ភាគ១៨ : បារម្ភក៏ខុស

724 109 37
                                        

“ ចា៎ស! ខ្ញុំនិងលោកបង រៀបការជាមួយគ្នានៅសប្ដាហ៍ក្រោយនេះហើយ ” បេះដូងនាយល្អិតពេលនេះមិនខុសពីគេយកកាំបិតមកចាក់អោយធ្លុះធ្លាយនោះទេ សម្ដីមួយឃ្លានេះស្ដាប់ហើយបីដូចមានអ្នកមកទះកំភ្លៀងគេអោយឈឺចាប់ផ្ទួនៗ កែវភ្នែកក្រឡង់កល់ដោយដំណក់ទឹកភ្នែក ភ្លាមៗវាស្រាប់តែហូរ រកជាអ្វីឃាត់មិនបានឡើយ
“ បាទ ” ជេគ បានត្រឹមញញឹមឈ្ងោកមុខចុះលើកម្រាមដៃជូតទឹកភ្នែកចេញស្របនិងនេត្រាមុតស្រួចទាំងទ្វេសម្លឹងមកគេទាំងអួលណែន លោកម្ចាស់ហាក់មិនស្ងប់ចិត្តពេលដែលឃើញកិរិយាគេបែបនេះ ហើយលោកក៏កាន់តែមិនសប្បាយចិត្តនិងអោយគេដឹងទៅទៀតថាត្រូវចូលរោងជ័យជាមួយអ្នកថ្មីព្រោះចិត្តរបស់គេនិងចិត្តរបស់លោកម្ចាស់មិនខុសពីគ្នាប៉ុន្មាននោះទេ វាស្ទើរតែភ្ជាប់ចងជានិស្ស័យតែមួយមិនឃ្លាតទៅហើយ
“ ជិតថ្ងៃត្រង់ហើយ តស់យើង! ” លោកជំទាវញញឹមយ៉ាងសមរម្យក្រោកឡើងទៅ យាយសយក៏រហ័សក្រោកឡើងដូចគ្នា គ្រប់គ្នាញញឹមត្រេកអរណាស់ ផ្ទុយពីអ្នកខ្លះតែប៉ុណ្ណោះ ទឹកមុខកម្សត់ប្រៀបបានទុក្ខប៉ិនភ្នំមកសង្កត់និងទ្រូងអីចឹង
“ ... ” ព្រោះមិនចង់ជាឆ្អឹងទទឹងកអោយកាន់តែយូរ ជេគសង្វាតក្រោកដើរចេញយ៉ាងលឿនចុះទៅខាងក្រោម មិនអោយសម្ដីតបកសូម្បីតែមួយពាក្យ បន្សល់អោយនរៈតាមសម្លឹងផែនខ្នងទាំងមានអារម្មណ៍ដឹងខ្លួនខុសគឺខុសធ្ងន់ណាស់ លោកម្ចាស់មិនដែលមានអារម្មណ៍អីបែបហ្នឹងឡើយ
“ លោកបងត្រូវការពិសាអាហារទេ? ចាំប្អូនរៀបចំមកជូន ” នារី ឃើញគេស្ងៀមស្ងាត់មិននិយាយស្ដី ជារឿយៗ នាងតែងតែនាំពាក្យអោយគេមុន ព្រមទាំងញញឹមស្រទន់ដាក់គេជានិច្ច
“ បងមិនឃ្លានទេ ” លោកម្ចាស់តបដោយកិរិយាស្ងៀមស្ងាត់មុននឹងប្រញាប់ដើរចេញទៅម្នាក់ទៀត នារីបានត្រឹមតែតាមមើលផែនខ្នងរបស់គេព្រមទាំងដកដង្ហើមធំ នាងនិងគេ ជិតរៀបការជាមួយគ្នាហើយ គេនៅតែសោះអង្គើយដាក់នាងដូចដើម ។

