ភាគបញ្ចប់: ស្រលាញ់អូនជាងគេ 💘

6.1K 397 64
                                        

ពេលបានប្រពន្ធថ្នម មើលថែមម្ដងៗអធិរាជកាន់តែបានចិត្ត ស្រែករំអួយថ្ងូញឈឺគ្រប់ពេលរកតែថេយ៍យកលេសចេញទៅណាមិនបាន។ សូម្បីតែពេលចូលបន្ទប់ទឹកក៏ត្រូវចូលងូតជាមួយគ្នា ធ្វើអីជាមួយគ្នាសឹងក្លាយជាខ្លួនតែមួយទៅហើយ។
មើលតែពេលនេះចុះ របួសបានធូរច្រើនហើយហ្នឹងក៏នៅឲ្យនាយតូចតាមបញ្ចុកអាហារ បញ្ចុកទឹកដល់មាត់ មិនព្រមធ្វើអីដោយខ្លួនឯងទេ។ មើលប្ដីម្នាក់ ហត់ជាងមើលកូនបីនាក់ទៅទៀត។
"បានហើយ! យើងឈប់សោយហើយ!"
រាងតូចដាក់អាហារទុកមួយឡែកមុននឹងយកកន្សែងជូតមាត់ឲ្យស្វាមីដោយនៅបម្រើគ្រប់សព្វគ្មានខ្វះចន្លោះត្រង់ណាទេ។
"ចាំអូនទៅលើកទឹកមកជូន"
"អឹម"
ឃើញប្រពន្ធដើរទៅឆ្ងាយបន្តិច នាយបែងាកឆ្វេងស្ដាំដោយភ្នែកក្រលេកក្រលាប់រួចក៏រហ័សងើបអង្គុយលើគ្រែត្រង់ខ្លួន ទាញយករាជកិច្ចដែលលាក់នៅក្រោមភួយមកលួចពិនិត្យមើលហាក់ដូចមិនចង់ឲ្យគេដឹង។ បើថេយ៍ដឹងថានាយត្រឡប់មកជាសះស្បើយអាចងើបធ្វើការបានធម្មតានោះ គេប្រាកដជាលែងបារម្ភ លែងខ្វល់ពីនាយទៀតហើយ។
"តាមថាយើងគួរតែទៅកម្ចាត់វាដោយខ្លួនឯងតែដូចជាខ្ជះខ្ជាយពេលវេលាពេកហើយ"
អ្នកដែលលួចធ្វើឃាតនាយនិងគ្រួសារកាលពីលើកមុន មិនគួរទទួលបានការលើកលែងទេ គួរតែបានទទួលទោសឲ្យសមនឹងតម្លៃ។
ទុកថាពួកគេសំណាងគ្រាន់បើដែលនាយរវល់តែកើបយកសេចក្ដីសុខពីភរិយា មិនបានទៅលូកដៃរឿងសងសឹកមួយនេះ។ ទុកឲ្យជេយ៍ជាអ្នកចាត់ការទៅបានហើយ មិនចាំបាច់ទាល់តែនាយទេ។
~តុកៗ
នឹកដើមដង្ហើមដល់ នឹកដល់កូន កូនក៏មករកដល់ដំណាក់តែម្ដង។ មិនដឹងថាគេមករកស្អីដែរ រាល់ថ្ងៃទំនេរខ្លាំងណាស់ទៅហេសបានជាចេះតែមករំខានសេចក្ដីរបស់នាយ?
"មកធ្វើស្អី?"
"មកមើលបិតា ក្រែងនៅប្រឈួនមិនអ៊ីចឹង?"
