ភាគ២១(នាងមានជម្រើស)

1K 81 2
                                    

      ថ្ងៃថ្មី..
      រូបភាពដែលភ្ងាក់ពីគេងមកធ្លាប់តែមានគេក្បែរវាលែងមានទៀតហើយ ព្រោះគេលែងគេងបន្ទប់ជាមួយនាងទៀតហើយ កែវភ្នែកបង្កប់ភាពសោកសៅសម្លឹងមើលទៅបន្ទប់មួយផ្សេងទៀតដែលមានស្វាមីជាទីស្រឡាញ់និងប្រពន្ធចុងរបស់គេនៅក្នុងនោះ ជីមីន ដកដង្ហើមធំក៏ដើរហួសបន្ទប់នោះ ទៅធ្វើកិច្ចការផ្ទះដែលនាងធ្លាប់តែធ្វើដូចរាល់ដង។ ជើងតូចស្រឡូនដើរចូលក្នុងសួនផ្កាដ៏ធំល្វឹងល្វើយកែវភ្នែកទទេរស្អាតសម្លឹងមើលផ្កាទាំងនោះ ភ្លាមៗអាចនិយាយបានថានាងនៅធ្វើចិត្តមិនទាន់បាន ដែលគេមិននៅក្បែរកាយដូចមុន នាងនៅឈឺនៅឡើយ មិនទាន់ដល់ថ្នាក់ស្ពឹកស្រពន់លែងឈឺនោះទេ
      (ជួយប្រាប់ខ្ញុំផង តើខ្ញុំគួរតែនៅទ្រាំស្រឡាញ់គេបន្តទៀតទេ? ទង្វើពីមួយថ្ងៃទៅមួយថ្ងៃកាន់តែគ្មានហេតុផល គេអាក្រក់ណាស់លែងដូចពីមុនហើយ ឯណាទៅសន្យាដែលថាមិនបញ្ចប់អាពាហ៍ពិពាហ៍ដោយងាយនោះ? ខ្ញុំជាមនុស្សស្រីដែលពិសេសនិងសំខាន់ជាពាក្យពិតដែរទេ? បើមិនស្រលាញ់ធ្វើដូចស្រឡាញ់ធ្វើអី? ខ្ញុំឈឺណាស់ ឈឺស្ទើរតែទ្រាំលែងបានទៅហើយ លោកមានដឹងខ្លះទេ?) ជីមីន បានត្រឹមតែយំស្រែកសួរក្នុងទ្រូងក្តៅណែនថប់ ទ្រាំគ្រប់យ៉ាងព្រោះស្រឡាញ់គេ មិនចង់ឱ្យចំណងអាពាហ៍ពិពាហ៍មួយនេះបែកបាក់ទើបខំប្រឹងលាក់បាំងអារម្មណ៍មិនឱ្យគ្រប់គ្នាដឹង ទើបគេមិនដឹងថានាងឈឺខ្លាំងថ្នាក់ណា
      “អ្នកនាង!!មកអង្គុយអីត្រង់នេះ?” អ្នកថែសួនក្នុងភូមិគ្រឹះឃើញ ជីមីន អង្គុយក្តោបមុខដូចជាយំទើបហៅដាស់អារម្មណ៍នាងឱ្យសម្លឹងមុខ
