Part41

1.4K 60 0
                                    


សូរិយាជ្រាលជ្រេ បន្ទាបកាយចុះតាមកាលវេលា  ជុងហ្គុក ចុះមកជាន់ផ្ទាល់ដីដោយមានកាយល្វត់ល្វន់តូចច្រឡឹងកំពុងតែស្ថិតក្នុងរង្វង់ដៃ នាងត្រូវបានម្ចាស់រង្វង់ដៃបីដោយការថ្នាក់ថ្នម និងឈានជើងយឺតៗចុះមកតាមកាំជណ្តើរជាច្រើនថ្នាក់ជាបន្តបន្ទាប់ វិការផ្អែមល្ហែមគឺជៀសមិនផុតពីខ្សែភ្នែកច្រណែនដល់ទៅរាប់សិបគូដែលនៅក្នុងវិមាន កំពុងតែចោលមករកពួកគេទាំងពីរ។
«ម្ចាស់តូច!ដាក់ខ្ញុំលើរទេះវិញទៅ» ស្របប្រយោគម្រាមដៃស្រឡូនតូចលើកគក់ដើមទ្រូងហាប់ណែនរបស់គេតិចៗទាំងអៀនខ្មាស់ ថ្ពាល់ក្រពុំស្អាតប្រែជាក្រហមព្រឿងៗតាំងពីពេលណាក៏មិនដឹង ពេលដែលមានកែវភ្នែកស្រទន់មួយគូសម្លឹងមកកាន់នាងក្នុងន័យជំទាស់ តែជាការជំទាស់គួរឱ្យគ្រឺតក្នាញ់
«កាលដែលផ្ញើខ្លួននៅក្នុងដៃយើងធ្វើឱ្យនាងមិនស្រួលខ្លួនឬ?» ជុងហ្គុក ប្រើសម្តីរាបស្មើសួរបញ្ជាក់ពីអារម្មណ៍នាង បើថាមិនស្រួលខ្លួនពិតមែន គេនឹងអាលយកទៅបន្ទប់វិញ។
«ហឹម!មិនស្រួលចិត្តច្រើនជាង»ស៊ូយ៉ុន គ្រវីក្បាលតិចៗ មិនចង់ឱ្យគេធ្វើដូចច្នោះ ឮនាងពោលថាមិនស្រួលចិត្ត គេក៏បីរាងតូចទៅក្រោយវិមាន ដែលទីនោះវាលស្មៅពណ៌បៃតងចាស់ស្ថិតក្នុងបិវេណសួនច្បារ។
«នៅទីនេះកំដរយើង» រាងកាយខ្ពស់សង្ហា បន្ទាបចុះបន្តិចដើម្បីដាក់នាងឱ្យអង្គុយលើកម្រាលមួយដែលមានតុឈើទម្រតូចជើងខ្លីមួយចង្អាមពីផ្ទៃកម្រាល មានកូនសៀវភៅកម្រាស់ក្រាស់ឃ្មឹកមួយក្បាល រួមជាមួយបង្អែមបែបអ៊ឺរ៉ុប ត្រូវបានរៀបចំលំអពណ៌យ៉ាងត្រជាក់ភ្នែកនៅលើតុនោះរួចជាស្រេច ជុងហ្គុក តាំងចិត្តថានឹងមកទីនេះមុនទៅហើយ គ្រាន់តែមិនបានប្រាប់ ស៊ូយ៉ុន ពីដំបូងតែប៉ុណ្ណោះ។
«...»ស៊ូយ៉ុន លួចញញឹមតិចៗ ខណៈដែលបង្វែរមុខតាមសម្លឹងមើលទៅបុរសសង្ហា ដែលទើបនិងដាក់បង្គុយនៅម្ខាងទៀត គេទាញសៀវភៅនោះមកមើលក្នុងចិត្តយ៉ាងយកចិត្តទុកដាក់និងស្ងៀមស្ងាត់ រូបភាពដែលនាងកំពុងឃើញ គឺជាសុភាពបុរសដែលម៉ត់ចត់និងវ័យឆ្លាត ទាំងសង្ហា ទាក់ទាញ កាន់តែគន់មើលយូរៗ កាន់តែខ្នាញ់ អត់សរសើរមិនបានព្រះផ្ទៃមុខសង្ហាៗ សខ្ចីម៉ត់រលោងជាងមនុស្សស្រីទៅទៀត