ជាអ្នកផ្សេងប្រហែលមិនហ៊ានអ៊ីចឹងទេ តែនេះជាបុត្ររបស់នាយ ជាពុម្ពរបស់នាយទើបចរិតមិនកើតការ មិនចេះខ្លាចក្រែងនរណាសូម្បីតែបិតាដែលជាស្ដេចនៃបក្សី។
"យើងមានមាតាឯងមើលថែហើយ មិនចាំបាច់មកមើលយើងញឹកពេកទេ"
"ខ្ញុំមានការចង់ជួបបិតាដែរ ចង់មកសួរយោបល់ថាចង់ចាត់ការឃាតករទាំងនោះបែបណាព្រោះពួកយើងចាប់វាមកបានអស់ហើយ"
"ចង់ធ្វើអីធ្វើទៅ! យើងនៅមិនទាន់ជាសះស្បើយ គិតអីមិនចេញទេ"
និយាយបែបនេះបានយ៉ាងម៉េចក្រែងទ្រង់ជាអធិរាជហេស? បើទ្រង់មិនបញ្ជាតើមាននរណាហ៊ានធ្វើអី?
"ប៉ុន្តែបិតា..."
"ថេយ៍! អូននៅឯណា? ម៉េចក៏ទៅយូរម្ល៉េះ?"
ធ្វើចរិតអ៊ីចឹងទៀតហើយ! កំពុងតែនិយាយជាមួយកូនសុខៗសោះទៅហៅមកប្រពន្ធឯណានោះទៅវិញ? ណឹងនាយជាកូនមិនទាន់គ្រប់អាយុស្រួលបួលផង ប្រើឲ្យធ្វើការជំនួសប៉ុណ្ណឹងហើយ ចុះទម្រាំតែបន្តិចទៀត ប្រហែលប្រលែងកិច្ចការឲ្យនាយទាំងអស់ហើយមើលទៅ។
"នៅឈរធ្មឹងធ្វើអីទៀត? មិនទៅវិញទេហេស?"
"ចង់នៅឲ្យបិតាឃើញមុខ ខ្លាចបិតាផ្ទំក្នុងដំណាក់យូរពេកដល់ថ្នាក់ភ្លេចមុខបុត្រទៀត"
"ហ៊ឺម? យើងឃើញមុខឯងក្នុងកញ្ចក់រាល់ថ្ងៃ ធុញពេញបន្ទុកទៅហើយ មិនចង់ឃើញទៀតទេ"
"ចុះមានសួរខ្ញុំដែរទេ? ខ្ញុំក៏ធុញមុខខ្លួនឯងដែរ មិនចង់សូម្បីឆ្លក់កញ្ចក់! ហ៊ឹស ទៅវិញហើយ!"
"អុ៎ ជេយ៍ប្រញាប់ទៅណាហ្នឹង?"
គ្រាន់តែថេយ៉ុងដើរចូលមកភ្លាមនាយក៏ឃើញកូនចេញទៅវិញទាំងមុខក្រញ៉ូវភ្លែតមិនដឹងទាស់សម្ដីអីជាមួយគ្នាទៀតហើយ?
"មុននេះ ទ្រង់និងបុត្រមានរឿងអីជាមួយគ្នា?"
"គ្មានទេ! កុំទៅខ្វល់ពីគេអី ប្រញាប់មកនេះមក យើងឈឺក្បាលសឹងផ្ទុះហើយ"
រាងតូចលួចដកដង្ហើមធំ ថាំចិត្តដែលស្វាមីបន្តធ្វើឬកដូចក្មេង ទាមទារចំណាប់អារម្មណ៍ទាំងដែលជាមនុស្សមាឌធំប៉ុនក្របី។
"មិនឲ្យអូនខ្វល់ពីជេយ៍យ៉ាងម៉េច បើគេរឹងរូសហើយចិត្តក្ដៅយ៉ាងនេះ"
"អូយ៎ៗ"
និយាយដល់ត្រឹមហ្នឹង ថេយ៍ក៏សង្កត់ដៃជូតត្រដុសដើមទ្រូងរឹងមាំខ្លាំងៗរហូតធ្វើឲ្យគេស្រែក ថ្ងួចថ្ងូរមិនឈប់។
"ម៉េចក៏មកជះកំហឹងដាក់យើងទៅវិញ?"
