាយចិត្តសោះ
        “មិនសប្បាយចិត្តរឿងលោកយាយមែនទេ?” ប្រអប់ដៃក្រាស់ក្រសោបឱបចង្កេះភរិយាពីខាងក្រោយ មើលទៅនាងសោះកក្រោះតាំងពីនិយាយជាមួយលោកយាយកាលពីថ្ងៃ
        “អូនមានអារម្មណ៍ថាលោកយាយកំពុងនឹងជិតទៅចោលអូន” ជីមីន និយាយទាំងទឹកភ្នែករលីងរលោងដក់ជាប់រង្វង់ភ្នែក
        “គិតច្រើនធ្វើអី? នរណាម្នាក់ដែលកើតហើយមិនស្លាប់នោះ? កុំខ្វល់ចិត្តពេក បងដឹងថាអូនរឹងមាំ តែបើមានពេលមួយអូនទន់ជ្រាយ អូនត្រូវចាំថាមានបងម្នាក់ដែលអូនអាចយំផ្អែកស្មា មានបងម្នាក់ដែលចាំនៅក្បែរ ផ្តល់កម្លាំងចិត្ត លួងលោម បងមិនឱ្យអូនមានអារម្មណ៍ថាឯកាទេ គេងទៅណាមនុស្សល្អរបស់បង” ចុងច្រមុះស្រួចឱនថែថើបសក់ខ្មៅទន់រលោងរលាស់មានទម្ងន់ ខណៈដែលសម្តីរបស់គេ ធ្វើឱ្យនាងមានអារម្មណ៍ថាមានខ្នងបង្អែក ប៉ុន្តែនាងនៅតែមិនអស់ចិត្ត
        “អត់ទេ! អូនមិនគេងជាមួយបងទេ អូនទៅគេងជាមួយលោកយាយវិញ” ជីមីន ក្រោកអង្គុយទាំងគម្រោលមុននឹងទម្លាក់ជើងចុះពីលើគ្រែដើរទៅបន្ទប់លោកយាយទាំងនៅឈឺជើងនៅឡើយ។ ឃើញបែបនេះ ជុងហ្គុក ក៏មិនបានឃាត់អ្វីដែល ព្រោះគេយល់អារម្មណ៍របស់ប្រពន្ធ
        ក្រាក!
        ជីមីន បើកទ្វារចូលបន្ទប់លោកយាយតែម្តងព្រោះគាត់មិនទម្លាប់ចាក់គន្លឹះទេ ខ្លាចឈឺថ្កាត់យប់ព្រលប់ពិបាកអ្នកចូលទៅមើលថែ
        “លោកយាយ! ចៅសុំគេងដែរ” ជីមីន ឡើងលើគ្រែគេងឱបក្រសោបលោកយាយដូចកូនក្មេង
        “ចុះប្តីចៅ?” លោកយាយអង្អែលសក់ចៅស្រីហើយក៏ឆ្លៀតសួរ
        “មិនដឹងទេ! ចៅមកគេងជាមួយយាយព្រោះមិនចង់ឃ្លាត” ជីមីន ឱបលោកយាយយ៉ាងណែនដូចខ្លាចបាត់ទៅណា
        “ហើយទុកប្តីចោលអ៊ីចឹងម៉េចនឹងសម ទៅវិញទៅ” លោកយាយ ដេញចៅស្រីឱ្យត្រឡប់ទៅវិញ ព្រោះមិនចង់ឱ្យចៅប្រសាប្រុសគេងម្នាក់ឯង
        “អត់ទេ.. ចង់គេងឱបលោកយាយ” ជីមីន រសុលខ្លួនឱបក្រសោបលោកយាយក្នុងរង្វង់ដៃយ៉ាងណែន
        “មិនចេះធំសោះ ចៅឯងនេះ” ប្រអប់ដៃជ្រៀវជ្រួញលូកទៅអង្អែលសក់ចៅស្រីបែបក្នក់ក្នាញ់
       
        ថ្ងៃថ្មី..
        ម្រាមដៃតូចៗលូកទៅស្ទាបលោកយាយស្រាល កាយវិញ្ញាណកាលបើប៉ះពាល់ហើយក៏ដឹងដល់របស់ដែលប៉ះ នាងស្ទាបកាយគាត់ដឹងដល់ភាពត្រជាក់និងភាពរឹងៗ រាងតូចក្រោកអង្គុយចាប់ផ្តើមភ័យ ព្រោះមានអារម្មណ៍ថាលោកយាយកំពុងតែមិនស្រួល
        “លោកយាយ ហ្អឹកៗៗ” ជីមីន យំស្រែកផ្អើលខ្ទរខ្ទារពេញផ្ទះ បណ្តាលឱ្យ ជុងហ្គុក និង អ៊ំលី ដែលគេងនៅបន្ទប់ក្បែរនេះជ្រួលច្របល់រត់មកមើល ជីមីន យំសស្រាក់សស្រាំឱបលោកយាយទាំងព្រលឹម
        “លោកយាយ.. ហ្អឹកៗ កុំទៅចោលចៅ ហ្អឹក! លោកយាយ” ជីមីន យំអណ្តឺតអណ្តក អង្រួនកាយជីដូនឱ្យភ្ញាក់ ខណៈដែល ជុងហ្គុក ចូលមកឃើញប្រពន្ធយំឪបលោកយាយបែបនេះក៏អត់នឹងមិនអាណិតមិនបាន គេបោះជំហានយឺតៗទៅកាន់គ្រែទាំងភាពសោះអង្គើយ លោកយាយកំពុងតែនឹងទៅហើយមែនទេ?