សក់ខ្មៅក្រិបរលើបចែងចាំងពេលត្រូវនឹងពន្លឺថ្ងៃ ចិញ្ចើមក្រាស់ឃ្មឹកសមនិងកែវភ្នែកមូលក្លំបង្កប់ភាពស្រទន់នៅក្នុងនោះ តែក៏លួចឆ្ងល់ថាពេលគេខឹងម្តងៗ ហេតុអ្វីបានជាឃៅម្ល៉េះ? មុខក៏កំណាចផ្តាច់ការមិនខុស ភ្នែកកុំមើលចំឱ្យសោះសឹងតែក្រឡេកឆេះកាយដោយមិនដឹងខ្លួន មិនដូចជាពេលនេះសោះ ឡើងគួរឱ្យស្រឡាញ់ ចង់តែចាប់ហែកថ្ពាល់ក្រញិច ធ្វើអោយនាង លិចលង់ក្នុងអង្លង់ស្នេហ៍គេទាំងមិនដឹងខ្លួន។
«ហិហិ» ស៊ូយ៉ុន បញ្ឈប់ការគិតភ្លាមស្រាប់តែច្រឡំគ្រញែងខ្លួនគ្រឺត និងសើចជ្រួញច្រមុះខើចឡើង ឯភ្នែកក៏លិបជិត
«អឹអ្ហឹម៎» ជុងហ្គុក ក្អកគ្រហែមធ្តាច់ចង្វាក់គយគន់ ធ្វើឱ្យរាងតូចដែលភ្លេចខ្លួនមុននេះភ្ញាក់ដឹងខ្លួន ថែមទាំងរហ័សបែរមុខចេញទាំងខ្មាស់មិនស្ទើរ
«ភ្នែកមើលសៀវភៅសោះ ដឹងថាខ្ញុំលួចមើលទៀត?» នាងលួចសួរខ្លួនឯងតិចៗធ្វើមាត់ម្ហបៗ រួចព្រិចភ្នែកខាំមាត់យ៉ាងណែន តែអ្នកណាទៅស្មានដឹងថាសំណួរដែលនាងសួរខ្លួនឯងមុននេះបែរជាអ្នកខាងក្រោយខ្នងបានស្តាប់ឮទៅវិញ
«ដឹង...ព្រោះឃើញនាងមើលឡើងចំហរមាត់ហើយ» គេញញឹមចុងមាត់នឹងលួចសើចក្នុងបំពង់កតិចៗ ស៊ូយ៉ុន អៀននឹងគេឡើងរឹងខ្លួន កុំថាឡើយតប សូម្បីតែងាកមកក៏មិនហ៊ាន ទើបរាងក្រាស់ប្រញាប់បញ្ជាដើម្បីកុំឱ្យនាងគេចមុខពីខ្លួនបានយូរ
«បញ្ចុកយើងមក ឃ្លានហើយ» គេសំដៅដល់ខេកមួយជ្រុងដែលនៅក្នុងចាន
«ចាស៎» ស៊ូយ៉ុន តបសម្លេងញ័រៗ មុននិងបែរមុខមកវិញយឺតៗ ហើយសម្លឹងទៅចាននំ កាន់សមជាប់ក្នុងដៃ បង្ខំចិត្តលើកបញ្ចុកទាំងញ័រដៃតត្រុក មិនហ៊ានប្រកែកឱ្យគេទាស់ចិត្តនោះទេ ចំណិតនំខេក ត្រូវគេឱនត្របាក់យកដូចជាក្មេង មាត់ខាំទំពារញាប់ៗ ស៊ូយ៉ុន ក៏ខ្ទប់មាត់សើចសារជាថ្មី។
  «ក្តៅស្អុះណាស់ ធុញថប់មែនទែន»សុខៗគេរអ៊ូ ទាំងដកដង្ហើមធំ ដៃរហ័សលូកប្រឡេះឡេវអាវសឺមីពណ៌សដែលគេកំពុងពាក់នោះអស់បីគ្រាប់ ញែកអាវបង្ហាញសាច់ទ្រូងហាប់ណែនសខ្ចីដូចបណ្តូលចេក ជាមួយសាច់ដុំកង់យ៉ាងស៊ិចស៊ី បង្អួតវាលស្មៅថាខ្លួនគេសង្ហាគ្មាននរណាប្រៀប ធ្វើឱ្យបេះដូងនាងក្រមុំញាប់ញ័រលោតកន្រ្តាក់ស្ទើេចេញក្រៅទ្រូង មានអារម្មណ៍ថាក្តៅខ្លួនរកកលចង់គ្រុនម្តងទៀត..
