បន្ទាប់ពីសម្ងំព្យាបាលខ្លួនអស់ប៉ុន្មានថ្ងៃ ជេយ៍ក៏ត្រឡប់មកជាសះស្បើយបានយ៉ាងឆាប់រហ័ស ថែមទាំងមានរាងកាយរឹងមាំលើសធម្មតានិងប្រែប្រួលអកប្បកិរិយាខ្លះៗផងដែរ។
កម្លោះតូចប្រែប្រួលបែបកាន់តែដូចបិតាខ្លួនឯង មិនសូវមាត់ មិនសូវស្ដី ស្ងប់ស្ងាត់តែនរណាប៉ះក៏មិនបាន។
តាមពាក្យសន្យា ព្រឹកថ្ងៃនេះអធិរាជពិតជាបានជូនព្រះមហេសីនិងគ្រួសារទាំងមូលទៅលេងកុលសម្ព័ន្ធមេអំបៅមែន។ ពួកគេធ្វើដំណើរដោយមានអង្គរក្សរាជវាំងហែរហម ជាពិសេសគឺមានដេននិងដៀនដែលនៅតាមការពារគ្រប់វិនាទី មិនឲ្យសត្រូវលបលួចមកធ្វើបាបម្ចាស់ខ្លួនបានឡើយ។
សារភាពថាការធ្វើដំណើរនៅលើរទេះហោះទាំងព្រលឹមដូចនេះពិតជាស្រស់ស្រាយហើយថែមទាំងអាចធ្វើឲ្យយើងមើលទេសភាពនៅខាងក្រោមបានច្បាស់ទៀតផង ប៉ុន្តែថេយ៉ុងមិនដឹងឡើយថាកាលដែលខ្លួនជំនះចេញមកពេលថ្ងៃតាមចិត្តឯង វាបង្កគ្រោះថ្នាក់បែបណា ដឹងត្រឹមថានាយចង់នាំបុត្រមើលទេសភាព ចង់ស្រូបខ្យល់អាកាសបរិសុទ្ធនាពេលព្រលឹម។
ឃើញដែរទេ វាស្រស់ស្អាតពិតមែន!
"នៅត្រង់នោះមានអ័ព្ទច្រើនណាស់មាតា"
ជែកស្រែកហ៊ផង ចង្អុលមុខក្រោយផងទាំងក្ដីរំភើបត្បិតមិនងាយបានចេញមកក្រៅដូចថ្ងៃនេះទេ ថែមទាំងបានមកជុំគ្នាទៀត។
"ត្រង់នោះជាកំពូលភ្នំ ប្រាកដជាត្រជាក់ខ្លាំងនិងមានអ័ព្ទច្រើនអ៊ីចឹងហើយ"
"មាតា ចុះត្រង់នោះ? ម៉េចក៏ងងឹតខ្លាំងម៉្លេះ?"
"អ៎ ត្រង់នោះជាជម្រករបស់កុលសម្ព័នប្រចៀវ ពួកគេចូលចិត្តរស់នៅតែក្នុងរូងភ្នំងងឹតៗ គ្មានពន្លឺថ្ងៃប៉ុណ្ណោះជែត"
ក្នុងពេលម្ដាយកូនទាំងបីកំពុងតែជជែកគ្នា ឳកូនទាំងពីរនេះវិញក៏កំពុងអង្គុយលេងអុកយ៉ាងស្ងប់ស្ងាត់ គ្មាននរណាចង់ហើបមាត់ គិតតែផ្ដោតលើក្ដារអុកតែមួយមុខគត់។
"ចុះពេលណាទើបយើងទៅដល់ទៅមាតា?"
"មាតាមិនសូវចាំផ្លូវប៉ុន្មានដែរ តែប្រហែលជិតទៅដល់ហើយ"
ថេយ៉ុងអង្អែលក្បាលកូនពៅដើម្បីលួងឲ្យគេស្ងប់ចិត្ត ដោយតាមពិតនាយចង់ទៅដល់ទីនោះជាងកូនទៅទៀត។ នាយក៏នឹកក្រុមគ្រួសារដូចគ្នា នឹកមាតាបិតា ជាពិសេសគឺម្ចាស់ប្អូនតែមួយគត់របស់ខ្លួន។
"អាស៎ មាតា"
"ជែត! មានកើតអីទេបុត្រ? ហេតុអីនៅសុខៗរទេះរង្គើ?"