        “អូន.. កុំយំ បងនៅទីនេះហើយ រឹងមាំណា៎” ជុងហ្គុក ចូលទៅក្បែរប្រពន្ធមុននឹងប្រើសម្តីលួងលោមប្រពន្ធ
        “អត់ទេ! លោកយាយ ហឹកៗៗ លោកយាយ” ជីមីន យំអង្រួនកាយលោកយាយស្រែកខ្លាំង លើកទីមួយហើយដែលយំខ្លាំងបែបនេះ
        “ថីចៅ? យំទួញសោកស្អី? យាយមានកើតអីណា” លោកយាយ បើកភ្នែកហើយនិយាយទៅកាន់ចៅរបស់ខ្លួន មើលនាងចុះ យំក្រហមភ្នែកទាំងព្រឹក
        “ហ្អឺ.. លោកយាយ!” ជីមីន យំឱបលោកយាយកាន់តែខ្លាំង មើលឫកពារបស់នាងចុះ បារម្ភលោកយាយពេកដល់ថ្នាក់គិតច្រើន
        “ហ្អឹមម.. ប្រពន្ធបងអើយ គិតច្រើនពេកហើយ” ជុងហ្គុក ឱនមុខឈ្លីសៀតផ្កាតិចៗ ហាក់ហួសចិត្តនឹងឫកពារបស់ប្រពន្ធ ដែលគិតច្រើនហួស លោកយាយរឹងមាំសឹងអី គាត់ម៉េចនឹងអាចស្លាប់បានទៅ
        “កុំយំមើល.. យំបែបនេះយាយម៉េចនឹងដាច់ចិត្ត” លោកយាយ អង្អែលក្បាលចៅស្រីតិចៗ ខណៈដែលនៅលើថ្ពាល់របស់នាងនៅមានទឹកភ្នែកសើមៗនៅឡើយ
        “ទៅសេអ៊ូលជាមួយចៅទៅណា៎.. ណា៎លោកយាយ” កែវភ្នែកកម្សត់អង្វរករលោកយាយទាមទារចង់ឱ្យទៅនៅជាមួយ
        “យាយមិនទៅណាទេ! កុំបង្ខំយាយអី”
        “បើយាយមិនទៅ ចៅក៏មិនទៅវិញដែរ”
        “មើលនិយាយចុះ.. ក្រែងថាចង់ធ្វើអ្នកសារព័ត៌មានដ៏ល្បី លេចធ្លោហ្អី? ពេលនេះក៏ចង់បោះបង់មកនៅជាយាយ តើសមតម្លៃនៃការតស៊ូកន្លងមកទេ? ទៅសេអ៊ូលវិញចុះណា៎ ទៅធ្វើការតាមក្តីស្រមៃរបស់ចៅចុះ យាយមិនអីទេ កុំបារម្ភខ្លាំងពេក”
        “អត់!”
