ភាគ១៧(គ្រាន់តែមានកូន💔)

1.4K 92 1
                                    

      ភូមិគ្រឹះត្រកូល កុង
      កាលបើទៅរក ជុងហ្គុក ដល់ផ្ទះហើយមិនឃើញ ថេសា ក៏បើកឡានត្រឡប់មកដល់ផ្ទះវិញ គ្រាន់តែចូលដល់ក្នុងផ្ទះភ្លាមក៏ទទួលបានអ្វីមិនល្អពីអ្នកម៉ាក់ទៅលើផ្ទៃមុខរបស់នាង
      “ទៅមានកូនជាមួយអ្នកណាហាស៎?!!!!” លោកស្រី កុង ស្រែកដាក់កូនស្រីខ្លាំងៗក្រោយពីបោះប្រដាប់ពិនិត្យទឹកនោមចំមុខកូនស្រី ទើបតែមកដល់កូរ៉េវិញ ២សប្តាហ៍ជាងក៏មានកូន ទៅនៅអាល្លឺម៉ង់២ឆ្នាំហើយ គ្មានកែចរិតសោះ ដើរលេង មិនចូលផ្ទះដាច់យប់សឹងរាល់ថ្ងៃ ការងារអីក៏មិនធ្វើ បំផ្លាញតែលុយ គាត់ខឹងនឹងកូនស្រីខ្លាំងណាស់ខឹងដល់ថ្នាក់ចង់ខ្យល់ចាប់
      “ជុងហ្គុក!” ថេសា ឆ្លើយយ៉ាងខ្លី ធ្វើឫកពាធុញជាមួយអ្នកជាម៉ាក់យ៉ាងខ្លាំង
      “អាជុងហ្គុកទៀតហើយហ្អេស៎? ម៉ាក់ឱ្យឯងទៅក្រៅប្រទេសដើម្បីបំភ្លេចវា តែឯង.. អើយ..!!” លោកស្រី កុង ខឹងកូនដល់ថ្នាក់និយាយលែងចេញទើបខ្លួនអង្គុយលើសាឡុងឱ្យស្រួលខ្លួនរួចក៏និយាយបន្ត៖
      “គេមានប្រពន្ធហើយ ថេសាអើយថេសា លក់មុខម៉ាក់ទៀតហើយ” គាត់ញីថ្ងាស់ហើយព្យាយាមដកដង្ហើមមួយៗ
      “មានប្រពន្ធក៏មានទៅ សំខាន់ខ្ញុំស្រលាញ់គេ មានកូនឱ្យគេ យូរៗទៅគេគង់តែស្រលាញ់ខ្ញុំ លែងលះជាមួយប្រពន្ធទេ ខ្វល់ធ្វើម៉ាក់សម័យនេះហើយ” ថេសា និយាយបណ្តើរកេះក្រចកបណ្តើរ នាងមិនខ្វល់ទេចង់អ្នកណានិយាយដើមក៏និយាយទៅ
      “កុង ថេសា!!!! ឱ្យល្មមៗបានហើយណា៎” អ្នកម៉ាក់ ស្រែកខ្លាំងៗម្តងទៀត
      “មិនដឹងទេ ស្អែកខ្ញុំប្រាប់ជុងហ្គុក ហើយរើឥវ៉ាន់ទៅនៅផ្ទះគេហើយ” ថេសា គ្មានខ្វល់ទេ ចង់ម៉ាក់ខ្មាសគេ ស្ទះខ្យល់យ៉ាងម៉េចក៏យ៉ាងម៉េចទៅ
      “គិតថាទៅនៅផ្ទះស្រួលហ្អេសកូន? គេមានប្រពន្ធ គ្រួសារគេមិនដែលពេញចិត្តកូនទេ កុំទៅអី ចៅមួយម៉ាក់ចិញ្ចឹមបាន” ដល់ដំណាក់កាលនេះ គាត់អង្វរកូនស្រីវិញ អារម្មណ៍ជាម្តាយមិនចង់ឱ្យកូនត្រូវអ្នកណាធ្វើបាបទេ
      “អត់ទេ! ខ្ញុំចង់ទៅ កុំចេះដឹងជីវិតខ្ញុំ” ថេសា ប្រកែកដាច់អាហង្ការ នាងចង់ធ្វើអ្វីត្រូវតែធ្វើឱ្យបាន
      “ថេស៍! កុំអីណាកូន” គាត់បន្តអង្វរទៀត
      “បណ្តោយឱ្យទៅៗ អស់ខ្យល់មកវិញហើយ” លោកកុង មិនឃាត់កូនព្រោះដឹងថាឃាត់មិនបានសម្រេច គាត់លក់មុខព្រោះកូនស្រីស្ទើរតែមួយជីវិតទៅហើយ ស៉ាំហើយបើគេនិយាយដើម
     
     ថ្ងៃថ្មី..