      “គ្មានអីទេ!ធ្វើការចុះ ខ្ញុំចូលក្នុងផ្ទះហើយ” ជីមីន ញញឹមផ្អែមដាក់លោកនាយអ្នកថែសួន រួចក៏ដើរឱបដៃចូលក្នុងផ្ទះវិញ ក៏ឃើញលោកជុនអ្នកស្រីជុននិងជុងស៊ូចុះពីលើបន្ទប់មកមានអ្នកបម្រើជួយកាន់វ៉ាលិសសំពីងសំពោងដូចជាចង់ចេញទៅណាទើបប្រញាប់សួរ៖
      “លោកប៉ាអ្នកម៉ាក់!ស៊ូ! មានរឿងអ្វីឬ?”
      “ទើបមានគេខលប្រាប់មុននេះបន្តិចថាម៉ាក់របស់ប៉ាឈឺនៅខេត្ត ទើបប៉ានិងម៉ាក់កូន ព្រមទាំងស៊ូ..ត្រូវទៅមើលថែគាត់មួយរយ: ថែខ្លួនផងពេលប៉ាមិននៅ” លោកជុន ញញឹមផ្អែមដាក់កូនប្រសារព្រមជាមួយពាក្យផ្តាំផ្ញើ
      “លោកយាយកើតអីធ្ងន់ធ្ងរទេ?” ពេលដឹងថាលោកយាយឈឺនាងក៏ប្រញាប់សួរដោយការយកចិត្តទុកដាក់
      “មិនធ្ងន់ប៉ុន្មានទេ! ខ្ញុំខានទៅលេងស្រុកប៉ាយូរហើយក៏តោងកន្ទុយទៅជាមួយ ហិហិ..! មើលថែខ្លួនផងបើមានអ្នកធ្វើបាបបងខលទៅខ្ញុំភ្លាមខ្ញុំនឹងមកជួយបង” ជុងស៊ូ ញញឹមស្រស់ឡិកឡក់តាមមនុស្សចូលចិត្តលេងច្រើន
      “ម៉ាក់ទៅហើយ តែ២,៣ថ្ងៃមកវិញហើយ” លោកស្រីជុន ក៏មិនភ្លេចលាកូនប្រសារ
      “ចាស៎ម៉ាក់! សុខសប្បាយតាមផ្លូវអ្នកទាំងអស់គ្នា”
      “បាយៗ!” ជុងស៊ូ លើកដៃលាតាមកញ្ចក់ឡានជាមួយស្នាមញញឹមស្អាតលើផ្ទៃមុខតូចច្រមិច។ លុះគ្រប់គ្នាទៅអស់ ជីមីន ក៏ដកដង្ហើមធំបែរខ្លួនចូលក្នុងផ្ទះតែក៏ត្រូវភ្ងាក់ក្រញាញខ្លួនខណ:ពេលរាងសង្ហារមាឌធំឈរច្រត់ចង្កេះនៅចំពោះមុខ អ្នកទាំងពីរគ្រាន់តែមើលមុខគ្នាបន្តិចក៏បែរមុខចេញដើរគេចគ្នារៀងខ្លួនដោយគ្មាននរណាម្នាក់និយាយអ្វីមួយម៉ាត់សោះ ដើរដល់ជណ្តើរផ្ទះ ជីមីន ក៏ងាកក្រោយសម្លឹងផែនខ្នងគេបន្តិចក៏ងាកមកមុខវិញបន្តដំណើរ ស្របពេលជាមួយគ្នានោះជុងហ្គុកក៏ងាកទៅសម្លឹងដំណើររបស់នាងដូចគ្នា។
     
