16.1: ចង់រត់ទៀតទេ?

3.2K 208 19
                                        

ត្រឹមរយៈពេលមួយខែ វាមិនយូរទេសម្រាប់មនុស្សដែលមិនដែលខ្វល់ពីអ្នកជុំវិញខ្លួនដូចជាគេតែសម្រាប់អ្នកដែលកំពុងបីកូនរង់ចាំនៅទីនេះ គឺពិតជាយូរខ្លាំងណាស់។
នៅពេលព្រឹកដ៏ស្រស់បំព្រង នារដូវស្លឹកឈើជ្រុះ ទេសភាពនៅមាត់ទឹកខាងក្រោយប្រាសាទកាន់តែគន់កាន់តែជាប់ចិត្តដិតអារម្មណ៍ហើយវាក៏ធ្វើឲ្យផ្លូវចិត្តធូរស្បើយជាងមុនច្រើន។
នេះជាលើកទីមួយហើយដែលថេយ៍បានចេញមកក្រៅបន្ទាប់ពីត្រូវសម្ងំនិងឃុំទុកនៅក្នុងប្រាសាទជាយូរ។ នឹកអើយសែននឹក ជាពិសេសគឺនឹកមិត្តចាស់ដែលធ្លាប់តែសាសងជាមួយគ្នា។
~ផាច់ៗៗ
ថេយ៉ុងបីកូនមកអង្គុយញ៉ាំតែនៅមាត់ទឹកហើយក៏ទះដៃបីដងជាសញ្ញាហៅឲ្យមិត្តរបស់ខ្លួនចេញមកហើយទីបំផុត នាងក៏ចេញមកមែនជាមួយនឹងត្បូងតូចៗគ្រប់ពណ៌ និងគុជខ្យងជាច្រើននៅក្នុងដៃ។
"ឯងយកអីមកច្រើនម្ល៉េះ?"
ឃើញពន្លឺផ្លេកៗនៃរបស់មានតម្លៃទាំងនេះ រាងតូចក៏មើលដឹងថាវាពិសេសពិសាលមិនអាចកាត់ថ្លៃបានទេ មិនដឹងថានាងយកពីបាតសមុត្រជ្រៅប៉ុណ្ណាឡើយ។
"នេះគឺជាអំណោយសម្រាប់ក្មួយស្រីស្រស់ស្អាតរបស់យើងហ្នឹងណា៎"
អេរាលងើបឡើងមកលើគោកទាំងកន្ទុយត្រីរបស់នាងនៅជាប់នឹងទឹកនៅឡើយហើយក៏លាដៃបង្ហាញត្បូងរួមទាំងគុជខ្យងអស់នោះឲ្យក្មួយស្រីជាទីស្រលាញ់មើល។ ព្រះអើយ! ស្បែករបស់នាយសក្បោះ ទន់ម៉ដ្ឋខៃដូចជាគុជនេះអ៊ីចឹង។
"ព្រះនាងតូចស្បែកសដូចគុជ កែវភ្នែកភ្លឺផ្លេក ចែងចាំដូចជាត្បូង!"
"ត្រូវហើយ! អ៊ីចឹងបានជាយើងដាក់ឈ្មោះនាងថាជែត!"
ត្រូវគេសរសើរកូនស្រីពេញមុខពេញមាត់ វាក៏ធ្វើឲ្យថេយ៍សើចបិទមាត់មិនជិត។ នាយមានមោទនភាពដែលបង្កើតកូនស្រីគួរឲ្យស្រលាញ់ថែមទាំងមានមុខមាត់ដូចខ្លួនបេះបិទ គឺមិនខកចិត្តដែលខំពពោះនិងចំណាយកម្លាំងបង្កើតនោះទេ។
"នាងស្អាតដូចជាយើងអ៊ីចឹង"
"ខ្លាចថាកាត់តែមុខតែចរិតកាត់រកឳ"
"នែ៎ ម៉េចក៏ថាឲ្យកូនយើងបែបនេះ?"
និយាយអីមិនសូវខឹងទេតែបើប្រាប់់ថាកូនកាត់រកឪពុក នាយតូចក៏ស្រាប់តែមិនពេញចិត្តតែម្ដង។ កូននាយមុខមាត់គួរឱ្យស្រឡាញ់ដល់ថ្នាក់នេះ មិញហ្នឹងអាចមានចិត្តកំណាចឃោរឃៅទៅ?
"កូនគេឪគេ ប្រាកដជាកាត់រកគ្នាហើយ!"
"មិនឲ្យកាត់តាមទេ! កូនត្រូវតែកាត់មករកយើង"
អេរៀលអស់សំណើចនឹងទឹកមុខមិនពេញចិត្តរបស់មិត្តហើយក៏ដឹងច្បាស់ថាគេនឹងខឹងតែនៅតែចង់ញ៉ោះ។
និយាយអ៊ីចឹង គេបានបោះបង់ចោលគំនិតចាកចេញពីទីនេះហើយឬ? ពិតជាគួរឲ្យស្ដាយណាស់! មានឱកាសល្អត្រូវបានអនុញ្ញាតឲ្យចេញមកខាងក្រៅបែបនេះ គេគួរតែរកវិធីរត់គេចម្ដងទៀត។
