មន្ទីរពេទ្យ
ត្របកភ្នែកសន្សឹមកម្រើកឡើងម្ដងៗបន្តិចៗ ម្រាមដៃចាប់ផ្ដើមមានចលនាមុនពេលសភាពទាំងមូលត្រូវបានដំណើរការឡើងវិញ ។ ជេគសម្លឹងមើលពិដានទាំងព្រាលៗ ព្រមទាំងចម្លែកចិត្តព្រោះមិនដឹងថាទីនេះជាកន្លែងណា? និងមានអារម្មណ៍ឈឺក្បាលជាទីបំផុត ដល់ថ្នាក់គេក្រោកឡើងសឹងតែមិនរួចឡើយ អវយវៈហាក់បីដូចជាស្ពឹកអស់សព្វកន្លែងយ៉ាងអញ្ចឹង ។
" ជេគ?! ជេគក្រោកហើយមែនទេ? " សម្លេងនេះជេគចាំច្បាស់ណាស់ព្រោះជាសម្លេងរបស់មនុស្សតែម្នាក់គត់ដែលបានបីគេមកទីនេះ ជេគប្រាកដណាស់ថាគ្មាននរណាក្រៅពី " ភូរិន្ទ " ឡើយ ។ គេក្រោកពីកៅអីយ៉ាងត្រហេបត្រហបសម្ដៅមកកាន់ខ្លួនជាមួយរឹកពាព្រួយបារម្ភ អត់មិនបានអោយប្រុសល្អិតឆ្ងល់ ។
" ខ្ញុំ... " ជេគស្ទាបក្បាលខ្លួនឯងដែលកំពុងឈឺខ្ទោកៗ ក៏ចាប់អារម្មណ៍ថាមានម្ជុរសឺរ៉ូមដោតជាប់និងដៃ ក្រោយមកក៏សន្សឹមងាកមើលមុខគេវិញម្ដង បែបចង់មានរឿងច្រើនណាស់ត្រូវសួរ ។
" រឿងវែងឆ្ងាយណាស់ សំខាន់ពេលនេះជេគយ៉ាងមេចហើយ? មានឈឺត្រង់ណាទេ? " គេចាប់ក្រសោបក្បាលប្រុសតូចល្អិតនិយាយជាមួយសម្លេងញ័រៗ បែបជាមនុស្សនៅស្លុតមិនបាត់ ពេលនេះយប់ជ្រៅហើយ មនុស្សគ្រប់គ្នាគេទៅរកកន្លែងសម្រាករៀងៗខ្លួនហើយរួមទាំងស៊ូណូដែលទើបចេញទៅមុននេះ នៅតែនាយភូរិន្ទតែប៉ុណ្ណោះដែលមិនព្រមឃ្លាតទៅណាដោយហេតុថាបារម្ភនោះឯង
" ខ្ញុំ...ខ្ញុំអត់អីទេ " ជេគគ្រវីក្បាលតិចៗតាមដោយដៃទន់ល្វក់ ត្របកភ្នែកជ្រឹបចូលគ្នា មាត់ប្រាប់គេថាអត់អីទេ តែមិនអញ្ចឹងឡើយ ព្រោះពេលនេះក្បាលរបស់គេឈឺស្ទើរតែជិតផ្ទុះទៅហើយ ។
" ពួកយើងគួរឡើងទៅទីក្រុងវិញ ខ្ញុំថាជេគនៅទីនេះមិនបានយូរទៀតទេ " ព្រោះមិនទុកចិត្ត ភូរិន្ទចូលមកអង្អែលក្បាលជេគតិចៗ
" ខ្ញុំចង់សម្រាក បងត្រឡប់ទៅវិញចុះ ខ្ញុំអរគុណបងហើយដែលបានមើលថែខ្ញុំ " ជេគត្រេត្រាទម្លាក់ខ្លួនគេងវិញយ៉ាងលឿន រកតែអ្នកម្ខាងទៀតនិយាយតលែងបាន គេបង្ខំចិត្តស្ងាត់មាត់ពេលឃើញជេគគេងបែរខ្នង ក្រោយមកក៏បង្ខំចិត្តដើរចេញទៅដើម្បីមិនចង់រំខានគេជាងនេះ ។
-
ថ្ងៃថ្មី...
បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យមក ជេគបានសម្រេចចិត្តថាមិនបានបន្តដំណើរទៅជាមួយពួកគេវិញទៀតឡើយ ។
ដោយថ្ងៃនេះ ប្រុសតូចសម្រេចចិត្តអោយអ្នកឯទៀតចុះទៅទស្សនកិច្ចបន្តចំណែកឯខ្លួនមិនទៅបន្តជាមួយពួកគេទៀតឡើយ ដោយហេតុថាមិនចង់គេងផ្ទះសំណាក់ទើបគេចង់ទៅគេងនៅផ្ទះសាច់ញាតិមិនឆ្ងាយ នៅឯស្រុកស្រែ ។
YOU ARE READING
LOVE WINS ALL ( JH )
Short Storyស្នេហាមិនថាស្ថិតក្នុងលក្ខណៈបែបណា ប្រសិនបើគេគិតថាវាជារឿងធំធេងបំផុត នោះនឹងគ្មានឧបសគ្គឯណាមករារាំងបានឡើយ " លោកម្ចាស់មិនបាននៅក្នុងចិត្តរបស់ខ្ញុំ លោកម្ចាស់ពុំអាចដឹងទេថាខ្ញុំស្រឡាញ់នរណា លោកម្ចាស់បានត្រឹមគិតថាខ្ញុំមានចិត្តមិនស្កប់ស្កល់តែប៉ុណ្ណោះ ខ្ញុំបាទមិន...
