ភាគទី២៦ : ពិភពលោកមួយនេះពោលពេញដោយការសម្ដែង

2.2K 209 6
                                    

ព្រះអាទិត្យសន្សឹមរះឡើងបញ្ចេញពន្លឺពណ៌ក្រហមឆ្អិនឆ្អៅមកកាន់ភពផែនដី មនុស្សម្នាទាំងឡាយក៏ចាប់ផ្ដើមភ្ញាក់ពីដំណេក ក្មេងប្រុសវ័យជំទង់ក៏បម្រាស់ខ្លួនតិចៗព្រោះតែពន្លឺជាំងជះមកប៉ះផ្ទៃមុខស្រស់ផូរផង់របស់គេ។ កែវភ្នែកមូលក្រឡង់សម្លឹងទៅមើលខាងក្រៅបង្អួចជាមួយស្នាមញញឹមនៅលើថ្ពាល់បូករួមនិងភាពសោកសៅ

« ប៉ា » សំឡេងដែលពោលពេញដោយអារម្មណ៍ក្រៀមក្រំបានបន្លឺឡើងតិចៗ កែវភ្នែកក៏ចាប់ជ្រាបចេញទឹកភ្នែកដក់ពេញក្រឡង់ភ្នែក ថ្ងៃនេះជាថ្ងៃគម្រប់ខួបពីរឆ្នាំដែលប៉ារបស់គេបានចាកចេញពីពិភពលោកមួយនេះ ចាកចេញពីកូនប្រុសម្នាក់នេះ ពីរឆ្នាំ វាពិតជាលឿនណាស់ គេស្ទើរបំភ្លេចរឿងរ៉ាវឈឺចាប់ទាំងអស់បានទៅហើយ

ថេយ៉ុងក្រោកចេញពីគ្រែគេងរបស់ខ្លួន បោះជំហានដើរចូលក្នុងបន្ទប់ដើម្បីសម្អាតខ្លួន ជាមួយនិងទឹកមុខដែលបង្កប់ដោយភាពសោកសៅនិងការគិតជាច្រើន កើតអារម្មណ៍មិនល្អម៉េចមិនដឹង បេះដូងដូចកំពុងចាប់ឈឺ វាស្ងៀមស្ងាត់ជាយូរហើយតែតាំងពីមកជាន់ទឹកដីកូរ៉េវិញក៏មានអារម្មណ៍បែបនេះ តើអារម្មណ៍បែបនេះកើតចេញមកពីណា?

« គេបំភ្លេចខ្ញុំយូរហើយ មិនគួរគិតបែបនេះទាល់តែសោះ » រាងកាយរបស់ថេយ៉ុង ឈរនៅក្រោមដំណក់ទឹកស្រក់ចុះរយលានដំណក់ស្រក់មកប៉ះនិងខ្លួន បន្លិចស្នាមញញឹមហួសចិត្តនិងខ្លួនឯងដែលកំពុងដល់អ្នកដែលមិនទាំងចាំខ្លួនផងក៏មិនដឹង

ក្រោយបណ្ដេញការគិតឲ្យចិត្តសៅហ្មងទាំងឡាយចេញហើយ ថេយ៉ុងបន្តងូតទឹករហូតទាល់តែរួចរាល់ ស្លៀកពាក់សម្លៀកបំពាក់សមរម្យមួយឈុត តែងខ្លួនធម្មតាតែលេចឡើងនូវភាពស្រស់ស្អាតគាប់ភ្នែកមិនធម្មតា គេជាមនុស្សស្អាតទោះស្លៀកពាក់យ៉ាងណាក៏ស្អាត មនុស្សស្រីឃើញក៏លង់ មនុស្សប្រុសឃើញក៏ជាប់ចិត្ត តែអាយុ27ឆ្នាំហើយគេនៅតែមិនទាន់មានគូរ មកពីបេះដូងមិនទទួលយកអ្នកណាផ្សេងក្រៅពីបុរសម្នាក់នោះ

« អ៊ុំចាង » ថេយ៉ុងដើរចុះពីលើជណ្ដើរហើយដើរបង្ហួសទៅរកអ៊ុំស្រីដែលកំពុងនៅក្នុងផ្ទះបាយ ហៅឈ្មោះរបស់គាត់ជាមួយសំឡេងស្រទន់ គាត់ឮភ្លាមក៏ងាកមកមើលមុខថេយ៉ុងភ្លែត ហើយក៏ញញឹមពព្រាយសម្លឹងមើលទៅសម្រស់ផូរផង់របស់ថេយ៉ុងជាមួយនិងកែវភ្នែករំភើប គាត់មើលថែថេយ៉ុងតាំងពីខ្លួនតូចតែមួយរហូតដល់ធំប៉ុននេះទៅហើយ

🔒💓ចង្វាក់បេះដូង💓🗝️Donde viven las historias. Descúbrelo ahora