"ចុះឯងគិតយ៉ាងម៉េចទៀត?ចង់រត់ទៀតដែរទេ?"
"ចាំ... ចាំបន្តិចទៀតសិនទៅ"
តាំងពីប្រសូតបុត្រីមក គេក៏ចេញពីនគរបាត់ឈឹង មិនដឹងកំពុងវាយឈ្លានពានអ្នកណាខ្លះទៀតឡើយ ដឹងត្រឹមថាគេមិនដែលមកអើតមកជែតម្ដង។ នាយចង់ចាំគេ ចង់ឲ្យកូនមានឪពុក មិនចង់ឲ្យកូនកំព្រាឡើយដូច្នេះហើយទើបបានជាប្រែជាចិត្តមិនដាច់។
"ចាំធ្វើស្អី? ចាំដល់គេចាប់រហូតប៉ោងពោះម្ដងទៀតហេស?"
"គេមិនធ្វើបែបហ្នឹងទេ! យើងទើបតែបង្កើតកូនមិនទាន់បានប៉ុន្មានផង"
ចិត្តមនុស្សគឺតែងតែបែបនេះឯង រេរា ទោរទន់ទៅចុងស្រល់។ លើកមុនគេនិយាយច្បាស់ណាស់ថាចង់ចាកចេញ តែចិត្តចង់របស់គេវាឆេះឆួលតែពេលត្រូវអ្នកម្ខាងទៀតធ្វើបាប។
គេនៅស្រឡាញ់ប្រុសម្នាក់នោះខ្លាំង មិនចាំបាច់យកលេសថាមកពីកូនឬមកពីនរណាទេ តែមកពីគេខ្លួនឯងដែលមិនដាច់ចិត្តចាកចេញប្រុសម្នាក់នោះ។
"ចុះបើគេធ្វើបាបឯងទៀត? ប្រុងគិតយ៉ាងម៉េច?"
សំណួរមួយនេះនាយឆ្លើយមិនចេញទេ មិនដឹងដូចគ្នាថាត្រូវធ្វើបែបណា បើគម្រោងការរត់ចេញវាបរាជ័យតែរហូតហ្នឹង។
"ឯងជឿយើងទៅ! មនុស្សបែបហ្នឹងទាល់តែបាត់បង់ទើបស្ដាយក្រោយ គេមិនកែងាយៗទេ!"
"តែជែតទើបតែបានមួយខែប៉ុណ្ណោះ មិនទាន់ទាំងបានស្និទ្ធស្នាលជាមួយបិតាផង។ យើងមិនចង់ឱ្យនាងធំធាត់ដោយខ្វះខាតក្ដីស្រឡាញ់ទេ"
ពេលនេះដឹងហើយ ថាកូនជាចំណងមួយទៀតដ៏រឹងមាំ ចងជើងនាយមិនឱ្យរួចផុតពីនគរនេះបានទេ។ ជែតតែម្នាក់ធ្វើឲ្យនាយបារម្ភកាន់តែខ្លាំង បារម្ភខ្លាចមុខក្រោយ ជាពិសេសខ្លាចកូនគ្មានឪពុកហៅ។
"បើឯងមិនជឿយើងទេ ចាំតែមើលខ្លួនឯងទៅ! ចាំមើលថាគេមានថ្ងៃកែប្រែឬអត់? បើអត់ទេ ឯងត្រូវប្រាប់យើង យើងរង់ចាំឯងនៅទីនេះជានិច្ច!"
ថេយ៉ុងក៏ដង្ហើមធំទាំងចប់ៗទ្រូងព្រោះស្មុគស្មាញ មិនដឹងថាការរង់ចាំលើកនេះវាបានផលឬអត់។
ចិត្តមួយគិតថា ឆ្លៀតពេលគេមិននៅ នាយអាចមានឱកាសរត់យករួចខ្លួនបានស្រួលហើយ។ តែជិតមួយទៀតចង់នៅរង់ចាំ ក្រែងលោគេបានឃើញមុខកូនហើយក៏ចិត្តទន់ ការប្រែទង្វើធ្វើមកលើនាយខ្លះ។
នេះពិតជាចង់រស់នៅជាមួយគេណាស់ នៅជាមួយកូន ជាមួយឪពុករបស់កូន។ វាជាសុភមង្គលដែលនេះស្រមៃចង់បាន។ បើគេអាចលះបង់ភាពលោភលន់ លែងទុកនាយជាឧបករណ៍នាំសំណាងដើម្បីផលប្រយោជន៍នគរ មិនដឹងជាល្អប៉ុណ្ណាទេ។

To be continued 💗💕

ភាគនេះ សុំតមួយញ៉ឹបសិន កុំឲ្យបាត់យូរពេក។ ហើយភាគក្រោយបងតួត្រឡប់មកវិញហើយ តែអត់ស្រលាញ់កូន អត់អី ប្រពន្ធរត់ចោលមែនទែនហើយ 😏😏

បក្សីទ្រុងមាស 🦋 [Ended ✅]Where stories live. Discover now