"មើលនោះទៅមាតា! មានអ្នកហោះមកតាមយើងច្រើនណាស់"
ដោយយល់ថាមិនសូវស្រួល រាងតូចក៏ងាកទៅខាងក្រោយតាមដោយការចង្អុលរបស់បុត្រាខ្លួន ហើយអ្វីដែលនាយឃើញពិតជាដូចគេថាមែន។
"អធិរាជ! តើនៅខាងក្រៅមានរឿងអី?"
"គ្មានអីទេ! គ្រាន់តែជាមិត្តចាស់របស់យើង អូននាំកូនលេងអីផ្សេងទៅ កុំទៅចាប់អារម្មណ៍រឿងហ្នឹងអី!"
"តែបុត្រថាពួកគេមិនមែនជាមិត្ត ដូចមកបែបជាសត្រូវច្រើនជាង"
ជែកនៅតែបន្ថែមព្រោះបើមិត្តមែន ពូដេនក៏មិនចាំបាច់ចេញមុខទៅវាយពួកអស់នោះដែរ។
"ជារឿងធម្មតាទេ! ដេននិងដៀនចេះចាត់ចែងហើយ"
"ឯងអង្គុយឲ្យស្ងៀមទៅ កុំអើតក្បាលចេញទៅក្រៅ"
ដោយអត់មិនបាន ជេយ៍ក៏ចេញមកថាឲ្យប្អូនជំនួសឳពុកបន្ថែមព្រោះគេនៅតែឆ្លេឆ្លា នៅមិនស្ងៀមថែមទាំងអំពល់ទុកឲ្យបងស្រីនិងម្ដាយមកព្រួយតាមទៀត។
"យើងគ្រាន់តែទ្រាំមើលនឹងភ្នែកមិនបាន"
នាយគ្រាន់តែចង់ទៅជួយ ខ្លាចពួកអស់នោះចូលមកធ្វើបាបមាតានិងម្ចាស់បងខ្លួនប៉ុណ្ណោះ។
"នៅខាងក្នុងហ្នឹងហើយសុវត្ថិភាព ចេញទៅរកស្អី?"
~ប្រាវ
និយាយមិនទាន់ចប់ពីមាត់ផង រទេះក៏ចាប់ផ្ដើមរង្គើម្ដងទៀតរហូតធ្វើឲ្យក្ដារអុកជ្រុះរប៉ាត់រប៉ាយ លែងបានលេងលែងបានអី ទើបជេយ៍ចាប់ផ្ដើមក្ដៅក្រហាយ មិនអាចបន្តអង្គុយស្ងៀមៗបានទៀតទេ។
"ចង្រៃយ៍!"
"ជេយ៍! បុត្រចង់ទៅណា?!"
ខំហាមប្អូនមិនឲ្យទៅរវល់តែចុងក្រោយខ្លួនឯងក៏ទ្រាំលែងបាន ត្រូវប្រញាប់ចេញទៅកំចាត់អ្នកដែលហ៊ានមករញ៉េរញ៉ៃ បំផ្លាញក្ដីសុខខ្លួនឲ្យទាល់តែបាន។
"លឿនជាងយើងទៅទៀត!"
"ឈប់សិនជែក!"
មកលេងមាតាបិតាលើកនេះ ថេយ៍សឹងតែគក់ទ្រូង សុំខ្លាចបុត្រទាំងពីរអង្គរបស់ខ្លួនហើយ។ តើមិនខ្លាចគ្រោះថ្នាក់ទាល់តែសោះឬ? ម៉េចក៏ហ៊ានចេញទៅវាយគ្នានៅលើរទេះ?
"អធិរាជមិនគិតចេញទៅមើលបុត្រខ្លះទេហេស?"
"ពេលពួកគេលេងឆ្អែត ពួកគេនឹងត្រឡប់មកវិញហើយ អូនកុំបារម្ភពេក"
"ទ្រង់...!"
នាយមិនដឹងគួរនិយាយអីទៀតទេ! កូនក៏អ៊ីចឹង ឪក៏អ៊ីចឹង តើគួរទៅពឹងនរណា?
