ភាគ១២(បើគេនៅតែធ្វើល្អ)

1.2K 96 12
                                    

       តុអាហារ..
       គ្រប់គ្នាក្នុងគ្រួសារត្រកូល ជុន ស្រស់ស្រូបអាហារពេលព្រឹកតាមទម្លាប់ប្រចាំថ្ងៃមុននឹងទៅធ្វើការងារនិងទៅសាលារៀន
       “កើតអី?ដូចមិនសប្បាយចិត្តសោះ” លោកជុន សម្លឹងមុខ ជីមីន និង ជុងហ្គុក ឆ្លាស់គ្នាទៅមក ពីរបីថ្ងៃនេះឃើញពួកគេយល់ចិត្តគ្នាច្រើនគ្រាន់បើហើយចម្លែកតែថ្ងៃនេះ
       “គិតរឿងកិច្ចការសាលាគ្មានអីធំដុំទេប៉ា!” ជីមីន ញញឹមស្ងួតដាក់ប៉ាក្មេក ចំណែកជុងហ្គុកមិននិយាយអីទេក៏ដួសអាហារដាក់ក្នុងទំពារមួយៗខ្សោះ រឿងដែលគេដេកជាមួយ ថេសា ប្រាកដជាលាក់មិនជិតទេ ថេសា នឹងតាមតោងទាមជីកកកាយមិនខានទេ អ្វីដែលសំខាន់បំផុតគឺគេគួរដោះស្រាយបែបណាឱ្យល្អទាំងប៉ា និង ភរិយា ហឺម...គេទាល់តម្រិះហើយ
       “គ្មានអីទេប៉ា!” ជុងហ្គុក ញញឹមស្ងួតដាក់លោកប៉ាមុននឹងបន្តសកម្មភាពញ៉ាំអាហាររហូតដល់រួចរាល់។ លោកប៉ា អ្នកម៉ាក់ និង ជុងស៊ូ ជិះឡានទៅបំពេញតួនាទីខ្លួនមុនជុងហ្គុកនិងជីមីនដែលបម្រុងនឹងឡើងទៅដូចគ្នា
       “ថ្ងៃត្រង់មិនបាច់ទៅក្រុមហ៊ុនខ្ញុំទេ” ជុងហ្គុក និយាយជាមួយភរិយាដែលឈរក្បែរឡានបម្រុងនឹងឡើង រួចគេក៏ឡើងទៅលើឡានដោយប្រើទឹកមុខស្មើ នាងតូចលេបទឹកមាត់ផ្សើមបំពង់ក ចង់សួរណាស់ថាហេតុអីមិនឱ្យនាងទៅក្រុមហ៊ុន?ទឹកមុខស្រពាប់ស្រពោនបង្កប់ទុក្ខសោកខាងក្នុង នាងមានអារម្មណ៍ហេងហាងខ្សោះខ្សោយពេលគេស្រាប់តែប្រែប្រួលភ្លាមៗ ប្រហែលមកពីឥទ្ធិពលពីរឿងយប់មិញទេដឹង កាលយប់មិញគេធ្វើដូចជាពិបាកក្នុងការប៉ះពាល់ជាមួយនាងណាស់.. ព្រឹកឡើងក៏ជាប់ស្នាមក្រែមលើអាវក្រៅទាំងដែលស្នាមក្រែមនោះមិនមែនជារបស់នាង តែខ្ជិលគិតច្រើននាំខូចអារម្មណ៍នាងក៏បើកទ្វាចូលក្នុងឡានបើកទៅសាលារៀន ប៉ុន្តែបើកមិនទាន់ចេញផុតពីរបងផ្ទះផងក៏មានឡានពណ៌ក្រហមឆ្អិនមួយគ្រឿងបើកមកពាំងពីមុនឡាននាងដែលបង្ហាញពីចេតនាច្បាស់ វាគឺជាឡានរបស់ថេសា។ ថេសា បើកកញ្ចក់ស្រែកញ៉ែតៗដាក់ជីមីនឱ្យបើកឡានថយក្រោយវិញតែនាងមិនខ្ចីថយ ហើយក៏មិនពន្លត់ម៉ាស៊ីនឡានដែរ ពោលគឺអង្គុយធ្វើមុខឌឺឱ្យ ថេសា ជៀសចេញពីផ្លូវព្រោះ ថេសា ជាអ្នកផ្តើមរឿងនេះឡើងមក
       ពីបៗ! ថេសា ចុចស៊ីប្លេឡានញាប់ឆ្មេញដើម្បីឈ្នះចិត្ត ជីមីន ចំណែក ជីមីន ក៏មិនចង់ចាញ់ដូចគ្នា ដោយខ្លាចទៅរៀនមិនទាន់ទើបថយឡានទៅបើកផ្លូវឱ្យថេសាចូលខាងក្នុង
       “នែ៎ឈប់សិន!!!” ថេសា បើកឡានឱ្យស្របនឹងឡានរបស់ជីមីន មុននឹងបើកកញ្ចក់ឡានរួចក៏គងដៃពីលើ ប្រើដៃម្ខាងទៀតវ៉ែនតាចេញងាកទៅសួរអ្នកម្ខាងទៀតពេបមាត់ពេបក ក្នុងចិត្តចង់ឱ្យជីមីនបានដឹងថានាងបានដេកជាមួយជុងហ្គុក ចាំមើលថាតើជីមីនសម្តីខ្លាំងទៀតទេ?
