ភាគទី១០: មក...ហើយក៏ចាកចេញទៅវិញ

834 60 17
                                    

    ភាគទី១០: មក...ហើយក៏ចាកចេញទៅវិញ

     ព្រឹកថ្ងៃថ្មី
     ជីមីនមិនដែលដេកសន្លឹកដល់ថ្នាក់នេះ ប៉ុន្តែដោយសារយប់មិញ ទម្រាំបានដេកក៏យប់ជ្រៅទាងភ្លឺ បូកផ្សំហត់នឿយផងនោះ ទើបថ្ងៃថ្មី ទម្រាំតែបើកភ្នែក ក្រោករួច ម៉ោងជាង១០ទៅហើយ។
     កែវភ្នែកថ្លាយង់ មានពន្លឺផ្លេកៗនៃក្ដីសុខ ពេលសម្លឹងមើលកន្លែងក្បែរខ្លួន ដែលសូហ្កាដេកកាលពីយប់មិញនេះ។ គេជាមនុស្សក្ដៅគគុក និងផ្អែមល្ហែមក្នុងពេលតែមួយ មានមន្ដស្នេហ៍គួរឲ្យប្រាថ្នា គិតត្រឹមហ្នឹង រូបភាពស្និតស្នាល សម្លេងថ្ងួចថ្ងូរ ក៏ហោះមកចូលក្នុងខួក្បាលដុះដូចផ្សឹត ឲ្យគិតព្រឺសម្បុរលេងទាំងព្រលឹម។ ជីមីនញញឹមតិចៗ សម្លឹងមើលជុំវិញក្នុងបន្ទប់ តែមិនឃើញវត្តមានរបស់គេ ធ្វើឲ្យប្រជុំចិញ្ចើមខ្មៅក្រាស់ស្អាត ជ្រួញចូលគ្នាដោយស្វ័យប្រវត្តិ។
     គេទៅណា?
     ជីមីនសួរខ្លួនឯងក្នុងចិត្ត ខណៈជើងស្រឡូនទម្លាក់ចុះ ប៉ះឥតការ៉ូត្រជាក់ស្រេង ដើរទប់ចង្កេះ សម្ដៅទៅរកទូ យកសម្លៀកបំពាក់ ស្លៀកឲ្យតែបានៗ ព្រោះពេលនេះចង់ដឹងពេញបន្ទុកដល់ហើយ ថាស្វាមីថ្មីថ្មោងបាត់ទៅណា ទុកឲ្យភរិយាដ៏ស្រស់ស្អាតដេកលក់លើគ្រែតែម្នាក់ឯង។
     ជីមីនញញឹមញញែម ចុះពីលើជណ្ដើរ ស្របពេលនោះ ឃើញអ្នកបម្រើស្រីដើរកាត់ ទើបស្រែកហៅពីចម្ងាយ ចំណាយពេលមិនដល់១នាទីផង អ្នកបម្រើស្រីក៏មកឈរចំពោះមុខ។
     <<អ្នកប្រុសតូចហៅខ្ញុំមានការអីមែនទេ?>>
     <<គ្មានអ្វីទេ គ្រាន់តែចង់សួរថា ឃើញសូហ្កាឬអត់?>>
     ជីមីនសួរ ទាំងស្នាមញញឹមមានក្ដីសុខ មិនរលុបបាត់ពីថ្ពាល់។
     <<អឺ...គឺ...>>
     <<សម្រេចមក នាងបានឃើញឬអត់?>>
     <<ចាស!ឃើញ>>
     <<អ៎...ហើយពេលនេះ គេទៅណាបាត់ហើយ>> សួរហើយ ភ្នែកក៏ចោលក្រឡឹងក្រឡាប់សម្លឹងរកមើល ក្រែងល៎គេនៅមិនឆ្ងាយពីទីនេះ។
     <<អឺ...អ្នកប្រុស ចេញទៅក្រៅបាត់ហើយ>>
     ចម្លើយរបស់ស្រីបម្រើ ធ្វើឲ្យអ្នកស្ដាប់ថ្លោះទឹកមុខបន្ដិច រហ័សសួរបកវិញ។
     <<ចេញទៅក្រៅ?ទៅជាមួយអ្នកណា?>>
     <<ជាមួយប្រុសៗអង្គរក្សរបស់អ្នកប្រុស>>
     <<គេមានប្រាប់ទេ ថាគេទៅណា?>>
     <<មានរឿងអី?>>
     សម្លេងអ្នកទីបីជ្រែកសួរ។ ជីមីនដកភ្នែកពីស្រីក្រមុំ  សម្លឹងមើលអ៊ុំស្រីចាស់ មានតួនាទីជាមេចាប់ការក្នុងផ្ទះនេះ ខណៈអ៊ុំស្រីវ័យកណ្ដាលកំពុងដើរមករក។
     <<អ៊ុំ មានដឹងទេ ថាសូហ្កាគេទៅណា?>>