      សមាជិកគ្រប់គ្នាក្នុងគ្រួសារជុំគ្នាស្រស់ស្រូបអាហារពេលព្រឹកខណ:ព្រះទើបតែចាប់ផ្តើមបញ្ចេញរស្មី ដៃស្រឡូនតូចដួលអាហារដាក់ចូលក្នុងមាត់ទំពារថ្នមៗ ខណៈនោះក៏មានស្រីស្រស់ឆើតឆាយម្នាក់ដើរចូលក្នុងផ្ទះគ្មានក្រែងចិត្តនរណម្នាក់សោះ
      “សុំរួមតុផងតើបានទេ?”
      “មានឋាន:អី?ចង់មកចាប់ប្តីគេទាំងប្រលឹមមែនទេ?” ស្រីតូច ជុងស៊ូ មាត់ឆៅក៏ស្តីឱ្យ ថេសា  មិនមែននាងមិនដឹងថា ថេសា គិតអីលើបងប្រុសនាងឯណា តែនាងមិនពេញចិត្តនឹង ថេសា!!!!
      “ត្រូវហើយខ្ញុំគ្មានឋាន:ទេព្រោះខ្ញុំបានត្រឹមតែពរពោះកូនឱ្យជុងហ្គុកប៉ុណ្ណោះ” នាង ថេសា ព្យាយាមសម្តែងទឹកមុខកម្សត់ធ្វើឱ្យខ្ញុំគ្នាលង់ជឿអាណិតនាង
      “នាងនិយាយអី?” ជុងហ្គុក មិនជឿនឹងស្តីរបស់ ថេសា ក៏ក្រោកឈរសួរបញ្ជាក់ម្តងទៀត គេម៉េចនឹងអាចមានកូនបានទៅ បើធ្វើរឿងជាមួយនាងតែម្តងសោះ មេជីវិតរបស់គេឆាប់ងាប់ទៀត មិនអាចទេ។ ឮគេសួរ នាំឱ្យ ថេសា បញ្ជាក់សម្តីច្បាស់ៗម្តងទៀតកាត់ត្រចៀកគ្រប់គ្នា
      “ពួកយើងមានកូនហើយជុងហ្គុក”
      ក្តុក! បេះដូងធ្លាក់ដល់ដីមាត់ទំពារអាហារលែងទៅមុខវាហាក់អួលៗដង្ហើមថប់ៗទ្រូងឆ្វេងឈឺចុកចាប់ដូចត្រូវទឹកអាស៊ីតស្រោចពីលើ នាងខំធ្វើមិនដឹងមិនឮរឿងគ្រប់យ៉ាង តែរឿងមានកូនជាមួយគ្នានេះជារឿងធំ កន្លងមកគេផ្តល់ភាពសំខាន់ឱ្យនាងគិតរហូតថាគេស្រឡាញ់នាងទាំងដែលការពិតនាងគិតតែម្នាក់ឯង បើគេស្រលាញ់នាងមែនមិនមែនគេទៅមានកូនជាមួយស្រីផ្សេងដែលមិនមែនជានាងទេ ហេតុអ្វីៗៗៗ គេធ្វើបែបនេះបានដោយរបៀបណា?!!!!