"មកពីបុត្រកាត់តាមទ្រង់ពេកហ្នឹងហើយទើបអូនត្រូវមកខ្វល់ចិត្ត គិតច្រើន"
"មានអីឲ្យគិត? គេកាត់មករកយើងទើបល្អហើយគ្មាននរណាហ៊ានមកធ្វើបាប"
"ត្រូវហើយ! អូនមិនបានខ្លាចថាបុត្រត្រូវគេធ្វើបាបទេ តែខ្លាចគេទៅធ្វើបាបអ្នកដទៃ ធ្វើបាបជនទន់ខ្សោយផ្ដេសផ្ដាស"
ជុងហ្គុកញាក់ស្មាដូចមិនខ្វល់ពេលលើកហេតុផលនេះមកនិយាយ។ នាយជួយមិនបានទេ ចរិតមួយនេះវាដុះជាប់ក្នុងឆ្អឹងរបស់អ្នកស្នងរាជតាំងពីណាពីណីមកម្ល៉េះ!
"គេជាអនាគតរាជទាយាទ អូនចង់ឲ្យគេទន់ភ្លន់ ចិត្តល្អដូចជែកឬយ៉ាងម៉េច?"
"ទោះអូនខំបកស្រាយយ៉ាងណាក៏ទ្រង់មិនជ្រាបដែរ"
"សុំអីផ្សេងសុំបាន! តែរឿងរបស់ជេយ៍ អូនមិនអាចលូកដៃបានទេព្រោះយើងបានសម្រចប្រគល់គេឲ្យរាជគ្រូបណ្ដុះបណ្ដាលហើយ"
សូម្បីតែនាយក៏ត្រូវរងសម្ពាធអស់ទាំងនេះតាំងតែពីតូចដែរ។ ដំបូងយល់ថាអយុត្តិធម៌ណាស់ ពិបាកទទួលយកណាស់តែក្រោយពីការហ្វឹកហាត់និងឡើងសោយរាជ្យរួចទើបដឹងថាការប្រៀនប្រដៅរបស់រាជគ្រូនិងការគៀបសង្កត់របស់បិតាមានតម្លៃព្រោះមកដល់ថ្ងៃនេះ ក៏មិនទាន់ឃើញមាននរណាអាចយកឈ្នះនាយបានដែរ។
"អូនត្រូវរៀនធ្វើចិត្តថាគេធំឡើងគឺអាចដូចជាយើងអ៊ីចឹង"
"យ៉ាងណាក៏ជាបុត្ររបស់អូនផ្ទាល់ តើអូនមិនអាចសូម្បីតែទូន្មានដោយផ្ទាល់ឬ?"
"បើគេងាយពត់យ៉ាងនេះ មិនមែននៅជាមួយអូន១០ឆ្នាំហើយនៅតែអ៊ីចឹងទេ! រាជគ្រូមានវិធីបង្រៀនមនុស្សដូចជាជេយ៍ហើយ អូនកុំបារម្ភអី!"
កាលពីនាយនៅវ័យ១៣ឆ្នាំក៏ត្រូវចាប់បង្ខំឲ្យឃ្លាតពីមាតាដោយត្រូវដាក់ឲ្យស្ថិតនៅក្រោមមើលថែរបស់រាជគ្រូដែរ។ នាយគ្មានជម្រើសអីក្រៅពីខំរៀនសូត្រនិងហ្វឹកហាត់ទេ ព្រោះមានតែមធ្យោបាយនោះទើបអាចឲ្យបិតាមើលមកខ្លួនខ្លះ បើមិនដូច្នោះក៏ត្រូវត្រឡប់ទៅរកជីវិតថោកទាបដែលមានតែការជិះជាន់ពីអ្នកដទៃ។
"ពួកគេជាបុត្ររបស់យើង យើងធានាការពារពួកគេស្រាប់ហើយ នឹងមិនឲ្យបុត្រកើតរឿងអ្វីឡើយ"
"មានទ្រង់អះអាងដូចនេះ អូនជឿជាក់ហើយ"
មិនថាគេនិយាយអីទេ នាយព្រមជឿនិងស្ដាប់តាមទាំងអស់។ អាចថាមកពីស្រលាញ់ទើបនាយព្រមទទួលវាយកគ្រប់យ៉ាង លែងមានពាក្យតវ៉ា។
...