        “ចៅជី.. បើស្រលាញ់យាយ ទៅវិញចុះណា៎ ទំនេរៗចាំមកលេងយាយ” លោកយាយ និយាយឱ្យជម្រើសចៅស្រី
        “យាយចង់ដេញចៅមែនទេ?” ជីមីន អង្គុយធ្វើជូរយ៉ាងគួរឱ្យអាណិត
        “យាយដេញហើយ ម៉ោះទៅផ្ទះវិញ ចោលការងារមកច្រើនថ្ងៃហើយ” ជុងហ្គុក លលេងសម្តីជាមួយភរិយាខណ:ដែលលោខ្លួនទៅជិតកាយតូចស្រឡូនត្រកងបីកាយនាងចេញពីលើគ្រែ ធ្វើឱ្យងាកភ្ញាក់ផ្អើលបើកភ្នែកធំៗសម្លឹងមើលទៅលោកយាយនិងអ៊ំលីឆ្លាស់គ្នា
        “ដាក់ចុះទៅ!!” សម្លេងនិយាយស្រាលៗខណ:ដែលម្រាមដៃតូចៗគោះលើស្មាអ្នកសង្ហាបញ្ជាឱ្យគេដាកើខ្លួនចុះ ព្រោះនាងអៀនឡើងក្តៅមុខភាយៗហើយ
        “ចៅទៅហើយលោកយាយ! អ៊ំលី!” ជុងហ្គុក ញោចស្នាមញញឹមបន្តិចមុននឹងរលាក់ខ្លួនប្រពន្ធបីចេញពីបន្ទប់របស់លោកយាយ 
        “យប់មិញមិនគេងបន្ទប់ជាមួយប្តី គួរតែដាក់ទោសទេ?” ជុងហ្គុក បីប្រពន្ធដល់បន្ទប់ដែលគេងកាលពីយប់មិញក៏បើកទ្វារចូលស្របពេលដែលពោលពាក្យសម្តីហើយធ្វើមុខសញ្ជឹងគិត
        “ដាក់ទោសស្អី?!” ជីមីន ប្រើសម្លេងគំរោះគំរើយ ខណៈដែលភ្នែកងើយសម្លឹងសម្លក់អ្នកសង្ហាមិនព្រមដកចេញ
        “អ្ហឹមម.. អូនថាមើលជាស្អី?” ជុងហ្គុក ទម្លាក់កាយតូចលើពូកទន់ល្មើយថ្នមៗ មុននឹងឱនចំកោងខ្លួន ច្រត់ដៃសងខាងឃាំងម្ចាស់កាយតូចដែលកំពុងគេងផ្ងាលើពូកដែលកំពុងមានអារម្មណ៍ថាមិនស្រួល
        “ខ្ញុំថាពួកយើង រៀបចំខ្លួនទៅសេអ៊ូលវិញល្អជាង ព្រោះខានធ្វើការច្រើនថ្ងៃហើយ” ជីមីន កម្រើកខ្លួនបម្រុងនឹងក្រោកអង្គុយប៉ុន្តែក្រោកមិនបានព្រោះរាងក្រាស់ឃាំងជាប់មិនព្រមដកចេញ
        “និយាយថាស្រឡាញ់បងសិនចាំទៅ” ជុងហ្គុក ញោចស្នាមញញឹមតាមអំណួតក្នុងភាពជាអ្នកឈ្នះ
        “ចុះលោក? មានដែរនិយាយថាស្រឡាញ់ខ្ញុំហើយឬនៅ? ខ្ញុំមិនដែលឮលោកនិយាយទេ..” ជីមីន ពើងទ្រូងដង្ហោយហៅភាពមិនសុខចិត្តមកនិយាយតតាំងជារាងសង្ហា
        “អ្ហឹម.. បងភ្លេចឱ្យឈឹងថាបង.. ស្រឡាញ់.. កូនហ្វ័រ! ពេលនេះប្រហែលជានឹកលោកប៉ាខ្លាំងណាស់ហើយមើលទៅ ពួកយើងរៀបចំខ្លួនទៅសេអ៊ូលវិញទៅ” ជុងហ្គុក ងើបឈរឱ្យពេញកម្ពស់មុននឹងដើរបែរខ្នងដាក់ប្រពន្ធហើយពោលប្រយោគដែលគួរឱ្យខឹង
        “អត់ទេ!!! ជុងហ្គុក! លោក! បង! បងមិនទាន់និយាយថាស្រឡាញ់ខ្ញុំទេណា៎ សូម្បីតែម្តង!” ជីមីន ក្រោកចេញពីគ្រែដើរទៅឈរពីមុខរាងក្រាស់ងើយកនិយាយជាមួយគេតាមភាពមិនសុខចិត្ត
        “និយាយធ្វើអី? បើដឹងចិត្តគ្នាហើយ” ជុងហ្គុក ចងចិញ្ចើមសួរប្រពន្ធ ពីមុនអាចនិយាយបានថាគេរអៀសខ្លួននិយាយពាក្យថា‘ស្រឡាញ់’ទៅកាន់នាងមិនចេញ ប៉ុន្តែពេលនេះគេក៏និយាយមិនចេញដូចគ្នា ព្រោះវាមិនមែនពេលវេលារ៉ូមែនទិចដែលត្រូវនិយាយ និយាយទៅខាត.. ព្រោះពាក្យស្រលាញ់ដំបូងដែលចេញពីមាត់គេទៅកាន់នាង វាសែនមានន័យខ្លាំងណាស់
        “ចុះញ៉ាំបាយធ្វើអី? បើដឹងថាញ៉ាំទៅឆ្អែត” ជីមីន ពោលមួយប្រយោគនេះ ធ្វើឱ្យគេគាំងនិយាយលែងចេញតែម្តង ពាក្យថា‘បងស្រឡាញ់អូន’ ហ្នឹង នាងចង់ស្តាប់កម្រិតណាទៅ ទើបចង់ឱ្យគេនិយាយទាំងដែលគេមិនចង់

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now