ភាគ ១/៣ : សាច់កម្ម
ជីវិតខ្ញុំធំឡើងជាមួយនឹងភាពក្រីក្រ រកព្រឹកសីុល្ងាច ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃណាមួយខ្ញុំអាចព្យាបាលជំងឺក្រនេះបាន ហើយនិងធ្វើជាមហាសេដ្ឋី ។
" បាត់ទៅណាហើយ ! " កំលោះតូចវ័យ២១ឆ្នាំ កំពុងតែរើកកាយរបស់ក្នុងប្រអប់ តែរកយ៉ាងណាក៏រកមិនឃើញទាល់តែសោះ ។
" បងថេ ! " រើអស់មួយសន្ទុះ កំលោះតូចក៏ក្រោកឈរឡើងនិងស្រែករកបងប្រុសរបស់ខ្លួនមួយទំហឹង ។
" វាស្អីឯងហាស ស៊ាវចាន់ ? ស្រែកចង់បែកផ្ទះហើយនៀក ! " អ្នកជាបងដើរចេញពីក្នុងបន្ទប់ទាំងសក់រញ៉េរញ៉ៃ គឺទើបតែក្រោកពីដេកនោះឯង ។
" នាឡិការបស់ខ្ញុំនៅក្នុងថតតុ បាត់ទៅណា ? " ស៊ាវចាន់
" នាឡិកា ? " ថេយ៉ុង
" ត្រូវហើយ ! ថ្ងៃនេះខ្ញុំត្រូវចូលរួមពិធីមង្គលការរបស់មិត្តភក្តិ គឺត្រូវពាក់នាឡិកាមួយនោះ តែឥឡូវបាត់ហើយ បងយកមែនទេ ? " ស៊ាវចាន់
" គឺ...គឺបង យកវាទៅបញ្ចាំបាត់ហើយ ! " ថេយ៉ុង ធ្វើមុខអេះអុញព្រោះតែខ្លួនបានយកនាឡិកានោះទៅបញ្ចាំយកលុយមកឆាយអស់ទៅហើយ ។
" បញ្ចាំ ? នាឡិកានោះខ្ញុំធ្វើការសន្សំលុយជិត២ឆ្នាំទើបទិញវាបាន បងយកវាទៅបញ្ចាំបានយ៉ាងម៉េច ? " ស៊ាវចាន់ ស្រែកទាំងហួសចិត្ត បងប្រុសរបស់គេតែងតែបែបនេះ ចូលចិត្តយកលុយទៅឆាយវាយមិនចេះគិតទាល់តែសោះ ។
" អីយ៉ា បងយកលុយនោះទៅវិនិយោគទេតើ លុយដែលបងរកបានគឺមានតែ300¥ មិនគ្រប់នោះទេ បងឃើញថានាឡិកានោះទុកចោលមិនដែលពាក់ទើបបងយកវាទៅបញ្ចាំទៅ ! " ថេយ៉ុង
" វិនិយោគអីទៅ ? " ស៊ាវចាន់ ក៏សួរពីការវិនិយោគរបស់នាយនោះ ធម្មតាលុយមិនដែលរកបានច្រើនទេ តែចេះវិនិយោគអីណា ។
" គឺ ចាក់ឆ្នោតនោះអី ! " ឮបងប្រុសនិយាយបែបនេះហើយ ស៊ាវចាន់ កាន់តែហួសចិត្តជាខ្លាំង គ្មានថាការងារអីធំដុំបែរជាទៅចាក់ឆ្នោតទៅវិញ ។
" បងឆ្កួតទេហីុ យកលុយទៅចាក់ឆ្នោត ? " ស៊ាវចាន់
" បងមិនបានឆ្កួតទេ ! កាលពីប៉ុន្មានថ្ងៃមុនបងឃើញគេផុសនៅក្នុងហ្វេសប៊ុក ថារៀនវិនិយោគទៅលើវិស័យឆ្នោតនឹងធ្វើឱ្យយើងមានដោយមិនចាំបាច់ចំណាយទុនដល់ទៅរាប់លានដុល្លារនោះទេ ! " ថេយ៉ុង