មិនយូរប៉ុន្មាន ពិធីបង្ហោះគោមក៏បានចូលមកដល់ដោយលើកនេះវាត្រូវប្រារព្ធឡើងយ៉ាងអ៊ូអរនៅលើកំពែងក្រុងនៃអាហ្គីឡា។
ដោយពាក្យសន្យា អធិរាជក៏បានយាងមកដោយផ្ទាល់ព្រមទាំងបាននាំព្រះមហេសីជាទីស្រលាញ់មកជាមួយផងដែរ។
មិនសរសើរមិនបានទេថាថ្ងៃនេះ ថេយ៍តែងខ្លួនស្រស់ស្អាតទាក់ទាញខ្លាំងណាស់។ តាំងពីក្បាលដល់ចុងជើងគឺសុទ្ធតែពណ៌ក្រហមចាំភ្នែកព្រាកៗ ឯអធិរាជក៏សង្ហាណាស់ដែរថែមទាំងមើលទៅមានអំណាចទៀតផងជាមួយនឹងឈុតខ្មៅលាយមាសមួយនេះ។
ថេយ៉ុងអើតមើលទេសភាពខាងក្រោមដែលមានប្រជារាស្ត្រជាច្រើនកំពុងកាន់គោមគ្រប់ដៃដើម្បីត្រៀមធ្វើពិធីនៅយប់នេះជាមួយស្នាមញញឹមពេញផ្ទៃមុខ។ នាយរំភើបអរផង ភ័យផង រកនិយាយអីមិនត្រូវព្រោះនេះជាលើកទីមួយហើយដែលបានចេញមកខាងក្រៅដោយបើកចំហរជាមួយនឹងគ្រួសារ។
"អូនភ័យហេស?"
ជុងហ្គុកឱបចង្កេះភរិយាជាប់ សួរនាំដោយការយកចិត្តទុកដាក់ក្រោយចាប់បានថារាងតូចកំពុងញាប់ញ័រក្នុងដៃនាយ។
"តិចតួច ព្រោះខានចេញមកខាងក្រៅយូរហើយ"
តាំងពីត្រូវគ្នាវិញមក គេមិនដែលឲ្យនាយចេញទៅខាងក្រៅទេព្រោះនៅតែបារម្ភ ខ្លាចថាមានរឿងកើតឡើងដូចលើកមុន ឯនាយវិញក៏តាមចិត្តប្ដីទៀត តែគេហាមហើយ នាយសុខចិត្តព្រមទាំងអស់។
"អ៊ីចឹងចាំយើងឧស្សាហ៍លួចនាំអូនចេញមកក្រៅតែពីរនាក់លើកក្រោយ"
"ពិតមែនឬ?"
"មែន! តែចាំអូនប្រសូតបុត្រទី៤ឲ្យយើងសិន"
"អធិរាជ!"
បុត្រទើបតែមកនៅជាមួយនាយបាន៤ខែ អ៊ីចឹងត្រូវចាំ៥ខែទៀតទើបអាចមានសេរីភាពឬ? ធ្វើបែបហ្នឹង មានខុសអីពីកាលទើបរៀបអភិសេកដំបូងៗនោះ?
"យើងបារម្ភ! បើអូននិងបុត្រមានរឿងអី យើងគិតយ៉ាងម៉េច?"