    និយាយពីនរៈតូច ចេញមកអង្គុយលើវាលស្មៅឯសួនច្បារសម្ងំទ្រប់មុខចុះយំតែម្នាក់ឯងស្ងៀមស្ងាត់ ទាំងស្មាញាក់ទទ្រើក គេមិនដឹងថាគេត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាតទៅថ្ងៃមុខ ត្រឹមថ្ងៃនេះ គេឈឺចាប់ណាស់ បេះដូងរបស់គេមួយក្ដាប់ដូចមានមនុស្សខ្វេះយកទៅជាន់ឈ្លីអោយឈឺផ្សាទាំងរស់ គេពិតមិនចង់ឃើញរូបភាពបែបនេះ គេស្រម៉ៃមិនចេញ គេមិនចង់ឃើញលោកម្ចាស់រៀបការជាមួយអ្នកណាឡើយ
“ អ្ហឹក៎...ៗ ” បើប្រាប់ថាពេលនេះគេត្រេកអរតើមានអ្នកណាជឿ? ម្ចាស់ផ្ទះត្រូវរៀបការគេគិតថាគួរជារឿងត្រូវមានក្ដីសុខសម្រាប់អ្នកជ្រកក្រោមដំបូលផ្ទះដូចជាគេ ហេតុអីចិត្តនិងបេះដូងបែរជាត្រូវមកឈឺចាប់ផ្ទួនៗទៅវិញទាំងដែលលោកម្ចាស់និងគេគ្មានទំនាក់ទំនងអ្វីពិសេសនិងគ្នាសោះ? មានអ្នកណាដឹង? មានអ្នកណាយល់? ថាគេឈឺចាប់ខ្លាំងណាស់
“ មកអង្គុយធ្វើអីនៅត្រង់នេះ? ” សម្លេងគ្រលរធំមិនច្បាស់ថាសម្លេងអ្នកឆ្ងាយឯណា ជេគស្គាល់សម្លេងនេះច្បាស់ទើបរហ័សលើកដៃជូតទឹកភ្នែកចេញ ប្រឹងលេបទឹកមាត់ទាំងអួលដើមក មុនពេលលើកដៃបេះផ្កាឡើងហើយបម្រុងនឹងក្រោកដើរចេញ
“ គេចមុខពីយើងធ្វើអី? ” លោកម្ចាស់ផ្ដើមពិភាល់ឃើញគេបែរខ្នងដើរចេញ មិនតបសម្ដីសន្ទនាឆ្លើយឆ្លង បែបនេះធ្វើអោយលោកម្ចាស់ល្ហល្ហេវហោងហានពិបាកស្មាន មានអារម្មណ៍ថាខ្លួនកំពុងសាងកំហុសដ៏ធំស្ពាយជាប់និងខ្លួន
“ ខ្ញុំមិនបានគេចទេ លោកម្ចាស់កុំយល់ច្រឡំអី ” ទោះជាសម្តីតបវិញក៏ដោយ ស្មារបស់គេនៅតែញាក់ទទ្រើក គេនៅតែបែរខ្នងដាក់លោកម្ចាស់ សម្លេងគេស្ដាប់ទៅសែនរអាក់រអួល ព្រោះគេនិយាយមិនចង់ចេញ វាស្ទើរតែមិនចេញព្រោះទ្រូងគេអួលណែន
“ ឯងនឹកផ្ទះមែនទេទើបមកអង្គុយយំ? ” លោកម្ចាស់មិនច្បាស់ក្នុងចិត្តថាគេយំព្រោះអ្វី តែក្នុងចិត្តដឹងថាគេយំហើយ ថ្នាក់ពេលនេះចង់ចូលទៅអោបអង្អែលខ្នងលួងលោមគេកុំអោយយំជាងនេះ
“ អ្ហឹក៎...ៗ ” ជេគស្ទុះបែរខ្លួនចូលទៅអោបរាងកាយលោកម្ចាស់ជ្រប់មុខនិងទ្រូងហាប់ណែនព្រោះចង់អោបលោកម្ចាស់បែបនេះយូរមកហើយតែគេគិតថាគេគ្មានវាសនានឹងបានអោបទេ សូម្បីតែពេលនេះ ទោះជាដឹងខ្លួនខុសដែលមិនចេះប្រមាណខ្លួន គេនៅតែត្រូវការភាពកក់ក្តៅពីបុរសម្នាក់នេះ គេចង់អោបលោកម្ចាស់អោយណែន ចង់ប្រាប់ដល់លោកម្ចាស់អោយបានដឹងថាគេមិនចង់អោយលោកម្ចាស់រៀបការចោលគេសូម្បីតែបន្តិច