ចង់ថាអធិរាជមិនគិតដល់បុត្រខ្លួនឯង វាទៅមិនរួចទេ។ ទ្រង់គ្រាន់តែចង់បើកឱកាសឲ្យគេបានហ្វឹកហាត់ខ្លួនជាមួយរបស់ពិតនិងសត្រូវពិតប្រាកដប៉ុណ្ណោះ។ ត្រឹមពួកកំប៉ិកប៉ុកទាំងនោះ មិនចាំបាច់អីឱ្យនាយត្រូវបារម្ភឡើយ។
ហើយដូចដែលបានគិតទុកមែន មិនយូរប៉ុន្មាន ព្រះបុត្រាទាំងពីរក៏ត្រឡប់មកក្នុងរទេះវិញដោយសុវត្ថិភាព គ្មានរបួសគួរឱ្យកត់សម្គាល់សូម្បីតែប៉ុនចុងក្រចក។
ទម្រាំតែបានមកដល់កុលសម្ព័ន្ធមេអំបៅ បីនាក់ឪកូនក៏ត្រូវអង្គុយស្ដាប់ ថេយ៉ុងរអ៊ូរទាំ ប្រដែលប្រដៅ ណែនាំឡើងស្រគាត្រចៀក។ ម្នាក់ៗបន់ឱ្យតែទៅដល់ទីនោះឆាប់ៗ ថ្ងៃទីបំផុតក៏មកដល់មែន។
"វ៉ោវ! ទីនេះឬជាផ្ទះរបស់មាតា?"
គ្រាន់តែចុះមកដល់ដីភ្លាម ជែតក៏មានអារម្មណ៍ថាត្រជាក់ខ្លួនស្រឹប ខួរក្បាលស្រស់ស្រាយ ខ្លួនប្រាណស្រាលស្ញើក ចង់តែហោះហើរឆ្វែលទីនេះជាច្រើនជុំដើម្បីមើលទិដ្ឋភាពជុំវិញ។
"តែម៉េចក៏មិនឃើញមានមនុស្សឬវិមានអីសោះអ៊ីចឹង?"
"អត់ទ្រាំបន្តិចណា៎ជែក! កុលសម្ព័ន្ធមេអំបៅ មិនមាននរណាអាចរកឃើញនិងចូលទៅបានផ្ដេសផ្ដាសទេ"
"ចុះយើងធ្វើយ៉ាងម៉េចទើបចូលបានទៅមាតា?"
"ចាំមាតាផ្ដល់សញ្ញាឱ្យម្ចាស់មាបុត្រចេញមកទទួលសិន"
"មិនបាច់រង់ចាំនាំតែនឿយទេ"
ថេយ៍មិនទាន់ទាំងនិយាយអស់ផង រាងក្រាស់ក៏ចូលមកកាត់ចង្វាក់ដោយអះអាងដូចមានវិធីដែលអាចធ្វើឱ្យពួកគេចេញមកទទួលបានលឿនបំផុត។
"អុ៎ ទ្រង់ចង់ធ្វើអីហ្នឹង?"
នៅសុខៗ ផ្ទៃមេឃក៏ចាប់ផ្ដើមងងឹត ឯផ្ទៃដីនិងព្រៃព្រឹក្សានៅជុំវិញនេះទាំងមូលក៏ចាប់ផ្ដើមរង្គោះរង្គើដោយសារស្នាដៃរបស់គេ ហើយវិធីមួយនេះពិតជាបានផលយើងឆាប់រហ័សមែន។
ទីបំផុតម្ចាស់ប្អូនរបស់ខ្លួនក៏បានចេញមកបង្ហាញខ្លួន តែមកដោយមានទ័ពជាច្រើននាក់មកជាមួយ ហើយប្រកបដោយអាវុធពេញៗដៃ។
"ថេហា!"
"ម្ចាស់... ម្ចាស់បង?"
ដំបូងក៏ចេញមកទាំងកំហឹង គិតចង់ពន្លាត់ស្បែកអ្នកដែលមកបង្ករបញ្ហានៅក្នុងព្រៃ តែដល់ចេញមកឃើញបងប្រុសដែលបានបែកគ្នាអស់ជាច្រើនឆ្នាំ ថេហាក៏របូតអាវុធអស់ពីដៃ រួចប្រញាប់ស្ទុះចូលទៅឱបបងប្រុសដោយក្ដីនឹករលឹក ដោយក្ដីស្រឡាញ់មិនដែលប្រែប្រួល។
"នែ៎ ធំហើយ! កុំធ្វើអ៊ីចឹងអី!"