      “យើងម៉េចនឹងជឿថានាងមានផ្ទៃពោះជាមួយបងប្រុសយើងឬអត់?” ជុងស៊ូ ដេញដោល
      “ក្រដាសពិនិត្យផ្ទៃពោះមើលទៅ” ថេសា ហុចក្រដាសពិនិត្យផ្ទៃពោះឱ្យ ជុងស៊ូ ហើយក៏ហុចឱ្យគ្រប់គ្នាមើល
      “ទៅនិយាយជាមួយប៉ាក្នុងបន្ទប់!” លោកជុនទម្លាក់ស្លាបព្រាចុះក្រោកឈរក្រោយពីពោលពាក្យសម្តីផ្តាច់ការទៅកាន់ ជុងហ្គុក ឮដូច្នេះ ជុងហ្គុក ក៏បានត្រឹមតែធ្វើតាមលោកប៉ាអារម្មណ៍គេពេលនេះពិបាកបរិយាយណាស់គេមិនដឹងថាត្រូវដោះស្រាយជាមួយភរិយាស្របច្បាប់របស់គេបែបណា នាងឈឺខ្លាំងមែនទេ?
      “ទៅមានផ្ទៃពោះជាមួយបងប្រុសខ្ញុំបានយ៉ាងម៉េចនាងថេសា?” ជុងស៊ូ ខឹងក្រេវក្រោធ នាងចង់ចាប់ទះ ថេសា នៅខណ:ពេលនេះ បើនាងជា ជីមីន វិញនាងមិននៅស្ងៀមទេ។ តែបើសិនពេលនេះនាងជា ជីមីន ទើបដឹងថាពិភពលោកជាប់គាំងដង្ហើមលែងចង់ដក
      “រឿងផ្ទៃក្នុងរបស់មនុស្សធំឯងមិនចាំបាច់ចង់ដឹងទេ តែបើចង់ដឹងច្បាស់សួរបងថ្លៃរបស់ឯងទៅ” ពាក្យសម្ដីឌឺដងផ្ចាញ់ផ្ចាលធ្វើឱ្យ ជីមីន ឈឺចិត្តខ្លាំងជាងមុនរាប់ម៉ឺនដង គេមិនដែលប៉ះពាល់នាងទេក្នុងចិត្តបន់កុំឱ្យមានអ្នកសួរពីរឿងនេះ នាងមិនចង់ឆ្លើយ មិនស្តាប់ នាងជាភរិយាស្របច្បាប់របស់គេ ចង់គេមានកូនជាមួយអ្នកផ្សេងក៏មានទៅ នាងទទួលបានដោយឥតល័ក្ខខ័ណ្ឌ ខណ:ដែលបេះដូងឈឺចុកចាប់ពឺតផ្សា
     
      ក្នុងបន្ទប់មានសភាពស្ងប់ស្ងាត់សភាពការណ៍តានតឹងទាំង ជុងហ្គុក និង លោកជុន
      “..ឯងមានកូនជាមួយ ថេសា មែនឬក៏អត់?” សម្តីប្រាកដប្រជារុញច្រានឱ្យអារម្មណ៍ ជុងហ្គុក វិលវល់មួយរំពេច
      “ខ..ខ្ញុំមិនដឹងទេ”
      “កុំឆ្លើយថាមិនដឹង!!!” គាត់តម្លើងសម្តីឱ្យជុងហ្គុកឆ្លើយឱ្យច្បាស់
      “គ..គឺខ្ញុំធ្វើរឿងនោះជាមួយថេសាតែម្តងប៉ុណ្ណោះ” គេនិយាយទាំងអៀនខ្មាសក្នុងចិត្ត តែវាក៏បញ្ជាក់ហើយថាកូនក្នុងផ្ទៃរបស់ថេសាជាកូនរបស់គេ៩៥ភាគរយ
      “ផ្តេសផ្តាស!!!” លោកជុន ហួសចិត្តជាខ្លាំងក្នុងចិត្តខំតែគិតថាកូនប្រុសមិនប៉ះពាល់ស្រីណាម្នាក់ ទើបអង្វរឱ្យ ជីមីន រៀបការជាមួយព្រោះ ជីមីនជាមនុស្សស្រីក្នុងក្តីស្រមៃរបស់កូនប្រុស ទីបំផុតកូនប្រុសរបស់គាត់ក៏ទៅធ្វើរឿងឆ្គួតឡប់បែបនេះ តើគាត់មានមុខឯណាទៅជួបជីមីន?
