ថ្ងៃថ្មី
ត្របកភ្នែកសន្សឹមរើបម្រះមុនពេលកែវភ្នែកទាំងទ្វេបើកឡើង ជេគសម្លឹងពិដានទាំងចម្លែកចិត្តមុនពេលស្ទុះស្ទាក្រោកអង្គុយសម្លឹងសភាពជុំវិញខ្លួនទាំងតក់ស្លុត ព្រោះគេកំពុងនៅក្នុងបន្ទប់លោកម្ចាស់ ។
" ស្អីគេនេះ? " នាយល្អិតដឹងខ្លួនឯងថាយប់មិញដេកក្នុងបន្ទប់លោកម្ចាស់ពេញមួយយប់ ទើបលើកដៃគោះថ្ងាសខ្លួនឯងខ្សឺៗ មុនពេលប្រញាប់ចុះពីលើគ្រែ ដើម្បីដើរចេញទៅខាងក្រៅ
" លោកម្ចាស់ " ជេគ ឃើញលោកម្ចាស់អង្គុយអានសៀវភៅទៀតហើយ នាយតូចហៅលោកម្ចាស់ពីចម្ងាយព្រមទាំងលើកចិញ្ចើម ស្របពេលយាយសយនិងនាងសមនាំគ្នាសម្លឹងមើលមកជេគដោយហេតុថាគេដើរចេញពីបន្ទប់របស់លោកម្ចាស់ហ្នឹងឯង
" ទៅមុជទឹកទៅ នឹងអាលមករៀនសូត្រ "
លោកម្ចាស់នៅបន្តអានសៀវភៅដដែលគ្រាន់តែហុចពាក្យអោយគេតែប៉ុណ្ណោះឯង ហើយជេគលឺបែបនោះក៏សម្ដៅទៅងូតទឹកដោយមិនភ្លេចសើចញឹមៗដាក់យាយកំពុងសម្លឹងគេលើក្រោម ។
ប្រមាណមួយស្របក់ក្រោយមក នាយតូចដើរមកក្បែរលោកម្ចាស់ពាក់អាវដៃខ្លី ក្រណាត់លោកម្ចាស់រុំអោយយប់មិញមិនហ៊ានយកចេញទេ ទុកទៅសួរលោកម្ចាស់ ។ ជេគ វារគើមៗ ទៅអង្គុយជិតជើងលោកម្ចាស់ខណៈពេលលោកម្ចាស់ស្ងៀមស្ងាត់ទើបគេលូកមាត់មុន :
" ដៃរបស់ខ្ញុំ លោកម្ចាស់រុំអោយមែនទេ? "
គេនិយាយភ្លាម យាយសយក្រឡេកមើលភ្លាម ទើបចាប់អារម្មណ៍ថាដៃបុត្ររុំក្រណាត់ពណ៌ទឹកមាសរបស់លោកម្ចាស់ អត់មិនបានសួរនាំ
" ដៃឯងទៅត្រូវនិងអីមកអាបុត្រ? "
" គឺម្សិលមិញ ខ្ញុំជូនអ្នកនាងនារីទៅវត្ត មិនប្រយ័ត្ន ខ្ញុំធ្វើអោយខ្លួនឯងមុតកាំបិតណាយាយ "
" ហា៎ស? ចុះម៉េចយើងមិនដឹង? ពីម្សិលឯងមកដែលផ្ទះថ្មើរណា? "
" ខ្ញុំ...ខ្ញុំមិនដឹងទេ " ជេគ អេះក្បាលខ្លួនឯងតិចៗ ក្រឡាប់កែវភ្នែកប្រឹងរកនឹកថាមកដល់ផ្ទះស្មានណា ចង់ដឹងថាយប់មិញមានរឿងអីកើតឡើងខ្លះ បានគេមកដល់ក្នុងបន្ទប់លោកម្ចាស់ គេមិនដឹងអីទេ បែបថាដេកទ្រមក់ពិតមែន
" យាយជួយរកពន្លៃ បុកយកម៉ដ្ឋអោយខ្ញុំបន្តិចមក " លោកម្ចាស់បិទសៀវភៅទុក ងាកទៅប្រាប់វ័យចំណាស់ទើបគាត់មិនចាំយូរអូសនាងសមដែលកំពុងសម្លក់សម្លឹងចេញដើម្បីទៅរកពន្លៃជូនលោកម្ចាស់
VOCÊ ESTÁ LENDO
LOVE WINS ALL ( JH )
Contoស្នេហាមិនថាស្ថិតក្នុងលក្ខណៈបែបណា ប្រសិនបើគេគិតថាវាជារឿងធំធេងបំផុត នោះនឹងគ្មានឧបសគ្គឯណាមករារាំងបានឡើយ " លោកម្ចាស់មិនបាននៅក្នុងចិត្តរបស់ខ្ញុំ លោកម្ចាស់ពុំអាចដឹងទេថាខ្ញុំស្រឡាញ់នរណា លោកម្ចាស់បានត្រឹមគិតថាខ្ញុំមានចិត្តមិនស្កប់ស្កល់តែប៉ុណ្ណោះ ខ្ញុំបាទមិន...