នាយតូចព្យាយាមលួងលោមប្អូនដែលនៅតែធ្វើខ្លួនដូចក្មេងអាយុ៥ឆ្នាំទាំងដែលពេលនេះធំពេញកំលោះស្ដូក ក្លាយជារាជទាយាទជិតស្នងតំណែងពីបិតាទៅហើយ។
"ធំប៉ុនក្របីហើយ នៅយំឱបជើងបងមិនលែងទៀត"
"គឺ... គឺឯង!"
មុននេះ នាយរំភើបពេក ភ្លេចមើលមុខក្រោយថាអ្នកដែលជូនបងប្រុសខ្លួនមកទីនេះជានរណា។ តាមពិតគឺជាអធិរាជចិត្តខ្មៅ ឃោរឃៅម្នាក់នេះសោះ។
តើគេមកទីនេះធ្វើអី? ក្រែងបងប្រុសទៅរស់នៅបាតសមុទ្រយូរហើយមិនអ៊ីចឹង ហេតុអីឥឡូវមកនៅជាមួយគេម្នាក់នេះទៀត?
"នរណាហៅឯងមក?"
"ប្រើសម្ដីជាមួយអធិរាជដូចយើងឲ្យស្រួលបួលបន្តិចទៅ ក្មេងពីម្សិលម្ងៃ"
"ថាឲ្យនរណាក្មេងពីម្សិលម្ងៃ?
"អ្នកពីរបានហើយ!"
"អត់ទេ! ម្ចាស់បងបកស្រាយសិនមក ថារឿងនេះវាយ៉ាងម៉េច?"
ត្រូវបកស្រាយយ៉ាងម៉េចទៀត? ក៏ដូចដែលបានឃើញថានាយត្រូវរ៉ូវគ្នាជាមួយនឹងស្វាមីវិញហើយ និងក៏បានត្រឡប់មករស់នៅជួបជុំជាមួយនឹងបុត្រទាំងបីដូចគ្នា។
"រឿងមានតែប៉ុណ្ណឹង"
"ថា... ថាម៉េច? ម្ចាស់បងព្រមត្រូវគ្នាវិញ? ហើយនៅមានបុត្របីអង្គនេះជាមួយគេទៀត?"
ថេហាចង្អុលមុខក្មួយម្ដងម្នាក់ៗទាំងមិនអស់ចិត្ត។ បើឲ្យនិយាយពីជែត នាយគ្មានមន្ទិលអីទេ តែពីរនាក់នោះវិញ នាយដូចមិនសូវទុកចិត្តសោះ?
"ច្បាស់ទេថាពីរនាក់នេះជាបុត្ររបស់ម្ចាស់បង?"
"ថេហា! ជេយ៍និងជែកប្រសូតចេញពីពោះបងច្បាស់ណាស់ រឿងអីថាបងមិនប្រាកដ?"
មិនចង់សង្ស័យទេ តែថាមុខមាត់របស់គេមិនដូចម្ចាស់បងខ្លួនអីបន្តិច។
"ម្ចាស់បងនិងជែតអាចចូលទៅជាមួយខ្ញុំបាន ប៉ុន្តែពួកគេវិញ..."
បីនាក់ឪកូនចាប់ផ្តើមមើលមុខគ្នា ហាក់មិនពេញចិត្តដែលលឺថាគេចង់បំបែកបំបាក់គ្រួសារខ្លួន មិនឱ្យទៅជុំគ្នា។
"នេះបើអធិរាជម្នាក់បងមិនថាទេ តែជេយ៍និងជែកក៏ជាក្មួយរបស់ឯងដូចគ្នា"
"មិនបានទេ! ទោះជាយ៉ាងណាក៏ពួកគេជាមនុស្សរបស់អាហ្គីឡា ចង់ចូលទីនេះទាល់តែមានលក្ខខណ្ឌ"
"លក្ខខណ្ឌស្អី? ចង់ធ្វើអីក៏ឆាប់ធ្វើទៅ!"