      “....” ជុងហ្គុក បានត្រឹមតែស្ងៀមស្ងាត់ទទួលកំហុសដែលខ្លួនសាងដោយសារតែជាតិស្រវឹងនាំមុខមួយពេល
      “ឯងធ្លាប់មានកូនចិត្តស្រឡាញ់ជីមីនឬអត់?” លោកជុន ជ្រើសរើសសំណួរនេះដើម្បីដោះស្រាយរឿងគ្រប់យ៉ាង
      “...ប៉ា!!”
      “ឆ្លើយមក!”
      “...ខ..ខ្ញុំសុំទោស...ខ្ញុំមិនដែលស្រឡាញ់នាងទេ” គេគិតមកជាយូរទម្រាំតែនិយាយពាក្យនេះចេញ គេខុសធ្ងន់ណាស់ បើគេហាមាត់ថាស្រឡាញ់នាង គេរឹតតែអាត្មានិយមពីព្រោះមនុស្សដែលស្រឡាញ់គ្នាមិនក្បត់គ្នាទេ អាពាហ៍ពិពាហ៍មួយនេះគេជាអ្នកបំផ្លាញទោះជា ជីមីន ខំថែខំឱបក្រសោបក៏ត្រូវរលាយព្រោះនាងខំតែម្នាក់ឯង
      “ចុះមនុស្សស្រីក្នុងគំនូរដែលជាមនុស្សក្នុងក្តីសុបិន្តឯងនោះយ៉ាងម៉េចវិញ?” កាលពីប៉ុន្មានឆ្នាំមុន មុនពេលជួបជីមីន ជារៀងរាល់យប់ ជុងហ្គុកតែងតែសុបិន្តឃើញខ្លួនឯងនែបនិត្យជាមួយមនុស្សស្រីស្អាតម្នាក់នៅក្នុងបន្ទប់បុរាណ សុបិន្តរាល់ៗថ្ងៃធ្វើឱ្យគេមានចិត្តចង់ចងចាំមុខនាងទុកទើបគូសវានៅលើផ្ទាំងសរមួយផ្ទាំងទុកក្នុងបន្ទប់ចៃដន្យ ជុងស៊ូ ចូលទៅឃើញទើបលួចថតចែកចាយពេញផ្ទះ
      “ស្រីម្នាក់នោះគ្រាន់តែមុខដូចជីមីន” គេកុហកលោកប៉ានិងខ្លួនឯងទាំងដែលការពិតមនុស្សស្រីក្នុងក្តីស្រមៃគេគឺជាជីមីន
      “ល្អ!កន្លងមកយើងបង្ខំឯង បង្ខំក្មេងស្រីដែលមិនដឹងខ្យល់អីឱ្យធ្លាក់រណ្តៅទឹកភ្នែក យើងខុសធ្ងន់ណាស់ពីពេលនេះទៅយើងឈប់បង្ខំឯងទៀតហើយ” សម្តីសោកស្តាយស្នាមញញឹមសោះកក្រោះ ហឹម...គាត់យល់ខុសហើយកន្លងមកគាត់មិនដឹងពីចិត្តកូនប្រុសគាត់ច្បាស់ទេ គ្រប់យ៉ាងដែលគេធ្វើព្រោះបង្ខំ ទង្វើគេគឺក្លែងក្លាយប៉ុន្តែក្មេងស្រីដែលគាត់ជ្រើសរើសជាកូនប្រសារជឿថាជាការពិត ចំណងទាំងអស់គាត់ជាអ្នកចងពេលនេះចង់ស្រាយវាពិបាកខ្លាំងណាស់ ចិត្តមនុស្សស្រីទន់ខ្សោយឆាប់លង់ជឿទង្វើល្អឆាប់ទោរទន់ឆាប់ប្រគល់ឱ្យ ពេលនេះនាងនឹងឈឺខ្លាំងជាងនរណាទាំងអស់
     
      លោកជុន និង ជុងហ្គុក ចេញពីបន្ទប់វិញទាំងទឹកមុខស្មើធេង គ្មាននរណាស្មានដឹងពីផ្លូវចិត្តខាងក្នុង គ្រប់គ្នាអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវរង់ចាំការសម្របសម្រួលស្ថានការណ៍