       “មានការអីចាស៎?” ជីមីន បើកកញ្ចក់សួរបកទៅថេសាវិញ ទាំងក្នុងចិត្តដឹងច្បាស់ថាថេសានឹងមករករឿងបាញ់ប្រហារទៀតមិនខានទេ
       “ជុងហ្គុកទៅធ្វើការហើយឬ?”
       “ខ្ញុំត្រូវឆ្លើយដែរឬ?” ជីមីន ញញឹមចំអកឱ្យថេសា ឱ្យតែជួបថេសាម្តងៗមានអារម្មណ៍ថាសប្បាយលេងពាក្យសម្តីណាស់ព្រោះតែថេសាមិនដែលឈ្នះនាង
       “ឬមួយបាត់ប្តីពេញមួយយប់នាងមិនដឹងទេ?” ថេសា ធ្វើជាសួរកាច់កុងទាំងភាពមានអំណួតគិតថា ជីមីន មិនបានដឹងពីរឿងដែល ជុងហ្គុក ដេកជាមួយនាង ក៏វាពិតមែនជីមីនមិនដឹងទេថាស្រីម្នាក់នោះជាថេសាព្រោះជុងហ្គុកប្រាប់ថាស្អប់ថេសាពេញៗមាត់
       “មិនមែនជារឿងដែលអ្នកនាងត្រូវខ្វល់ឬចង់ដឹងទេ.. បើថាបារម្ភខ្លាចស្វាមីខ្ញុំបាត់ឬក៏អ្នកនាងទំនេរពេកអាចមកធ្វើអ្នកអនាម័យផ្ទះប៉ាក្មេកខ្ញុំបាន” សម្តីរបស់ជីមីនមុតស្រួចជាងកាំបិតទើបតែសំលៀងទៅទៀត ស្តាប់ហើយថេសាក្តៅចិត្តឆេវ ន័យរបស់ជីមីនគឺចង់មើលងាយនិងជេរនាងក្នុងពេលតែមួយ
       “ខ្ញុំមិនចាំបាច់ធ្វើដូចសម្តីនាងទេព្រោះកាលពីយប់មិញជុងហ្គុកបានមករកខ្ញុំដោយខ្លួនឯង” ឮបែបនេះហើយជីមីនក៏ស្ងាត់មាត់ធ្លាក់ទឹកមុខភ្លាមៗ មិននឹកស្មានថាស្រីម្នាក់នោះជាថេសាសោះឡើយ តើកើតឡើងដោយរបៀបណា? ឃើញជីមីនសភ្នែកហាក់ទទួលយកមិនបានទើបថេសាបន្ថែមសម្តី៖
       “នាងមិនយល់ពីចិត្តរបស់ជុងហ្គុកច្បាស់ដល់ខ្ញុំទេ មុនពេលទៅអាឡឺម៉ង់គេបានឈ្លោះជាមួយខ្ញុំ ទើបពេលខ្ញុំត្រឡប់មកវិញគេយកនាងជាឈ្នាន់ដើម្បីបញ្ឈឺខ្ញុំ” ត្រូវហើយ ជីមីន យល់ពី ជុងហ្គុក មិនច្បាស់ទេ ជាពិសេសពេលនេះ តើគេធ្វើរឿងមែនឬ? ឬមួយសម្តីថេសាជាការពិត? ជាឈ្នាន់អ៊ីចឹងឬ? នាងកំពុងតែគិតច្រើនចំពោះរឿងអត់ប្រយោជន៍ហើយ
       “ហឺសៗ!អរគុណដែលជួយប្រាប់ ការពិតកាលពីយប់មិញខ្ញុំមិនស្រួលខ្លួនទើបជុងហ្គុកទៅរកខាងក្រៅ ស្មានមិនដល់ទេថាស្រីដែលជុងហ្គុកប្រើរំសាយអារម្មណ៍គឺអ្នកនាង អរគុណម្តងទៀតដែលកំដរស្វាមីរបស់ខ្ញុំ” ជីមីន សើចបានយ៉ាងពិរោះមុននឹងបោះសម្តីចំអកឡកឡាយឱ្យថេសាបានឡើងម៉ាឆ្ងាញ់នេះគឺជាសភាពខាងក្រៅរបស់នាង ឯផ្លូវចិត្តរបស់នាងគឺខ្ទេចខ្ទាំដោយសារតែពាក្យ‘ឈ្នាន់’ តាំងពីរៀបការមកជុងហ្គុកមិនដែលផ្អែមល្ហែមជាមួយនាងទេទើបតែពេលថេសាត្រឡប់មកវិញទើបគេធ្វើដូចជាស្រឡាញ់នាងមែនទែន
