ភាគ 2/2 : និស្ស័យកម្ម
°°°°
ព្រះអាទិត្យខំប្រឹងបញ្ចេញពន្លឺក្ដៅសឹងតែឆេះ យូនីង អង្គុយ នៅសួនសាធារណៈចាំ កុងជីន ត្រឡប់មកវិញទាំងបែកញើសជោគ ។
" នេះទឹក ! " កុងជីន ក៏ហុចទឹកត្រជាក់មួយដបឱ្យទៅ យូនីង ។
" អរគុណហើយ ! " យូនីង
" កុំធ្វើមុខបែបនេះអី ពួកយើងបានរាយការណ៍ទៅប៉ូលីងហើយ ច្បាស់ជាអាចរកលុយរបស់បងមកវិញបាន ! " កុងជីន
" ហឹុម ! " យូនីង ញញឹមតិចៗ ។ កុងជីន សម្លឹងមើលទៅញើសតូចៗហូមកតាមជើងសក់របស់រាងក្រាស់ រួចក៏ញញឹមឡើង ។
" បានហើយ ពួកយើងត្រឡប់ទៅវិញទៅ ! " កុងជីន
" ឯងមិនទៅធ្វើការទេហ្អេ ? " យូនីង
" ខ្ញុំជូនបងត្រឡប់ទៅវិញសិន ខ្លាចវង្វេងផ្លូវ ! " ថារួច កុងជីន ក៏ក្រោកដើរទៅហៅតុកៗ នឹងបានត្រឡប់ទៅផ្ទះជួលរបស់គេវិញ ។
" បងអាចនៅម្នាក់ឯងបានមែនទេ ? " មកដល់មុខបន្ទប់ កុងជីន ក៏បានសួរបញ្ជាក់ទៅកាន់ យូនីង គេដូចជាមិនទុកចិត្តឱ្យនាយនៅតែម្នាក់ឯងសោះ ។
" មិនអីទេ ខ្ញុំអាចនៅបាន ! " យូនីង
" អ៊ីចឹង ខ្ញុំទៅធ្វើការហើយណា ! " ចប់ប្រយោគគេក៏បានចេញទៅ ។ យូនីង ញញឹមមើលតាម កុងជីន ពីក្រោយរហូតគេទៅបាត់ ទើបនាយដើរចូលបន្ទប់ ។
ទឺតទឺត !!
សំឡេងវីឆាតរបស់គេក៏បានរោរ៍ឡើង យូនីង ទាញទូរស័ព្ទមកមើល ។ សឺឈី បានផ្ញើសារមកនាយ ដោយប្រាប់ថា ពេលនេះប៉ារបស់គេ បានធ្វើដំណើរមកកម្ពុជាហើយ ។
" គាត់មកកម្ពុជា ? " យូនីង ឧទានឡើងបន្តិច នេះលេងតាមមកដល់ទីនេះផងឬ ។
_____ផ្ទះគ្រួសារកុង ______
ផ្ទះថ្មតូចនៅតាមចម្ការ ដ្បិតថាមិនសូវល្អប្រណិត ប៉ុន្តែទេសភាពធម្មជាតិ ក្លិនផ្កាព្រៃទើបតែរីកថ្មីៗធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយភ្លាមតែម្ដង ។
" យ៉ាងម៉េចហើយ កុងជីន ថ្មីៗនេះកូនសុខសប្បាយដែរទេ ? " ស្ដ្រីវ័យកណ្តាល កំពុងតែអង្គុយនិយាយទូរស័ព្ទទៅកាន់កូនប្រុសសំណព្វរបស់ខ្លួន ។