      “ជុងហ្គុក!” ថេសា ចូលទៅឱបដៃតោងទាមជុងហ្គុក ដូចឈ្លើង នាងគ្មានគិតក្រែងចិត្តគ្មានអាសូរដល់ប្រពន្ធស្របច្បាប់របស់គេនៅចំពោះមុខសោះ តែត្រូវ ជុងហ្គុក ចាប់បេះដៃចេញភ្លាមៗ
      “ជួយសម្រួលឥរិយាបថបន្តិចទៅនាងថេសា” ជុងស៊ូ អត់ទ្រាំមិនបានក៏បោះសម្តីគម្រោះគម្រើយ
      “កុំហៅខ្ញុំដាច់សាច់ពេកខ្ញុំបងនាងដល់ទៅ៩ឆ្នាំ ហើយខ្ញុំក៏នឹងក្លាយទៅជាបងថ្លៃរបស់នាងផងដែរ” សម្លេងនៃភាពជឿជាក់ស្នាមញញឹមពិសពុលច្របាច់បេះដូង ជីមីន ឱ្យស្រោចឈាមនិងភាពឈឺផ្សា
      “នាងគ្មានសិទ្ធ!ខ្ញុំគ្មានថ្ងៃទទួលស្គាល់នាងដាច់ខាត”
      “ចាំតែមើលទៅ”
      “ចប់នៅ?” សំណួរដែល ជុងហ្គុក សួរធ្វើឱ្យអ្នកដែលប្រកែកគ្នាដឹងកំហុស
      “សុំទោស” សភាពក្នុងបន្ទប់ប្រែជាស្ងប់ស្ងាត់ជ្រងំនាំឱកាសឱ្យ លោកជុន បាននិយាយ
      “ហឹម..ខ្ញុំដឹងថាគ្មាននរណាចង់ឱ្យរឿងទៅជាបែបនេះទេ ថេសា ជាស្រីក្រមុំជាកូនអ្នកមានមុខមានមាត់ក្នុងសង្គមបើឱ្យអ្នកផ្សេងដឹងថាមានផ្ទៃពោះគ្មានមនុស្សទទួលខុសត្រូវគឺមិនល្អទេ ចំណែក ជីមីន បើលែងលះស្វាមីទាំងបែបនេះក៏ពិបាកទទួលដូចគ្នា ហឹម..ដូច្នេះហើយប៉ាចង់ឱ្យជីមីនរើស ថានៅបន្តឬក៏បញ្ចប់?” ន័យរបស់គាត់គឺបើនាងនៅបន្តនាងត្រូវតែទទួលស្គាល់កូនប្រពន្ធក្រោយរបស់ជុងហ្គុក បើនាងបញ្ចប់នាងត្រូវលែងលះឱ្យ ជុងហ្គុក និងស្រីម្នាក់នោះនៅជាមួយគ្នាពេញសិទ្ធពេញមុខពេញមាត់មិនទើសទាល់នាង
      (និយាយអីបន្តិចទៅ,ឃាត់ខ្ញុំបន្តិចទៅ បដិសេធថាមិនបានមានកូនជាមួយអ្នកនាងថេសាបន្តិចទៅ និយាយថាស្រឡាញ់ខ្ញុំបន្តិចទៅ ខ្ញុំសុំអង្វរ) ជីមីន យំស្រែកអង្វរគេនៅក្នុងចិត្ត គេមិននិយាយអីបែបនេះនាងស្ទះទ្រូងខ្លាំងណាស់ នាងរឹតតែស្ទះពេលសម្លឹងចំកែវភ្នែកទទេរស្អាតរបស់គេ នាងឈឺនាងខកចិត្តគេមើលមិនឃើញស្តាប់មិនឮទេឬ?
      “...ខ្ញុំចង់បន្តរ...ក៏គ..គ្រាន់តែមានកូនជាមួយគ្នាមិនអីទេ” ស្នាមញញឹមជូរចត់ជូនចំពោះស្វាមីជាទីស្រឡាញ់ នាងញញឹមដាក់គេព្រមទទួលកូនប្រពន្ធក្រោយរបស់គេ គ្រប់គ្នាប្រហែលជាគិតថានាងល្ងង់ណាស់ ការពិតនាងមិនល្ងង់ទេ ដរាបណាគេមិនបាននិយាយថាស្អប់នាងចង់នាងដេញចេញពីជីវិតគេនាងនឹងមិនទៅណាទេ

....

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now