       “នាងឆ្គួត” ថេសា កាន់តែក្តៅក្រហាយខណ:ពេលជីមីនមិនឈឺចិត្តស្អិតទ្រូងរឿងនាងដេកជាមួយជុងហ្គុក។ ឃើញ ថេសា ក្តៅក្រហាយបានដូចបំណងហើយ ជីមីន ក៏ញញឹមសមចិត្តមុននឹងបើកឡានចេញពីមុខពីមាត់ ថេសា ត្រូវហើយនាងឈ្នះសម្តីតែនាងចាញ់ចិត្ត ក្នុងចិត្តមិនច្បាស់ទេថាជុងហ្គុកលេងសើចជាមួយនាងឬមិនមែន? ប៉ុន្តែរឿងដែលមិនល្អត្រូវតែរសាយចេញពីខួរក្បាលរបស់ជីមីន នាងជាមនុស្សស្រីរឹងមាំមានប្រយោជន៍រឿងដែលគ្មានប្រយោជន៍មិនសាកសមនឹងនាងទើបលើកទឹកចិត្តខ្លួនឯងថា៖
       “ដឹងហើយថាថេសាមិនដែលមានប្រយោជន៍ទៅខ្វល់ធ្វើអី នាងគ្រាន់តែចង់បានជុងហ្គុកប៉ុណ្ណោះ តែជុងហ្គុកមិនត្រូវការនាងទេ ថាមិនត្រូវថ្ងៃហ្នឹងជុងហ្គុកនាំខ្ញុំទៅដើរលេងផងមិនដឹង” ជីមីន ច្រានចោលការគិតអាក្រក់ៗមកគិតរឿងល្អៗដើម្បីលើកទឹកចិត្តខ្លួនឯងកុំឱ្យខូចចិត្ត រួចក៏បើកឡានទៅសាលារៀន
      
       មន្ទីរពេទ្យ..
       ជុងហ្គុកមិនបានទៅកន្លែងធ្វើការទេខ្លាច ថេសា ទៅតាមរកឃើញណាមួយគេស្មុគស្មាញខ្លាំង ទើបមកមន្ទីរពេទ្យដើម្បីនិយាយរឿងរ៉ាវទាំងអស់ប្រាប់បងប្រុសនិងឱ្យគាត់ជួយរកដំណោះស្រាយ បើដោះមិនចេញទេ គេមើលមុខលោកប៉ានិងជីមីនមិនចំទេ
       “មានន័យថាឯងលែងខ្លាចការប៉ះពាល់ហើយ?” ក្រោយពីបានស្តាប់រឿងរបស់ជុងហ្គុកហើយ ស៊ុកជីន ក៏សួរបកតាមការយល់ឃើញរបស់ខ្លួន
       “ខ្ញុំមិនច្បាស់ទេរឿងហ្នឹង.. តែមកពីខ្ញុំស្រវឹងខ្លាំងពេក ពេលដែលខ្ញុំមានអីគេនោះជាមួយ ថេសា ខ្ញុំស្រពិចស្រពិលណាស់ ហើយខ្ញុំអស់កម្លាំងខ្លាំងណាស់មកទល់ពេលនេះមិនទាន់មានកម្លាំងពេញលេញទេ” ជុងហ្គុក ចូកសក់ក្បាលទៅក្រោយទឹកមុខពោរពេញទៅដោយទុក្ខកង្វក់ពេញខ្លួន ហើយក៏បន្តនិយាយ៖
       “ជីមីនមិនទាន់ដឹងរឿងហ្នឹងទេ..ខ្ញុំចង់នាំនាងគេចពីថេសាមួយរយ:ប៉ុន្តែខ្លាចនាងមិនទៅព្រោះនាងរវល់នៅរៀន” គំនិត ជុងហ្គុក គឺចង់នៅតែពីរនាក់ ជីមីន ទោះបីជារយ:ពេលខ្លីក៏ដោយ គេចសិនទៅបើពេលក្រោយ ជីមីន ដឹងរឿងគេនិង ថេសា នាងប្រាកដជាយល់ចិត្តគេព្រោះដឹងហើយថាគេមិនបានស្រឡាញ់ថេសាទេ សង្ឃឹមថាការនៅតែពីរនាក់នឹងធ្វើឱ្យជីមីនបានសប្បាយចិត្ត