      ជីមីន ទៅធ្វើការដូចរាល់ដងហើយក៏ស្និទ្ធស្នាលជាមួយ ថេយ៉ុង កាន់តែខ្លាំងជាងមុន ថេយ៉ុង ជាមនុស្សល្អម្នាក់ដែលគួរឱ្យគោរពនិងរាប់អាន ពួកគេញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នារាល់ថ្ងៃ
      “ភ្នែកខ្មៅៗម៉េស មិនបានគេងឬ?” ថេយ៉ុង លើកដៃប៉ះផ្ទៃមុខសភ្លឺរលើបរលោង ប្រើមេដៃអង្អែលក្រោមភ្នែករបស់នាងថ្នមៗ
      “គ្មានអីទេ!” ជីមីន ប្រញាប់ចាប់ដកដៃគេចេញ បើអ្នកផ្សេងមកមើលឃើញមិនល្អនោះទេ នាងជាស្រីមានប្តី ចំណែក ថេយ៉ុង ជាអគ្គនាយកបុស្តិ៍ទូរទស្សន៍អ្នកមានមុខមាត់ឋាន:ធំដុំ
      “មានរឿងអីពិបាកចិត្តមែនទេ? អាចនិយាយប្រាប់ខ្ញុំបានណា៎”
      “អត់ទេ!”
      “ជី..” ថេយ៉ុង បង្អូសសម្លេងវែងៗ គេពិតជាចង់រំលែកទុក្ខជាមួយនាងពិតមែន គេគ្មានបំណងចង់ចេះដឹងជីវិតផ្ទាល់ខ្លួនរបស់នាងទេ
      “លោកថេយ៍!!ពួកយើងគ្រាន់តែស្គាល់គ្នាធម្មតាទេណា៎” ត្រូវហើយមនុស្សដែលស្គាល់គ្នាធម្មតា ចាំបាច់អីទៅនិយាយរឿងផ្ទាល់ខ្លួនប្រាប់ នាងជ្រួញចិញ្ចើមមិនពេញចិត្តដែលគេធ្វើខ្លួនចេះដឹងរឿងរបស់នាងជ្រុល
      “ខ្ញុំមិនទុកទំនាក់ទំនងពួកយើងធម្មតាទេព្រោះខ្ញុំស្រឡាញ់នាង ស្រឡាញ់តាំងពីជួបលើកដំបូង ខ្ញុំក៏ខកចិត្តពេលដឹងថានាងមានប្តី តែខ្ញុំមិនខ្វល់ទេទោះនាងទុកខ្ញុំជាអ្វីក៏ដោយចុះ ខ្ញុំគ្រាន់តែចង់នៅក្បែរនាងធ្វើល្អជាមួយនាងតែប៉ុណ្ណឹង” ថេយ៉ុង ដាច់ចិត្តនិយាយពាក្យពិតប្រាប់ ជីមីន ធ្វើឱ្យនាងភ្លឹកសម្លឹងមុខគេភ្លឹះៗ
      “កុំនិយាយបែបនេះអីអ្នកផ្សេងមកស្តាប់ឮមិនសមទេ” ជីមីន ក្រលេកជុំវិញខ្លួនក្រែងលោមានអ្នកស្គាល់គ្នាស្តាប់ឮ
      “ខ្ញុំស្រឡាញ់នាងពិតមែនហេតុអីត្រូវខ្លាចគេដឹង? វាជារឿងដែលមិនគួរឱ្យគិត”
      “មិនខ្លាចប្តីខ្ញុំដឹងសំពងក្បាលលោកទេឬ?” ស្នាមញញឹមកំហូចជូនចំពោះ ថេយ៉ុង ទឹកមុខឌឺច្រឡឺមប្រៀបដូចជាស្វាលើចុងឈើ ធ្វើឱ្យគេក្រឺតខ្នក់ក្នាញ់នឹងនាងច្រើនឡើងទើបលើកដៃទៅញីញក់សក់ក្បាលរបស់នាងឱ្យក្លាយទៅជារញេរញៃហើយក៏សើចស្រស់ដាក់នាង
      “អួយ!ខូចម៉ូតសក់លែងស្អាតអស់ហើយ” ជីមីន ធ្វើមុខក្រញឹមក្រញូវអង្អែលសក់ខ្លួនឯងតិចៗឱ្យមានរបៀបវិញ
      “បើនាងអាក្រក់អស់អ្នកស្រឡាញ់ក៏នៅមានខ្ញុំម្នាក់ដែរ”
      “ជឿទៅ!បើខ្ញុំមិនស្អាតស្មានតែលោកស្រឡាញ់អ្ហី..”
      “ពិតមែនណា៎! បើនាងគ្មានជម្រើសក៏នៅមានខ្ញុំម្នាក់ដែរ”
      “តិចទៀតខ្ញុំលែងប្តីមកយកលោកហើយ”
      “ពិតមែនអ្ហេស?”
      “បញ្ជោះ!!” ‘បញ្ជួស’
    