មិនមែនបានតែសម្ដីផ្អែមមួយមុខទេ ទ្រង់នៅបង្ហាញទឹកមុខគួរឲ្យអាណិតឲ្យនាយទន់ចិត្តទៀត។ នរណាទៅបដិសេធបាន បើស្វាមីខ្លួនឯងសង្ហានិងគួរឱ្យស្រឡាញ់យ៉ាងនេះ គឺមានតែងក់ក្បាលយល់ស្របហ្នឹងឯង។
"ពួកយើងចាប់ផ្ដើមបានហើយឬនៅបិតា?"
កំពុងតែផ្អែមល្ហែមជាមួយគ្នាសុខៗ ជេយ៍ក៏ស្រែកពីចម្ងាយជាការដាស់តឿនដល់បិតាខ្លួនដែលគិតតែពន្យារពេល មិនព្រមចាប់ផ្ដើមកម្មវិធី។
"កាត់ចង្វាក់យើងគ្រប់ពេលតែម្ដង"
រាងក្រាស់ខាំមាត់សម្លក់សម្លឹងជាមួយកូនទៅវិញទៅមកមិនឱ្យចាញ់គ្នា។ មិនដឹងហេតុអី ដូចមិនត្រូវធាតុនឹងគ្នាទាល់តែសោះ។
"អធិរាជ! កុំថាឲ្យបុត្រអី!"
"បិតា ពួកយើងបង្ហោះគោមជាមួយគ្នាទៅ"
"បានតាស៎ កូនដង្កូវ!"
មុនពេលចាប់ផ្តើម អធិរាជក៏ចេញធ្វើសេចក្ដីប្រកាសរបស់ខ្លួនណែនាំពីព្រះមហេសីដ៏ស្រស់ស្អាតនិងបុត្រជាទីស្រលាញ់ទាំងបីអង្គដែលធ្វើឲ្យប្រជារាស្រ្តទាំងអស់នាំគ្នាទះដៃអបអរសាទរ រីករាយគ្រប់ៗគ្នា ជាពិសេសទៅទៀតនោះគឺស្ញប់ស្ញែងដែលគូស្មេហ៍របស់ទ្រង់មានរូបសម្បត្តិសាកសមគ្នាគ្មានទាស់ ថែមទាំងមានចំណងដៃជាបុត្រដ៏ស្រស់សោភាទៀតផង។
~ប៊ូមៗ
លឺសម្លេងកាំជ្រួចភ្លាម ជេយ៍និងជែកក៏ប្រលែងគោមធំឡើងទៅលើមុនគេ ជាសញ្ញាមួយសម្រាប់ឲ្យប្រជារាស្ត្រដែលនៅខាងក្រោមចាប់ផ្ដើមបង្ហោះគោមរៀងៗខ្លួនទៅលើមេឃព្រមៗគ្នាដែរ។
ព្រះបុត្រទាំងពីរឈរសងខាងព្រះមាតាបិតារបស់ខ្លួនដោយភ្នែករំពៃមើលតែទេសភាពខាងលើដែលពោរពេញទៅដោយពន្លឺភ្លើងគោមជាច្រើនរាប់ពាន់ រាប់ម៉ឺនហោះប្រដេញគ្នាគួរឲ្យចង់គយគន់។
"អូនមើលកាំជ្រួចនោះទៅ វាមិនទាន់រលត់ទេ"
ដៃក្រាស់លើកបីកូនស្រីម្ខាងឯម្ខាងទៀតក៏នៅឱបចង្កេះភរិយាមិនលែងនិងឈរមើលកាំជ្រួចនៅលើមេឃដែលដុតជាសញ្ញានៃការចាប់ផ្ដើមការបង្ហោះគោមជាមួយគ្នាយ៉ាងមានក្ដីសុខ។
"ពិសេសណាស់"
"អូនមានប៉ងអីឬអត់?"