     <<អ្នកប្រុសឬ ឃើញជិះឡានចេញពីផ្ទះតាំងពីព្រលឹមម្ល៉េះ>>
     <<អ៊ុំមានដឹងថាគេទៅណា មានការងារអីសំខាន់ឬអត់ទើបបានទៅទាំងព្រលឹមអ៊ីចឹង?>>
     <<អុះ...អ្នកប្រុសតូចមិនដឹងទេឬ ថាអ្នកប្រុសទៅណា?>>
     មេការ សួរទាំងមិនចង់ជឿ ព្រោះប្ដីប្រពន្ធទើបរៀបការថ្មីថ្មោងមិនគួរណា មិនប្រាប់រឿងសំខាន់ឲ្យគ្នាដឹង តែតាមរយៈទឹកមុខជីមីន បញ្ជាក់យ៉ាងច្បាស់មែនហ្នឹងឯង ថាមិនដឹងសូហ្កាទៅណា។
     <<អឺ...គឺថា ខ្ញុំទើបភ្ញាក់ពីដេកមិញនេះទេ ក្រោកមកក៏មិនឃើញគេក្នុងបន្ទប់ ទើបចុះមកសួរ ហើយគេទៅណាអ៊ុំ?>>
     <<អ្នកប្រុស ទៅបរទេសបាត់ហើយ>>
     <<ទៅបរទេស?>>
     ជីមីនបើកភ្នែកធំៗ សម្លេងឡើងស្លុត បេះដូងធ្លាក់ទៅដល់ផ្នែកគោ ក្នុងខ្លួនមានអារម្មណ៍ដូចកន្សែងដែលត្រូវគេពូតទឹកឲ្យស្ងួតមិនខុស។
     <<គេទៅធ្វើអ្វី?គេមានប្រាប់អ៊ុំទេ>>
     កែវភ្នែកតូចៗព្រិចញាប់ស្អេក ទប់ទឹកភ្នែកមិនឲ្យស្រក់ហូរ ប្រឹងបង្គាប់សម្លេងមិនឲ្យញ័រ តែគ្មានបានការ ព្រោះវាមិនត្រឹមតែញ័រទទ្រើកទេ ពេលនេះអួលដើមកទៀតផង។
     <<អ៊ុំមិនដឹង អ្នកប្រុសប្រាប់តែប៉ុណ្ណឹង ហើយក៏ឡើងឡានទៅបាត់ជាមួយបុរសមាឌធំៗអាវខ្មៅប៉ុន្មាននាក់ តាមមើលប្រហែលអង្គរក្ស>>
     ជីមីនខាំបបូរមាត់ក្រោម ងក់ក្បាលតិចៗ កែវភ្នែករលីងរលោង ក្ដៅត្របកភ្នែកភាយៗ និយាយអ្វីលែងចេញ ទើបមិនត្រូវការឈរសម្រក់ទឹកភ្នែកនៅទីនេះ រហ័សបែរខ្លួន បោះជំហានឡើងជណ្ដើរញាប់ស្អេក សម្ដៅទៅរកបន្ទប់ ហើយគ្រាន់តែមកដល់ ក៏ទាញទ្វាបិទភ្លាម សម្រូតខ្លួនចុះ អង្រុញជើង ជ្រុបមុខយំសសឹក។
     គេទៅវិញហើយឬ?
     ទៅទាំងដែលទើបរៀបការរួចមិនទាន់គ្រប់១ថ្ងៃផង!
     ទៅទាំងមិនប្រាប់ខ្លួនឲ្យដឹងសូម្បីតែមួយម៉ាត់!
     គេចិត្តអាក្រក់ពេកហើយ!
     មនុស្សចិត្តខ្មៅ!
     ជីមីនយំមិនឈប់ ស្មាតូចញ័រទទ្រើក ពេលគិតដល់ការចេញរបស់គេ ទឹកភ្នែកក៏កាន់តែស្រក់ចុះដូចបាក់ទំនប់ ទប់លែងឈ្នះ បេះដូងក្រហល់ក្រហាយចាប់ឈឺខ្ទោកៗ ដូចមានអ្នកណាលូកដៃ មកច្របាច់ខ្ញាំឲ្យបែកខ្ទេចខ្ទីជាចម្រៀកតូចៗយ៉ាងឃោរឃៅ។
     <<មនុស្សចិត្តអាក្រក់ ចង់ទៅក៏ទៅ ចង់មកក៏មក ខ្ញុំមិនសំខាន់សម្រាប់លោកខ្លះទេឬយ៉ាងម៉េច!>>
     សម្លេងអណ្ទឺកអណ្ដក់បន្លឺឡើង ដោយការតូចចិត្តតូចថ្លើមបំផុត នឹងគិតថាខ្លួនឯងមិនសំខាន់សម្រាប់់គេ។ មែនហើយ...ប្រហែលមិនសំខាន់ដូចដែលគិតមែនហ្នឹងហើយ បើសំខាន់មែន ម្ល៉េះគេមិនចោលយើងទេ។

ពិសស្នេហ៍(ចប់)Where stories live. Discover now