“ លោកម្ចាស់រៀបកាដើម្បីអីទៅ? ហ្ហឹក៎ ” លោកម្ចាស់សែនឆ្ងល់និងសំណួររបស់គេ ឃើញគេអោបលោកដូចមានភាពសោកសៅណាស់ វាមិនខុសពីលោកនៅពេលនេះទេ ដែលកំពុងមានភាពសោកសៅប្រណាំងនិងគេមិនចង់ចាញ់ឡើយតែធ្វើដូចម្ដេច ចិត្តលោកជាបុរសដែលមានចិត្តរឹងមាំដូចជាថ្ម មិនអាចសូម្បីតែបង្ហាញអោយគេដឹងបាន
“ ការរៀបការក៏កើតចេញមកពីស្នេហារវាងប្រុសនិងស្រីពីរនាក់ហ្នឹងហើយ ឯងចម្លែកចិត្តអ្វីណាស់ណា៎ទើបមកត្រូវសួរយើងថារៀបការដើម្បីអ្វី? ” លោកម្ចាស់ទាញស្មារបស់គេចេញ លើកចិញ្ចើមម្ខាងសួរទៅកាន់គេវិញ គួរប្រាប់អោយដឹងថាពេលឃើញទឹកភ្នែកគេស្រក់ដូចបាក់ទំនប់បែបនេះ លោកម្ចាស់ស្ទើរហាមឃាត់ចិត្តខ្លួនឯងមិនបានទេ ទឹកភ្នែកគេមានឥទ្ធិពលណាស់ គ្របដណ្តប់បេះដូងនរៈអោយពើតណាស់ទៅហើយ
“ វាចាំបាច់ណាស់មែនទេលោកម្ចាស់? អ្ហឹក៎! ហេតុអីលោកម្ចាស់មិនប្រាប់ខ្ញុំពីដំបូងថាលោកម្ចាស់ត្រូវរៀបការហើយ? ហេតុអីខ្ញុំត្រូវមកដឹងនៅពេលនេះ? លោកម្ចាស់....អ្ហឹក៎ៗ...ខ្ញុំជាជនទីបីមែនទេ? ”
“ ទុក្ខសោកអ្វីណាស់ណា៎បុត្រ? ” លោកម្ចាស់យកម្រាមដៃជូតទឹកភ្នែកស្ងួនចេញថ្នមៗ ឃើញគេយំសស្រាក់ខ្លួនស្ទើរគាំងផុតដង្ហើមម្ដងៗបែបនេះ ក្នុងចិត្តរបស់លោករីងរៃណាស់ ស្មានមិនត្រូវឡើយ
“ ខ្ញុំមិនចង់អោយលោកម្ចាស់រៀបការទេ ខ្ញុំមិនចង់អោយលោកម្ចាស់មានប្រពន្ធទេ...អ្ហឹក៎ៗ ខ្ញុំខ្លាចលោកម្ចាស់លែងល្អនិងខ្ញុំទៀត ខ្ញុំខ្លាចខ្ញុំលែងបាននៅក្បែរលោកម្ចាស់ទៀត ” ជេគ អង្រួនដើមដៃរបស់លោកម្ចាស់ យំស្រែកដូចមានអ្នកណាមកធ្វើអីគេអោយភ័យខ្លាច ឃើញរាងកាយគេញ័រប៉ប្រប់បែបនេះ លោកម្ចាស់កាន់តែស្លុតចិត្តណាស់ គេយំ គេរៀបរាប់ គេបាត់អស់ភាពអៀនខ្មាសហើយ
“ យើង- ”
“ លោកបង... ” សម្លេងមនុស្សស្រីបន្លឺពីចម្ងាយ ឃើញនាងមកដល់ហើយ ជេគរហ័សលែងដៃលោកម្ចាស់ចេញ ជូតវាសទឹកភ្នែកមុនពេលអោនកាន់កន្ត្រកប្រមូលផ្កាដាក់ចូលវិញរួចដើរទៅព្រោះមិនចង់ស្ដាប់លឺសន្ទនានាំអោយបេះដូងឈឺជាងនេះ
“ ប្អូនសូមត្រឡប់ទៅវិញមុនហើយ សូមប្រណិប័តន៍ជម្រាបលាទានម្ចាស់ ” នារី ចូលមកសំពះយ៉ាងសមសួន អ្នកបម្រើរបស់នាងនាំផ្លូវនាងចេញ នាងហាក់មិនអស់អាល័យនិងដើរចេញទេ តែបើបន្តទៀតក៏ឥតខ្លឹមសារដដែល ។

You've reached the end of published parts.

⏰ Last updated: Sep 02 ⏰

Add this story to your Library to get notified about new parts!

LOVE WINS ALL ( JH )Where stories live. Discover now