      ល្ងាច ជុងហ្គុក ត្រឡប់មកពីធ្វើការវិញក៏ជួនពេលជាមួយគ្នាដែល ថេយ៉ុង បើកឡានជូន ជីមីន មកដល់មុខផ្ទះ ថេយ៉ុង ប្រើក្រសែភ្នែកឌឺសម្លឹងមុខរបស់ ជុងហ្គុក រួចក៏បើកឡានហួសផុតទៅដោយមានស្នាមញញឹមចុងមាត់បែបភាពជាអ្នកឈ្នះ។ ជីមីន ដើរចូលក្នុងផ្ទះដោយគេចក្រសែភ្នែកកំណាចសម្លឹងមកកាន់ខ្លួន ក្នុងចិត្តនឹកខ្លាចគេរករឿងនាងទៀត
      “នាងនិងអាម្នាក់នោះដល់ណាហើយ?” សម្លេងមាំសួរធ្វើឱ្យនាងអាក់ដំណើររួចក៏តប៖
      “ពូបើកតាក់ស៊ីទេលោកកុំយកចិត្តទុកដាក់អី” ជីមីន ចេះតែឆ្លើយឱ្យតែរួចៗពីមាត់ ធ្វើឱ្យ ជុងហ្គុក ហួសចិត្តនិយាយលែងចង់ចេញ
      “ពូបើកតាក់ស៊ីរបស់នាងប្រើឡានថ្លៃកប់ពពកអ៊ីចឹងឬ?” ជុងហ្គុក ចាប់ខ្ញាំដើមដៃនាងសួរដោយកំហឹង
      “គេជាចៅហ្វាយរបស់ខ្ញុំ” ជីមីន ខំប្រឹងទប់ទឹកភ្នែកកុំឱ្យស្រក់ហូរ
      “លើសពីចៅហ្វាយទេ?”
      “លើស! ខ្ញុំមានជម្រើសច្រើនណាស់បើគ្មានលោក មិនខ្វះទេមនុស្សប្រុសដែលតាមស្រឡាញ់ខ្ញុំ ដែលទ្រាំរស់នៅលេបលាក់ទឹកភ្នែកក្នុងផ្ទះជាមួយលោកនិងប្រពន្ធចុងរបស់លោករាល់ថ្ងៃនេះព្រោះតែ..” និយាយដល់ត្រឹមនេះទឹកភ្នែករយលានក៏ស្រក់ចុះកាត់ថ្ពាល់ក្រហមទុំ ចុងច្រមុះប្រែពណ៍ទៅជាក្រហមឆ្អិនឆ្អៅភ្លាម ខណ:ពេលទឹកភ្នែកហូរច្រើនធ្វើឱ្យតាងតឹងច្រមុះស្ទើរតែហូរសំបោរ
      “ព្រោះអី?” គេស្រែកសួរនាងព្រោះចង់ដឹង តែក៏ត្រូវ ថេសា ចូលមកកាត់ចង្វាក់ទើបគេព្រលែងដៃចេញពីរាងតូច
      “មានរឿងអី? មកពីធ្វើការហេតុអីមិនចូលទៅក្នុងផ្ទះ?” ថេសា ដើរមករកពួកគេដែលនៅឈរក្បែរឡាន
      “កំពុងតែចង់ចូលទៅល្មម អូនមានពោះមានពុងកុំចេញមកក្រៅផ្ទះយប់ព្រលប់” ជុងហ្គុក ក៏ប្រញាប់ចូលទៅចាប់ដៃ ថេសា ដើរចូលក្នុងផ្ទះវិញមិនខ្វល់ពីអ្នកម្ខាងទៀតដែលកំពុងតែឈរសម្រក់ទឹកភ្នែកអន់ចិត្ត
      (ព្រោះតែខ្ញុំស្រលាញ់លោកនោះអី!) ពាក្យស្រលាញ់បានត្រឹមតែនិយាយក្នុងចិត្ត ព្រោះក្តីស្រឡាញ់គ្មានការតបស្នង

     
     
     
     
     

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now