«ក្តុក»គេបោះសៀវភៅចោលលើកម្រាលរួចនិយាយធ្វើហី
«ឈប់មើលហើយ មិនមានរូបស្រីស្អាតផង»
កម្លោះតូចយកដៃមក្តាប់ជាយអាវរលាស់ខ្វិចៗ បក់រំហើយឱ្យត្រជាក់ខ្លួន ហើយបែរសម្លឹងមើលទៅអ្វីផ្សេងធ្វើមិនដឹង លែងចាប់អារម្មណ៍មើលសៀវភៅនោះទៀត(ខំតែសរសើ)
«វាជាសៀវភៅទ្រឹស្តី មិចនឹងអាចមានរូបស្រីស្អាតបានទៅម្ចាស់តូច» ស៊ូយ៉ុន និយាយឡើង ដែមទាំងយកសៀវភៅនោះមកបើកមើលពីរបីសន្លឹក រួចសម្លក់មុខគេ ឃើញក្នុងសៀវភៅសុទ្ធតែអក្សរ ហើយទៅរករូបស្រីស្អាតមកពីណា? អស់អ្វីត្រូវនិយាយត្រឹមសៀវភៅអត់មានរូបស្រីស្អាត។
ពួកគេអង្គុយលេងលើវាសស្មៅនោះរហូតដល់ព្រលប់ ទើបជុងហ្គុកលើកបីនាងចូលក្នុងវិញ ដាក់នាងលើរទេះដូចដើម។ ជួនពេលនោះដែរ ថេយ៉ុងកំពុងតែអូសដៃលីនស៊ីចូលមកល្មម ការប្រតាយប្រតប់របស់លីនស៊ីទៅកាន់អ្នកដែលនាំនាងមកនោះ នាំឱ្យជុងហ្គុកផ្ញោចចិញ្ចើមឆ្ងល់ក្នុងចិត្ត។
«មានរឿងអី? ហើយមិចចាំបាច់ចាប់បង្ខំគ្នាអញ្ចឹង?»ដើរចូលទៅជិតពួកគេហើយសួរ ថេយ៉ុងក៏រហ័សឆ្លើយឱ្យបានមុន
«ក្មួយគេចង់មកលេង នេះយើងកំពុងតែនាំមកហើយ»អ្នកជាបងឆ្លើយតបសំញែងឬកដាក់
«មិនមែននាំទេ នេះគេហៅថាអូសមក»ជុងហ្គុកសម្លក់មុខបងប្រុសគេបន្តិចមុននឹងបែរទៅនិយាយជាមួយលីនស៊ីដែលទើបតែរំដោះកដៃចេញពីការចាប់រឹបអូសទាំងទទឹងទិសមក
«លីនស៊ី ថ្ងៃនេះឯងមុខស្លេកម្ល៉េះ? ឯងឈឺមែនទេ?»ជុងហ្គុកសួរទៅក្មួយស្រីដែលព្យាយាមឱនមុខចុះ នាងមិនហ៊ានប្រឈមមុខនឹងគេទៀតទេ នាងលែងក្លាយជាក្មួយស្រីគួរឱ្យស្រឡាញ់របស់គេទៀតហើយ ព្រោះតែពូសម្អុយម្នាក់នោះធ្វើឱ្យអារម្មណ៍ដែលនឹកនាដល់ពូតូចបានរលាយបាត់បង់គ្មានសល់ កុំថាឡើយដល់អារម្មណ៍ស្រឡាញ់នោះ វាគ្មានតទៅទៀតទេ។
«....»លីនស៊ីមិនតប បានត្រឹមឱបឈ្ងោកក្បាលចុះ លួចដៀងកន្ទុយភ្នែកសម្លក់ទ្រនាប់ជើងប៊ូរបស់ពូសម្អប់របស់នាង។ ផ្ទៃមុខស្លេកៗ បូករួមនឹងបបូរមាត់សស្លែតគ្មានពណ៌លំអរ បបួរចិត្តពូតូចឱ្យនិយាយពាក្យចម្អន់ទៅកាន់ក្មួយតូចបន្ថែម
«លើកទីមួយដែលឃើញបបូរមាត់ក្មួយពូមិនលាបក្រែមបែបនេះ» មែនហើយ រាល់ដងចំណូលចិត្តនាងគឺខាងអង្គុយមែឃអាប់ លាបក្រែមលាបម្សៅ មុនពេលចេញទៅណាមកណា តែចម្លែកអី ថ្ងៃនេះមកគឺស្រឡះស្អាតតែម្តង,អ្នកដែលមិនដឹងរឿងគេសួរតាមការមើលឃើញ ឯអ្នកដែលវាយឆ្មក់ដៃដល់ក៏ក្បួចមាត់ញញឹមតែម្នាក់ឯង
«ប្រញាប់មកពេក ទើបបានជាភ្លេចលាបក្រែម មែនទេBaby?» ថេយ៉ុង គេប្រើសព្វនាមBabyជំនួស ក្មួយ ព្រោះពេលខ្លះក៏ធ្លាប់ហៅបែបហ្នឹង តែមកហៅចំពេលនេះ រឹតតែធ្វើឲ្យនាងតូចខ្ញាល់ជ្រក់ជ្រេញថែម ពូរំពេចនោះគម្រក់ធ្វើមុខឌឺដាក់រួចក៏ចាប់អូសដៃនាងទៅអង្គុយដោយមិនចាំបាច់ម្ចាស់ផ្ទះអញ្ជើញ។

មនុស្សពិសេស#1Where stories live. Discover now