"ប្រាប់មិនបានទេ ខ្លាចថាមិនសាកសិទ្ធ"
"តែយើងគិតថាបើអូនព្រមប្រាប់ យើងនឹងជួយសម្រេចបំណងរបស់អូនឲ្យបានសម្រេច និងសាកសិទ្ធលឿនជាងទេវតាផងក៏ថាបាន"
ថេយ៉ុងញញឹមបិទមាត់មិនជិតពេលលឺគេពោលពាក្យផ្អែមល្ហែមគួរឲ្យព្រឺសម្បុរ មិនខ្មាសកូនស្រីដែលនៅក្បែរ។ តើចេះពាក្យអស់ហ្នឹងពីណាមក?
"ពិតជាសម្រេចបំណងអូនមែនឬ?"
"មែន! យើងជាអធិរាជ និយាយម៉ាត់ណាម៉ាត់ហ្នឹង"
"គឺ... អូនមិនបានសុំអីច្រើនទេ គ្រាន់តែសុំឲ្យបុត្រពួកយើងមានសុខភាពល្អនិងសូមឱ្យទ្រង់ស្រឡាញ់តែអូនម្នាក់ ស្រលាញ់ឲ្យច្រើនៗប៉ុណ្ណោះ ហិហិ"
"មិនបានទេមាតា! បិតាក៏ត្រូវស្រលាញ់ជែតដែរណា៎"
ក្មេងខូច! រាងតូចលើកដៃច្បិចថ្ពាល់ប៉ោងៗរបស់កូនដែលនឹកចេះង៉ិកង៉ក់ ចេះទាមទារការស្រឡាញ់តាំងពីតូច គួរឲ្យខ្នាញ់ណាស់។
"បិតាស្រលាញ់បុត្រស្រាប់ហើយ ស្រលាញ់ខ្លាំងទៀតផង"
"ចុះអូន? មិនទាន់ឆ្លើយនឹងអូនទេ"
ជុងហ្គុកញញឹមបន្តិចមុននឹងឱនទៅខ្សឹបប្រាប់ឲ្យដឹងតែពីរនាក់ មិនឲ្យកូនលឺថា...
"យើងស្រលាញ់អូនជាងនរណាទាំងអស់"
ចម្លើយនេះធ្វើឲ្យបេះដូងតូចមួយនេះរីកដូចគ្រាប់ជី។ មិនថាកូន៣ឬកូន៤ទេ នាយនៅតែចង់ធ្វើជាកូនដង្កូវតូចដែលជាស្នេហាដំបូងរបស់គេ ជាមនុស្សដែលស្វាមីស្រលាញ់បំផុត។
សម្រាប់នាយធំវិញក៏ដូចគ្នា នគរក៏សំខាន់ ឯបុត្ររឹតតែត្រូវឲ្យមើលថែប៉ុន្តែមានតែព្រះមហេសីម្នាក់គត់ដែលមានន័យបំផុតចំពោះជីវិតនេះ។
បើគ្មានថេយ៍ គឺគ្មាននាយ គ្មាននគរ គ្មានអ្វីៗទាំងអស់។ អូនគឺជាគ្រប់យ៉ាងរបស់បង ដង្កូវតូច!

The end 😽💋

ចប់លឿនពេកអត់? 😂 ដំបូងថាចាំ១ឬ២ភាគទៀតដែរ តែដឹងម៉េច ដូរចិត្តវិញមកចប់ត្រឹមនេះ 🙄❤️
អរគុណទាំងអស់គ្នា ទាំងអ្នក vote cmt follow ទាំងអ្នកដែលចូលមកអាន 🫶🏻✨

សម្រាប់រឿងថ្មីឬ side story រឿងនេះ គិតថាផ្អាកមួយរយៈសិនចាំមើលបាន follow 3k ចាំគិតទៀត🌚

បក្សីទ្រុងមាស 🦋 [Ended ✅]Where stories live. Discover now