       “ប្រហែលជាមិនរៀនទេ បើតាមដឹងមកខាងសាលាមានប្រជុំទាក់ទងនឹងការជ្រើសរើសនិស្សិតដែលបញ្ចប់ឆ្នាំទី៣ឱ្យធ្វើបុគ្គលិកកម្មសិក្សានៅក្រុមហ៊ុនឬស្ថាប័នដែលជាដៃគូសហការ” ក្លីនីកមន្ទីរពេទ្យរបស់ស៊ុកជីនក៏ជាដៃគូសហការរបស់ Seoul National University (SNU) ទើបគេដឹងឮរឿងនេះមក ខាងសាលាយកចិត្តទុកដាក់ចំពោះនិស្សិតខ្លាំងណាស់ ហេតុនេះហើយឱ្យតែជាធនធានមនុស្សមិនខ្វះទេខាងស្ថាប័នគេចង់បានយកទៅធ្វើការ ហើយក៏មិនភ័យថាអត់ការងារធ្វើដែរ
       “ធូរចិត្តបន្តិច..តើខ្ញុំគួរនាំនាងទៅណា?” វាជាលើកដំបូងរបស់ជុងហ្គុកដែលនាំស្រីទៅដើរលេងទើបមិនដឹងថាត្រូវនាំទៅទីណា ខ្លាចថានាំទៅកន្លែងដែលមិនគួរ ជីមីន នឹងសើចចំអកឱ្យគេដូចកាលពីពេលគេនិយាយផ្អែមល្ហែមលើកមុន
       “ហឹម..ប្អូនប្រុសបងអើយមិនគួរណាកើតមកជាតិនេះធាតុឆុងជាមួយស្រីៗសោះ..” ជីន មិនទាន់បញ្ចប់សម្តីផងជុងហ្គុកក៏និយាយកាត់៖
       “ខ្ញុំមកសុំយោបល់ពីបងមិនមែនឱ្យបងឌឺទេ”
      
       ថ្ងៃត្រង់..
       ត្រឡប់មកពីសាលារៀនវិញជីមីនក៏បើកទ្វារបន្ទប់ចូលទម្លាក់កាតាបចុះព្រូសតែក៏ត្រូវភ្ងាក់ព្រោះតែវត្តមានជុងហ្គុក
       “មកវិញហើយឬ?” សំណួរដំបូងដែលគេសួរនាង ដែលបញ្ជាក់ថាគេកំពុងតែរង់ចាំនាងដើម្បីធ្វើរឿងអ្វីមួយ
       “ចាស៎” ជីមីន ចង់សួរបកទៅគេវិញណាស់ ចង់ដឹងថាគេមកផ្ទះទាំងថ្ងៃធ្វើអី? នេះឬជាហេតុផលដែលមិនឱ្យនាងទៅក្រុមហ៊ុន? ប៉ុន្តែមិនហ៊ានសួរបានត្រឹមតែឆ្លើយតាមសំណួររបស់គេ
       “នាងចង់ទៅដើរលេងទេ? បើចង់តើនាងចង់ទៅទីណា? ខ្ញុំនឹងទៅជាមួយនាង” ជុងហ្គុក និយាយត្រង់ៗទោះបីស្តាប់ទៅវាឆ្គងបន្តិចប៉ុន្តែល្មមឱ្យរាងតូចសប្បាយចិត្តបាន
       “នាំខ្ញុំទៅដើរលេងពិតមែនហ្អ៎?” ស្នាមញញឹមស្រស់ផ្តល់ឱ្យ ជុងហ្គុក បញ្ជាក់ថានាងពេញចិត្តជាមួយសំណើរបស់នាយ។ នេះជាលើកទី១ដែលពួកគេមានកម្រោងទៅដើរលេងជាមួយគ្នា សម្តីថេសាកាលពីព្រឹកមិញស្ថិតនៅក្នុងការចងចាំរបស់ជីមីននៅឡើយទេប៉ុន្តែនាងមិនខ្វល់ទេចង់ជុងហ្គុកយកនាងធ្វើជាឈ្នាន់បញ្ឈឺចិត្តឬក៏គេទៅធ្វើអីជាមួយអ្នកណាក៏ដោយ អ្វីដែលសំខាន់គឺនាងបាននៅក្បែរជុងហ្គុកសមនឹងឈ្មោះជាភរិយាស្របច្បាប់ ដរាបណាជុងហ្គុកនៅតែផ្តល់ភាពសំខាន់ឱ្យនាងជាងអ្នកដទៃ នាងនៅតែបន្តរក្សាចំណងអាពាហ៍ពិពាហ៍មួយនេះ បើនាងហ៊ានតែដេញដោលច្បាស់ណាស់ថាចំណងនឹងដាច់រហែកបេះដូងនាងក៏ប្រះស្រាំទៅតាមនោះដូចគ្នា
      

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now