ជារឿងងាយៗ តែក៏ពិបាកទទួលយកដែលអធិរាជអាហ្គីឡាទាំងមូលត្រូវពួកគេយកខ្នោះដៃវេទមន្តមកដាក់ ថែមទាំងតម្រូវឲ្យយកក្រណាត់ខ្មៅបិទភ្នែក មុននឹងដើរចូលក្លោងទ្វារនៃកុលសម្ព័ន្ធមេអំបៅទៀតផង។
"ជុង..."
ថេយ៉ុងឈរស្ងៀម នៅមើលគេត្រូវមនុស្សក្នុងកុលសម្ព័ន្ធខ្លួនចាប់ដាក់ច្រវ៉ាក់ដូចអ្នកទោសហើយនាំចូលទៅ។ នាយមិនធ្លាប់គិតថាគេសុខចិត្តដាក់ខ្លួន និងលះបង់ដល់ថ្នាក់នេះដើម្បីនាយនិងបុត្រ?
"មានគំនុំជាមួយតែបិតាសោះ ហេតុអីត្រូវមកធ្វើបាបពួកយើងដែរ?"
ជេយ៍មិនសូវជាពេញចិត្តនឹងគំនិតនេះប៉ុន្មានទេ។ នាយក៏ជាបុត្រមាតាដូចគ្នា ហេតុអីក៏លំអៀងយ៉ាងនេះ?
"យើងធ្លាប់ប្រាប់ហើយថាអ្នកនៅទីនេះស្អប់មុខយើង តែពួកឯងមិនជឿ នៅតែជំនះចង់មក ឥឡូវច្បាស់ដែរទេ?"
ដំបូងមិនជឿបាន តែឥឡូវច្បាស់ការហើយ! អ្នកនៅទីនេះស្អប់មុខបិតា អ្នកដែលមុខដូចបិតាក៏ត្រូវដោយឲ្យគេស្អប់ដែរ។
"ទាំងអស់គ្នាអាចចូលទៅបានហើយ"
ទាល់តែច្បាស់ថាអធិរាជត្រូវខ្នោះវេទមន្តឃុំកម្លាំងថាមពលជាប់មិនឱ្យប្រើប្រាស់បាន ទើបថេហាអនុញ្ញាតឱ្យនាំពួកគេទាំងអស់គ្នាចូលទៅខាងក្នុង។
ចំណែកឯក្មួយប្រុសទាំងពីរ នាយក៏មិនបានទៅធ្វើបាបធ្ងន់ធ្ងរ គ្រាន់តែបិទភ្នែកគេមិនឲ្យមើលផ្លូវដែលចូលទៅក្នុងប៉ុណ្ណោះ។
ហ៊ឹម! តើនាយគិតខុសឬគិតត្រូវដែលនាំខ្លួនឯងមកទីនេះដើម្បីប្រពន្ធនិងកូន?
មើលចុះ! ពេលនេះខ្លួនមិនខុសពីអ្នកទោសដែលកំពុងត្រូវគេនាំទៅសួរចម្លើយហើយចាំថ្ងៃដែលត្រូវប្រហារជីវិតនោះទេ។
To be continued 💗😘
ដំបូងថាស្អែកចាំផុស តែឃើញ admin ផ្សេងផុសទៅលោត notification admin ក៏ខំសរសេរបង្ហើយ រួចផុសដែរទៅ 😁
YOU ARE READING
បក្សីទ្រុងមាស 🦋 [Ended ✅]
Fantasy"ជាតិជាមេអំបៅដែលមានស្លាបមួយគូដ៏ស្រស់ស្អាត តែបែជាមិនអាចប្រើវាហោះហើរឲ្យមានសេរីភាពដូចជាអ្នកដទៃ គឺបានត្រឹមតែត្រូវគេឃុំទុកមួយកន្លែង បំបិទសិទ្ធិ ហាមនេះហាមនោះ មិនអាចធ្វើអ្វីដែលខ្លួនត្រូវការ។ បើបែបនេះ តើនាយមានខុសអីពីបក្សីក្នុងទ្រុងទៅ?" ថេយ៉ុង October/2024...
![បក្សីទ្រុងមាស 🦋 [Ended ✅]](https://img.wattpad.com/cover/377702815-64-k851805.jpg)